×
Image Courtesy SOVRIN

យុវតី​កម្ពុជា​កែច្នៃ​សំរាម​ប្លាស្ទិក​ជា​ធាតុ​ផ្សំ​ថ្នល់​កៅស៊ូ​ បាន​ទទួល​មេដាយ​ពី​អន្តរជាតិ​

 
 

          ដើម្បី​បំបែក​បញ្ហា​​បង្ក​ឡើង​ពី​​សំរាម​ប្លាស្ទិក​​ដែល​ជា​ក្តី​ព្រួយ​បារម្ភ​របស់​ពិភពលោក​ និស្សិត​កម្ពុជា​​២​រូប​​មក​ពី​ជំនាញ​​ផ្សេង​ៗ​​គ្នា​​ បាន​ចាប់​ដៃ​​គ្នា​​បង្កើត​គំនិត​អាជីវកម្ម​​​ដោយ​​កែ​ច្នៃ​សំរាម​ប្លាស្ទិក​ឲ្យ​មាន​ប្រយោជន៍​ រហូត​បាន​ទទួល​ជ័យ​លាភី​ផ្ទួន​ៗ​​ពី​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក។ គំនិត​កែច្នៃ​ សំរាម​ប្លាស្ទិក​ឲ្យ​​ក្លាយ​ជា​ធាតុ​ផ្សំ​នៃ​ថ្នល់​កៅស៊ូ​ ដែល​ហៅ​ថា Eco-Plastic ត្រូវ​បាន​​បំផុស​ឡើង​ពី​យុវតី​​​២​រូប​ដែល​មាន​វ័យ​២១​ឆ្នាំ​ដូច​គ្នា​ រួម​មាន​ កញ្ញា​ តាន់​ ប៊ុនហ៊ង់​ មក​ពី​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ជំនាញ​ទុរកិច្ច​ និង​កញ្ញា​ លី សុកញ្ញា​ មក​ពី​សាកលវិទ្យាល័យ​ហ្សាម៉ាន់​ ជំនាញ​វិស្វករ​សំណង់​ស៊ីវិល​។ និស្សិត​ឆ្នាំ​ទី​៤​ ទាំង​២​រូប​នេះ​ ទើប​តែ​ត្រលប់​​ពី​ប្រទេស​ប៊ូតាន​កាល​ពី​​​ថ្ងៃ​ចន្ទសប្តាហ៍មុន​នេះ​​ បន្ទាប់​ពី​ទទួល​ជោគជ័យ​លើ​ការ​ធ្វើ​បទបង្ហាញ​លើ​គំនិត​អាជីវកម្ម​របស់​ខ្លួន​ ហើយ​ជា​លទ្ធផល​គំនិត​អាជីវកម្ម​នេះ​បាន​ទទួលបាន​ជ័យ​លាភី​លេខ​២​​ នៅ​ក្នុង​ការ​ប្រកួតប្រជែង​ថ្នាក់​តំបន់​ដែល​ហៅ​ថា​ Mekong Business Challenge ក្នុង​ចំណោម​ក្រុម​ទាំង​១១​មក​ពី​ប្រទេស​ផ្សេងៗ​គ្នា។

          អ្នក​ទាំង​២​បាន​លើក​ឡើង​​ថា​ ​គំនិត​នៃ​ការ​កែ​ច្នៃ​សំរាម​ជា​របស់​មាន​ប្រយោជន៍​​ ​ត្រូវ​បាន​​ផ្តួចផ្តើម​ឡើង​ជា​យូរ​មក​ហើយ​ ពោល​គឺ​តាំង​ពី​ឆ្នាំ​ ២០១៦​ ខណៈ​ដែល​អ្នក​ទាំង​២​ ដាក់​ពាក្យ​ចូល​ប្រកួត​កម្មវិធី​ប្រកួត​ប្រជែង​គំនិត​អាជីវកម្ម​ ក្នុង​នាម​ជា​សហគ្រិន​វ័យ​ក្មេង​​​ក្នុង​ស្រុក។ សុកញ្ញា​និយាយ​ថា​៖ "សំរាម​គឺ​ជា​បញ្ហា​ក្តៅ​គគុក​​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ក្រៅ​ប្រទេស​។  ​ក្រៅ​ពី​នេះ​ ពួក​ខ្ញុំ​បាន​ចូល​រួម​ក្រុម​ Eco Life ដែលជា​យុទ្ធនាការ​ទាក់ទង​នឹង​ការ​ថែរក្សា​បរិស្ថាន​ និង​ការ​ប្រើ​ប្រាស់​យ៉ាង​ណា​ដើម្បី​កាត់​បន្ថយ​​ប្លាស្ទិក​ ដែល​យើង​ប្រើប្រាស់​រាល់​ថ្ងៃ​ ហើយ​នេះ​ក៏​ជា​ការ​ជម្រុញ​ទឹក​ចិត្ត​ ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​ខ្ញុំ​ដើរ​ទៅ​មុខ​រហូត​មក"។

កញ្ញា​ ប៊ុន​ហ៊ង់

ដោយ​ឡែក​ យុវតី​ ប៊ុនហ៊ង់​ក៏​​ធ្លាប់​បាន​អាន​សារព័ត៌មាន​​​កន្លង​មក​អំពី​​បញ្ហា​សំរាម​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ដែល​ត្រូវ​បាន​សារព័ត៌មាន​បរទេស​លើក​យក​ទៅ​សរសេរ​នៅ​ក្នុង​អត្ថបទ​​សារព័ត៌មាន​ជា​រឿយៗ​ ជា​ហេតុ​ដែល​ជម្រុញ​ឲ្យ​អ្នក​ទាំង​២​សហការ​គ្នា​ ដោះស្រាយ​បញ្ហា​ សំរាម​ប្លាស្ទិកនេះ​​។

          ម៉ាស៊ីន​រំលាយ​ប្លាស្ទិក​ គឺ​ជា​គំនិត​អាជីវកម្ម​ដែល​​ក្រុម​​សហគ្រិន​ស្រ្តី​មួយ​នេះ​ បាន​បង្កើត​ជា​លើក​ដំបូង​ដើម្បី​ប្រកួតកាល​ពី​ឆ្នាំ​២០១៦ ក្នុង​កម្មវិធី Cellcard Lab ។ ត្បិត​ទទួល​បាន​ជ័យលាភីលេខ​១​​ក៏​ពិត​មែន​ ប៉ុន្តែ​ស្ថាបនិក​ម៉ាស៊ីន​នេះ​​ ​យល់​ឃើញ​ថា​ ជាក់​ស្តែង​ម៉ាស៊ីន​នេះ​អាច​នឹង​ពិបាក​រក​ទីផ្សារ​​បន្តិច​ ដូច្នេះ​ អ្នក​ទាំង​២​ក៏​រិះ​រក​គំនិត​បន្ថែម​ទៀត​ដើម្បី​ធ្វើ​យ៉ាង​ណា​ច្នៃ​សំរាម​ឲ្យ​មាន​ប្រយោជន៍​ឲ្យ​ខាង​តែ​បាន​ ដើម្បី​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន។ បន្ទាប់​ពី​ការ​​សិក្សា​ស្រាវជ្រាវ​ និង​​ធ្វើ​ពិសោធន៍​ជា​ច្រើន​ដង​ អ្នក​ទាំង​២​ក៏​ច្នៃ​ចេញ​ជា​វិធី​ប្រើប្រាស់​សំរាម​ មក​ធ្វើ​ជា​ធាតុ​ផ្សំ​សម្រាប់​ប្រើប្រាស់​​ក្នុង​ការ​​ធ្វើ​ថ្នល់​កៅស៊ូ​ ដែល​អាច​ធ្វើ​ឲ្យ​ថ្នល់​មាន​អាយុ​វែង​ជាង​មុន​ រឹងមាំ​ជាង​មុន​ និង​ចំណាយ​តិច​ជាង​មុន​។ វិធី​​កែ​ច្នៃ​នេះ​ ត្រូវ​ធ្វើ​ឡើង​ដោយប្រើ​​ប្លាស្ទិក​ដែល​ប្រើប្រាស់​រួច​ យក​ទៅ​សម្អាត​ឲ្យ​មាន​អនាម័យ​ រួច​ទើប​ប្រើប្រាស់​ជា​ធាតុ​ផ្សំ​ក្នុង​ការ​ធ្វើ​ថ្នល់​ ដើម្បី​ធានា​ថា​ មិន​មាន​មេរោគ​​ជ្រាប​ដល់​ប្រភព​ទឹក​ក្រោម​ដី​ និង​ធានា​ពី​ការ​ប៉ះពាល់​បរិស្ថាន​ឲ្យ​តិច​ជាង​ការ​ទុក​សំរាម​ប្លាស្ទិក​ចោល​លើ​ផែនដី។

កញ្ញា​​ សុកញ្ញា

          ជា​ចុង​ក្រោយ​ យុវតី​ សុកញ្ញា​បាន​ផ្តាំ​ផ្ញើ​​ឲ្យ​យុវជន​ឆ្លៀត​ឱកាស​ចូល​រួម​កម្មវិធី​ប្រកួត​ប្រជែង​ឲ្យ​បាន​ច្រើន​ ដើម្បី​ដុសខាត់​ចំណេះ​​ដឹង​ពី​សាលា​ឲ្យ​បាន​កាន់​តែ​​ប្រសើរ។ កញ្ញា​និយាយ​ថា​៖ "អ្វី​ក៏​យើង​អាច​ធ្វើ​បាន​ដែរ​ឲ្យ​តែ​យើង​ខំ​ប្រឹង​។ មាន​មនុស្ស​ជា​ច្រើន​​ណាស់​ដែល​នៅ​ចាំ​ជួយ​យើង​ ឲ្យ​តែ​យើង​គិត​ថា​យើង​ខំ​ប្រឹង​​​ធ្វើ​​ការងារ​ដែល​យើង​ចង់​បាន​។ មាន​គេ​ច្រើន​ណាស់​ ដែល​ចាំ​លើក​ទឹក​ចិត្ត​កូន​ខ្មែរ​ឲ្យ​ធ្វើ​ការ​ នៅ​ចាំ​តែ​យើង​ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​ត្រូវ​ងើប​ឈរ​ឡើង"។ ចំណែក​យុវតី ប៊ុនហ៊ង់ ​ក៏​បាន​​​លើក​ឡើង​ផង​ដែរ​ថា​ ទស្សនៈ​មួយ​ក្នុង​ការ​ចាប់​ដៃ​គ្នា​ជាមួយ​ដៃ​គូ​ជា​ស្ត្រី​​ទៅ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​​កន្លង​មក​ គឺ​ជា​ស្មារតី​ជម្រុញ​ទឹកចិត្ត​​ស្រ្តី​នៅ​ក្នុង​វិស័យ​ STEM ដើម្បី​​​ពួក​គេ​​​ចូល​រួម​ធ្វើ​ការ​ក្នុង​​វិស័យ​នេះ​ឲ្យ​បាន​ច្រើន​​ និង​ជឿ​ថា​ស្រ្តី​​អាច​ធ្វើ​បាន​ តួ​យ៉ាង​មាន​អ្នក​ទាំង​២​ជា​គំរូ​ស្រាប់។

          គួរ​បញ្ជាក់​ផង​ដែរ​ថា​ មាន​ប្រវត្តិ​ជា​សិស្ស​ពូកែ​​​មុខ​វិជ្ជា​រូបវិទ្យាទទួល​បាន​មេដាយ​មាស​​ទូទាំង​ប្រទេស​​ កញ្ញា​ សុកញ្ញា​ មាន​តួនាទី​ជា​អ្នក​បច្ចេកទេស​នៅ​ក្នុង​គម្រោង​ Eco-Plastic ​ រី​ឯ​តួនាទី​ដ៏​សំខាន់​មួយ​ទៀត​​ក្នុង​គម្រោង​​អាជីវកម្ម​នេះ​ ​ក្នុង​នាម​ជា​អ្នក​ស្វែង​រក​ទី​ផ្សារ​ គឺ​ជា​បន្ទុក​របស់​កញ្ញា​ ប៊ុនហ៊ង់ ដែល​ធ្លាប់​ទទួល​បាន​និទ្ទេស​ B កាល​ពី​ការ​ប្រលង​បញ្ចប់​កម្រិត​ទុតិយភូមិ​ ដែលបច្ចុប្បន្ន​​អ្នក​ទាំង​២​សុទ្ធ​សឹង​តែ​ទទួល​បាន​អាហារូបករណ៍​ឲ្យ​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​​​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​របស់​ពួក​គេ។ ​សុទ្ធ​​សឹង​តែ​មាន​ស្រុក​កំណើត​នៅ​បណ្តា​ខេត្ត​​ តួ​យ៉ាង​ កញ្ញា​​ សុកញ្ញា​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង​ រី​ឯ​កញ្ញា​ ប៊ុន​ហ៊ង់​ ​មក​ពី​ខេត្ត​សៀមរាប។ ដោយ​សារ​មាន​សមត្ថភាព​ជា​សិស្ស​ឆ្នើម​​កាល​ពី​មធ្យម​សិក្សា​​ និស្សិត​ទាំង​ពីរ​រូប​ក៏​បាន​ទទួល​ឲ្យ​ស្នាក់​នៅ​ក្នុង​អន្តេវិសិកដ្ឋាន​ជាមួយ​គ្នា​ ​ពេល​មក​សិក្សា​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ ក្រោម​គម្រោង​របស់​ Harpswell Foundation ដែល​ជា​គម្រោង​ជួយ​ជម្រុញ​ស្រ្តី​ក្នុង​​វិស័យ​អប់រំ​ និង​ភាព​ជា​អ្នក​ដឹកនាំ។ ការ​ស្នាក់​នៅ​ជាមួយ​គ្នា​នេះ​ហើយ​ ដែល​​ធ្វើ​ឲ្យ​អ្នក​ទាំង​២​បាន​ស្គាល់​គ្នា​ និង​ចាប់​ដៃ​គូ​ជាមួយ​គ្នា​ក្នុង​ការ​ប្រកួត​​គំនិត​អាជីវកម្ម​នានា​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ ដែល​​ធ្វើ​ឲ្យ​អ្នក​ទាំង​២​បាន​ទទួល​បទពិសោធន៍​ជា​ច្រើន​ទាំង​ភាព​ជោគជ័យ​និង​បរាជ័យ៕

Article By Nyka




SUGGESTIONS