×
Photo by NY KINUT

អ្នក​គួរ​លាប​ថ្នាំ​ក្រចក​ទៅ​តាម​ពណ៌​ដែល​ខ្លួន​ចូល​ចិត្ត​ឬ​ទៅ​តាម​ពណ៌​សម្បុ​ររបស់​ស្បែក

 
 

ក្រចក​ជា​ផ្នែក​មួយ​នៃ​សម្រស់​ ដែល​មិត្ត​នារី​តែង​តែ​មាន​ការ​ថែ​រក្សា​ជា​ពិសេស។​ មិន​ថា​ជា​ការ​សម្អាត​ ការ​តុប​តែង​ដោយ​លាប​ពណ៌​ បិត​ម៉ូដ​ ឬ​ការ​គូស​ម៉ូដ​នោះ​ទេ​ មិត្ត​នារី​តែង​តែ​មាន​ការ​ផ្ចិត​ផ្ចង់​ដើម្បី​ឲ្យ​សម្រស់​ក្រចក​របស់​គាត់​ចេញ​មក​ស្អាត។​ ក្នុង​នោះ​ដែរ​ការ​ជ្រើស​រើស​ពណ៌​ថ្នាំ​ក្រចក​គឺ​ជា​កត្តា​ដ៏​សំខាន់​មួយ។​ យ៉ាង​ណា​មិញ​ ពណ៌​ថ្នាំ​ក្រចក​ស្អាត​មិន​ប្រាកដ​ថា​សក្តិសម​ជា​មួយ​នឹង​សម្បុរ​ស្បែក​របស់​មិត្ត​នារី​នោះ​ទេ។​ ដូច​នេះ​ហើយ​អ្នក​គួរ​ជ្រើស​រើស​ពណ៌​ណា​ដែល​ត្រូវ​នឹង​សម្បុ​របស់​អ្នក​នោះ​ទើប​ធ្វើ​ឲ្យ​ក្រចក​​របស់​អ្នក​លេច​ស្អាត។​ ខាង​ក្រោម​នេះ​ជាតិ​កនិច​នៃ​ការ​រើស​ពណ៌​ថ្នាំ​ក្រចក​ដែល​ សូវរីន​ បាន​ស្រាវ​ជ្រាវ​ដើម្បី​ជូន​មិត្ត​នារី​ក្នុង​ការ​ជ្រើស​រើស​ពណ៌​ថ្នាំ​ក្រចក​ឲ្យ​ត្រូវ​នឹង​សម្បុរ​របស់​ខ្លួន៖

១. សម្បុរសបែបស៊ីជម្ពូ

            សម្រាប់​មិត្ត​នារី​ដែល​មាន​សម្បុរ​ស​បែប​ស៊ី​ជម្ពូ​ សម្បុរ​របស់​អ្នក​សក្តិសម​ជា​មួយ​នឹង​ពណ៌​ថ្នាំ​ក្រចក​ស្ទើរ​តែ​គ្រប់​ពណ៌​ទាំង​អស់។​ តែ​យ៉ាង​ណា​ក៏​ដោយ​ ក្នុង​ចំណោម​​ពណ៌​ទាំង​អស់​នោះ​វា​ប្រាកដ​ជា​មាន​ពណ៌​ដែល​សក្តិសម​នឹង​សម្បុរ​របស់​អ្នក​ជាង​គេ​ និង​ធ្វើ​ឲ្យ​ដៃ​របស់​អ្នក​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត។​ ពណ៌​បែប​ផាសធេល​ (Pastel) ជា​ពណ៌​ដែល​សក្តិសម​បំផុត​សម្រាប់​អ្នក​ ព្រោះ​វា​ជា​ពណ៌​ខ្ចី​ និង​ស្រាល​ស្រទន់​ តួ​យ៉ាង​ដូច​ជា​ពណ៌​ស៊ីជម្ពូ​ ពណ៌​ទឹក​សណ្ដែក​ខៀវ​។ល។ ហើយ​អ្នក​គួរ​ព្យាយាម​ជៀស​វាង​ពណ៌​ដែល​ស្រាល​ខ្លាំង​ពេក ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ដៃ​អ្នក​មើល​ទៅ​ស្លេក​ និង​មិន​មាន​ភាព​ស្រស់​ថ្លា។



២. សម្បុរសបែបលឿង

            ពណ៌​ដែល​សក្តិសម​សម្រាប់​អ្នក​ដែល​មាន​សម្បុរ​ប្រភេទ​នេះ​គឺ​ពណ៌​ទឹកក្រូច​ ពណ៌​ស៊ីជម្ពូ​បែក​ទឹក​ក្រូច​ ពណ៌​ត្នោត​ ពណ៌​ក្រហម​ ឬ​ពណ៌​ណា​ដែល​រាង​ឆើត​បន្តិច​ ពណ៌​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​ដៃ​របស់​អ្នក​មាន​ភាព​លេច​ធ្លោ​ស្អាត។



៣. សម្បុរស្រគាំបែបលឿង

            សម្រាប់​មិត្ត​នារី​ដែល​មាន​សម្បុរ​ប្រភេទ​នេះ អ្នក​គួរ​រើស​ពណ៌​ថ្នាំ​ក្រចក​ដែល​មាន​ពណ៌​ត្នោត​បែក​ទឹក​ក្រូច ពណ៌​មាស​ ឬ​ប្រផេះ​ដែល​មាន​គ្រាប់​ផ្លេកៗ​តិចៗ។​ ពណ៌​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​សម្បុរ​របស់​អ្នក​កាន់​តែ​ស្អាត​ និង​មើល​ទៅ​មាន​ភាព​ម៉ត់​រលោង។​ លើស​ពី​នេះ​ទៅ​ទៀត​នោះ​ ប្រសិន​បើ​អ្នក​ស្រលាញ់​ពណ៌​ឆើត​ អ្នក​គួរ​ព្យា​យាម​ជៀស​វាង​នូវ​ពណ៌​ដែល​ស្រស់​ខ្លាំង​ពេក​ដូច​ជា​ពណ៌​ក្រហម​ស្រស់ ពណ៌​បៃតង​ ឬ​ពណ៌​ទឹក​ប៉ិក​ជា​ដើម។



៤. សម្បុរខ្មៅបែបក្រហម

            មិត្ត​នារី​ដែល​មាន​សម្បុរ​ខ្មៅ​បែប​ក្រហម​ប្រភេទ​នេះ អ្នក​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​រើស​ពណ៌​ថ្នាំ​ក្រចក​បន្តិច។ ព្រោះ​​ប្រសិន​​បើ​​អ្នក​​រើស​​ថ្នាំ​​ក្រចក​​ដែល​​មិន​ត្រូវ​​នឹង​សម្បុរ​ប្រអប់​ដៃ​ហើយ និង​ក្រចក​របស់​អ្នក​នឹង​មើល​ទៅ​ប្រៀប​បី​ដូច​ជា​វត្ថុ​ពីរ​ផ្សេង​គ្នា​អី​ចឹង។ ដូច្នេះ​ពណ៌​ដែល​សក្តិ​សម​នឹង​សម្បុរ​របស់​អ្នក​គឺ​ពណ៌​ប្រផេះ​ខ្ចី ឬ​ពណ៌​​​រាង​​សាច់​​ស្រាលៗ។​ ពណ៌​ទាំង​នេះ​នឹង​ជួយ​ឲ្យ​ប្រអប់​ដៃ​របស់​អ្នក​កាន់​តែ​ស្រស់​ស្អាត និង​មើល​ទៅ​មាន​សុខ​ភាព​ល្អ។ ហើយ​​ពណ៌​​ដែល​​អ្នក​​គួរ​​តែ​​ជៀស​​វាង​​គឺ​​ពណ៌​ស​ ព្រោះ​​សម្បុរ​របស់​អ្នក​មិន​សក្តិសម​ជា​មួយ​នឹង​ពណ៌​មួយ​នេះ​ឡើយ៕