×
Image Courtesy: SOVRIN

បាត់ដំបង​ បេះ​ដូង​នៃអតីត​ទី​ក្រុង​អាណានិគម​

 
 

បាត់ដំបង បេះ​ដូង​នៃ​ទី​ក្រុង​អាណានិគម​ ប្រមូល​ផ្តុំ​នូវ​រឿង​រ៉ាវ​កាល​ពី​អតីត​កាល រុញ​ច្រាន​ដួង​ចិត្ត​ភ្ញៀវ​ទេសចរ​ឲ្យបន្ត​ទិញ​វត្ថុ​អនុស្សាវរីយ៍​យ៉ាង​ប្រណីត​ៗពី​ក្រុង​មួយ​នេះ


 

           ក្រុង​បាត់ដំបង​ ជា​ក្រុង​មួយ​បាន​បន្សល់​នូវ​មរតក​ដ៏​សម្បូរ​បែប​ផ្នែក​បេតិកភណ្ឌ​ ប្រវត្តិសាស្ត្រ​ក៏​ដូច​ជា​ការ​រចនា​ អគារ​ និង​ទ្រង់​ទ្រាយ​សំណង់​ដែល​ឆ្លុះ​បញ្ចាំង​ពី​ដំណាក់​កាល​ខុសៗ​គ្នា​នៃ​ប្រវត្តិសាស្ត្រ​របស់​ក្រុង​នេះ។​ នៅ​ផ្នែក​កណ្ដាល​ក្រុង​ចន្លោះ​ផ្លូវ​លេខ១​ និង​ផ្លូវ​លេខ៣​ មាន​អគារ​បេតិកភណ្ឌ​ចំនួន​ជាង​៨០០អគារ​ដែល​សាង​សង់​ឡើង​នៅ​ក្នុង​សម័យ​កាល​បារាំង​ និង​អគារ​មួយ​ចំនួន​ទៀត​សាង​សង់​ឡើង​ក្នុង​សម័យ​សង្គម​រាស្រ្តនិយម​ដែល​អគារ​ទាំង​អស់​នោះ​ស្ថិត​នៅ​លាយ​ឡំ​នឹង​ចម្រុះ​គ្នា​ជា​ហូហែរ។​ នៅ​ផ្នែក​ខាង​ក្រៅ​នៃ​តំបន់​នេះ​ យើង​ក៏​អាច​សម្គាល់​បាន​នូវ​អគារ​មួយ​ចំនួន​ទៀត​ដែរ​ ដែល​ជា​អគារ​បេតិកភណ្ឌ​ដ៏​លេច​ធ្លោ​ដូច​​ជា​ សកលវិទ្យាល័យ​បាត់ដំបង​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​កើត​នៃ​ទី​ក្រុង​ដែល​ជា​ស្នាដៃ​មួយ​តំណាង​ឱ្យ​វិស័យ​ស្ថាបត្យកម្ម​ខ្មែរ​ថ្មី​ អគារ​វីឡា​ដទៃ​ទៀត​ និង​ផ្ទះ​បុរាណ​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​សង្កែ។​ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ​នោះ​គឺ​នៅ​ស្ទើរ​តែ​ពេញ​ទូទាំង​ក្រុង​បាត់ដំបង​សម្បូរ​ទៅ​ដោយ​វត្តអារាម​ព្រះពុទ្ធ​សាសនា​ដែល​មាន​លក្ខណៈ​ល្អ​ពិសេស​ ហើយ​ជា​អគារ​ដែល​បង្ហាញ​ពី​បេតិកភណ្ឌ​ផ្នែក​សាសនា​នៃ​ក្រុង​ទាំង​មូល។​ អគារ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​ទាំង​អស់​នេះ​ហើយ​ដែល​ផ្ដល់​ឱ្យ​ក្រុង​បាត់ដំបង​នូវ​លក្ខណៈ​ពិសេស​ និង​សោភ័ណភាព​ដោយ​ឡែក​មួយ​ខុស​ពី​ក្រុង​ដទៃ​ទៀត។

            កាល​ពី​ឆ្នាំ២០១៤​កន្លង​ទៅ​នេះ​ គណៈ​កម្មាធិការ​ជាតិ​វាយ​តម្លៃ​ទី​ក្រុង​ស្អាត​បាន​ផ្តល់​ចំណាត់​ថ្នាក់​ទី​ក្រុង​ស្អាត​ជាង​គេ​របស់​ប្រទេស​កម្ពុជា​នេះ​ទៅ​ឱ្យ​ក្រុង​បាត់ដំបង​ ដោយ​ផ្អែក​លើ​កត្តា​បរិស្ថាន​ អនាម័យ​ សណ្តាប់ធ្នាប់​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​អាច​ផ្តល់​នូវ​ភាព​កក់​ក្តៅ​ និង​មជ្ឈដ្ឋាន​រស់​នៅ​ល្អ​ប្រសើរ​សម្រាប់​ប្រជាជន​ និង​ភ្ញៀវ​ទេសចរ។​ គួរ​រំលឹក​ផង​ដែរ​ថា​ក្រុង​បាត់ដំបង​បាន​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​ពី​សំណាក់​ប្រទេស​សៀម​ (ថៃ)​ អស់​អំឡុង​ពេល​ជាង​១ទស្សវត្សរ៍​ក្នុង​ឆ្នាំ១៧៩៥​ ដល់១៩០៧។​ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ គេ​បាន​សាង​សង់​អគារ​ផ្សេងៗ​ដែល​ជា​ទី​កន្លែង​ធំៗ​ក្នុង​ក្រុង​មាន​ដូច​ជា​ ផ្សារណាត់​ (ផ្សារ​គ្មាន​ដំបូល)​ វត្តអារាម​ កំផែង​រាង​ចតុកោណ​ ព្រម​ទាំង​ដំណាក់​របស់​លោក​ម្ចាស់​ដែល​បាន​សាង​សង់​ឡើង​ក្នុង​ឆ្នាំ១៨៣០។​ អ្វី​ដែល​មិន​គួរ​មើល​រំលង​ក្រៅ​ពី​តំបន់​ទេសចរណ៍​សំខាន់ៗ​ ប្រិយមិត្ត​អាច​រក​ជាង​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន​ ក៏​ដូច​ជា​ផ្លែ​ក្រូច​ពោធិ៍សាត់​ដ៏​ផ្អែម​ពិសា​ផ្ញើ​ជូន​ក្រុម​គ្រួសារ​ផង​ដែរ។​ ទស្សនាវដ្ដី​ សូវរីន​ សូម​បង្ហាញ​ជូន​ប្រិយមិត្ត​នូវ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ប្រណីតៗ​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ។

            La Fabrik​ ជា​ហាង​លក់​វត្ថុ​អនុស្សរីយ៍​មួយ​កន្លែង​ដែល​ស្ថិត​នៅ​លើ​ផ្លូវ​លេខ២.៥​ ក្នុង​ក្រុង​បាត់ដំបង​ជា​មួយ​ការ​រចនា​ហាង​យ៉ាង​ស្រស់​បំព្រង​ដោយ​មាន​ដាំ​ដើម​ឬស្សី​អម​សង​ខាង។​ ហាង​មួយ​នេះ​ដំណើរ​ការ​បាន​រយៈ​ពេល​ជិត​១ឆ្នាំ​មក​ហើយ​ ដោយ​មាន​លោក​ Piera Bovoa​ និង​អ្នក​នាង​ Katia Vignot​ ដែល​ជាជនជាតិ​បារាំង​ជា​ស្ថាបនិក។​ ជា​មួយ​ទឹក​មុខ​ញញឹម​រួស​រាយ​រាក់​ទាក់​របស់​ស្វាមី​ភរិយា​មួយ​គូ​នេះ​មក​កាន់​ក្រុម​ការងារ​ សូវរីន​ ថា៖​  La Fabrik​ មាន​លក់​វត្ថុ​អនុស្សាវរីយ៍​ដែល​ផលិត​ឡើង​ពី​ស្នាដៃ​កូន​ខ្មែរ​មាន​ដូច​ជា៖​ គ្រឿង​ថែរក្សា​ស្បែក​ គ្រឿង​អលង្ការ​ធ្វើ​ដោយ​ដៃ​ និង​ប៉ុស្ដ៍កាត​។ល។​ ប៉ុន្តែ​ដូច​ជា​គ្រឿង​សំអាង​ថែរក្សា​ស្បែក​មួយ​ចំនួន​ ភរិយា​របស់​លោក​គឺ​ជា​អ្នក​ផលិត​ដោយ​ផ្ទាល់​ ដូច​ជា​អំបិល​ខាត់​ស្បែក​ដែល​ផលិត​ឡើង​ពី​ក្លិន​ផ្កា​ឬ​ផ្លែឈើ​ ដែល​មាន​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ផ្ទាល់​តែ​ម្ដង​ មាន​ដូច​ជា​ក្លិន​ក្រូច​ពោធិ៍សាត់​ ស្លឹកគ្រៃ​ ម្រេច​ ផ្កា​ចំប៉ី​ ដូងទុំ​ កាហ្វេ​​ជា​ដើម។​ លោក​ Piera Bovoa​ បាន​បន្ត​ថា​ អ្នក​ខ្លះ​គិត​ថា​ហាង​ដែល​បើក​នៅ​ស្រុក​ខ្មែរ​ដោយ​បរទេស​គឺ​វត្ថុ​ក្នុង​នោះ​ប្រាកដ​ជា​មាន​តម្លៃ​ថ្លៃ​ ប៉ុន្តែ​មិន​ដូច្នេះ​ទេ​ហាង​នេះ​គឺ​លក់​ក្នុង​តម្លៃ​សមរម្យ​ដែល​បង​ប្អូន​ប្រជាជន​ខ្មែរ​អាច​ទិញ​យក​ទៅ​ប្រើ​ប្រាស់​បាន។