×

Kampot Playboy ក្រុមតន្ត្រីរ៉ក់​ដែលបាន​បញ្ចូល​ឧបករណ៍​ទ្រខ្មែរ​ក្នុង​ចង្វាក់ Rock

NEWS 6 years ago
 
 

          យើង​ធ្លាប់​តែ​បាន​ដឹង​បាន​លឺ​ជា​មួយ​នឹង​ក្រុម​តន្រី្ត​ (Band)​ បែប​មនោសញ្ជេតនា​ ក្រុម​តន្រ្តី​ រ៉ក​ និង​ចង្វាក់​ផ្សេងៗ​ទៀត​ជា​ច្រើន​នៅ​តាម​ភោជនីយដ្ឋាន​ បារ​ និង​បណ្តាញ​សង្គម​នានា​ ដែល​គេ​ដឹង​ជា​ទូទៅ​ថា​មាន​ឧបករណ៍​ភ្លេង​ដូច​ជា​ ហ្គីតា​ ហ្គីតា​បាស​ ស្គរ​ និង​អ្នក​ច្រៀង​ជា​ដើម។​ ដោយ​ឡែក​ ក្រុម​តន្ត្រី​ Kampot​ Playboy​ បាន​បង្កើត​សាច់​ភ្លេង​ថ្មី​ប្លែក​ចម្លែក​អារម្មណ៍​ដោយ​បាន​បញ្ចូល​ឧបរណ៍​ទ្រខ្មែរ​ទៅ​ក្នុង​ចង្វាក់​បែប​រ៉ក​អេនរ៉ល​ ដែល​បង្កើត​បាន​ជា​ចំណីអារម្មណ៍​ប្លែក​មួយ​បែប​ទៀត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ឡើយ​ ហើយ​នេះ​ក៏​ជា​ការ​ចូលរួម​ចំណែក​មួយ​ក្នុង​ការ​លើក​តម្កើង​ឧបករណ៍​ភ្លេងខ្មែរ​មិន​ឲ្យ​បាត់បង់​ ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​ទៅ​កាន់​ភ្ញៀវ​បរទេស​ ពិសេស​ជនជាតិ​អ៊ឺរ៉ុប​ តាម​រយៈ​ការ​លេង​តន្រ្តី​តាម​បារបារាំង​មួយ​ចំនួន។​ ជា​មួយ​នឹង​គំនិត​ច្នៃប្រឌិត​នេះ​ បាន​ញ៉ាំង​ឲ្យ​ Kampot​ Playboy​ ក្លាយ​ជា​ក្រុម​តន្រ្តី​ដែល​ល្បីល្បាញ​មួយ​នាឯ​ក្រុង​កំពត​ និង​ថែម​ទាំង​ចូល​រួម​ប្រគំ​តន្ត្រី​នៅ​តាម​បារ​មួយ​ចំនួន​ដូច​ជា៖​ Duplex,​ Oscars​ on​ the​ Corner,​ Sharky’s,​ Paddy Rice​ រហូត​ដល់​ឆាក​តន្រ្តីធំៗ​ តួយ៉ាង​ Golden​ Street​ Festival,​ Diamond​ Moon​ Festival​ និង​តន្រ្តី​ជួបមិត្ត​ថែម​ទៀត​ផង។

          យើង​ងាក​មក​មើល​ប្រវត្តិ​ និង​ការ​កកើត​នៃ​ក្រុម​តន្រ្តី​កូនកាត់​ខ្មែរ​ អ៊ឺរ៉ុប​មួយ​នេះ​ជា​មួយ​នឹង​សមាជិក​បច្ចុប្បន្ន​ចំនួន​ប្រាំនាក់​សុទ្ធ​តែ​ប្រុស​ ដែល​ក្នុង​នោះ​រួម​មាន៖​  អ៊ុក សុជាតិ​ ជា​តារា​ចម្រៀង​ និង​អ្នក​លេង​ហ្គីតា,​ វី ង៉ែត​ ជា​អ្នក​កូតទ្រ,​ Mark​ Chattaway​ ជា​តន្រ្តីករ​ហ្គីតាបាស,​ Lee Chapman​ ជា​អ្នក​លេង​ស្គរ​ និង​ Kevin Selby​ ជា​អ្នក​លេង​អគ័រដេអុង​ (accordion)។​ ផ្តើម​ចេញ​ពី​ អ៊ុក សុជាតិ​ ដែល​កាល​នោះ​លោក​ជា​អ្នក​ចម្រៀង​ និង​ជា​តន្រ្តីករ​នៅ​ឯបារ​ផ្ទាល់​ខ្លួន​មួយ​នៅ​ក្រុងកំពត​ ដែល​មាន​ឈ្មោះ​ Madi Bar​ ពេល​នោះ​លោក​និយម​ចូលចិត្ត​ច្រៀង​បទ​សម័យ​ទសវត្សរ៍​ទី៦០​ ដូច​ជា​បទ​យុវជន​ខូចចិត្ត,​ ឱ​ស្វាយ​ចន្ទី​ តាម​ចង្វាក់​រ៉ក់​ និង​បទ​ចម្រៀង​អង់គ្លេស​បែប​ក្លាសិក​មួយ​ចំនួន​ទៀត។​ ជា​និស្ស័យ​ឲ្យ​ Mark Chattaway​ ជា​សមាជិក​មួយ​រូប​មក​ពី​ប្រទេស​អង់គ្លេស​ ជា​មួយ​នឹង​តន្ត្រីករ​មួយ​ចំនួន​ទៀត​មក​ពី​ សហរដ្ឋអាមេរិក​ បាន​ជួប​ជា​មួយ​ អ៊ុក សុជាតិ​ នៅ​ក្រុងកំពត​ រួច​ពួក​គេ​ក៏​ចាប់​ផ្តើម​ចាប់​ដៃ​ច្រៀង​ជា​មួយ​គ្នា​តែ​ម្តង។​ Kampot Playboy​ បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១១​ ដែល​មាន​ សុជាតិ​ គឺ​ជា​ប្រធាន​ក្រុម​ កាល​នោះ​ពួក​គេ​គ្រាន់​តែ​ជា​ក្រុម​តន្ត្រីរ៉ក់​ធម្មតា​មួយ​តែ​ប៉ុណ្ណោះ។​ ដោយ​មើល​ឃើញ​សក្តានុពល​នៃ​ឧបករណ៍​ភ្លេង​ប្រពៃណី​ខ្មែរ​ Mark​ ក៏​ចាប់​ផ្តើម​មាន​គំនិត​មួយ​ដើម្បី​បញ្ជូល​សមាជិក​ថ្មី​មក​ពី​វិទ្យាស្ថាន​ អភិវឌ្ឍន៍​វប្បធម៌​ខ្មែរ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រុងកំពត​ ដែល​ជា​អង្គការ​មួយ​បង្ហាត់​ បង្រៀន​ របាំ​ប្រពៃណី​ និង​ភ្លេងខ្មែរ​ក្នុង​ន័យ​អភិរក្ស​ និង​ការពារ​វប្បធម៌ខ្មែរ។​ ជា​ដំបូង​ពួក​គេ​បាន​ព្យាយាម​ធ្វើ​តេស្ត​សាកល្បង​លេង​តន្រ្តីរ៉ក់​ ជា​មួយ​នឹង​ឧបករណ៍​ភ្លេង​ខ្មែរ​ជា​ច្រើន​ប្រភេទ​ ដើម្បី​ស្វែង​រក​សម្លេង​ដែល​ស៊ីមេទ្រី​នឹង​គ្នា។​ ជា​លទ្ធផល​ ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​ឧបករណ៍​ទ្រខ្មែរ​  ជា​សម្លេង​បន្ថែម​ក្នុង​តន្រ្តីរ៉ក​នេះ​តែ​ម្តង។​ ជា​ការ​ពិត​ណាស់​ដែល​ថា​ទ្រខ្មែរ​គឺ​ជា​ឧបករណ៍​ភ្លេង​ដែល​គេ​ច្រើន​និយម​លេង​ក្នុង​ពិធី​មង្គលការ​ និង​ពិធី​ប្រពៃណី​ជា​ច្រើន​ទៀត​​មាន​លក្ខណៈ​ទន់ភ្លន់​ និង​មាន​ភាព​ចាស់ទុំ​ ផ្ទុយ​ទៅ​វិញ​ តន្រ្តីរ៉ក់​ជា​ចង្វាក់​ដែល​ញាក់​កញ្ជ្រៀវ​តាម​បែប​យុវវ័យ​ និង​តន្រ្តី​របស់​ប៉ែកអ៊ឺរ៉ុប​ ចំណែក​ឯការ​រួម​បញ្ចូល​នៃ​ឧបករណ៍​តន្រី្ត​ទាំង​ពីរ​នេះ​ ហាក់​ដូច​ជា​ការ​តភ្ជាប់​នៃ​ចរន្ត​វប្បធម៌​ទាំង​ពីរ​ឲ្យ​កាន់​តែ​មានភាព​ជិតស្និទ្ធ​នឹងគ្នា​បន្ថែម​ទៀត។​ វី ង៉ែត គឺ​ជា​អ្នក​កូតទ្រ​តែ​ម្នាក់​គត់​នៅ​ក្នុង​ក្រុម​ ហើយ​ក៏​ជា​អ្នក​ដែល​ជួយ​លើក​ប្រជាប្រិយភាព​របស់​ Kampot​ Playboy​ ឲ្យ​កាន់​តែ​មាន​ភាព​ល្បីល្បាញ​ផង​ដែរ។

          សព្វ​ថ្ងៃ​ Kampot​ Playboy​ កំពុង​ប្រគំ​លេង​នៅ​ក្នុង​បារ​មួយ​នៅ​ឯ​ក្រុងកំពត​ ដែល​មាន​ឈ្មោះ​ថា​ Banyan​ Tree​ និង​ម្តង​ម្កាល​ពួក​គេ​ត្រូវ​បាន​គេ​អញ្ជើញ​មក​លេង​នៅ​ទីក្រុង​ភ្នំពេញ​ ខេត្ត​សៀមរាប​ និង​បាត់ដំបង​ផង​ដែរ។​ យ៉ាង​ណា​មិញ​ Kampot​ Playboy​ ក៏​បាន​បង្ហើប​ប្រាប់​ សូវរីន អំពី​គម្រោង​ដែល​ពួក​គេ​នឹង​បញ្ចេញ​អាល់ប៊ុម​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​ឆាប់ៗ​នេះ​ដែល​មាន​ឈ្មោះថា​ “យុវជន​ (Youth)”​  គឺ​ជា​អាល់ប៊ុម​ដំបូង​ដែល​ពួក​គេ​បាន​ផលិត​នៅ​ 60 Roadstudios​ ខេត្ត​សៀមរាប​ ហើយ​បច្ចុប្បន្ន​ពួក​គេ​ក៏​កំពុង​តែ​និពន្ធ​បទ​ចម្រៀង​បន្ថែម​ទៀត​ផង៕

Article by KEO SONG


SUGGESTIONS