×

ដំណើរចរ​ដ៏មានន័យលើ​ផ្ទៃបឹង​ Inle ភូមិឋាន​អណ្តែតទឹក​នៃ​ទឹកដី​ភូមា

TRAVEL & LIVING 6 years ago
 
 

          ព្រះ​អាទិត្យ​​ជះ​រស្មី​ចែងចាំង​ប្រឹថពី​ រី​ឯ​​ព្រះភិរុណ​​ក៏​ឈប់​បង្អុរ​មួយ​រយៈ​ពេល​ ជា​សញ្ញា​ប្រាប់​ថា​នេះ​ជា​កាល​ដ៏​​សម​ល្មម​សម្រាប់​ការ​រៀបចំ​ដំណើរ​កំសាន្ត​​។ ត្បិត​តែ​អាកាសធាតុ​ក្តៅ​បន្តិច​នៅ​តាម​តំបន់​មួយ​ចំនួន​ ប៉ុន្តែ​វា​បាន​ក្លាយ​ជា​កាល​អំណោយ​ផល​ទៅ​វិញ ​សម្រាប់​ការ​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​តំបន់​ខ្ពង់​រាប​ ដែល​ជានិច្ច​ជាកាល​មាន​អាកាសធាតុ​ត្រជាក់​ជាង​តំបន់​​ផ្សេងៗ​។ យើង​ចេញ​ឆ្ងាយ​ពី​ប្រទេស​​កំណើត​របស់​យើង​បន្តិច​ ហើយ​ចេញ​មក​​ធ្វើ​ដំណើរ​កំសាន្ត​នៅ​ក្រៅ​ប្រទេស​ម្ដង​ ដើម្បី​​ស្វែង​រក​បទ​ពិសោធន៍​ថ្មី​សម្រាប់​ដំណើរកំសាន្ត​នៅ​តំបន់​អេកូ​ទេសចរណ៍​​ល្បី​ល្បាញ​របស់​ប្រទេស​ភូមា។

          បឹង​អ៊ិនឡេ (Inle Lake) គឺ​ជា​បឹង​ដ៏​ធំ​​មួយ​ស្ថិត​នៅ​​តំបន់​ខ្ពង់រាប​នៃ​រដ្ឋ​សាន (Shan State) របស់​ប្រទេស​ភូមាដែល​ជា​គោលដៅ​ទេសចរណ៍​​ដ៏មមាញឹក​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស។ បឹង​នេះ​ គឺ​ជា​តំបន់​អេកូ​ទេសចរណ៍​ដែល​ត្រូវ​បាន​អភិវឌ្ឍន៍​​យ៉ាង​សកម្ម​ តាំង​ពី​គមនាគមន៍​ សេវាកម្ម​ និង​កន្លែង​ស្នាក់​នៅ។ យើង​អាច​ធ្វើ​ដំណើរ​តាម​រថយន្ត​​ពី​ក្រុង​យ៉ាងហ្គន​ មក​រដ្ឋ​សាន​ដោយ​ចំណាយ​ពេល​ប្រមាណ​១០​ម៉ោង​ ឬ​ធ្វើ​ដំណើរ​ដោយ​យន្តហោះ​ក្នុង​ស្រុក​ ដែល​ចំណាយ​ពេល​ប្រមាណ​៥០​នាទី​ប៉ុណ្ណោះ។ មាន​អាកាសធាតុ​ត្រជាក់​គ្រប់​រដូវ​ ភ្ញៀវ​ទេសចរ​គប្បី​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ស្វាគមន៍​សីតុណ្ហភាព​ដែល​នឹង​ធ្លាក់​ចុះ​ដល់​១០​អង្សារ​នៅ​ពេល​យប់​រហូត​ដល់​ទាប​ភ្លឺ ប៉ុន្តែ​សីតុណ្ហភាព​នឹង​ត្រលប់​មក​​ត្រជាក់​ល្មម​ឡើង​វិញនៅ​ពេល​ថ្ងៃ​រះ​ដែល​មាន​កម្តៅ​ប្រមាណ​២៥​អង្សារ។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ សីតុណ្ហភាព​នេះ​នៅ​តែ​ជា​​កម្រិត​ដ៏​សមរម្យ​មួយ​ សម្រាប់​ការ​ធ្វើ​ដំណើរ​កំសាន្ត​ដោយ​​ងាយ​ស្រួល។ មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ជាច្រើន​ នៅ​​អម​មាត់​បឹង​​ដែល​ត្រូវ​បាន​​រចនា​យ៉ាង​ពិសេស​សម្រាប់​ការ​គយគន់​ទេសភាព​បឹង​ធម្មជាតិ​តែ​ម្ដង។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ជា​ច្រើន​ទៀត​ ដែល​មាន​ទីតាំង​នៅ​លើ​ផ្ទៃ​បឹង​តែ​ម្ដង​ ដែល​​អំណោយ​ផល​ដល់​ការ​​ផ្លាស់​ប្តូរ​អារម្មណ៍​ ក្នុង​ការសម្រាក​លំហែកាយ​ជា​លក្ខណៈ​គ្រួសារ​ ឬ​គូស្នេហ៍​។

          ត្បិត​តែ​មាន​គោល​ដៅ​អេកូ​ទេសចរណ៍​ផ្សេង​ទៀត​នៅ​តំបន់​នេះ​ក៏​ពិត​មែន​ ​​ ប៉ុន្តែ​យើង​មិន​អាច​រំលង​ការ​ទទួល​បទពិសោធន៍​ដំណើរ​កំសាន្ត​​តាម​ទូក​ទៅ​កាន់​ភូមិ​បណ្តែត​ទឹក​របស់​ប្រជាជន​ភូមា​បាន​ឡើយ ដោយ​សារ​តែ​ភាព​ទាក់ទាញ​នៃ​បឹង​ធម្មជាតិ​ដ៏​ធំ​នេះ​ គឺ​សម្រស់​នៃ​ជីវភាព​ប្រជាជន​រស់​នៅ​លើ​ផ្ទៃ​ទឹក​ រួម​ទាំង​ទេសភាពជួរ​ភ្នំ​​ក្រវ៉ាត់​ផ្ទៃ​បឹង​ដែល​ជា​អំណោយ​ដ៏​ពិសេស​​ពី​ធម្មជាតិ។ យើង​ធ្វើ​ដំណើរ​តាម​ទូក​ទេសចរណ៍​តូចៗ​ដែល​មាន​ចំណុះ​សម្រាប់​មនុស្ស​៥​នាក់​ ដែល​នាំ​ផ្លូវ​ដោយ​ប្រជាជន​ភូមា​​នៅ​ម៉ោង​៨​ព្រឹក​ ជា​ពេល​វេលា​ដែល​អាកាសធាតុ​កើន​ឡើង​ដល់​១៨​អង្សារ​ ត្រជាក់​ល្មម​ដល់​ការ​ធ្វើ​ដំណើរ​ទស្សនា​ផ្ទៃ​បឹង។ អ្វី​ដែល​ប្រជាជន​ភូមា​ចង់​ឲ្យ​ទេសចរ​ បាន​ជ្រាប​មុន​គេ​គឺ​វប្បធម៌​នៃ​ការ​រក​របរ​ទទួល​ទាន​ដោយ​ពឹង​ផ្អែក​លើ​ការ​នេសាទ​បែប​ប្រពៃណី។ ទូក​របស់​យើង​ចាក​ចេញ​ពី​កំពង់​បាន​ប្រមាណ​១០​នាទី យើង​ក៏​បាន​ឃើញ​​ការ​​ចែវ​ទូក​ដោយ​ប្រើ​ជើង​ម្ខាង​​ និង​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​បែប​ប្រពៃណី​របស់​ប្រជាជន​ភូមាដោយ​មាន​ការ​ស្លៀក​សម្លៀកបំពាក់​បែប​ប្រពៃណី​របស់​ភូមា​ផង​ ដើម្បី​បង្ហាញ​ភ្ញៀវ​ទេសចរ​ពី​ទំនៀមទម្លាប់​របស់​អ្នក​រស់​នៅ​តំបន់​នេះ។ ការ​នេសាទ​របស់​អ្នក​រស់​នៅ​លើ​បឹង​ Inle គឺ​​ការ​ប្រើ​ជើង​ម្ខាង​ដើម្បី​​ចែវ​ទូក​ និង​បញ្ជា​ឧបករណ៍​នេសាទ​បែប​​ប្រពៃណី​ដែល​មាន​រាង​​ប្រហាក់ប្រហែល​​អង្រុត​ធំ​មួយ​ មាន​កម្ពស់​ជិត​២​ម៉ែត្រ​​។

          យើង​មិន​រំខាន​អ្នក​នេសាទ​យូរ​ រួច​ក៏​បន្ត​ដំណើរ​ទៅ​មើល​ជីវភាព​ភូមិ​បណ្តែត​ទឹក​នៅ​លើ​បឹង​វិញ​ម្ដង​ ដែល​ចំណាយ​ពេល​ប្រមាណ​២០​​នាទី​ទៀត​ដើម្បីទៅ​ដល់​ភូមិ។ នៅ​លើ​ផ្ទៃ​បឹង​ដែល​​លាត​សន្ធឹង​​​ប្រមាណ​ ១១៦​គីឡូម៉ែត្រ​ការ៉េ​ មាន​ប្រជាជន​រស់នៅ​រាប់​ពាន់​គ្រួសារ​ និង​បែង​ចែក​ជា​ច្រើន​ភូមិ។ នៅ​ក្នុង​ភូមិ​​បណ្តែត​ទឹក​ មាន​សាលារៀន​ អារាម​ និង​ប្រជាជន​ខ្លះ​បាន​​ប្រកប​របរ​លក់​ដូរ​បន្តិច​បន្តួច​នៅ​ក្នុង​ផ្ទះ​​ សម្រាប់​ផ្គត់ផ្គង់​តម្រូវ​ការ​ក្នុង​ភូមិ។ ដោយ​កម្ពស់​ទឹក​​មិន​ជ្រៅ​ខ្លាំង​​ ធ្វើ​ឲ្យ​អំណោយ​ផល​ដល់​ការ​ច្នៃ​ផ្ទៃ​បឹង​ធ្វើ​របរ​កសិកម្ម​ ដូច​ជា​ការ​ដាំ​ដំណាំ​ជា​ដើម​ ដែល​យើង​បាន​ឃើញ​ប្រជាជន​​ជួយ​គ្នា​លើក​រង​ដំណាំ​បណ្តែត​ទឹក​ជា​ជួរៗ​នៅ​ក្បែរ​ភូមិ​ដែល​ពួក​គេ​រស់នៅ។ ការ​ធ្វើ​ដំណើរ​​ប្រាស្រ័យ​ទាក់ទង​គ្នា​របស់​ប្រជាជន​ ត្រូវ​ប្រើប្រាស់​ទូក​ជា​មធ្យោបាយ​ ដូច្នេះ​ទើប​យើង​បាន​ឃើញ​ទូក​តូច​ធំ​ជា​ច្រើន​សំចត​ក្រោម​ផ្ទះ​នីមួយៗ​មិន​ដែល​ខាន។ ផ្ទះ​ខ្លះ​តូច​ ខ្លះ​ធំអាស្រ័យ​ទៅ​តាម​កម្រិត​ជីវភាព​ ហើយ​ផ្ទះ​មួយ​ចំនួន​​ត្រូវ​បាន​រៀបចំ​យ៉ាង​ស្រស់​ស្អាត​ ដូច​ជា​វីឡា​ឈើ​លើ​ផ្ទៃ​ទឹក​ ដោយ​មាន​លាប​ពណ៌​ឆើតឆើយ​ទាក់​ភ្នែក​ទេសចរ​ឲ្យ​ផ្តិត​យក​រូប​ភាព​ទុក។ ប្រជាជន​ភូមា​ មាន​ភាព​រួសរាយ​​​ និង​ស្វាគមន៍​ដល់​អ្នក​ទេសចរ​គ្រប់​គ្នា។ ទាំង​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​ សុទ្ធ​តែ​ប្រើប្រាស់​ម្សៅ​ពណ៌​លឿង​លាប​នៅ​លើ​ផ្ទៃ​មុខឬ​ខ្លះ​លាប​លើ​ដៃ​ជើង​ផង​ ដែល​ជនជាតិ​ភូមា​ហៅ​ថា​ ថាណាកា (Thanakar) ជា​ម្សៅ​ធម្មជាតិ​ដែល​​ច្នៃ​ចេញ​ពី​រុក្ខជាតិ​ម្យ៉ាង​ដែល​ដុះ​នៅ​ប្រទេស​ភូមា។ម្សៅ​នេះ​ ត្រូវ​បាន​ប្រើប្រាស់​ជា​​ប្រពៃណី​​ច្រើន​ឆ្នាំ​មក​ហើយ​ ក្នុង​គោល​បំណង​ការពារ​ស្បែក​មុខ​​ពី​កម្តៅ​ថ្ងៃ​ និង​ធ្វើ​ឲ្យ​ស្បែក​មុខ​​ទន់​រលោង។

          នៅ​លើ​បឹង​នេះ​មាន​មណ្ឌល​មួយ​កន្លែង​ ដែល​បើក​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដល់​ជនជាតិ​ភូមា​ដែល​មាន​ជីវភាព​ខ្វះខាត​ពី​​ជំនាញ​បដិសណ្ឋារកិច្ច​ និង​ជំនាញ​ធ្វើ​ម្ហូប​ជាដើម។ Inle Heritage ​ក៏​ជា​​គោលដៅ​​អេកូ​ទេសចរណ៍​មួយ​ផង​ដែរ​ ដែល​ផ្តល់​សេវាកម្ម​ចម្រុះ​រួម​មាន​ ការ​ស្នាក់នៅ ភោជនីយដ្ឋាន ​ផ្ទះ​ចិញ្ចឹម​ពូជ​ឆ្មា​របស់​ភូមា​ដែល​ជា​ទីទាក់ទាញ​​របស់​ទេសចរ​ សាល​ពិព័រណ៍​​ប្រភេទ​ត្រី​កម្រ​​នៅ​ក្នុង​បឹង​អ៊ីនឡេ ការ​ដាំ​ដំណាំសរីរាង្គ​​ចម្រុះ និង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​លើ​​ផ្ទៃ​បឹង​។ ពិសេស​ នៅ​ក្នុង​មណ្ឌល​នេះ​ មាន​បម្រើ​អាហារ​បែប​ប្រពៃណី​ និង​អាហារ​បរទេស​ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសា​​តម្រូវ​តាម​តម្រូវការ​របស់​ភ្ញៀវ​ទេសចរ​បរទេស។

          របរ​តម្បាញ​ គឺ​ជា​​មុខ​របរ​ប្រចាំ​ថ្ងៃ​មួយ​ទៀត​របស់​ប្រជាជន​នៅ​លើ​ផ្ទៃ​បឹង​នេះ​ ដែល​ផ្តល់​ប្រាក់​ចំណូល​សមរម្យ​ដល់​​ប្រជាជន​វ័យ​ចំណាស់​ដែល​មិន​អាច​ចេញ​ទៅ​នេសាទ​បាន។សម្លេង​កី​តម្បាញ​លាន់​ឭ​រណ្តំនៅ​ពេល​ដែល​ទូក​របស់​យើង​បរ​ទៅ​កៀក​នឹង​កំពង់​ក្រោម​​មណ្ឌល​តម្បាញ​នៅ​ក្នុង​ភូមិ Inn Paw Khon។ អ្នក​តម្បាញ​ដែល​​ភាគ​ច្រើន​ ជា​មនុស្ស​ស្រី​វ័យ​ចំណាស់​កំពុង​ត្បាញ​​សំពត់​សូត្រ​​តាម​ជំនាញ​រៀងៗ​ខ្លួន​ រី​ឯ​អ្នក​ខ្លះ​កំពុង​​ហូត​សរសៃរ​ឈូក​មក​ធ្វើ​ជា​អំបោះ​សម្រាប់​ត្បាញ។ សំពត់​សូត្រ​នៅ​ទី​នេះ​មាន​ភាព​ល្បី​ល្បាញ​ណាស់​ ដោយ​សារ​គុណភាព​និង​ភាព​ច្នៃ​ប្រឌិត​របស់​អ្នក​តម្បាញជើង​ចាស់​​។ អ្នក​តម្បាញ​ដោយ​ប្រើ​សរសៃរ​ឈូក​ម្នាក់​ បាន​ប្រាប់​យើង​ថា​​ ក្នុង​មួយ​ថ្ងៃ​​គាត់​អាច​ហូត​សរសៃរ​ឈូក​បាន​ចំនួន​៨​ក្រាមដើម្បី​ទុក​ប្រើប្រាស់​សម្រាប់​ការ​ត្បាញ ដូច្នេះ​ទម្រាំ​បាន​ជា​សំពត់​នីមួយៗ​ត្រូវ​ប្រើប្រាស់​ពេល​ជា​ច្រើន​ថ្ងៃ​។ ​​​​

​          កន្លែង​ដែល​យើង​ត្រូវ​ទៅ​ទស្សនា​នៅ​មិន​ទាន់​អស់​នៅ​ឡើយ​ ​​​​​នៅ​ត្រើយ​ម្ខាង​នៃ​បឹង​នេះ​ក៏​មាន​វត្ត​បុរាណ​មួយ​ ដែល​សព្វ​ថ្ងៃ​ត្រូវ​បាន​រៀប​ចំ​ជា​តំបន់​ទាក់ទាញ​ទេសចរណ៍​មួយ​ទៀត​ សម្រាប់​អ្នក​មក​ទស្សនា​បឹង​Inle។ មិន​ត្រឹម​តែ​ជា​ការ​ទស្សនា​វត្ត​បុរាណ ប៉ុន្តែ​នៅ​ទី​នោះ​មាន​ស្តង់​លក់​វត្ថុ​អនុស្សាវរីយ៍​ និង​ចំណី​ប្រចាំ​តំបន់​ជា​ច្រើន​​ដែល​អ្នក​គួរ​ទៅ​សាកល្បង។ សុរិយា​ចាប់​ផ្តើម​បន្ទន់​រស្មីជា​ពេល​ដែល​យើង​ត្រូវ​លា​​មណ្ឌល​អេកូ​ទេសចរណ៍​នេះ​ដោយ​អាល័យត្បិត​យើង​មិន​អាច​ធ្វើ​ដំណើរ​លើ​ផ្ទៃ​បឹង​នៅ​ពេល​យប់​បាន​ទេ​។ ជា​ចុង​ក្រោយ​ សម្រាប់​អ្នក​ដែល​​មាន​បំណង​ស្នាក់​នៅ​​សណ្ឋាគារ​ដែល​អ្នក​អាច​គយគន់​ទេសភាព​មាត់​បឹង​ស្រស់​បំព្រង​ទាំង​​ពេល​ថ្ងៃ​រះ​និង​ពេល​ថ្ងៃ​លិច​​ ​យើង​សូម​ណែនាំ​​​សណ្ឋាគារ​ Aureum Palace Resort ឬ​សណ្ឋាគារ​ Inle Princess Resort ​ដែល​មាន​ទីតាំង​ភូមិសាស្រ្ត​ល្អ​ ងាយ​ស្រួល​ស្នាក់​នៅ​និង​​គយគន់​ទេសភាព​​ផ្ទៃបឹង​ ឬ​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​នៅ​ក្នុង​ភូមិ​ប្រជាជន​​ដែល​ប្រកប​របរ​ដាំ​ឈូក​រ័ត្ន​នៅ​ក្បែរៗ​នោះ​។ សង្ឃឹម​ថា​អត្ថបទ​នេះនឹង​ជា​ជំនួយ​ដល់​មិត្ត​អ្នក​អាន​ក្នុង​ការ​​កំណត់​គោល​ដៅ​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​នៅ​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​ នៅ​ក្នុង​ប្រទេស​ភូមា​​កាន់​តែ​រលូន៕

Article by VA SONYKA


SUGGESTIONS