×

​អាហារ​ពិសេស​៨​មុខ​ស្នា​ដៃ​អ្នក​កំពត​ដែល​ភ្ញៀវ​ទេសចរ​គួរ​តែ​សាកល្បង

TRAVEL & LIVING 6 years ago
 
 

            កាលបើ​បាន​ទៅ​ទស្សនា​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​កំពត ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​និយម​ទទួល​ទាន​គ្រឿង​​សមុទ្រ ដូចជា បង្គា មឹក ក្តាម ព្រម​ទាំង​ផលានុផល​ដ៏​សម្បូរ​បែប តួ​យ៉ាង ទុរេន មង្ឃុត ផ្ញៀវ មាក់ប្រាង​និង សាវម៉ាវ ដែល​មាន​ដាក់​លក់​ជាហូរហែ នៅ​តំបន់​ទឹក​ឈូ និង ម្តុំ​ផ្សារ​សាមគ្គី​ទី​រួម​ខេត្ត ជា​ដើម។ ដោយ​ឡែក​សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទឹក​ដី​ខេត្ត​កំពត​ក្នុង​ពេល​សម្រាក​លម្ហែកាយ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះ សូវរីន​សូម​ណែ​នាំ​អាហារ​ល្បីប្លែកៗ​ប្រចាំ​តំបន់​មួយ​ចំនួន​ដែល លោក​អ្នក​មួយ​ចំនួន​ប្រហែល​ជាពុំ​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ។ ដូច្នេះ តោះ! មក​ស្គាល់​អាហារ​កំពត​ពិសេស​ទាំង​៨​មុខ និង​ទី​តាំង​​លក់​អាហារ​ទាំង​នោះ​!

១. ក្រា​សមុទ្រ​ចំហុយ​ទឹក​ត្រីកំពត

            ក្រា​សមុទ្រ​ជាព​ពួក​រុក្ខ​ជាតិ​ដុះ​ក្នុង​បាត​សមុទ្រ​មាន​សណ្ឋានស្រដៀងផ្កាថ្មរាងមូល​ទំហំ​ប៉ុនបាត​ដៃ​មាន​ជាយក្រាស់ជ្រួញៗ​ដែល​ប្រជានេសាទ​នៅ​ខេត្ត​កំពតរកពី​សមុទ្រ​មក​លក់​រួម​ជា​មួយ​ខ្យង​សមុទ្រ​និង​គ្រឿង​​សមុទ្រ​ផ្សេងៗ​នៅ​ផ្សារ​ទី​រួម​ខេត្ត។ ក្រា​សមុទ្រ​មាន​រស​ជាតិ​ស្រដៀងពោះគោ​ទើប​អ្នក​ស្រុក​ខ្លះ​ហៅ​ថាពោះគោ​សមុទ្រ។ គេអាចយកក្រា​សមុទ្រ​ឬ​ពោះគោ​សមុទ្រ​នេះ​ទៅ​ចំហុយជា​មួយ​ស្លឹក​ក្រូចសើច​និង​គល់​ស្លឹក​គ្រៃដូចពោះគោ​ទឹក​ប្រហុក​ដែរ ហើយ​រៀបចំ​បន្លែស្រស់​ផ្ទាប់​ដូចជា​សណ្តែកកួរ ជីររណា ជីរ​នាង​វង ត្រសក់ ការ៉ុត ទៅ​តាម​ចំណង់​ចំណូល​ចិត្ត រួច​ទទួល​ទានជា​មួយ​ទឹក​ត្រី​បុក​ម្ចាស់​​ស្រុក​ស្នា​ដៃ​អ្នក​កំពត​ផ្ទាល់​តែ​ម្តង   (អាចជំនួស​ដោយ​ទឹក​ប្រហុក​ឬ​អំបិលម្រេច​ក៏​បាន)។ ចំពោះ​តម្លៃ​ទី​ផ្សារ​ក្រា​សមុទ្រ​ស្រស់​មួយ​គីឡូ​មាន​តម្លៃ​៤០០០០​រៀល (មិន​បូកបញ្ចូល​ថ្លៃ​ចម្អិន)។

២. នំបញ្ចុកកំពត

            ​បាន​ជាគេ​ហៅ​វាថាជានំបញ្ចុកកំពត ព្រោះ​វា​មាន​ប្រភព​ចេញ​មកពី​ខេត្ត​កំពត​នេះ​តែ​ម្តង។ នំបញ្ចុកកំពតជា​អាហារ​ដែល​សាមញ្ញ​ងាយ​ស្រួល​ធ្វើ​តែ​មាន​រស​ជាតិ​ឆ្ងាញ់​មួយ​បែប​ខុស​ពីនំបញ្ចុកសម្ល​ធម្មតា។ ចំពោះ​រូបមន្ត​ដើម​គឺ​អ្នក​កំពត​និយម​ដាក់​តែនំបញ្ចុកស្រូប​ទឹក​ត្រី​និង​រោយបង្គាម៉ដ្ឋពីលើជាការស្រេច​មិន​មាន​ដាក់​បន្ថែម​សាច់​ប៉ាតេ​ឬ​សាច់​ជ្រូកចំណិត​ឬ​ចៃយ៉ដូច​បាញ់​ស៊ុង​របស់​ជន​ជាតិ​វៀត​ណាម​ឡើយ។ ប៉ុន្តែ​សព្វ​ថ្ងៃ​កន្លែង​លក់​ខ្លះ​បាន​ធ្វើ​ក្លាយ​ដូច​បាញ់​ស៊ុង​ឬ​បាញ់​ហយ​ទៅ​តាម​តម្រូវ​ការ​របស់​អតិថិជន។ បើ​ភ្ញៀវ​ទេសចរ​ចង់​ទទួល​ទាននំបញ្ចុកកំពត​បែប​រស​ជាតិ​ដើម​អាច​ទៅ​សាកល្បងជា​មួយ​បរិយាកាស​បែប​ស្រុក​ស្រែ​នៅ​ខាង​ភូមិ​ព្រៃ​ត្នោត ឃុំកំពង់គ្រែង ស្រុក​ទឹក​ឈូ។

៣. នំបញ្ចុក​ទឹក​ម្ហិច

            ហាងចែធូ ជា​ឈ្មោះ​តូប​លក់​នំបញ្ចុក​ទឹក​ម្ហិចល្បីដាច់គេ​នៅ​ជិត​ក្រុង​កំពត។ នំបញ្ចុក​ទឹក​ម្ហិចជា​ប្រភេទ​អាហារ​ចម្លែក​ដែល​មាន​តែ​នៅ​តំបន់​នេះ​តែ​ប៉ុណ្ណោះ។ ទឹក​ម្ហិច​មាន​លក្ខណៈ​សថ្លាស្រដៀង​ទឹក​ស៊ុបគុយទាវផ្សំ​ឡើង​ពី​ស្លឹក​គ្រៃខ្ជាយស្ករស​និង អំបិល​ព្រម​ជា​មួយ​សាច់​ត្រី​សមុទ្រ​ម្យ៉ាង​ហៅ​ថាត្រីអង្រែ។ គេស្រុះនំបញ្ចុក​ដែល​ផលិត​ដោយ​ខ្លួន​ឯង​រួច​ថ្មីៗ(ធ្វើ​មួយ​ថ្ងៃ​លក់​មួយ​ថ្ងៃ)សរសៃទន់ល្មើយ​ត្រូវ​នឹង​ទឹក​ម្ហិចក្តៅៗបង់​ស្លឹក​ខ្ទឹម​បន្តិចរឹតតែ​បន្ថែម​រស​ជាតិ​ទ្វេដង។ នំបញ្ចុក​ទឹក​ម្ហិច​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ព្រៃ​ត្នោត​នេះ​ចាប់​បើក​លក់​ពី​ថ្ងៃ​រសៀល​រហូត​ដល់​ម៉ោង​៧-៨យប់​ហើយ​មាន​តម្លៃ​ថោក​លើស​ពីការស្មាន ពោល​គឺ​ត្រឹម​តែ១៥០០​រៀល (ចាន​តូច) និង​២០០០​រៀល​(ចាន​ធំ) ប៉ុណ្ណោះ។

៤. នំកងព្រៃតុម្ព   

            នំកងជានំ​បុរាណ​ខ្មែរ​ដែល​មាន​លក់​ស្ទើរគ្រប់ទី​កន្លែង​នៃ​ប្រទេស​កម្ពុជា ប៉ុន្តែ​នំកងព្រៃតុម្ព​មាន​លក្ខណៈ​ខុស​ឆ្ងាយ​ពីនំកង​ដែល​ដាក់​លក់​នៅ​តាម​ទី​ផ្សារ​នានា​រហូត​ល្បី​ឈ្មោះ​ដល់​ខ្មែរ​រស់​នៅ​បរទេស​ថែម​ទៀត​ផង។ លោក​យាយហែមឡាន អាយុ​៨២ឆ្នាំ ជា​អ្នក​ចម្អិននំកង​បែប​បុរាណ​ដោយ​ផ្ទាល់​ដៃ ចេះ​ជំនាញ​នេះ​តពី​ម្តាយ​ក្មេក​របស់​គាត់​តាំង​ពី​គាត់​នៅ​ក្មេង​ម្ល៉េះ។ លោក​យាយ​មាន​ប្រសាសន៍​ថានំកង​ធ្វើ​ធំ​ពេក (ដូច​អ្នក​ភ្នំពេញ) មិន​ឆ្ងាញ់​ទេ ហើយ​​ដើម្បី​ឲ្យ​ឆ្ងាញ់​ខ្លាំង​ត្រូវ​ដាក់​អង្ករខ្សាយ​មួយ​កំប៉ុង​ក្នុង​អង្ករដំណើប១០កំប៉ុង កុំ​ឲ្យ​ម្សៅនំជ្រាយពេក ចំណែក​ភ្លើង​ត្រូវ​ដុតអុស​ទើប​នំកង​ឡើង​បាន​ល្អ។ រីឯ​ស្ករ​ត្រូវ​ប្រើ​ស្ករ​ត្នោត​សុទ្ធ​យកមក​កម្តៅ​ក្នុង​ខ្ទះទាល់តែ​ឡើង​ជើង​អង្រ្កងក្រហម​ល្អ​ទើប​ដាក់​ចុះ​លាបលើនំក្តៅៗ​ធ្វើ​ឲ្យ​ទាំង​ស្ករ​ត្នោត​ទាំង​នំ​មាន​សភាពទន់ល្មើយ​មិន​កករឹងដូចនំកង​កន្លែង​ផ្សេង។ នំកង​លោក​យាយ​លក់​ដាច់​ណាស់​រហូត​អស់​អង្ករ​មួយ​ថ្ងៃ​បី​គីឡូ​ក៏​មាន។ លោក​យាយ​ចាប់​ផ្តើម​ធ្វើ​នំ​លក់​ពី​ម៉ោង​៤ល្ងាច​រហូត​ដល់​ម៉ោង​៧-៨យប់។ នំកង​មួយ​គូ​តម្លៃ​ត្រឹម​តែ៥០០​រៀល​ប៉ុណ្ណោះ។

៥.នំប៉័ងបាក់យ៉ុង​សាច់​ក្តាម​អាំង

            បើ​លោក​អ្នក​ចង់​ទទួល​ទាន​អាហារ​សម្រន់​ប្រភេទ​នេះ​លោក​អ្នក​គ្រាន់​តែ​ទៅ​ដល់​រង្វង់មូលទុរេនទី​រួម​ខេត្ត​កំពត​លោក​អ្នក​នឹង​ឃើញ​រទេះនំប៉័ងអាំង​ពីរ​បី​ដែល​មាន​មនុស្ស​ឈររង់ចាំ​ទិញ​ត្រៀបត្រា​នៅ​ខាង​មុខ​ធនាគារ​កាណាឌីយ៉ា។ នំប៉ុងប៉ាក់យ៉ុង​សាច់​ក្តាម​អាំង​នេះ​ប្រហែល​ជា​ទើប​មាន​លក់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ ប៉ុន្តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អតិថិជន ព្រោះ​វា​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់ និង​តម្លៃ​សមរម្យ​ត្រឹម​២០០០​រៀល​ក្នុង​មួយ​ដើម។ គ្រឿង​ផ្សំ​របស់​វា​មាន​នំប៉័ង​ដើម សាច់​ជ្រូកបាក់យ៉ុង ប្រហិត​សាច់​ក្តាម​ចិញ្ច្រាំ​ទឹក​ប៉េងប៉ោះ និង​ម្ទេសឆា ជា​ពិសេស​មាន​ទឹក​ប៊័រ​ធ្វើ​ពី​ទឹក​ដោះគោខាប់លាយ​នឹង​ឈីស។ បើ​តាម​ការ​អះអាង​របស់​អ្នក​លក់​ម្នាក់​ក្នុង​មួយ​ថ្ងៃ​គាត់​អាច​លក់​បាន​នំប៉័ង​ចន្លោះ​ពី១០០-២០០​ដើម​ចាប់​ពី​ម៉ោង​១រសៀល​ដល់​ម៉ោង​៨យប់។

៦.ចាហួយដូងក្រអូប​និង​កាហ្វេដូងក្រអូបកំពត

            នរណា​មិន​ដឹងថា​ខេត្ត​កំពតល្បី​ឈ្មោះ​ដោយ​សារផ្លែដូង​ផ្អែម​ឆ្ងាញ់ ប៉ុន្តែ​លើក​នេះ​យើង​មិន​និយាយ​ពីផ្លែដូង​ធម្មតា​នោះ​ទេ យើង​ចង់​បង្ហាញ​ផលិត​ផលច្នៃ​ប្រឌិត​ថ្មី​ចំនួន​ពីរ​របស់​ម្ចាស់​ហាង​ផ្ទះ​ដូង​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ខាង​កើត​ស្ពានឥន្ទធនូ​ចាស់​លើបណ្តាយ​ផ្លូវ​លេខ​៧០០ (ផ្លូវ​អតីត​រោងកុន៧មករា) ។ ចាហួយដូងក្រអូប​ដែល​ផ្សំ​ឡើង​ពី​សាច់​ដូងក្រអូប​ក្នុង​តំបន់​ពិតៗ (អ្នក​លក់​ប្រាប់​ថាយកពីឃុំ​កូន​សត្វ​ស្រុក​ទឹក​ឈូតែ​ម្តង) ហើយ​មាន​ការវេចខ្ចប់​ស្អាត​ដោយ​ប្រើ​រូបស្ពានឥន្ទធនូជានិ​មិត្ត​សញ្ញា។ ដោយ​ឡែកកាហ្វេដូងក្រអូប​ក៏​មិន​ធម្មតា​ដែរ ព្រោះ​មិន​ប្រើ​ខ្ទិះដូងកំប៉ុង ឬ​ម៉្សៅមេរស​ជាតិ​ដូង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​គេ​ប្រើ​សាច់​ដូងក្រអូបកោសស្រស់ៗមកក្រឡុក​ឲ្យ​ម៉ដ្ឋ​រួច​ចាក់​លាយឆុងជា​មួយ​កាហ្វេតែ​ម្តង។ ហាង​នេះ​បើក​ពី​ម៉ោង​៨ព្រឹក​ដល់​ម៉ោង​៩យប់។ ចាហួយ​មួយ​កំប៉ុង​តម្លៃ​២៥០០​រៀល រីឯ​កាហ្វេដូងក្រអូប​ទឹក​កក​មួយ​កែវ​តម្លៃ​៦០០០​រៀល ក្រឡុក(frappe) ៧០០០​រៀល។

៧.បាយឆា​សាច់​ក្តាម​កំពត

            អ្នក​ក្រុង​កំពតភាគ​ច្រើន​សុទ្ធ​តែ​ស្គាល់​ទី​តាំង​បាយឆា​សាច់​ក្តាម​ដ៏​ល្បី​ប្រចាំ​ខេត្ត​មួយ​នេះ។ វា​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​កំពត​ជាប់​រង្វង់មូល​ទឹក​រលក​ដែល​មាន​ដើម​ត្នោត​ពីរ​ដើម​ជា​សម្គាល់។បើ​ភ្ញៀវ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​​ត្រូវ​ជិះ​តាម​ផ្លូវ​ជាតិ​លេខ​៣ឆ្លងស្ពានថ្ម​ថ្មី​ចុះ​ពីស្ពាន​បន្តិច​លោក​អ្នក​នឹង​ឃើញ​រង្វង់មូល​នោះ​ជា​មិន​ខាន។ បាយឆា​នេះ​ផ្សំពី​សាច់​ក្តាម​សេះស្រស់ៗ​ប្រចាំ​ខេត្ត​កំពតលាយ​នឹង​ពងក្តាម​ក្រហម​ទាំង​ដុំៗ​គួរ​ឲ្យ​ចង់​ទទួល​ទានពេកក្រៃ។ គេបរិភោគវាជា​មួយ​ត្រសក់​ស្រស់​និង​ទឹក​ស៊ុបក្តៅៗ ព្រម​ជា​មួយ​ទឹក​ត្រី​បុក​កំពតបង្កើត​រស​ជាតិ​តែ​មួយ​គ្មាន​ពីរ​ដែល​ពិបាក​នឹង​ពណ៌នា។ ចំពោះ​តម្លៃ​វិញ​គឺសមរម្យអាច​ទទួល​យក​បាន។ ប្រសិន​បើ​ភ្ញៀវ​ធ្វើ​ដំណើរ​ទៅ​លេង​ភ្នំបូកគោ​ឬ​ទឹក​ឈូ​កាត់​តាម​ផ្លូវ​នេះ កុំភ្លេចឆៀង​ចូល​ទៅ​សាកល្បងរស​ជាតិ​បាយឆា​សាច់​ក្តាម​កំពត​ពិតៗ។

៨.បាយស្រូបប្រហិត​សាច់​ក្តាម​

            បាយស្រូបប្រហិតក្តាម​ជា​អាហារ​កម្រ​សូម្បីតែ​នៅ​ក្នុង​ក្រុង​កំពត​ក៏​យើង​រក​ឃើញ​តែ​មួយ​កន្លែង​គត់គឺ​នៅ​ខាង​ក្រោយ​សាលា​មតេ្តយ្យ​ខេត្ត (ជាប់​ខាង​ស្តាំហាងកាហ្វេធូដេ) ស្ថិត​ក្នុង​ភូមិ​១ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត តាម​បណ្តោយ​ផ្លូវ​លេខ​៧០១។ ទី​នោះ​មិន​មែន​ជា​ភោជនីយដ្ឋាន​ឬ​ហាងបាយ​ធំ​នោះ​ទេ គ្រាន់​​តែ​ជា​តៀមឈើ​ ប្រក់​ដំបូល​ស័ង្កសី​​មាន​តុ​ពីរ​បី​សម្រាប់​ភ្ញៀវ​អង្គុយ ប៉ុន្តែ​មាន​ភ្ញៀវ​ច្រើន​កុះករ ខ្លះ​ឈរ ខ្លះ​អង្គុយ​រង់ចាំ​ទិញ។ បាយស្រូប​នោះ​មាន​ដាក់​ប្រហិត​សាច់​ក្តាម​ដែល​ផ្សំពី​សាច់​ក្តាម​សេះស្ងោរលាយ​នឹង​សាច់​ជ្រូក​និង​តាំង​ហ៊ុន​រួម​ជា​មួយ​ខ្ទឹមសខ្ទឹមក្រហមយក​ទៅ​ចៀន​ក្រៀម​ឆ្ងាញ់​ជាប់​មាត់ ទទួល​ទានអមជា​មួយ​ទឹក​ស៊ុបហុយៗក្តៅៗ។ វា​ខុស​ប្លែកពីបាយស្រូប​ធម្មតា​មួយ​ចំណុច​ទៀត​ត្រង់ថាគេ​មិន​ប្រើ​ជ្រក់​ត្រសក់​ឬ​ល្ហុងទេ តែគេ​ប្រើ​ត្រសក់​ចំណិតមូលស្តើងៗ​ដាក់​ចូល​ជា​មួយ​ទឹក​ត្រីជូរអែមតែ​ម្តង។ បាយស្រូបប្រហិត​សាច់​ក្តាម​នេះ​មាន​តម្លៃ​៤០០០​រៀល​ក្នុង​មួយ​ចាន៕

Article by SRIN SOKMEAN


SUGGESTIONS