×

wapatoa.com (វប្បធម៌​ដុតខម) គេហ​ទំព័រ​ថ្មី​ដែល​បណ្តុំ​ដោយ​ចំណេះដឹង​ និង​ការ​កម្សាន្ត​ជា​មួយ​អ្នក​មាន​ទេពកោសល្យ​នៅ​កម្ពុជា​

NEWS 6 years ago
 
 

          ​វប្បធម៌ គឺជា​ការផ្សាំបណ្ដុះចំណេះវិជ្ជា​និង​ប្រាជ្ញាស្មារតី​ឲ្យ​បាន​លូតលាស់​ចម្រើន ដោយ​វិទ្យា​សាស្រ្ត ឬ​ដោយ​សិល្បៈ​ផ្សេងៗ​ជា​ដើម នេះ​បើ​តាម​មូលន័យ​នៃ​ពាក្យ​វប្បធម៌​ក្នុង​វចនានុក្រម​សម្តេច​ជួនណាត។ វប្បធម៌​គឺជា​ពាក្យ​ដែល​សម្គាល់​ពីទំនាក់​ទំនង​របស់​មនុស្ស​ក្នុង​សង្គម​រស់​នៅ​ប្រចាំ​ថ្ងៃ ហើយ​ប្រសិន​បើគ្មាន​វប្បធម៌​ទេ សង្គម​នោះ​ប្រាកដ​ជា​ក្លាយ​ជា​សង្គម​អនាធិបតេយ្យ​និង​ពោរ​ពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដ​ប្រជា និង​គ្មាន​សណ្តាប់ធ្នាប់​ជាក់​ជា​មិន​ខាន។ វប្បធម៌​នៃ​ការ​ចែក​រំលែកគឺ​ពិត​ជា​សំខាន់​ណាស់​ក្នុង​សង្គម​មនុស្ស ហើយ​វា​ក៏​ជាការ​ចូល​រួម​ចំណែក​មួយ​ក្នុង​ការ​ដែល​ធ្វើ​ឲ្យ​សង្គម​មាន​ភាព​រីក​ចម្រើន​ឆ្ពោះ​ទៅ​មុខ​ថែម​ទៀត​ផង។ ម៉្លោះ​ហើយ​ទើប​យុវជន​ពីរ​រូប​ដែល​មាន​វប្បធម៌​ពីរ​ផ្សេង​គ្នា​ដោយ​ម្នាក់​ជាជន​ជាតិ​ខ្មែរ​គឺ​កញ្ញា សៀង សុខចេង និង​ម្នាក់​ជាជន​ជាតិ​បារាំង កញ្ញា Alix Feschotte ដែល​មាន​ផ្នត់​គំនិត​ដូច​គ្នា បាន​សម្រេច​ចិត្ត​សហការ​គ្នា​បង្កើត​ជាគេហ​ទំព័រ​មួយ​ដែល​មាន​ឈ្មោះ​ថា wapatoa.com ដែល​ជាគេហ​ទំព័រ​ចែក​រំលែក​នូវ​ចំណេះដឹង ការ​កម្សាន្ត ក៏​ដូចជា​ការ​លើក​កម្ពស់​វប្បធម៌​អំណាន​នៅ​ប្រទេស​កម្ពុជា​យើង​ផង​ដែរ។

កញ្ញា សៀង សុខចេង

          ទើប​តែ​ដាក់​សម្ពោធជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី១៧ ខែ​មីនា ឆ្នាំ​២០១៨ គេហ​ទំព័រ wapatoa.com មាន​អ្នក​ចូល​មើល​ប្រមាណ​ជាង ប្រាំបី​ពាន់​ដង និង​មាន​អ្នក​ចុច Like នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​រហូត​ដល់​ជាងពីរ​ពាន់​ Like ឯណោះ។ wapatoa.com ពិត​ជា​បាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ក្នុង​ការពង្រីក​ចំណេះដឹង​មិត្ត​អ្នក​អាន និង​ធ្វើ​ឲ្យ​ជីវិត​ពួក​គេ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ជា​មួយ​នឹង​ការ​កម្សាន្ត​ដែល​ពោរ​ពេញ​ទៅ​ដោយ​ចំណេះដឹង​ទៀត​ផង។ កញ្ញា សៀងសុខចេង ដែល​ធ្លាប់​ជា​អ្នក​សរសេរ Blog និង​ជាស្ថាបនិក​មួយ​រូប​របស់​គេហ​ទំព័រ​មួយ​នេះ បាន​ប្រាប់​ថា៖ “​គោល​បំណង​ដែល​យើង​បង្កើត platform wapatoa​ នេះ​ឡើង​គឺ​ដើម្បី​ចែក​រំលែក​នូវ​ចំណេះដឹង និង​អ្វី​ដែល​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ជា​ពិសេស​គឺយុវ​វ័យ ដែល​គាត់​តែង​តែ​ចង់​ស្គាល់​នូវ​បុគ្គល​ល្អៗ​ក្នុង​សង្គម​ដែល​មាន​ទេពកោសល្យ ក៏​ដូចជា​ចង់​ដឹង​ចង់​ឮពីបទ​ពិសោធ​ន៍​របស់​ពួក​គេ​ផង​ដែរ។” ធ្លាប់​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​កម្មវិធី​សង្គម ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស ជា​អ្នក​បកប្រែ និង​ជា​អ្នក​ហាត់ការ សុខចេង​ទទួល​បាន​គំនិត​ល្អៗ​តាម​រយៈការសាកសួរ​មនុស្ស​ដែល​ខ្លួន​ធ្លាប់​បាន​ជួប​ប្រាស្រ័យ​ទាក់​ទង និង​តាម​រយៈបទ​ពិសោធ​ន៍ជា​ច្រើន ដែល​ខ្លួន​ធ្លាប់​ប្រឡូក​ក្នុង​កិច្ចការ​ងារ​ជួយ​សង្គម​ផង​ដែរ។សុខចេង​គឺជា​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​អាន ជា​អ្នក​ដែល​ចង់​ដឹង​ចង់​ឮ​ពីរឿងរ៉ាវ​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ការ​ងារ​និង​គំនិត​អ្នក​ដែល​មាន​ទេពកោសល្យ​ល្អៗ​នៅ​ក្នុង​សង្គម។ ជា​មួយ​នឹង Wapatoa សុខចេង​បាន​បន្ត​ថា៖ “​បច្ចុប្បន្ន យើង​កំពុង​ស្វែងរក​សិល្បករ អ្នក​មាន​ស្នា​ដៃ អ្នក​សរសេរ​ប្លុក អ្នក​និពន្ធសៀវភៅ និង​អ្នក​ដែល​មាន​ទេពកោសល្យលើ​អ្វី​មួយ​មកសម្ភាសន៍​ដើម្បី​ចង់​ដឹងពី​គំនិត ដើម្បី​សាកសួរពីបទ​ពិសោធ​ន៍​របស់​ពួក​គេ ហើយ​នេះ​គឺ​ពិត​ជាចំណេះដឹងទូ​ទៅ​មួយ​ដែល​ពួក​យើង​ចង់​ចែក​រំលែក​ទៅ​ដល់​ពិភព​លោក និង​ប្រជាជន​ខ្មែរ​ឲ្យ​បាន​ដឹង។” ដូច្នេះ​ជា​មួយ​នឹង wapatoa.com អ្នក​នឹង​បាន​ស្គាល់​មនុស្ស​ដែល​មាន​ភាព​ប៉ិនប្រសប់​មាន​ទេពកោសល្យ​និង​ស្នា​ដៃ​របស់​ពួក​គេ​តាម​រយៈអត្ថបទ វីដេអូ និង​ខ្សែ​អាត់សម្លេង​ដែល​មាន​នៅ​ក្នុង​មាតិកា​នៃ​គេហ​ទំព័រ​នេះ​តែ​ម្តង។

កញ្ញា Alix Feschotte

          ទន្ទឹម​នឹង​ការជជែក​លេង​ជា​មួយ​នឹង​អ្នក​ដែល​មាន​ទេពកោសល្យ មិត្ត​យុវ​វ័យ​យើង​ជា​ពិសេស​គឺ​សិស្ស​និស្សិត​ក៏​អាច​នឹង​មាន​ឱកាស​ទាញយក​នូវ​មេ​រៀន​ល្អៗ​ក៏​ដូចជា​គន្លឹះ​ពិសេសៗ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​(presentation)ពី​គ្រប់​មជ្ឈដ្ឋាន​ថែម​​ទៀត​​ផង។ wapatoa.com នឹង​បើក​ឱកាស​ឲ្យ​អ្នក​សរសេរ​ Blog វិចិត្រករ សិល្បករ​ដែល​មាន​ស្នា​ដៃ​អាច​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​តាម​រយៈការ​ធ្វើ​បទសម្ភាសន៍ ការ​បង្ហាញ​ស្នា​ដៃ​ជារូបគំនូរ ជាវីដេអូ ជា​ខ្សែ​អាត់សម្លេង និង​ជា​អត្ថបទ។ ជា​មួយ​គ្នា​នឹង​ការស្វែង​យល់​ពី​មនុស្ស​ល្អៗ wapatoa.com ក៏​ជាឃ្លាំង​ដែល​ផ្ទុក​ដោយ​ចំណេះដឹងជា​មួយ​នឹង​អត្ថបទ​ល្អៗ​ដែល​ជួយ​ដាស់ស្មារតី​របស់​យើង​ក្នុង​ការ​គិត​ជា​មួយ​នឹង​ដំបូន្មាន​ដែល​អ្នក​សរសេរ​បាន​ដកស្រង់​នូវ​បទ​ពិសោធ​ន៍​ខ្លួន​ឯង​ផ្ទាល់​មក​ចែក​រំលែក​ដល់​អ្នក​អានថែម​ទៀត​ផង។ គេហ​ទំព័រ​ដែល​មាន​ពីរ​ភាសា​សម្រាប់​ជ្រើសរើស​គឺ​ខ្មែរ និង អង់គ្លេស នេះ​ក៏​គ្រោង​នឹង​ពង្រីក​ជា​បណ្តាញ​សង្គម​មួយ​ដែល​អាច​ឲ្យ​អ្នក​មាន​ទេពកោសល្យ​មាន​ឱកាស​បាន​បញ្ចេញ​សមត្ថភាព​និង​មតិ​របស់​ខ្លួន ដើម្បី​ឲ្យ​សាធារណជន​បាន​ដឹង​បាន​ស្គាល់​ថែម​ទៀត​ផង។ បើ​ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ កញ្ញា សៀង សុខចេង និង​ក្រុម​ការ​ងារ​ក៏​កំពុង​តែ​ស្វែងរក​អ្នក​ឧបត្ថម្ភ​បន្ថែម​ទៀត​ក្នុង​ដំណើរ​ការគេហ​ទំព័រ​ដ៏​មាន​ប្រយោជន៍​មួយ​នេះ​ឲ្យ​មាន​ភាព​រីក​ចម្រើន​ទៅ​មុខ​ជានិរន្តន៍​ផង​ដែរ៕

ចុចត្រង់នេះដើម្បីចូលទៅកាន់ : wapatoa.com

Article by KEO SONG


SUGGESTIONS