×
Image Courtesy: SOVRIN

​ប្រាសាទ​សំបូរ​ព្រៃគុក ​សំណង់​បេតិកភណ្ឌ​...

 
 

ដំណើរ​កម្សាន្ដ​ទៅ​កាន់​ប្រាសាទ​សំបូរ​ព្រៃគុក​​ សំណង់បេតិកភណ្ឌ​ពិភពលោក​ដ៏​អច្ឆរិយ ​ដែល​​លាក់​​ខ្លួន​​កប់​​កណ្ដាល​ព្រៃ​​យ៉ាង​​ស្រងេះ​​ស្រងោច




            រថយន្ត​បាន​បោះពួយ​ទៅ​មុខ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៦ពី​​ភ្នំពេញ​​ឆ្ពោះ​ទៅ​កាន់​ខេត្តកំពង់ធំក្នុង​គោល​ដៅ​ដំណើរ​ទេសចរណ៍​១យប់​២ថ្ងៃ​នៅ​ឯ​តំបន់​ប្រាសាទ​សំបូរព្រៃគុក​ដែល​ត្រូវ​បាន​ចាត់​ចូល​ជា​តំបន់​បេតិកភណ្ឌ​ពិភព​លោក​ដោយ​អង្គការ​យូណេស្កូនា​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ២០១៧ កន្លង​ទៅ​នេះ។ប្រាសាទ​សំបូរ​ព្រៃគុក​ស្ថិត​នៅ​ក្នុង​ស្រុក​សំបូរ ខេត្ត​កំពង់ធំដែល​មាន​ចំងាយ​ប្រមាណ​៣០គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​កំពង់ធំដោយ​បត់​ត្រង់​ផ្លូវ​បំបែក​ទៅ​កាន់​ខេត្ត​ព្រះវិហារ តាម​ផ្លូវ​ជាតិ​លេខ៦២រហូត​ប្រទះ​ឃើញ​ច្រក​ផ្លូវ​បត់​មួយ​នៅ​ខាង​ស្ដាំដៃ អម​ដោយ​សា្លក​សញ្ញា​ថា“រមណីយដ្ឋាន ប្រាសាទ​សំបូរព្រៃគុក”។



           បន្ទាប់​ពី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ដ៏​សាមញ្ញ​បែប​អ្នក​ភូមិ​រួចយើង​បាន​បន្ដ​ដំណើរ​ទៅ​កាន់​បរិវេណ​ប្រាសាទដើម្បី​ស្វែង​​យល់​ពី​អរិយធម៌​ដ៏​អច្ឆរិយ​នៃ​បុរាណដ្ឋាន​ដែល​កប់​ក្នុង​ព្រៃ​ដ៏​ស្រងេះ​ស្រងោច​នោះ។តាម​ការ​សិក្សា តំបន់​ប្រាសាទ​សំបូរព្រៃគុកត្រូវបាន​ចាប់​ផ្ដើម​កសាង​នា​ចុង​សតវត្សរ៍​ទី៦ ដោយ​ព្រះបាទ​ឦសានវរ្ម័ន​ទី១ដែល​មាន​ឈ្មោះ​ថា​ឦសានបុរៈ​ ជា​រាជធានី​នា​សម័យ​ចេនឡាហើយ​ចែក​ចេញ​ជា​៣ក្រុម​សំខាន់ៗ ​មាន​ក្រុម​ប្រាសាទ​ខាង​ជើង​ ហៅ​ប្រាសាទ​សំបូរ ក្រុម​ប្រាសាទ​កណ្ដាលហៅ​ប្រាសាទ​តោ និង​ក្រុម​ប្រាសាទ​ខាង​ត្បូង ហៅ​ប្រាសាទ​យាយព័ន្ធ។ក្រុម​ប្រាសាទ​ទាំង​នេះ ឡោម​ព័ទ្ធ​ដោយ​កំពែង​ឥដ្ឋ​ពីរ​ជាន់ និង​កូរ​ទឹក​ជុំ​វិញហើយ​មាន​ប្រាសាទ​តួប៉ម​កណ្ដាល​មួយ រួច​អម​ដោយ​ប្រាសាទ​រណប​នានា និង​ស្រះ​ទឹក។យោង​តាម​ឯកសារ​របស់​សកល​វិទ្យាល័យ​វ៉ាសេដា​នៃប្រទេស​ជប៉ុនតំបន់​ប្រាសាទ​នេះ​សរុប​រួម​មាន​ប្រមាណ ២៩៣ប្រាសាទតែ​បច្ចុប្បន្ន​នៅ​សេស​សល់​ត្រឹម​តែ ​៦៤ប្រាសាទ​ប៉ុណ្ណោះ។ គ្រាន់​តែ​ឈាន​ជើង​ចូល​ដល់​ក្រុម​ប្រាសាទ​សំបូរ​ភ្លាមយើង​ប្រទះ​ភ្នែក​ឃើញ​ប្រាសាទ​ទ្រុឌ​ទ្រោម​ផ្នែក​ដំបូល​មួយ​ឈរ​យ៉ាង​មាំ​នៅ​លើ​ខឿន​ដ៏​ធំ​មួយឡោម​ព័ទ្ធ​ដោយ​ដើម​ឈើ​តូច​ធំបង្ក​ជា​ទស្សនីយភាព​ដ៏​អស្ចារ្យ​មួយ​ដែល​មិន​នឹក​ស្មាន​ដល់។