×

ព្រោះតែចង់លើកកម្ពស់​អក្សរខ្មែរ សហគ្រិន​ពីរក្រុម​បានរួមគ្នា​បង្កើតជា​ពុម្ពអក្សរខ្មែរ​ដាក់ឲ្យ​ប្រើប្រាស់​ដោយសេរី

NEWS 6 years ago
 
 

          សហគ្រិន​វ័យ​ក្មេង​ពីរ​ក្រុម​ ដែល​សុទ្ធ​សឹង​តែ​ជា​​ក្រុម​​​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ការ​រចនា​ម៉ាក​សញ្ញា​​ និង​ការ​រចនា​ពុម្ព​អក្សរ​ខ្មែរ​ បាន​ចាប់​ដៃ​គ្នា​​ក្នុង​គម្រោង​រយៈ​ពេល​១​ឆ្នាំ​ ដើម្បី​ផលិត​ពុម្ព​អក្សរ​ខ្មែរ​ថ្មី​សម្រាប់​ឲ្យ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ​ នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ Window និង​ macOS​។ ពុម្ព​អក្សរ​ ដែល​មាន​ឈ្មោះ​ថា​ "អាក្បាលធំ​ គោព្រៃ​ ផល្គុន" (AkbalThom KOUPREY Phaguan) និង​ "អាក្បាលធំគោព្រៃចេត្រ" (AkbalThom KOUPREY Chaet) ត្រូវ​បាន​ដាក់​ឲ្យ​ទាញ​យក​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រោម​ការ​ផលិត​រួម​គ្នា​រវាង​ក្រុមហ៊ុន​ជំនាញ​រចនា​ម៉ាក​សញ្ញា​​ "គោព្រៃ" និង​អ្នក​ផលិត​ពុម្ព​អក្សរ​ខ្មែរ​ "អាក្បាលធំ" ។ គោល​បំណង​នៃ​ការ​ផលិត​ពុម្ព​អក្សរ​ទាំង​នេះ​ឡើង​ គឺ​ជា​ចលនា​មួយ​ក្នុង​ការ​លើក​កម្ពស់​ការ​ផលិត​ពុម្ព​អក្សរ​ខ្មែរ​ឲ្យ​កាន់​តែ​មាន​ភាព​រស់​រវើក​និង​សំបូរ​បែប​ជាង​មុន ហើយ​ដើម្បី​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ងាក​មក​រចនា​ពុម្ព​អក្សរ​​ខ្មែរ​ថ្មី​ផងដែរ​។

          ប្រធាន​ផ្នែក​គំនិត​ច្នៃ​ប្រឌិតនៃ​គម្រោង​រចនា​ពុម្ព​អក្សរ​​ លោក​ នូ​ វិចិត្រ​ (និក) បាន​លើក​ឡើង​ថាការ​ផលិត​ពុម្ព​រួម​គ្នា​នេះ​​គឺ​បន្ទាប់​ពី​លោក​និង​ក្រុម​ការងារ​យល់​ឃើញ​ថា​ ចំនួន​ពុម្ព​អក្សរ​ខ្មែរ​នៅ​មាន​កម្រិត​នៅ​ឡើយ​ ដែល​ទាមទារ​ឲ្យ​មាន​ការ​ផលិត​​បន្ថែម​ទៀត​ដើម្បី​ផ្តល់​ជា​ជម្រើស​ដល់​អ្នក​ប្រើប្រាស់​ទូទៅ​​​។ លោក​និយាយ​ថា​ ការ​ផលិត​ពុម្ព​នេះ​ក៏​ជា​ស្មារតី​​គាំទ្រ​​សមត្ថភាព​អ្នក​រចនាពុម្ព​​អក្សរ​របស់​ខ្មែរ​ ក៏​ដូច​ជា​ការ​ក្រើន​រំឭក​​អំពី​​កម្មសិទ្ធ​បញ្ញា​ ខណៈ​ដែល​ស្ថាប័ន​មួយ​ចំនួន​តែង​រំលោភ​យក​ស្នាដៃ​ពុម្ពអក្សរ​ខ្មែរ​​​ដែល​ច្នៃ​សម្រាប់​ធ្វើ​អាជីវកម្ម​ទៅ​​ប្រើប្រាស់​ក្នុង​គោលដៅ​ពាណិជ្ជកម្ម​ដោយ​​មិន​ផ្តល់​​ដំណឹង​ជូន​ដល់​ម្ចាស់​ស្នាដៃ​។ បន្ថែម​ពី​នេះ​លោក​និយាយ​ថា​៖ "ពួក​ខ្ញុំ​គិត​ថា​ចង់​បង្កើត​ពុម្ព​​នេះ​ ដើម្បី​បំផុស​គំនិត​​ឲ្យ​អ្នក​ប្រើប្រាស់​ផ្តល់​តម្លៃ​លើ​ពុម្ព​អក្សរ​ខ្មែរ​ជាង​មុននិង​បំផុស​គំនិត​​​ដល់​អ្នក​រចនា​ដទៃ​ទៀត​ ដើម្បី​ឲ្យ​ងាក​មក​ច្នៃ​ពុម្ព​អក្សរ​ដោយ​ខ្លួន​ឯងដោយ​សារ​ពុម្ព​អក្សរ​ខ្មែរ​បច្ចុប្បន្ន​​មាន​ជម្រើស​តិច​ក្នុង​ការ​ជ្រើសរើសបើ​ធៀប​នឹង​ពុម្ព​អក្សរ​អង់គ្លេស​​"។ ​

          អ្នកជំនាញ​​ច្នៃ​ពុម្ព​អក្សរ​ "អាក្បាលធំ" ​លោក​ នៅ​ សំណាង​ ​យល់​ឃើញ​ថា​ និស្សិត​ជំនាន់​ក្រោយ​ជា​ច្រើន​ដែល​សិក្សា​ផ្នែក​រចនា​ម៉ូដ​ក្តី​ និង​ផ្នែក​ Graphic Design ក្តី​ ភាគ​ច្រើន​​សុទ្ធ​តែ​មាន​ចំណេះដឹង​ក្នុង​ការ​រចនា​ពុម្ព​អក្សរ​​។ លោក​និយាយ​ថា​៖ "ខ្ញុំ​បាន​ដឹង​ថា​មាន​និស្សិត​ដែល​គាត់​រៀន​ ឌីហ្សាញ​ ​មាន​រៀន​ថ្នាក់​មួយ​ដែល​តម្រូវ​ឲ្យ​និស្សិត​រៀន​រចនា​ពុម្ព​អក្សរ​​ដោយ​ខ្លួន​ឯង​​"។ ​​ទោះ​ជា​យ៉ាង​នេះ​ក្តី​ លោក​បង្ហាញ​ភាព​សោកស្តាយ​ជា​ខ្លាំង​ដែល​ការ​រចនា​ពុម្ព​អក្សរ​ខ្មែរ​ មិន​សូវ​ទាក់ទាញ​សិស្ស​និស្សិត​ភាគ​ច្រើន​ឲ្យ​រើស​យក​ជា​អាជីព​​ ឬ​យក​គំនិត​ដែល​ខ្លួន​មាន​មក​ច្នៃ​ឲ្យ​ក្លាយ​ជា​ពុម្ព​អក្សរ​ដែល​អាច​ប្រើប្រាស់​ជា​ផ្លូវ​ការ​​ឡើយដែល​នេះ​ជា​ចន្លោះ​ប្រហោងទាំង​ការ​អភិវឌ្ឍ​អាជីព​ និង​ការ​អភិវឌ្ឍ​សង្គម។ ​​​​​​​​ស្រប​នឹង​មតិ​យោបល់​របស់​លោក​សំណាង​ លោក​ សុត​ សេរី​ ជា​អ្នក​សម្រប​សម្រួល​ការ​រចនា​ពុម្ព​អក្សរ​​ នៅ​ក្នុង​គម្រោង​នេះ​ បាន​បន្ថែម​​ថា​​ការ​រចនា​ពុម្ព​អក្សរ​ហាក់​មិន​មាន​ភាព​លំបាក​ឡើយ ​ដែល​សិស្ស​និស្សិត​អាច​ងាក​មក​ច្នៃ​អក្សរ​ដោយ​ខ្លួន​ឯង​ដោយ​ចំណាយ​ពេល​ខ្លី​​។ លោក​និយាយ​ថា​ដោយសារ​​យុគ​សម័យ​បច្ចេកវិទ្យា​បាន​ផ្តល់​មក​នូវ​ភាព​ងាយ​ស្រួល​ជាង​មុន​ ការ​ស្រាវជ្រាវ​រក​គំនិត​ថ្មី​ដើម្បី​​ច្នៃ​ពុម្ព​អក្សរ​មួយ​មិន​មែន​ជា​ការ​លំបាក​នោះ​ឡើយ​។ លោក​សេរី ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​១​សប្តាហ៍​ ​ សម្រាប់​ការ​ស្រាវជ្រាវ​ ស្វែង​រក​គំនិត​​ដើម្បី​ផលិត​ពុម្ព​អក្សរ​ថ្មី​ និង​ការ​គូរ​ពុម្ព​អក្សរ។ បន្ទាប់​ពី​នោះ​ ក្រុម​ការងារ​របស់​ អាក្បាល​ធំនឹង​ចំណាយ​ពេល​ប្រមាណ​ ២​សប្តាហ៍​ទៀត​ ដើម្បីតម្លើង​ពុម្ព​អក្សរ​សម្រាប់​ដាក់​ឲ្យ​ប្រើប្រាស់។ គម្រោង​រយៈ​ពេល​មួយ​ឆ្នាំ​នេះ​ គ្រោង​នឹង​ផលិត​ពុម្ព​អក្សរ​ចំនួន​១២​ ដោយ​តោង​យក​ឈ្មោះ​តាម​ខែ​ចន្ទ​គតិ​ទាំង​១២​របស់​ខ្មែរ​ និង​ដាក់​ឲ្យ​ប្រើប្រាស់​តាម​ខែ​នីមួយៗ។

          បច្ចុប្បន្ន​នេះ​ ពុម្ព​អក្សរ​ទាំង​ពីរ​ដែល​បាន​ចេញ​ផ្សាយ​រួច​កំពុង​មាន​ការ​គាំទ្រ​ពី​អ្នក​ប្រើប្រាស់​ជា​បន្ត​បន្ទាប់​។ អ្នក​គ្រប់គ្រង​គម្រោង​ កញ្ញា​ ថុក​ ថាម្នី​សង្ឃឹម​ថា​ ក្រៅ​ពី​ការ​គាំទ្រ​គម្រោង​ពុម្ព​អក្សរ​ខ្មែរ​ទាំង​១២​ ក៏​នឹង​បាន​ទទួល​មតិ​ត្រលប់ពី​សំណាក់​អ្នក​ប្រើប្រាស់​​ ដើម្បី​ច្នៃ​ពុម្ព​អក្សរ​ទាំង​១០​ទៀត​ ដែល​គ្រោង​នឹង​ចេញ​ផ្សាយ​នា​ខែ​បន្ត​បន្ទាប់​ឲ្យ​កាន់​តែ​មាន​ភាព​​ទាក់ទាញ​និង​ងាយស្រួល​ប្រើប្រាស់​ជាង​មុន​។ លោក​ អ៊ួង​ វិសាលម៉ានិត​ និង​ លោក​ ហ៊ិន​ គឹមយាន​ ជា​ជំនួយការ​ស្រាវជ្រាវ​ និង​ផ្សព្វផ្សាយ​ឌីជីថល​ និង​ជំនួយការ​រចនាក្រាហ្វិក​ ក៏​អំពាវនាវ​ឲ្យ​អ្នក​ប្រើប្រាស់ឲ្យ​​​ចូលរួម​ទាំង​អស់​គ្នា​ដើម្បី​លើក​កម្ពស់​ស្មារតី​រចនា​អក្សរ​ខ្មែរ​ ក៏​ដូច​ជាចូលរួម​គោរព​សិទ្ធ​អ្នក​ផលិត​​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ដើម្បី​លើក​ទឹក​ចិត្ត​​អ្នក​ផលិត​ឲ្យ​បន្ត​ការ​រចនា​របស់​ខ្លួន​បន្ត​ទៀត។ ​​​គួរ​បញ្ជាក់​ថា​ ពុម្ព​អក្សរ​​ថ្មី​របស់​គោព្រៃ​សហការ​ជាមួយ​​អាក្បាល​ធំអាច​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃនិង​អាច​ប្រើប្រាស់​បាន​ដោយ​សេរី​ទាំង​ការ​ប្រើប្រាស់​ឯកជន​ និង​ការ​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​។ ដើម្បី​ទាញ​យក​ពុម្ព​អក្សរ​ទាំង​ពីរ​សូម​ចូល​ទៅ​កាន់​តំណភ្ជាប់​ដូចខាងក្រោម៖

Article by VA SONYKA


SUGGESTIONS