×

ទទួល​យក​បទពិសោធន៍​ថ្មី​ជា​មួយ​នឹង​ការ​លម្ហែ​កាយ​បែប​បុរាណ​និយម​នៅ​រ៉ាយ៉ាបូរីវីឡា​រីហ្សត​ (​Rajabori ​Villas ​Resort​)

TRAVEL & LIVING 5 months ago
 
 

          នេះ​ប្រហែល​ជា​បទពិសោធន៍​ថ្មីមួយ​សម្រាប់​លោកអ្នក ​ដែល​កន្លង​មក​យើង​ធ្លាប់​តែ​លម្ហែកាយ​តែ​នៅ​រីហ្សត​ដែល​មាន​ភាព​ទំនើប​ស៊ីវីល័យ​ ​និង​មាន​ការ​ដេគ័រ​តាម​បែប​សម័យ​ថ្មី ​ដែល​យើង​រមែង​បាន​ភប់​ប្រសព្វ​នៅ​គ្រប់​តំបន់​ទេសចរ​នានា​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។ ចំណែកឯ​ ​រីហ្សត​ដែល​មាន​រចនាបថ​តាម​បែប​បុរាណ​ហាក់​ពុំសូវ​សម្បូរ​មាន​ឡើយ​ ​ក្រៅ​ពី​តំបន់​ប្រវត្តិសាស្រ្ត​នៃ​ទឹក​ដី​ខេត្ត​សៀមរាប​ ​និង​មួយ​ចំនួន​តូច​នៅ​តាម​បណ្តា​ខេត្ត​ទេសចរណ៍​នានា​។ ​យ៉ាង​ណា​មិញ ​យើង​បាន​ពើប​ប្រទះ​នូវ​រីហ្សត​មួយ​កន្លែង​ដែល​បាន​រៀបចំ​ឡើង​ក្នុង​បរិយាកាស​បែប​សហសម័យ​ដែល​មាន​បឹង​ហ្កាឡូ ​ឬវីឡា​សាងសង់​ឡើង​ក្នុង​រចនាបថ​ជា​ផ្ទះខ្មែរ​សម័យ​បុរាណ​ និង​មាន​គ្រឿង​បរិក្ខារ​បន្ទប់​ទឹក​មួយ​ចំនួន​សុទ្ធសឹង​តែ​ជា​គ្រឿង​បរិក្ខារ​ទំនើបៗ​ ​ជាមួយ​នឹង​អាង​ហែល​ទឹក​ដ៏គួរ​ឲ្យ​ទាក់ទាញ​មួយ​ដែល​កំពុង​តែ​លាក់ខ្លួន​នៅ​លើ​កោះ​ទ្រង់​នាឯ​ក្រុងក្រចេះ​។ រ៉ាយ៉ាបូរីវីឡា​ ​ពិត​ជា​សក្ដិសម​បំផុត​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ភាព​ស្ងប់ស្ងាត់​ និង​ចង់​គេច​ចេញ​ឲ្យ​ឆ្ងាយ​ពី​មនុស្សម្នា ​ដើម្បី​សម្រាក​លម្ហែកាយ​និង​អារម្មណ៍​តប់ប្រមល់​ពី​ការងារ​ប្រចាំ​ថ្ងៃ​ដ៏សែន​មមាញឹក​។

          ស្ថិត​នៅ​ប្រមាណ​ជា ​បីគីឡូម៉ែត្រ​ពី​កំពង់​ចម្លង​កោះ​ទ្រង់ នៅ​ក្នុង​ភូមិ​ក្បាល​កោះ ​សង្កាត់​កោះទ្រង់​ ក្រុង​ក្រចេះ​ ខេត្ត​ក្រចេះ​ រ៉ាយ៉ាបូរី​ ​វីឡា​ ​គឺជា​រីហ្សត​មួយ​ដែល​កម្រ​នឹង​មាន​ភ្ញៀវ​ជាតិ​បាន​ស្គាល់​និង​បាន​ទៅ​កម្សាន្ដ​លេង​ណាស់ ​ខណៈ​ដែល​ភ្ញៀវ​ភាគ​ច្រើន​សុទ្ធសឹង​តែជា​ជនបរទេស​ដែល​ចូលចិត្ត​ភាព​ស្ងប់ស្ងាត់​និង​ចង់​ស្វែង​យល់​ពី​ជីវិត​បែប​ធម្មជាតិ​របស់​ប្រជាជន​កម្ពុជា​។ រ៉ាយ៉ាបូរី ​ពិតជា​បាន​ធ្វើឲ្យ​យើង​ទទួល​បាន​អារម្មណ៍​មួយដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ទីបំផុត ​នៅ​ពេល​ដែល​បាន​ប្រទះ​ឃើញ​នូវ​សំណង់​ផ្ទះបុរាណៗ​ដែល​ត្រូវ​បាន​គេរៀបចំ​ឡើង​យ៉ាង​ល្អឥត​ខ្ចោះ​ជា​មួយ​នឹង​ព្រៃ​ព្រឹក្សា​ដុះព័ទ្ធ​ជុំទិស​យ៉ាង​មាន​សណ្តាប់​ធ្នាប់​បំផុត​តាម​បែប​អេកូ​ទេសចរ​។

          ​រីហ្សត​មួយ​នេះ​មាន​បឹង​ហ្កាឡូ​ ឬវីឡា​ចំនួន​ ១៤ ​ផ្ទះ​សាង​សង់​ឡើង​ក្រោម​ទម្រង់​រូបភាព​ជា​ផ្ទះ​របស់​អភិជន​ខ្មែរ​កាល​ពី​សម័យ​បុរាណ ​ដែល​មើល​ទៅ​ហាក់​ដូច​ជា​បុរី​បុរាណ​មួយ​ដែល​មាន​ភាព​លេច​ធ្លោ​បំផុត​លាក់​កំបាំង​ខ្លួន​នៅ​ចុង​កោះដ៏​មាន​សក្តានុពល​ទេសចរ​បំផុត​ប្រចាំ​ក្រុង​ក្រចេះ​។ ​គ្រប់​ផ្ទះ​ឬបឹងហ្កាឡូ​ទាំងអស់​គឺ​សុទ្ធសឹង​តែ​ធ្វើឡើង​ពីឈើ​ដែល​ជា​រចនាបថ​របស់​ខ្មែរ​បុរាណ​ សូម្បី​តែ​គ្រឿង​សម្រាប់​លម្អ​ក្នុង​ផ្ទះនីមួយៗ​ដូច​ជា រូប​ចម្លាក់ ​រូប​គំនូរ​បុរាណ​ខ្លះ​ក៏​នាំ​យក​ពី​ប្រទេស​ក្រៅ ​ក៏ដូច​ជា​ផ្ទាំង​អក្សរ​ចិន​បុរាណ​រួមបញ្ចូល​គ្នា​ហាក់​ដូច​បាន​អន្ទងចិត្ត​អ្នក​ទេសចរ​ឲ្យ​វិលត្រលប់​ទៅ​កាន់​សម័យ​បុរាណ​កាល​ដូច្នោះ​ដែរ​។          ​បើ​ទោះ​បី​គ្រប់​វីឡា​ទាំងអស់​មាន​ទម្រង់​ជាលក្ខណៈ​បុរាណ​និយម​មែនពិត​ ប៉ុន្តែ​រីហ្សត​នេះ​ក៏​មាន​អាង​ហែល​ទឹក​ដ៏​ទំនើប​ដែល​មាន​ទំហំ​ ​២០ ​X ៩ ​ម៉ែត្រ​ដែល​អនុញ្ញាតិ​ឲ្យ​ភ្ញៀវ​បាន​សប្បាយ​អារម្មណ៍​ជា​មួយ​នឹង​បរិយាកាស​ដ៏ស្រស់​ស្រាយ​និង​ធូរ​ស្បើយ​ជា​ទីបំផុត​។ ​អាង​ហែល​ទឹក​នេះគឺ​ជា​អាង​ទឹក​ធំជាង​គេ​ក្នុង​ចំណោម​អាង​ទឹក​ទាំង​ឡាយ​នៅ​ទូទាំង​ក្រុង​ក្រចេះ ​នេះ​បើ​យោងតាម​ លោក សាន្តត្រែង ដែល​ជា​ជំនួយ​ការ​អ្នក​គ្រប់គ្រង​ទូទៅ​នៅ​រីហ្សត​ រ៉ាយ៉ាបូរី វីឡា​នេះ។ ​ជាមួយ​នឹង​ផ្ទៃដី​ទំហំ​ប្រមាណ​ ២ហិចតា​ដែល​មាន​ទិដ្ឋភាព​ស្អាតៗ​ប្រកប​ដោយ​ភាព​ទាក់​ទាញ ​បាន​បង្កើត​ជាផ្ទាំង​ទស្សនីយភាព​មួយ​ដែល​អនុញ្ញាតិ​ឲ្យ​ភ្ញៀវ​ដែល​មក​សម្រាក​នៅ​ទីនោះ​អាចផ្តិត​យករូបភាព​ដ៏គួ​ឲ្យ​ជក់ចិត្ត​ដិត​អារម្មណ៍​ជា​ទីបំផុត​។ គ្រប់​ទីកន្លែង ​គ្រប់ជ្រុង​ទាំងអស់​គឺសុទ្ធ​សឹង​តែ​អាច​ចាប់​ប្លង់​ថត​រូប​ក្នុង​ទម្រង់​រូបភាព​ដែល​ជាលក្ខណៈ​បុរាណ​និង​កន្លែង​កម្សាន្ត​ដ៏គួរ​ឲ្យ​ប្លែកភ្នែក​។          យើង​ងាក​មក​មើល​មុខ​ម្ហូប​ដែល​ រ៉ាយ៉ាបូរី បាន​បម្រើ​ជូន​ភ្ញៀវ​ទេសចរ​វិញម្តង ​ដែល​យើង​ប្រហែល​ជានឹក​ស្មាន​ថានឹង​បម្រើ​ជូន​តែ​មុខម្ហូប​អឺរ៉ុប ខណៈ​ដែល​ភ្ញៀវ​ភាគ​ច្រើន​សុទ្ធសឹង​តែ​បរទេស ​ប៉ុន្តែ​ផ្ទុយ​ទៅវិញ​មុខម្ហូប​ដែល​មាន​ការ​ពេញ​និយម​ខ្លាំង​បែរ​ជា​ម្ហូប​ខ្មែរ​តាម​បែប​ប្រពៃណី​ជាតិ​ទៅ​វិញ។​ លោក សាន្ត ត្រែង៖ “​ភ្ញៀវ​បរទេស​ភាគ​ច្រើន​គាត់​មិន​សូវ​បរិភោគ​ម្ហូប​អឺរ៉ុប​នោះ​ទេ ​ប៉ុន្តែ​គាត់​បែរ​ជា​ចង់​ភ្លក្ស​នូវ​មុខម្ហូប​ខ្មែរ​ទៅវិញ ​ហើយ​ម្ហូប​អឺរ៉ុប​ច្រើន​តែ​ក្មេងៗ​តូចៗ​ដែល​គាត់​ទម្លាប់​ហូប​រាល់​ថ្ងៃ​”។ ​គួរ​ជម្រាប​ផង​ដែរ​ថា ​រ៉ាយ៉ាបូរី វីឡា មាន​បម្រើ​មុខ​ម្ហូប​ខ្មែរ​ជា​ច្រើន​មុខ​ក៏ដូច​ជា​តុំយ៉ាំ​ដ៏​គួរ​ឲ្យឆ្ងាញ់​ពិសា​ផងដែរ​។

          រ៉ាយ៉ាបូរីវីឡា​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១០ ​ដោយ​ប្តី​ប្រពន្ធ​បារាំង​ខ្មែរ​ពីរ​រូប គឺ លោក Pierre-Yves Clais ​និង​អ្នកស្រី ខៃចិន្តា ក្រោម​ទម្រង់​ជា​រីហ្សត​ ​អេកូ​ទេសចរ​ (​Eco-Tourism​)។ ​ខុស​ប្លែក​ពី​វិនិយោគិន​ដទៃ​ដែល​ធ្វើ​ជំនួញ​តែនៅ​ក្នុង​ទី​ប្រជុំជន​ដែល​មាន​មនុស្ស​ច្រើន ​ប៉ុន្តែ​ប្តីប្រពន្ធ​ទាំង​ពីរ​រូប​បែរ​ជា​បោះ​ទុន​វិនិយោគ​នៅឯ​តំបន់​ដាច់​ស្រយាល​តាម​ចំណូលចិត្ត​ដែល​ជា​អ្នក​ស្រលាញ់​ធម្មជាតិ​និង​អ្នក​អភិរក្ស​ធនធាន​ធម្មជាតិ​៕

Article by KEO SONG



SUGGESTIONS