×

ទិចនិច​​ឆ្លាត​វៃ​នៅ​ក្នុង​ការ​ថែ​រក្សា​សម្រស់​កំឡុង​ពេល​ធ្វើ​ដំណើរ​កំសាន្ត​

 
 

          រដូវ​បុណ្យ​ចូលឆ្នាំ​ចិន​បាន​ខិត​ជិត​មកដល់​ហើយ ក្រៅ​ពីការ​អបអរ​សាទរ​ទទួល​ឆ្នាំថ្មី អ្នក​ខ្លះ​ក៏​បាន​គម្រោង​ធ្វើ​ដំណើរ​កម្សាន្ដ​នានា។ ថ្វី​ត្បិត​តែ​ការ​ធ្វើ​ដំណើរ​កំសាន្ត​ផ្តល់​អោយ​យើង​នូវ​ភាព​រីករាយ និង​ការ​ចងចាំ​ដែល​ពុំ​អាច​បំភ្លេច​បាន​ក៏​ពិតមែន ប៉ុន្តែ​អ្នក​ច្បាស់​ជា​មិន​ចង់​បន្សល់​នូវ​បញ្ហា​ស្បែក​ផ្សេងៗ​ក្រោយ​ដំណើរ​កំសាន្ត​ត្រូវ​បាន​បញ្ចប់​នោះ​ឡើយ។ សម្រាប់​មិត្ត​នារី គប្បី​ចាប់​អារម្មណ៍​អំពី​ការ​ថែ​ទាំ​សុខភាព​សម្រស់​ផង​ដែរ ដោយ​សារ​តែ​សម្រស់​អ្នក​នឹង​ទទួល​រងនូវ​ការ​ប៉ះពាល់​ពី​កំដៅ​ព្រះ​អាទិត្យ ធូ​លី​ដី ទឹក​សមុទ្រ សំណើម​ដែល​មាន​នៅ​តាម​មាត់​សមុទ្រ ក៏​ដូច​ជាការ​ខ្សោះ​នូវ​ជាតិ​ទឹក​ក្នុង​ខ្លួន ព្រម​ទាំង​ខ្យល់​ដែល​មាន​នៅ​តាម​តំបន់​ព្រៃភ្នំ​ជាដើម​។ យ៉ាង​ណា​មិញ ដើម្បី​ថែ​រក្សា​សម្រស់​របស់​អ្នក​ពី​ការ​បំផ្លាញ​នានា ចូរ​សាក​ល្បង​អនុវត្ត​តាម​វិធីសាស្រ្ត​ដ៏ល្អៗ​ខាង​ក្រោម​នេះ​ដូចតទៅ​៖

  1. ការពារស្បែកពីកម្ដៅព្រះអាទិត្យ៖ មិន​ថាអ្នក​ធ្វើដំណើរ​កំសាន្ត​ទៅកាន់​តំបន់ឆ្នេរ​រឺតំបន់ព្រៃភ្នំ​នោះឡើយ​ ឡេការពារ​កម្ដៅថ្ងៃ​គឺតែងតែ​ជាមិត្ត​ដ៏ស្និទ្ធសា្នល​របស់អ្នក​គ្រប់​ពេលវេលា។ ដើម្បី​ទប់ទល់​ពីការយាយី​ផ្សេងៗ​ពីកម្ដៅថ្ងៃ​ ចូរគប្បី​លាបនូវ​ឡេ​ការពារកម្ដៅ​ថ្ងៃ​ដែលមាន​សារធាតុ SPF30 ឬលើស​ពី​នេះ​នៅ​លើ​មុខ ដៃ និង​ជើង អោយ​បាន​២០​នាទី​មុននឹង​ចេញ​ត្រូវ​ថ្ងៃ។
  2. សម្អាតស្បែកជាប្រចាំ៖ ស្បែក​របស់​អ្នក​នឹង​ទទួល​រង​នូវ​ជាតិពុល​និង​ការ​បំផ្លាញ​នានា​ដោយ​មិនដឹង​ខ្លួន ខណៈ​ដែលយើង​បានចំណាយ​ពេលវេលា​ជាច្រើន​ទៅទស្សនា​នៅកន្លែង​ផ្សេងៗ​។ ដើម្បី​បញ្ចៀសនូវ​ស្នាមអុចខ្មៅ​ ការកើតមុន​ ការរបកស្បែក​ និងបញ្ហាស្បែក​ផ្សេងទៀត​ ការ​លាងសម្អាត​ស្បែក​គឺ​ជារឿង​ដ៏សំខាន់​។ ការលាង​សម្អាតស្បែក​គឺជាថ្នាំ​បង្ការ​ដ៏ស័ក្តិសិទ្ធិ​មួយ​ប្រភេទ ដើម្បី​ទប់ទល់​ទៅនឹង​បាក់​តេរី​ ធូលីដី​ និងវត្ថុមិន​ល្អចំពោះ​ស្បែក​។
  3. ផ្តល់សំណើមដល់ផ្ទៃមុខ៖ ក្រែម​ផ្តល់​សំណើម​នឹង​ជួយ​រក្សានូវ​ជាតិទឹក​នៃស្បែក​មិនអោយ​បាត់បង់​នោះ​ឡើយ​។ យ៉ាង​ណាមិញ​ ការប្រើនូវ​ក្រែម​ដែល​មាន​សភាព​ស្រាល​អាច​ធានា​បាន​នូវ​ការការពារ​ដ៏ល្អ​ប្រសើរចំពោះ​ស្បែកកំឡុង​ពេលធ្វើ​ដំណើរកំសាន្ត​។ រីឯទឹក​ជូតមុខវិញ​នោះ ក៏​នឹង​ផ្តល់​អោយ​មិត្តនារី​យើង​នូវ​ភាព​ស្រស់​ថ្លា​នៃស្បែក​ រួមទាំង​បញ្ចៀសនូវ​បញ្ហាជាតិ​ខ្លាញ់ដ៏​គួរឲ្យធុញ​ទ្រាន់ផង​ដែរ។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្ងួត ពុំ​គួរ​ប្រើ​នូវ​ទឹក​ជូត​មុខ​ឡើយ​។
  4. ជៀសវាងនូវការប៉ះពាល់ផ្ទៃមុខញឹកញាប់៖ ជា​ការ​ពិត​ណាស់ យើង​ពុំបាន​ដឹង​នោះ​ទេថា​តើដៃ​របស់​យើង​បាន​ប៉ះពាល់​ទៅនឹង​មេរោគ​ក៏ដូច​ជាពពួក​បាក់តេរី​មិន​ល្អអ្វី​ខ្លះនោះ​ឡើយ ​ហើយ​នៅពេល​ដែលយើង​យកដៃ​ទៅប៉ះ​នឹងផ្ទៃមុខ​ គឺ​ដូចជា​កំពុងតែ​ធ្វើការចម្លង​នូវបាក់តេរី​ទាំងនោះ​ឲ្យមក​យាយី​ស្បែក​របស់​យើង​ដូច្នោះ​ដែរ ដែល​ជាហេតុ​បណ្តាល​ឲ្យកើត​មាននូវ​កន្ទួល​រមាស់ និង​ការកើតមុន​ជាដើម។
  5. ញ៉ាំទឹកឲ្យបានច្រើន៖ ដើម្បីទទួល​បាននូវ​ជាតិ​ទឹក​គ្រប់គ្រាន់​ដែល​រាងកាយ​ត្រូវការ ការទទួល​ទាន​ទឹក​ឲ្យបាន​ច្រើនគឺ​ពិតជាមាន​សារសំខាន់​ខ្លាំងណាស់​ក្នុង​កំឡុង​ពេលធ្វើ​ដំណើរ​កម្សាន្ដ ដោយ​សារ​អាកាស​ធាតុក្ដៅ​នាំឲ្យ​កង្វះនូវ​ជាតិទឹក​។ ទឹកផ្ទុក​នូវ​ជាតិ​មេតាបូលីសឹម​(Metabolism)​ដែល​អាច​ដុត​រំលាយ​អាហារ​នៅក្នុង​រាងកាយ​របស់យើង​ និងជួយ​ទ្រទ្រង់​នូវ​សារជាតិ​ទឹកក្នុង​រាងកាយ​របស់មនុស្ស​បានយ៉ាង​ល្អប្រសើរ​។
  6. ប្រើប្រាស់នូវគ្រឿងសម្អាងដែលមិនជ្រាបទឹក៖ ជម្រើសដ៏​ល្អបំផុត​នៅក្នុង​ការតុបតែង​មុខ​របស់​អ្នក​កំឡុងពេល​ធ្វើដំណើរ​កំសាន្តនេះ​គឺជាការ​ជ្រើសយក​នូវប្រភេទ​គ្រឿងសម្អាង​ដែលមិន​ជ្រាបទឹក​។ ជាការ​ពិតណាស់​ ប្រភេទ​គ្រឿងតុបតែង​មុខទាំង​នោះអាច​ផ្តល់នូវ​ផ្ទៃមុខ​ដ៏ស្រស់​ផូរផង់​បាន​ពេញ​មួយថ្ងៃ​។
  7. ការថែទាំសរសៃសក់៖ សរសៃសក់​គឺ​ជាផ្នែក​មួយ​ដែល​ងាយ​ទទួល​រង​នូវ​ការប៉ះ​ពាល់ខ្លាំង​ជាងគេ​នៅពេល​ដែល​យើង​ធ្វើដំណើរ​ចេញ​ទៅខាងក្រៅ​។ សាប៊ូកក់​សក់ និង​ក្រែមបន្ទន់​សក់​ដែល​មាន​គុណ​ភាព​ខ្ពស់ គឺជាវត្ថុ​សំខាន់​ដែល​អ្នកមិន​គួរភ្លេច​យកទៅ​តាមខ្លួន​នោះឡើយ។
  8. សម្លៀកបំពាក់ដ៏ស័ក្ដិសម៖ នៅពេលដែលនិយាយដល់ការធ្វើដំណើរកំសាន្ត សម្លៀកបំពាក់គឺជាធាតុចម្បងដែលជួយបំពេញបន្ថែមនូវមន្តស្នេហ៍របស់អ្នកអោយកាន់តែកើនឡើងទ្វេដង។ អ្នកអាចជ្រើសរើសនូវប្រភេទសម្លៀកបំពាក់ដែលខ្លួនពេញចិត្ត ប៉ុន្តែវាគួរតែជាប្រភេទដែលអាចផ្តល់ឲ្យអ្នកនូវផាសុកភាពពេញបរិបូរណ៍។ កំឡុងរដូវក្តៅនេះ សម្លៀកបំពាក់ដែលផលិតឡើងពីសាច់គូតុង(Cotton) នឹងផ្តល់អោយអ្នកនូវអារម្មណ៍ស្រស់ស្រាយ។ រីឯការជ្រើសរើសពណ៌ក៏ជារឿងសំខាន់ផងដែរ គួរជ្រើសយកពណ៌សឬពណ៌ស្រាលៗ ដោយជៀសវាងការស្លៀកពាក់ពណ៌ខ្មៅនិងពណ៌ដិតដែលអាចស្រូបយកនូវកម្ដៅព្រះអាទិត្យទ្វេដងនៅក្នុងការបំផ្លាញស្បែករបស់អ្នក។
  9. ចូរគេងអោយបានច្រើន៖ បើទោះបីជាអ្នកមានការរវល់ខ្លាំងប៉ុណ្ណាក៏ដោយកំឡុងពេលធ្វើដំណើរកំសាន្ត ដោយសារតែការធ្វើដំណើរ ការដើរទិញឥវ៉ាន់ ការជប់លៀង និងហេតុផលជាច្រើនផ្សេងទៀត ក៏អ្នកពុំគួរលះបង់នូវការសម្រាកឲ្យបានគ្រប់គ្រាន់នោះឡើយ ពីព្រោះថាការគេងមិនបានគ្រប់គ្រាន់នឹងបង្កជាបញ្ហាដល់សុខភាពរាងកាយក៏ដូចជាសម្ផស្សរបស់អ្នកផងដែរ៕

Article by NOU SOPHON & LENG CHANREASEY

 




SUGGESTIONS