×

ស្វែងយល់ពី​ផលិតផលនៃ​ចលនា​ភូមិ​មួយ​​ផលិត​ផល​មួយ​​របស់​ខេត្ត​តាកែវ

TRAVEL & LIVING 6 years ago
 
 

            ​ខេត្ត​តាកែវជា​ខេត្ត​មួយ​ដែល​មាន​វប្បធម៌​ចំ​ណាស់​ជាង​គេ​នៅ​ប្រទេស​កម្ពុជា ដោយ​សារ​ខេត្ត​នេះ​ជា​ទី​តាំង​​ភូមិ​សាស្រ្ត​នៃ​ប្រាសាទ​ភ្នំដា ដែល​ជា​រចនា​បថ​ប្រាសាទ​ទី១​ក្នុង​ចំណោម​រចនា​បថ​ប្រាសាទ​ទាំង​១៣​សម័យ​កាល​របស់​កម្ពុជា។ ដោយ​សារតែ​អាយុ​កាល​ដ៏​ចំ​ណាស់​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ខេត្ត​ភាគ​ខាង​ត្បូង​ប្រទេស​មួយ​នេះ​ក៏​បាន​បង្កប់​នូវ ទំនៀម​ទំលាប់​ប្រពៃណី ម្ហូប​អាហារ​ល្បីៗ​ប្រចាំ​តំបន់ និង  ប្រជាជន​ដែល​មាន​ឯកទេសសិប្បកម្ម​ប្រពៃណី​ជា​ច្រើន​តពី​ជំនាន់ដូនតា​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ បើ​និយាយ​អំពី​ផ្នែក​ចំណី​អាហារ​ប្រចាំ​ខេត្ត​តាកែវ ប្រជាជន​ខ្មែរ​ច្បាស់​ជានឹក​ដល់​បង្កងតាកែវ​ដែល​ជាកំណប់​ទ្រព្យ​ធម្ម​ជាតិ​នៃ​បឹង​អង្គរបុរី ព្រម​ទាំង​ពងទា​កូន​ឆ្ងាញ់​ពីឃុំស្រែរនោង ស្រុក​ត្រាំកក់ មិន​ខាន។​ ប៉ុន្តែ​ដោយ​ឡែក ក្នុង​ខណៈ​នេះ​សូវរីន​សូម​ណែ​នាំ​ផលិត​ផល​មួយ​ចំនួន​ទៀត​ដែល​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​នៅ​ក្នុង​ទឹក​ដី​ខេត្ត​តាកែវ ក្រៅ​ពីបង្កង​និង​ពងទា​កូន​ស្រែ​នេះ។

១. សិប្បកម្មតម្បាញសូត្រ​ប្រពៃណី​

            ​ក្រៅ​ពី​តំបន់​កោះ​ដាច់​រាជធានី​ភ្នំពេញ ខេត្ត​តាកែវជាជង្រុកតម្បាញសូត្រ​ដ៏​ធំ​មួយ​ទៀត​នៃ​ប្រទេស​កម្ពុជា។ ទី​តាំង​តម្បាញសូត្រល្បីៗ​នៅ​ក្នុង​ខេត្ត​តាកែវ​រួម​មាន​ឃុំត្រពាំងក្រសាំង ឃុំពារាម ស្រុក​បាទី ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស និង​ឃុំស្លា ស្រុក​សំរោង (ម្តុំភ្នំជីសូរ) ជា​ដើម។ ហូល​នៅ​ខេត្ត​តាកែវល្បីថាត្បាញ​បាន​ស្អាត ព្រោះ​អ្នក​ត្បាញភាគ​ច្រើន​ជា​ចាស់​ទុំ​ដែល​មាន​បទ​ពិសោធ​ន៍​ក្នុង​ការត្បាញជា​ច្រើន​ទសវត្សរ៍មក​ហើយ។ ក្រៅ​ពីតម្បាញហូល អ្នក​ភូមិ​កញ្ចាងឃុំស្លា​ស្រុក​សំរោង​ក៏​នៅ​រក្សា​ប្រពៃណី​តម្បាញហូល​ពិតាន​ដែល​ពី​ដើម​មកគេ​ប្រើ​វា​សម្រាប់​ចងលើ​ពិតានបាំង​ព្រះ​ពុទ្ធ​បដិមា​ក្នុង​វត្ត​អារាម​ឬ​ទីសក្ការបូជា​ផ្សេងៗ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​គេ​ប្រើ​សម្រាប់​ព្យួរលើជញ្ជាំងជា​គ្រឿង​​តែង​លម្អគេហដ្ឋាន ភោជនីយដ្ឋាន និង​សណ្ឋាគារ​ប្រណិត​ធំៗ។ ចំពោះ​ហូល​ស្លៀក​មួយ​ក្បិន​តម្លៃ​ចាប់​ពី ៧០​ដុល្លារ​ឡើង​ទៅ រីឯ​ហូល​ពិតាន​តម្លៃ​ចាប់​ពី​ជាង​ ១០០​ដុល្លារ​ឡើង​ទៅ​អាស្រ័យ​ទៅ​តាម​ទំហំ​និង​ទឹក​ដៃ​នៃ​អ្នក​ត្បាញ។

២. ស្រាសតាកែវ

            ស្រាសជា​ប្រភេទ​ស្រា​ដែល​បិត​ចេញ​ពីអង្ករ​មាន​ប្រភព​នៅ​ក្នុង​ប្រទេស​កម្ពុជា​យូរ​យារមក​ហើយ ប៉ុន្តែ​វា​ជា​កិត្តិយស​​ដ៏​ធំ​ធេង​សម្រាប់​ខេត្ត​តាកែវ​ដែល​ទទួល​បាន​នូវ​ការកែលម្អ​ផ្នែក​បច្ចេកទេស​ផលិត​ឲ្យ​ស្រប​តាម​ស្តង់ដារ​គុណភាព​អន្តរជាតិ​ក្រោម​កិច្ចសហ​ប្រតិបត្តិ​ការ​គម្រោង​រវាង​សាកល​វិទ្យា​ល័យភូ​មិន្ទ​កសិកម្ម​ និង​សាកល​វិទ្យាល័យ​ណា​ហ្គោយ៉ា​ប្រទេស​ជប៉ុន។ ស្រាស​ប្រភេទ​ថ្មី​នេះ​ត្រូវ​បាន​ផលិត​ដោយ​ប្រជា​កសិករ​ខ្មែរ​នៅ​ក្នុង​ស្រុក​ពីរ​នៃ​ខេត្ត​តាកែវគឺ​ស្រុក​ត្រាំកក់​និង​ស្រុក​ទ្រាំង ហើយ​វា​ត្រូវ​បាន​ដាក់​លក់​នៅ​ផ្សារ​ទំនើប​ឡាក់គី ផ្សារ​ទំនើប​បាយ័ន ហាង​លក់​ម្រេចគូរ៉ាតា ហាងញញឹម ហាង​លក់​សូត្រ Sentosa Silk និង​សណ្ឋាគារ​កាំបូឌីយ៉ាណាជា​ដើម។

៣. កង្កែបបោប

            ​កង្កែបបោបជា​អាហារ​បែប​ជនបទ​ស្រុក​ស្រែ​របស់​ប្រជាជន​ខ្មែរ​ស្ទើរតែគ្រប់​ស្រុក​ខេត្ត ប៉ុន្តែ​នៅ​ខេត្ត​តាកែវ​កន្លែង​លក់​កង្កែបបោប​ដែល​ច្រើន​និង​ល្បី​ជាង​គេ​សម្រាប់​អ្នក​ដំណើរ​ទៅ​មកគឺម្តុំឃុំកណ្តឹង​ស្រុក​បាទី ខេត្ត​តាកែវ ដែល​ស្ថិត​នៅ​ចន្លោះ​រមណីយដ្ឋានទន្លេបាទី និង​រមណីយដ្ឋានភ្នំ​តាម៉ៅ។ កុមារីណែត អាជីវករ​វ័យ​ក្មេង​ម្នាក់​បាន​ប្រាប់​ថា​ក្នុង​មួយ​ថ្ងៃ​នាង​អាច​លក់​កង្កែបបោប​បាន​ប្រហែល​ ១០០តម្បុត (ចង្កាក់) ​ដែល​ក្នុង​មួយ​តម្បុត មាន​កង្កែប​ចំនួន​ពីរ តម្លៃ ​៣០០០រៀល។ គ្រឿង​ផ្សំ​សម្រាប់​ញាត់កង្កែបបោប​រួម​មាន​សាច់​ជ្រូកបី​ជាន់ ស្លឹក​ម្រះព្រៅ សណ្តែកដី និង​គ្រឿង​គល់​ស្លឹក​គ្រៃ ហើយ​បន្ទាប់មកគេប្រលាក់​ទឹក​រមៀត​ឲ្យ​ឡើង​ពណ៌លឿង និង​លាបខ្លាញ់​ឲ្យ​រលោង​មុន​នឹង​ដាក់​អាំង​លក់។

៤. ត្រឡនតនអាំង

            ​ត្រឡនតន​ឬ​កង្កែបអាចម៍គោអាំងជា​គ្រឿង​ក្លែម ជា​ដៃ​គូ​ពិសេស​នឹង​ទឹក​ត្នោត​ជូរ​ស្រុក​ស្រែ។ ត្រឡនតន​ត្រូវ​បាន​គេដោតជាចង្កាក់ៗគរលើ​គ្នា​ចងព្យួរ​នឹង​តូប​លក់​ជា​មួយ​នឹង​កង្កែបបោប​តាម​ផ្លូវ​ជាតិ​លេខ​២ ចាប់​តាំង​ពីឃុំទ្រា ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល រហូត​ដល់​ឃុំកណ្តឹង ស្រុក​បាទី ខេត្ត​តាកែវ។ អាជីវករម្នាក់​បាន​ប្រាប់​ថាត្រឡនតន​ទាំង​នោះ​ត្រូវ​បាន​ប្រមូល​ទិញ​ពី​អ្នក​ភូមិ​ដែល​ដើរ​ចាប់​ក្នុង ​១០០​ក្បាល ​ស្មើ​នឹង​តម្លៃ ៤០,០០០​រៀល ហើយ​លក់​ចេញ​ជាដុំ​ដែល​មួយ​ដុំ​មាន​តម្លៃ ​៦,០០០​រៀល។ ត្រឡនតនម្តុំ​ស្រុក​បាទី​លក់​ដាច់​ណាស់ ព្រោះ​អ្នក​ដំណើរ​តែង​តែឈប់​សម្រាក​គេងអង្រឹង ហើយ​ជុំ​គ្នា​ទទួល​ទាន​ទឹក​ត្មោតជូរ​ឬ​ស្រាបៀរក្លែមត្រឡនតន​ដែល​អាំងក្តៅៗស្រួយខ្ញោក​ចាប់​មាត់ជាទី​បំផុត​ហើយ​អ្នក​ខ្លះ​ទិញ​យកទុកហូប​លេង​តាម​ផ្លូវ​ក៏​មាន​ដែរ។

៥. គ្រាប់​ត្នោត​ខ្ចី​

            ​បើ​លោក​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​២ឆ្ពោះ​ទៅ​កាន់​រមណីយដ្ឋានភ្នំ​តាម៉ៅ លោក​អ្នក​នឹង​ប្រទះភ្នែក​នឹង​ត្នោត​ទាំង​ធ្លាយៗ​ដែល​អាជីវករ​ដាក់​តាំង​លក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ គ្រាប់​ត្នោត​ស្រស់​ដែល​កាប់ពីផ្លែ​ភ្លាមៗ​លក់​ក្នុង​តម្លៃ​ ១០​គ្រាប់ ​៣,០០០​រៀល​ ឬ ​១០០​គ្រាប់​ ៣០,០០០​រៀល។ លោក​អ្នក​ក៏​អាច​ទិញ​ត្នោត​ទាំង​ធ្លាយតែ​ម្តង ដើម្បី​យក​ទៅ​ដាក់​តាំង​ក្នុង​កម្មវិធី​ផ្សេងៗ​ក៏​បាន ដោយ​គេ​គិត​ថ្លៃ​តាម​ចំនួន​ផ្លែ​ក្នុង​ធ្លាយ​នោះ (មួយ​ផ្លែ​មាន​តម្លៃ​ ១,០០០​រៀល)។ គេ​និយម​ទិញ​គ្រាប់​ត្នោត​ខ្ចី​ទៅ​ញ៉ាំស្រស់​ឬ​ធ្វើ​ជាបង្អែមបបរ​ត្នោត ឬ​ចិត​ដាក់​ទឹក​ខ្ទិះត្រជាក់ៗ​បរិភោគ​​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត។

៦. ជ្រក់អង្រ្កង

            ​ជ្រក់អង្រ្កង​ដែល​ដាក់​តាំង​លក់​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២​ក្នុង​ឃុំកណ្តឹង​ស្រុក​បាទី​មាន​ពីរ​ប្រភេទ គឺ​ជ្រក់អង្រ្កង​សុទ្ធ និង​ជ្រក់ទំពាំងអង្រ្កង។ បើ​តាម​ការ​អះអាង​របស់​អ្នក​លក់​ផ្ទាល់ វិធី​ធ្វើ​ជ្រក់អង្រ្កង​នេះ​មាន​លក្ខណៈ​សាមញ្ញ​ណាស់ គឺ​គ្រាន់​តែយកអង្រ្កងលាង​ទឹក​ឲ្យ​ស្អាត​ហើយ​ដាំ​ទឹក​អំបិលក្តៅឧណ្ហៗ​ចាក់​អង្រ្កង​ចូល​ក្នុង​ក្រឡ​ត្រាំ​លាយជា​​មួយ​អំបិល ស្ករស ប៊ីចេង​បន្តិច​បន្តួចជាការស្រេច។ ជ្រក់អង្រ្កង​និង​ជ្រក់ទំពាំងអង្រ្កង​លក់​ក្នុង​តម្លៃ​ស្មើ​គ្នា​គឺ​មួយ​កូន​ក្រឡ ៥,០០០​រៀល។ គេអាចយកជ្រក់អង្រ្កង​នេះ​ទៅ​ញ៉ាំ​លេង​ផ្ទាប់ជា​មួយ​ត្រីអាំង កង្កែបបោប ធ្វើ​ម្ជូរ​គ្រឿង​​សាច់​គោ ឬ​ឆា​សាច់​គោអង្រ្កង​ក៏​បាន។ ជ្រក់អង្ក្រង​នេះ​អាចទុក​បាន​យូរ​សម្រាប់​ហូប​ដោយ​មិន​ចាំបាច់​ទុក​ក្នុង​ទូរ​ទឹក​ក​ឡើយ។

៧. កសិដ្ឋានចិញ្ចឹមកង្កែបពូជ

            កសិដ្ឋានលក្ខណៈ​គ្រួសារ​នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ទួលស្លែងឃុំក្រាំងលាវ​ស្រុក​បាទី ដែល​គ្រប់​គ្រង​ដោយ​កសិករ​ឈ្មោះ​ឈីវញ៊ឺង ដែល​ឧបត្ថម្ភ​បច្ចេកទេស​ដោយ​ការិយាល័យ​វារីវប្បកម្ម​នៃ​រដ្ឋបាលជលផល សហការ​ជា​មួយ​ខណ្ឌជលផល​ខេត្ត​តាកែវ។ វាជា​ទី​តាំង​ភ្ញាស់​និង​ចិញ្ចឹមកង្កែប​ដ៏​ធំ​មួយ​ប្រចាំ​តំបន់​ដែល​បាន​បើក​ដំណើរ​ការ​ប្រមាណ​១០ឆ្នាំ​មក​ហើយ។ ម្ចាស់​កសិដ្ឋាន​បាន​ប្រាប់​ថាកង្កែប​របស់​គាត់​អាច​ប្រមូល​ផល​លក់​បាន​ក្នុង​រយៈ​ពេល​៣ខែ​ម្តង ហើយ​មាន​ឈ្មួញ​ក្នុង​ស្រុក​មក​ទិញ​យក​ទៅ​លក់​នៅ​លើទី​ផ្សារ​ក្នុង​ខេត្ត​តាកែវ ឬ​យក​ទៅ​ធ្វើ​ជាកង្កែបបោប។ កង្កែប​ខ្លះ​មាន​ទម្ងន់​ជិត​១​គីឡូ​ក្រាម​ក៏​មាន។ កង្កែប​ធំៗ​លក់​ក្នុង​មួយ​គីឡូ​តម្លៃ​ ២០,០០០​រៀល។ រីឯ​កូន​កង្កែប​តូចៗ​សម្រាប់​កសិករ​ផ្សេងៗ​យក​​ទៅ​ចិញ្ចឹម​បន្ត​ក៏​មាន​លក់​នៅ​ទី​នោះ​ដែរ ប៉ុន្តែ​គិត​ថ្លៃ​ជា​ក្បាល៕

Article by SRIN SOKMEAN


SUGGESTIONS