×
Photo by CR

អម្ពរ​ ទេវី​ រាជិនី​នៃ​ខ្សែ​ភាព​យន្ត​ក្នុង​ដួង​ចិត្ត​ខ្មែរ​

 
 

        កំពូល​តារា​សម្ដែង​ភាពយន្ត​ដ៏​ឆ្នើម​អ្នកនាង​ អម្ពរ ទេវី​ ជា​តារា​មួយដួង​ដែល​មាន​ប្រជា​ប្រិយភាព​បំផុត​កាល​ពី​ទសវត្សរ៍​ទី៩០​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ប្រិយភាព​របស់​អ្នកនាង​នៅ​តែ​ស្ថិត​ក្នុង​ក្រអៅ​បេះដូង​របស់​ទស្សនិកជន​គ្រប់​ស្រទាប់​វណ្ណៈ​ដដែល។​ ស្ទើរ​តែ​គ្រប់​ខ្សែ​ភាពយន្ត​ខ្មែរ​កាល​ពី​ទ.វ៩០​ គឺ​តែងតែ​មាន​វត្តមាន​របស់​អ្នក​នាង​ចូលរួម​សម្តែង​មិន​ដែល​អាក់​ខាន។​ ដោយ​សារ​តែ​អ្នក​នាង​ អម្ពរ ទេវី​ មាន​សមត្ថភាព​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​សម្តែង​ដ៏​ល្អ​ឥតខ្ចោះ​ ទើប​ត្រូវ​បាន​ប្រិយមិត្ត​ប្រសិទ្ធ​នាម​ដល់​អ្នក​នាង​ថា​រាជនី​នៃ​ភាពយន្ត​ខ្មែរ។​ គួរ​រំលឹក​ផង​ដែរ​ថា​គ្រប់​ឈុត​គ្រប់​ឆាក​នៅ​ក្នុង​រឿង​ ដែល​មាន​វត្តមាន​របស់​អ្នក​នាង ​ អម្ពរ ទេវី​ សម្តែង​គឺ​សុទ្ធសឹង​តែ​បង្ក​ភាព​សប្បាយ​រីករាយ​ដល់​អ្នក​ទស្សនា​ ព្រោះ​តែ​កាយវិការ​ដ៏​ក្រមិច​ក្រមើម​ និង​រស់​រវើក​របស់​អ្នក​នាង​បាន​កន្ត្រាក់​ទាញ​អារម្មណ៍​អ្នក​ទស្សនា​មិន​ថា​ចាស់​ឬ​ក្មេង​មិន​ឱ្យ​មាន​ភាព​ធុញទ្រាន់​ក្នុង​ការ​ទស្សនា​ឡើយ។



        ទោះបី​ជា​វត្តមាន​របស់​តារា​សម្ដែង​ដ៏​ឆ្នើម​លំដាប់​ប្រទេស​រូប​នេះ​បាន​រសាត់​ពី​ខ្សែ​ចក្ខុទ​ស្សនិកជន​រយៈ​ពេល​១៦ឆ្នាំ​ក៏​ពិត​មែន​ ប៉ុន្តែ​ទស្សនិកជន​ទូទាំង​ប្រទេស​នៅ​តែចង​ចាំ​កិត្តិស័ព្ទ​ ដ៏​ល្បីល្បាញ​របស់​កំពូល​តារា​សម្ដែង​រូប​នេះ​គ្មាន​ថ្ងៃ​បំភ្លេច​បាន​ ហើយ​តែងតែ​ទន្ទឹង​រង់​ចាំ​មើល​ការ​វិល​ត្រឡប់​មក​កាន់​ពិភព​សិល្បៈ​របស់​អ្នកនាង​សារ​ជា​ថ្មី។​ កាល​ពី​អំឡុង​ឆ្នាំ​មុន​ (២០១៦) កន្លង​មក​នេះ​​ អ្នកនាង​ អម្ពរ ទេវី​ បាន​វិល​ត្រឡប់​មក​កាន់​មាតុភូមិ​កំណើត​ជា​លើក​ទីពីរ​ បន្ទាប់​ពី​អ្នក​នាង​បាន​ទៅ​រស់​នៅ​លើ​ទឹកដី​ដ៏​ស៊ីវិល័យ​នៅ​ឯ​សហរដ្ឋអាមេរិក​អស់​រយៈ​ពេល​១៦ឆ្នាំ​មក​ហើយ​នោះ​ ដើម្បី​ចូល​រួម​សម្ដែង​រឿង​ថ្មី​មួយ​ដែល​ដឹកនាំ​រឿង​ដោយ​អ្នក​ស្រី​ ពាន់ ភួងបុប្ផា។​ ជា​កិត្តិយស​អ្នក​នាង​ក៏​បាន​បង្ហាញ​វត្តមាន​លើ​គម្រប​ទស្សនាវដ្ដី​ សូវរីន​ កាល​ពី​អំឡុង​ខែកញ្ញា​ ឆ្នាំ២០១៦។​ ក្នុង​នោះ​ផង​ដែរ​ក្រុម​ការងារ​យើង​បាន​រៀបចំ​សម្អិត​សម្អាង​យ៉ាង​ពិសេស​ជូន​អ្នកនាង​ អម្ពរ ទេវី​ ស្រប​ទៅ​តាម​ស្ដង់ដា​ការងារ​យ៉ាង​ពិត​ប្រាកដ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កិត្តិសព្ទ​ដ៏​ល្បី​រន្ទឺ​របស់​អ្នកនាង​ក្នុង​នាម​ជា​កំពូល​តារា​សម្ដែង​ដ៏​ឆ្នើម​ប្រចាំ​ប្រទេស។​ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ សូវរីន​ ក៏​បាន​ធ្វើ​បទ​សម្ភាសន៍​ដោយ​ផ្ទាល់​ជា​មួយ​អ្នកនាង​ អម្ពរ ទេវី​ ដែល​មាន​អត្ថន័យ​នឹង​ខ្លឹម​សារ​ដូច​ខាង​ក្រោម៖​

ជម្រាប​សួរ​អ្នកនាង​ អម្ពរ ទេវី!​ ចាប់​តាំង​ពី​អ្នក​នាង​ចាកចេញ​ពី​មាតុភូមិ​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក​តើ​អ្នក​នាង​សុខ​ទុក្ខ​យ៉ាង​ណា​ខ្លះ?​ អ្នក​នាង​កំពុង​តែ​បំពេញ​ភារកិច្ច​អ្វីខ្លះ​នៅ​ទី​នោះ​ក្នុង​ជីវិត​ជា​ប្រចាំ​ថ្ងៃ?​ តើ​អ្នកនាង​ធ្លាប់​មាន​នឹក​រលឹក​ដល់​ជីវិត​នៃ​ការ​សម្ដែង​កាល​ពី​អតីត​កាល​ និង​ទស្សនិកជន​គ្រប់​រូប​ដែរ​ឬ​ទេ​ នៅ​ពេល​ដែល​អ្នកនាង​បាន​ឃ្លាត​ឆ្ងាយ​ពី​មាតុភូមិ​យូរ​ឆ្នាំ​យ៉ាង​នេះ?

        ចា!​ តាំង​ពី​ខ្ញុំ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​អស់​រយៈ​១៦ឆ្នាំ​ ហើយ​រស់​នៅ​សហរដ្ឋអាមេរិក​ខ្ញុំ​សុខ​សប្បាយ​ជា​ធម្មតា។​ ពី​មុន​ខ្ញុំ​ធ្វើ​ការ​ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​បាន​ឈប់​សម្រាក​ហើយ​ ខ្ញុំ​ជា​ស្រ្ដី​មេផ្ទះ​មួយរូប។​ នៅ​ពេល​ខ្ញុំ​ទៅ​រស់​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​ដំបូង​ខ្ញុំ​មាន​អារម្មណ៍​ថា​រៀង​កម្សត់​ខ្លួន​បន្តិច​ដែរ​ ព្រោះ​ខ្ញុំ​នឹក​រលឹក​ដល់​ការ​សម្ដែង​របស់​ខ្ញុំ​និង​ទស្សនិកជន​ដែល​តែងតែ​គាំទ្រ​ស្នាដៃ​សម្ដែង។​ ថ្វីត្បិត​តែ​ខ្ញុំ​បាន​ចាកឆ្ងាយ​ពី​ការ​សម្ដែង​រយៈ​ពេល​១៦ឆ្នាំ​ក៏​ពិត​មែន​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​តាម​ដាន​មើល​ការ​សម្ដែង​រឿង​របស់​ប្អូនៗ​ជំនាន់​ក្រោយ។

ចំពោះ​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​ តាម​គំនិត​យោបល់​អ្នក​នាង​គិត​ថា​មាន​ការ​កើន​ឡើង​ឬ​ថយចុះ?

        ចំពោះ​ទស្សនៈ​របស់​ខ្ញុំ​យល់​ឃើញ​ថា​ខ្សែ​ភាពយន្ត​ឥឡូវ​មាន​ការ​រីក​ចម្រើន​ច្រើន​ជាង​កាល​ជំនាន់​ខ្ញុំ​សម្ដែង​ រួម​ទាំង​បច្ចេកទេស​ថត​ទាំង​អស់​គឺ​មាន​ការ​អភិវឌ្ឍន៍​បាន​ល្អ​ ហើយ​តួ​សម្ដែង​នីមួយៗ​ក៏​មាន​ភាព​ប៉ិន​ប្រសប់​ទៅ​តាម​ស្នាដៃ​សម្ដែង​រៀងៗ​ខ្លួន។



អ្នកនាង​ជា​តារា​សម្ដែង​ក្នុង​ទ.វទី៩០​ តើ​អ្នក​នាង​នៅ​មាន​អនុស្សាវរីយ៍​ច្រើន​នឹង​ចងចាំ​ពី​ការ​សម្ដែង​ជា​មួយ​តារា​សម្ដែង​រួម​ជំនាន់​រូប​ណាខ្លះ​ ដែល​ខ្ញុំ​គិត​ថា​នៅ​ពេល​ដែល​ខ្ញុំ​រំលឹក​ដល់​ពី​ការ​សម្ដែង​កាល​ពី​អតីត​កាល​ហើយ​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ពី​សកម្មភាព​ថត​ហើយ​ដក់​ជាប់​ក្នុង​ចិត្ត!

        បើ​រំលឹក​ពី​ការ​សម្ដែង​របស់​ខ្ញុំ​កាល​ពី​សម័យ​ខ្ញុំ​នៅ​សម្ដែង​ ខ្ញុំ​មាន​អនុស្សាវរីយ៍​ច្រើន​ជា​មួយ​តារា​រួម​ជំនាន់​ជា​មួយ​ខ្ញុំ​ទាំង​អស់​ ទាំង​ប្រុស​ទាំង​ស្រី។​ ពួក​ខ្ញុំ​កាល​ពី​ជំនាន់​មុន​គោរព​ស្រឡាញ់​រាប់​អាន​គ្នា​ណាស់​ ពោល​គឺ​ពេល​ដែល​ទៅ​ថត​ហើយ​ជួប​គ្នា​ម្ដងៗ​ ពួក​យើង​អត់​ដែល​មាន​អ្នក​ណា​មួយ​ម្នាក់​មាន​ចរិក​កាច់កុង​គ្នា​ឬ​ច្រណែន​ឈ្នានីស​គ្នា​នោះ​ទេ​ គឺ​ពួក​ខ្ញុំ​មាន​ការ​ស្រឡាញ់​រាប់អាន​គ្នា​ទាំង​អស់​ដូច​ខ្ញុំ​ប្អូន​បង្កើត​អីចឹង​ ហើយ​ខ្ញុំ​មិន​អាច​បំភ្លេច​អនុស្សាវរីយ៍​ទាំង​នោះ​បាន​ទេ។

តើ​អ្នកនាង​អាច​រំលឹក​ឡើង​វិញ​ពី​អនុស្សាវរីយ៍​នៃ​ការ​សម្ដែង​ខ្សែ​ភាពយន្ត​របស់​អ្នកនាង​ក្នុង​ទ.វទី៩០​បាន​ទេ​ ថា​អ្នក​នាង​បាន​ជួប​ការ​លំបាក​ និង​ឧបសគ្គ​យ៉ាង​ណា​ក្នុង​ជីវិត​ជា​អ្នក​សម្ដែង?

        កាល​ចូល​សម្ដែង​ភាពយន្ត​ពី​ដំបូង​ឡើយ​ខ្ញុំ​ជួប​ការ​លំបាក​ខ្លះៗ​ដែរ​ ព្រោះ​កាល​ហ្នឹង​ខ្ញុំ​ទើប​តែ​ឈាន​ជើង​ចូល​សិល្បៈ​ដំបូង​ ហើយ​ខ្ញុំ​មិន​ទាន់​ឆ្លង​កាត់​ពី​ខ្សែ​ជីវិត​ច្រើន​ ហើយ​ណា​មួយ​ខ្ញុំ​នៅ​លីវ​ផង​ ខ្ញុំ​អត់​ទាន់​ឆ្លង​កាត់​ពី​ជីវិត​ស្នេហា​អ្វី​ទាំង​អស់​ ដល់​ចឹង​មាន​ផល​ពិបាក​ក្នុង​ការ​សម្ដែង​រឿង​ក្នុង​ឈុត​ឆាក​ស្នេហា​អីចឹង​ខ្ញុំ​មាន​ការ​ពិបាក។

តើ​អ្នកនាង​មាន​ចំណុច​អ្វី​ដែល​ពិសេស​ធ្វើ​ឱ្យ​ទស្សនិកជន​គ្រប់​ស្រទាប់​វណ្ណៈ​នៅ​តែ​មាន​អ្នក​នាង​ក្នុង​បេះដូង​សិល្បៈ​របស់​ពួក​គាត់​គ្មាន​ថ្ងៃ​បំភ្លេច​បាន!

        (ផ្ទុះ​សំណើច​បន្តិច​ អ្នកនាង​ក៏​បន្ត​ថា) ​ការ​ពិត​ខ្ញុំ​គ្មាន​ចំណុច​ពិសេស​អ្វី​ទេ​ គ្រាន់​តែ​ខ្ញុំ​មាន​គោល​ការណ៍​របស់​ខ្ញុំ​នៅ​ក្នុង​វិស័យ​សិល្បៈ​ចំណុច​ទី១​គឺ​ខ្ញុំ​គោរព​ពេល​វេលា​ ចំណុច​ទី២​គឺ​ខ្ញុំ​គោរព​ចំពោះ​រៀម​ច្បង​ ចំណុច​ទី៣​គឺ​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួន​ឯង​ និង​នៅ​ពេល​សម្ដែង​យើង​ត្រូវ​យក​ចិត្ត​ទុកដាក់​ជា​មួយ​ការងារ​ ចំណុច​ទី៤​មាន​ការ​ស្រឡាញ់​រាប់​អាន​មិត្ត​សិល្បៈ​ទាំង​អស់​ និង​គោរព​ពួកគាត់​ទាំង​អស់។​ បើ​ចំពោះ​ចរិក​ខ្ញុំ​ផ្ទាល់​នៅ​ខាង​ក្រៅ​ខ្ញុំ​ស្រឡាញ់​នឹង​គោរព​ចំពោះ​ទស្សនិកជន​ទាំង​អស់​ ហើយ​ក៏​មិន​មាន​ចរិក​ឆ្មើងឆ្មៃ​ដែរ។