×
Image Courtesy: SOVRIN

Pey​ Pey Dy គាស់​​រម្លើង​​ឡើង​​វិញ​​ពី​​អតីត​កាល​​របស់​​ខ្លួន

 
 

            បើ​និយាយ​ពី​ឈ្មោះ​ សេម ឡង់ឌី ប្រហែល​ជា​គ្មាន​មហាជន​ណា​ម្នាក់​ស្គាល់​សោះ​ឡើយ​ ប៉ុន្តែ​បើ​ហ៊ាន​ ​តែ​បង្ហើប​ឈ្មោះ​ Pey Pey Dy ​ភ្លាម​វិញ​ប្រិយមិត្ត​បណ្តាញ​ហ្វេសប៊ុក​ក្មេង​ចាស់​ប្រុស​ស្រី​គ្រប់​ខេត្ត​ខ័ណ្ឌ ​ទូទាំង​ផ្ទៃ​ប្រទេស​ភាគ​ច្រើន​សុទ្ធសឹង​តែ​ធ្លាប់​បាន​ស្គាល់​ច្បាស់​តាម​រយៈ​សំនួន​វោហាស័ព្ទ​មិន​ចេះ​រីង​ស្ងួត​នៅ​ក្នុង​ឈុត​វីដេអូខ្លីៗ​ដែល​ត្រូវ​បាន​បង្ហោះ​បន្ត​បន្ទាប់​លើ​ទំព័រ​ហ្វេសប៊ុក​ដ៏​ពេញ​និយម​មួយ​ឈ្មោះ​ថា​ Peypey Dy ​ដែល​មាន​រូប​លោក​ជា​អ្នក​គ្រប់​គ្រង​ផ្ទាល់។ បើ​គិត​មក​ដល់​ពេល​សព្វ​ថ្ងៃ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​នេះ​មាន​ប្រិយមិត្ត​ចុច​គាំទ្រ​រហូត​ដល់​ទៅ​ជាង​១លាន​នាក់​ឯណោះ​ គឺ​សឹង​តែ​ស្មើ​នឹង​ ស្ថិតិ​ចំនួន​ប្រជាជន​សរុប​ដែល​រស់​នៅ ​ក្នុង​រាជធានី​ភ្នំពេញ​ទៅ​ហើយ។ នេះ​ជា​ជោគ​ជ័យ​ដ៏​ធំ​ធេង​មែន​ទែន​សម្រាប់​ លោក សេមឡង់ឌី ហៅ Pey Pey Dy ដែល​បាន​ប្រែ​មុខ​មាត់​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ពី​សាមញ្ញជន​មួយ​រូប​រហូត​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ជាទី ​ចាប់​អារម្មណ៍​របស់​មហាជន​កម្ពុជា​គ្រប់​ទិស​ទី។ តើ​គន្លឹះ​អ្វី​ខ្លះ​ដែល​ជួយ​ជំរុញ​កិត្តិស័ព្ទ​របស់​តារា​ហ្វេសប៊ុក ​មួយ​ដួង​នេះ​ឲ្យ​ឈាន​ទៅ​ដល់​ចំណុច​កំពូល​ដូច​សព្វ​ថ្ងៃ? តើ​ទាំង​នេះ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ផ្ទាល់ ​ឬ​ជា​វាសនា​ចៃដន្យ? មាន​តែ​ Pey Pey Dy តែ​ម្នាក់​គត់​ដែល​អាច​ចេញ​មុខ​បក​ស្រាយ​ចម្លើយ​ចំពោះ​សំនួរ​ទាំងអស់​នេះ​បាន!
            ជាមួយ​នឹង​កាយ​វិការ​ក្រមិច​ក្រមើម​ ទឹក​មុខ​ស្រស់​ស្រាយ ​សម្តី​ចាក់​ទឹក​មិន​លិច ​តារា​វ័យ​២៤​ឆ្នាំ ​រូប​នេះ​ បាន​រៀបរាប់​ប្រាប់ ​សូវរីន ​ថា​ លោក​មាន​ស្រុក​កំណើត​នៅ​ស្រុក​កោះធំ ​ខេត្ត​កណ្តាល ​ដែល​មាន​គ្រួសារ​មិន​ ជាប់​សាច់​ឈាម​ជា​អ្នក​សិល្បៈ​កំប្លែង​ដូច​រូប​លោក​ឡើយ។​ ឌី ​បាន​បញ្ជាក់​ថា​គេ​មាន​ឧបនិស្ស័យ​រួសរាយ​រាក់ទាក់​និយាយ​លេង​សើច​ច្រើន​ជា​មួយ​មិត្ត​ភក្តិ​ដែល​នៅ​ជុំ​វិញ​ខ្លួន​តាំង​ពី​ធំ​ដឹង​ក្តី​មក​ម្ល៉េះ។ កាល​ពី​នៅ​សិក្សា​ឯ​វិទ្យាល័យ​សន្ធរម៉ុក​ក្រៅ​ពី​ការ​សិក្សា​រូប​គេ​តែង​ចំណាយ​ពេល​ជួបជុំ​ជជែក​លេង​ជាមួយ​មិត្តភក្តិ​ជិត​ស្និទ្ធ​ពី​នេះ​ពី​នោះ​មិន​ចេះ​ធុញ​ទ្រាន់​ឡើយ។ ក្រោយ​ពី​ប្រឡង​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ ​(ថ្នាក់​ទី​១២) យុវជន​រូប​នេះ​បាន​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​នៅ​វិទ្យាស្ថាន​ស៊ីតិក ​(SETEC) ដោយ​ចាប់​យក​មុខ​វិជ្ជា​តុបតែង​លម្អ​ ស្ថាបត្យកម្ម ​(interior ​design) ​ជា​មុខ​ជំនាញ​ឯកទេស​ ស្រប​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត ​និង​ ទេព​កោសល្យ ​ច្នៃ​ប្រឌិត​របស់​ខ្លួន។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​តារា​ហ្វេស​ប៊ុក​មួយ​ដួង​នេះ​មិន​បាន​សិក្សា​ចប់​សព្វ​គ្រប់ ​នៅ​ទីនោះ​ទេ ​ ពោល​គឺ ​គេ​បាន​សម្រេច​ចិត្ត​ផ្អាក​ការ​សិក្សា ​បែរ​មក​ប្រឡូក​អាជីព​សិល្បៈ​យ៉ាង​ជោក​ជាំ​ត​រហូត​ មក​ដោយសារ​អាជីព​កាន់​តែ​មាន​ទីផ្សារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

បែរ​មក​ប្រវត្តិ​ដំបូង​នៃ​ការ​ឈាន​ជើង​ចូល​វិថី​សិល្បៈ​របស់ ​Pey Pey Dy ​វិញ​ សាមី​ខ្លួន​បាន​អះ​អាង​ថា​ គេ​បាន​ចូល​សិល្បៈ​ដំបូង​តាម​រយៈ​ការ​សម្តែង​ជា​តួ​អង្គ​កំប្លែង​ក្នុង​ខ្សែ​ភាពយន្ត​បុរាណ​ខ្មែរ​មួយ​រឿង​ដែល​មាន​ចំណង​ជើង​ថា​ ព្រាយ​បាត​បល្ល័ង្គ ​ជាមួយ​សិល្បករ​រៀម​ច្បង​កំប្លែង​ដូចជា​ អ្នក​នាង​សំប៉ូលីដា ​ជាដើម។ “ អ្នក​ដឹក​នាំ​គាត់​ឃើញ​ខ្ញុំ​ក្នុង​ហ្វេស​ប៊ុក ​គាត់​ពេញ​ចិត្ត​ក៏​បាន​ផ្តល់​ឱកាស​ឲ្យ​សម្ដែង​ជា​តួ​ក្មួយ​អ្នក​បង​សំ ប៉ូលីដា។ កាល​នោះ​ខ្ញុំ​ឧស្សាហ៍​ថត​វីដេអូ​ធ្វើ​ភ្នែក​ស្រឡេវ​ ដូច្នេះ​គេ​ឲ្យ​សម្ដែង​ជា​តួ​ឈ្មោះ​អា​ឡេវ​ដែល​មាន​ភ្នែក​ស្រឡេវ ​តាំង​ពី​ដើម​ដល់​ចប់’​ លោក​បាន​បន្ថែម។ សម្រាប់​រូប​លោក​ផ្ទាល់​លោក​នៅ​ចាំ​បាន​ថា ​ការ​សម្ដែង​ក្នុង​អាជីព​ សិល្បៈ​ដំបូង​មិន​សូវ​ជា​ពិបាក​ប៉ុន្មាន​ទេ ​ព្រោះ​តួ​អង្គ​នោះ​មាន​អត្តចរិត​ស្រដៀង​នឹង​អត្តចរិត​នៅ​ខាង​ក្រៅ​របស់ ​លោក​ដែរ ។ ទោះ​យ៉ាង​ណា​ក្តី លោក​ក៏​មាន​អារម្មណ៍​ថា​ពេល​ថត​ដំបូង​មិន​ទាន់​ស៊ាំ​ខ្លួន​នឹង​ការ​ប្រឡូក​ការងារ ​ជាមួយ​សិល្បករ​រៀម​ច្បង ​ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា​ក្រោយ​មក​ទើប​លោក​លែង​សូវ​ខ្មាស​អៀន ​ហើយ​រឹតតែ ​មាន​ភាព​ជិត​ស្និទ្ធ​សប្បាយ​រីករាយ​ក្នុង​រង្វង់​ការងារ ​ព្រម​ទាំង​ទទួល​បាន​ដំបូន្មាន​ល្អៗ​ពី​ពួក​គាត់​ថែម​ទៀត​ផង។

វីដេអូ​ជា​ច្រើន ​ត្រូវ​បាន​បង្ហោះ​ផ្សាយ​ប្រទាក់​ក្រឡា​គ្នា​បង្ក​ឲ្យ​កក្រើក​ពិភព​ហ្វេសប៊ុក ​មាន​ប្រិយ​មិត្ត​ជិត​ឆ្ងាយ​រាប់​ពាន់​ម៉ឺន​នាក់ ​ចាំ​តាម​ដាន​ឈុត​ឆាក​ថ្មីៗ ​របស់​បុរស​កំពូល​ថ្វី​មាត់​ម្នាក់​នេះ ​ហើយ​បាន​ក្លាយ​ជា​ប្រធាន​បទ​ជជែក​វែក​ញែក ​យ៉ាង​សម្បើម​ផុស​ផុល​ពី​គ្រប់​មជ្ឈដ្ឋាន​អ្នក​ទស្សនា។ បើ​តាម​ការ​អះអាង​របស់​លោក​ តាំង​ពី​ថ្ងៃ​ចាប់​ផ្តើម​ក្លាយ​ ជា​អ្នក​គ្រប់​គ្រង​ទំព័រ​ហ្វេសប៊ុក​ Peypey Dy នោះ​មក​ លោក​បាន​ចំណាយ​ពេល​បង្ហោះ​ឈុត​វីដេអូ​បាន​ចំនួន​ ប្រហែល​រាប់​រយ​វីដេអូ​ទៅ​ហើយ​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​វីដេអូ​ធ្វើ​ត្រាប់​តាម​តារា​ហ្វេសប៊ុក ​វីដេអូ​វិភាគ ​បញ្ហា​សង្គម ​វីដេអូ​ដាស់​តឿន​អប់រំ ​វីដេអូ​ប្រតិកម្ម​ចំពោះ​ប្រធានបទ​ក្តៅ​គគុក​នានា​ដែល​លេច​ឡើង​លើ​បណ្តាញ​សង្គម ​និយាយ​ជា​រួម​ស្ទើរ​តែ​គ្មាន​ប្រធាន​បទ​ណា​មួយ​ដែល​ Pey Pey Dy មើល​រំលង​ឡើយ។

ឆ្លើយ​តប​នឹង​សំនួរ​ថា​ធ្វើ​ដូច​ម្តេច​បាន​ជា​រួប​លោក​នៅ​តែ​អាច​ឈរ​ជើង​គ្រង​តំណែង​ជា​តារា​វីដេ​អូ​ហ្វេស​ប៊ុក​បាន​ជា​ច្រើន​ឆ្នាំ​មក​នេះ? ​លោក​បាន​ស្រាយ​បំភ្លឺ​ថា​ “ ខ្ញុំ​តែង​តែ​រិះ​រក​គំនិត​ដែល​ថ្មី​ប្លែក​ដើម្បី​បង្កើត​ជា​សាច់ ​រឿង។ ​ជួន​កាល​ ខ្ញុំ​បាន​ពិភាក្សា​ជា​មួយ​មិត្តភក្តិ​របស់​ខ្ញុំ។​ ខ្ញុំ​គិត​ថា​ការ​សម្ដែង​របស់​ខ្ញុំ​ប្រសើរ​ជាង​មុន​ព្រោះ​ពី​ មុន​ត្រូវ​ថត​ច្រើន​ដង​ទម្រាំ​តែ​ត្រូវ ​ហើយ​មាន​អារម្មណ៍​ថា​អៀន​នឹង​កាមេរ៉ា ​តែ​ឥឡូវ​ខ្ញុំ​មិន​អ៊ី​ចឹង​ទៀត​ទេ។”​ នេះ​ហើយ​ជា​គំនិត​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់​ខ្លួន​ដើម្បី​រក្សា​នូវ​ប្រជាប្រិយភាព​មិន​ឲ្យ​ស្រក​ស្រុត​ទៅ​តាម​ពេល​វេលា។ ​ជាក់​ស្តែង​ក្នុង​មួយ​ខែ ​លោក ​ព្យាយាម​បង្ហោះ​វីដេអូ​ខ្លី​បាន​រហូត​ចន្លោះ​ពី​១០​ទៅ​២០ ​ជា​ទៀង ​ទាត់​ដែល​វីដេអូ​នីមួយៗ ​ត្រូវ​ការ​ចំណាយ​ពេល​កន្លះ​ម៉ោង​ប្រសិន​បើ​មាន​ការ​កាត់​ត ​ប៉ុន្តែ​បើ​គ្មាន​ការ​កាត់​ត ​ទេ​នោះ​ រយៈ​ពេល​ថត​ក៏​ខ្លី​ជាង​នេះ​ដែរ ​គឺ​ខុស​គ្នា​បន្តិច​បន្តួច​អាស្រ័យ​ទៅ​តាម​ប្រវែង​សាច់​រឿង​ជាក់​ស្តែង។​

Pey Pey Dy ជា​យុវជន​ជំនាន់​ក្រោយ​ម្នាក់​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ក្នុង​ការ​រៀប​ចំ​ដឹក​នាំ​សាច់ រឿង​កំប្លែង​ សម្ដែង​ និង​ សម្បូរ​វោហា​ស័ព្ទ​លេប​ខាយ​ឌឺ​ដង​ផ្លែ​ផ្កា​មិន​ចេះ​ទាក់​ធ្វើ​ឲ្យ​ទស្សនិក​ជន​គ្រប់​ស្រទាប់ ​វណ្ណៈ​អត់​ទ្រាំ​ផ្ទុះ​សំណើច​មិន​បាន។ បើ​ទោះ​បី​ជា​សព្វ​ថ្ងៃ ​ឌី​មមា​ញឹក​នឹង​របរ​ជំនួញ​ផ្ទាល់​ខ្លួន​ តែ​គេ​នៅ​តែ​បន្ត​ បម្រើ​អារម្មណ៍​ពុក​ម៉ែ​បង​ប្អូន​តាម​រយៈ​ស្នាដៃ​វីដេអូ​ថ្មីៗ​ជា​បន្ត​បន្ទាប់​របស់​គេ​ឥត​មាន​រាថយ​ឡើយ​ ដរាប​ណា មហា​ជន​នៅ​តែ​បន្ត​គាំទ្រ។ ជា​ចុង​ក្រោយ​ ឌី​សូម​គោរព​ថ្លែង​អំណរ​គុណ​ចំពោះ​មហា​ជន​ទាំង​អស់​ដែល ​តែង​តែ​ចូល​រួម​គាំ​ទ្រ​ស្រឡាញ់​រាប់​អាន​ចំពោះ​រូប​គេ​តាំង​ពី​ដើម​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន៕ ​

Article ​by ​SRIN ​SOKMEAN




SUGGESTIONS