×

អាហារ​បំពង​អាច​មើល​ទៅ​មាន​រស​ជាតិ​ឆ្ងាញ់​ ប៉ុន្តែ​ប្រាកដ​ណាស់​ពួក​វា​មិន​មែន​ជា​អាហារ​ដែល​មាន​សុខភាព​ល្អ​ទេ​

TRAVEL & LIVING 6 years ago
 
 

          អាហារ​មួយ​ចំនួន​ដូច​ជា​គាវ​ចៀន​ ដំឡូង​បារាំង​បំពង​ និង​ស្ករ​គ្រាប់​​បាន​ផ្តល់​នូវ​តម្លៃ​អាហា​រូបត្ថម្ភ​តិច​តួច​ណាស់​ ខណៈ​ពេល​ដែល​វា​ធ្វើ​ឲ្យ​លក្ខខណ្ឌ​សុខភាព​របស់​អ្នក​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ខ្ពស់។ អ៊ី​ចឹង​តើ​ការ​ទទួល​ទាន​អាហារ​បំពង​ផ្ដល់​គុណ​វិបត្តិ​អ្វី​ខ្លះ?

          ជា​ដំបូង​ អាហារ​បំពង​ផ្ដល់​នូវ​ការ​ព្រួយ​បារម្ភ​ម្យ៉ាង​នោះ​គឺ​បរិមាណ​នៃ​ជីវជាតិ​អាហារ​ដែល​ទទួល​ទាន។ ​អាហារ​បំពង​ភាគ​ច្រើន​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ហើយ​ជា​ទូទៅ​ប្រភេទ​នៃ​ជាតិ​ខ្លាញ់​នោះ​មាន​ផល​អាក្រក់​សម្រាប់​សុខភាព​របស់​អ្នក។ ​ភោជនីយដ្ឋាន​ជា​ច្រើន​តែង​តែ​ចម្អិន​(ចៀន) ​អាហារ​ជា​មួយ​នឹង​ប្រេង​ដែល​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​ (Trans Fats) ​ហើយ​ដោយ​សារ​អាហារ​បំពង​ជា​ច្រើន​ត្រូវ​បាន​តប់​ថ្នមៗ​ក្នុង​ម្សៅ​លាយ​ទឹក​ ដូច្នេះ​ពួក​វា​ស្រូប​យក​ជាតិ​ខ្លាញ់​បាន​ច្រើន​ជាង​ពួក​វា​យក​ទៅ​បំពង​ដោយ​មិន​បាន​ជ្រលក់​តប់ៗ​នឹង​ម្សៅ។​

ហេតុ​តែ​ពួក​វា​ផ្ទុក​ដោយ​ជាតិ​ខ្លាញ់​ខ្ពស់​នេះ​ ពួក​វា​ក៏​ផ្ដល់​នូវ​កាឡូរី​ខ្ពស់​ដែរ​ ដែល​វា​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​អ្នក​បរិភោគ​អាហារ​ទទួល​កាឡូរី​ខ្ពស់​ច្រើន​ជាង​អ្វី​ដែល​ត្រូវ​ការ​ ហើយ​ជា​លទ្ធផល​អ្នក​នឹង​អាច​ឡើង​ទម្ងន់។​ បន្ថែម​ទៅ​លើ​ចំណុច​ទី​មួយ​ ដូច​អ្វី​ដែល​បាន​បរិយាយ​ខាង​លើ​អ្នក​ដែល​ញ៉ាំ​អាហារ​បំពង​ច្រើន​ប្រឈម​នឹង​ការ​ឡើង​ទម្ងន់​ ព្រោះ​ថា​វា​សម្បូរ​ជាតិ​ខ្លាញ់​ ដែល​មាន​ន័យ​ថា​ក៏​មាន​កាឡូរី​ច្រើន​ដែរ​ តួ​យ៉ាង​មួយ​ក្រាម​នៃ​ជាតិ​ខ្លាញ់​នោះ​ ផ្ដល់​នូវ​កាឡូរី​ 9 ​បើ​ធៀប​ទៅ​នឹង​ការ​រក​ឃើញ​ក្នុង​ក្រាម​នីមួយៗ​នៃ​ប្រូតេអ៊ីន​ ឬ​កាបូអ៊ីដ្រាត​ដែល​ផ្ដល់​កាឡូរី​តែ​4​ប៉ុណ្ណោះ។​ ប្រសិន​បើ​ប្រិយមិត្ត​បរិភោគ​អាហារ​ចៀន​ឬ​បំពង​ជា​រៀង​រាល់​ថ្ងៃ​ នោះ​អ្នក​ទំនង​នឹង​ក្លាយ​ជា​មនុស្ស​លើស​ទម្ងន់​ឬ​កើត​ជំងឺ​ធាត់​ជ្រុល។​ ការ​សិក្សា​ក៏​បាន​បញ្ជាក់​ដែរ​ថា​ការ​ទទួល​ទាន​អាហារ​បែប​ហ្នឹង​លើស​ពី​បួនដង​ក្នុង​មួយ​សប្តាហ៍​ នោះ​វា​នឹង​បង្កើន​ហានិភ័យ​នៃ​ការ​ធាត់​បើ​ធៀប​នឹង​ការ​ញ៉ាំ​អាហារ​ទាំង​នេះ​តិច​ជាង​ពីរដង​ក្នុង​មួយ​សប្តាហ៍។​ ផល​អវិជ្ជមាន​មួយ​ទៀត​ដែល​ទទួល​បាន​ពី​ការ​ញ៉ាំ​អាហារ​បំពង​គឺ​បញ្ហា​សុខភាព។​ អាស៊ីត​ខ្លាញ់​ពីរ​ប្រភេទ​ (Saturated​ Fat​ និង​ Trans​ Fat)​ ដែល​មាន​ក្នុង​អាហារ​បំពង​ធ្វើ​ឲ្យ​អត្រា​នៃ​ការ​កើន​ជាតិ​កូឡេស្តេរ៉ុល​និង​ជំងឺ​បេះដូង​ខ្ពស់។​ ក្នុង​ករណី​របប​អាហារ​របស់​​ប្រិយមិត្ត​ច្រើន​តែ​ជា​ប្រភេទ​អាហារ​បែប​នេះ​ អ៊ី​ចឹង​មាន​ន័យ​ថា​ក្រៅ​ពី​ភាព​ធាត់​ ប្រិយមិត្ត​នឹង​ប្រឈម​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​មួយ​ចំនួន​ ពី​ព្រោះ​ថា​អាហារ​ដែល​ចៀន​ឬ​បំពង​ដោយ​ប្រើ​សីតុណ្ហភាព​ខ្ពស់​ ឬ​យូរ​ងាយ​នឹង​បង្កើត​នូវ​សារធាតុ​ Acrylamide​ (សារធាតុ​គ្មាន​ពណ៌​ថ្លា​ដែល​បង្កើត​ទៅ​ជា​ប៉ូលីម៊ែរ​រលាយ​ក្នុង​ទឹក)​ និង​Carcinogen​ (សារ​ធាតុ​ដែល​អាច​បង្ក​ជា​ជំងឺ​មហារីក)​ ជាង​ការ​ប្រើ​សីតុណ្ហភាព​ទាប​ក្នុង​រយៈ​ពេល​ខ្លី។​

មួយ​វិញ​ទៀត​ ការ​ញ៉ាំ​អាហារ​បំពង​នោះ​អាច​នាំ​ឲ្យ​ដំណើរ​ការ​ខួរ​ក្បាល​មនុស្ស​ខុស​ប្រក្រតី។​ ប្រភេទ​ប្រេង​ឆា​មួយ​ចំនួន​ដូច​ជា​ប្រេង​ Flaxseed​ នឹង​ធ្លាក់​គុណភាព​ពេល​ដែល​រង​កម្ដៅ​ច្រើន​ម៉ោង​ ហើយ​បន្ទាប់​មក​ពួក​វា​នឹង​បង្កើត​ជា​សារធាតុ​ពុល​ Aldehyde​ (សមាសធាតុ​សរីរាង្គ​ដែល​មាន​ពួក​មេតាណុល​ (Methanol)​ និង​អេតាណុល​(Ethanal)​ ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ពេល​ដែល​ចម្អិន។​ ម្យ៉ាង​ទៀត​នោះ​ ប្រេង​ទាំង​នេះ​ក៏​មាន​អាស៊ីត​ខ្លាញ់​ប្រភេទ​ Polyunsaturated​ Fats​ ច្រើន​ ហើយ​ពួក​វា​នឹង​ធ្វើ​ការ​បំបែក​ខ្លួន​យ៉ាង​រហ័ស​ ដើម្បី​បង្កើត​ជា​សមាសធាតុ​ Health​-​demoting​ aldehyde​ ដែល​ជ្រាប​ចូល​ខ្យល់​ ហើយ​ក៏​ជ្រាប​ចូល​ក្នុង​អាហារ។​ យ៉ាង​ណា​មិញ​ មាន​ប្រេង​មួយ​ចំនួន​ដូច​ជា​ប្រេង​អូលីវ​ ត្រូវ​បាន​ស្គាល់​ថា​ជា​ប្រេង​ដែល​មាន​អាស៊ីត​ខ្លាញ់​ Mono​-​Saturated​ Fat​ ខ្ពស់​ តែ​ផលិត​ Aldehyde​ ក្នុង​កម្រិត​ទាប​ទោះ​បី​ជា​ស្ថិត​ក្នុង​កម្ដៅ​ប៉ុណ្ណា​ក៏​ដោយ។​ ដូច្នេះ​ប្រិយមិត្ត​គប្បី​ជៀស​វាង​ការ​ចម្អិន​ម្ហូប​ដែល​ប្រើ​ប្រេង​ណា​ដែល​បញ្ចេញ​សារធាតុ​ Aldehyde​ ខ្ពស់​ ព្រោះ​វា​ជា​អ្នក​បង្ក​ឲ្យ​មាន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​សរសៃ​ប្រសាទ។​ ឧទាហរណ៍​វា​អាច​ធ្វើ​ឲ្យ​មុខ​ងារ​របស់​ខួរ​ក្បាល​ដំណើរ​ការ​មិន​ត្រឹម​ត្រូវ​ជា​ដើម។​

          សរុប​សេចក្ដី​ចុង​ក្រោយ​ដែល​ប្រិយមិត្ត​គួរ​ពិចារណា​គឺ​ថា​ដរាបណា​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​មាន​កម្រិត​ជាតិ​ខ្លាញ់​ទាប​ (Saturated​ Fat​ និង​Trans​ Fat)​ នោះ​អ្នក​នឹង​អាច​ញ៉ាំ​របស់​បំពង​យូរៗ​ម្ដង។​ ឬ​ក៏​ប្រិយមិត្ត​អាច​បរិភោគ​វា​ក្នុង​បរិមាណ​តិច​តួច​ ហើយ​គួប​ផ្សំ​នឹង​អាហារ​ផ្ដល់​សុខភាព​ល្អ​ផ្សេងៗ​ ដូច​ជា​បន្លែ​ និង​ផ្លែ​ឈើ​ដែល​មាន​កាឡូរី​ទាប។​ វិធី​មួយ​វិញ​ទៀត​នោះ​គឺ​​ប្រិយមិត្ត​អាច​​ប្រើ​ប្រេង​ឆា​ណា​ដែល​ជា​Unsaturated​ Oils​ មាន​ប្រេង​ផ្កា​ Canola​ ប្រេង​ពោត​ ប្រេង​សណ្ដែកដី​ ប្រេង​ផ្កា​ Safflower​ ប្រេង​សណ្ដែកសៀង​ និង​ប្រេង​​ Sunflower​ មក​បំពង​ឬ​ចៀន​អាហារ។​ ប្រិយមិត្ត​ក៏​ត្រូវ​ប្រយ័ត្ន​ប្រយែង​សីតុណ្ហភាព​ផង​ដែរ​ ដោយ​ហេតុ​ថា​ប្រសិន​បើ​ប្រើ​ភ្លើង​តិច​នោះ​របស់​ដែល​កំពុង​តែ​បំពង​នឹង​ជក់​ខ្លាំង​ច្រើន​ ជា​ពិសេស​ត្រូវ​ឲ្យ​ច្បាស់​ថា​គ្រប់​ពេល​ដែល​ដាក់​របស់​បន្ទាប់​ចូល​បំពង​ត្រូវ​ឲ្យ​កម្ដៅ​ប្រេង​ស្ថិត​ក្នុង​សីតុណ្ហភាព​ដំបូង៕​

Article  by HEM HY


SUGGESTIONS