×
Image Courtesy: SOVRIN

ការ​ថែ​ទាំ​ប្រអប់​ជើង​សម្រាប់​រដូវ​ធ្លាក់​ខ្យល់​ គឺ​ជា​រឿង​ចាំ​បាច់​មួយ​ដែល​អ្នក​មិន​គួរ​មើល​រំលង!

 
 

        រដូវរងារ​កំពុង​តែ​ខិតចូល​បន្ដិច​ម្ដងៗ​ធ្វើ​ឲ្យ​ប្រិយមិត្ត​មួយ​ចំនួន​បាន​ត្រៀម​សម្លៀកបំពាក់​ស្រោម​ជើង​ និង​ទ្រនាប់​ជើង​សម្រាប់​ស្វាគមន៍​រដូវ​នេះ​រួច​ជា​ស្រេច។​ នេះ​ជា​រដូវ​កាល​មួយ​ដែល​អាច​ធ្វើ​ឲ្យ​គ្រប់​ផ្នែក​នៃ​រាងកាយ​ទទួល​បាន​នូវ​អារម្មណ៍​មួយ​ថា​វា​ជា​រដូវរងារ​ពិត​ ព្រោះ​ជា​លទ្ធផល​វា​ធ្វើ​ឲ្យ​ផ្នែក​នៃ​រាងកាយ​ស្ទើរ​តែ​ទាំង​អស់​មិន​មាន​ភាព​សុខ​ស្រួល​ឬ​គ្មាន​ផាសុកភាព​ជាពិសេស​គឺ​ជើង​ (ប្រអប់ជើង)។​ ជើង​ជា​ផ្នែក​មួយ​ដែល​ប៉ះ​ផ្ទាល់​ជា​មួយ​នឹង​អាកាសធាតុ​ត្រជាក់​នេះ​ច្រើន​ជាង​គេ​អី​ចឹង​ហើយ​ប្រិយមិត្ត​គប្បី​យក​ចិត្ត​ទុកដាក់​ទៅ​លើ​កត្តា​មួយ​ចំនួន​ដែល​អាច​កើត​មាន​ឡើង​និង​វិធី​សាស្រ្ត​ថែទាំ។​

1. ម៉ាស្សាជើងរបស់អ្នក

        ការ​យក​ក្រែម​មក​ម៉ាស្សា​ជើង​អាច​ជួយ​កាត់​បន្ថយ​ភាព​ស្ងួត​នៃ​ស្បែក​ប្រអប់​ជើង​ និង​ជំរុញ​ឲ្យ​មាន​ចលនា​ឈាម​រត់​ល្អ។​ វា​មិន​ត្រឹម​តែ​ជួយ​បង្កើត​កម្ដៅ​ដល់​ជើង​ទេ​ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ជើង​មើល​ទៅ​រលោង​ស្អាត​ ថែម​ទាំង​មិន​បែក​ប្រះស្រកា​ផង​ដែរ។​ មួយ​វិញ​ទៀត​អ្នក​ក៏​អាច​លាប​ប្រេងដូង​តិចៗ​ឱ្យ​សើម​ស្បែក​នៅ​មុន​ពេល​ចូល​សម្រាន្ដ​ ទោះ​បី​ជា​មិន​អាច​ការពារ​បាន​១០០%​ តែ​វា​ក៏​អាច​កាត់​បន្ថយ​បញ្ហា​បាន​ខ្លះ​ដែរ។

2. ការធ្វើចលនារាងកាយ


        ការ​ធ្វើ​ឲ្យ​រាងកាយ​មាន​ចលនា​ដូច​បាន​បង្កើត​កម្ដៅ​ដល់​រាងកាយ​អី​ចឹង​ដែរ​ ដោយ​ហេតុ​ថា​វា​ធ្វើ​ឱ្យ​ឈាម​របស់​អ្នក​រត់​បាន​សព្វ​ទាំង​រាងកាយ​រហូត​ដល់​ចុង​ជើង​របស់​អ្នក។​ ប្រិយមិត្ត​គួរ​ចង​ចាំ​ដែរ​ថា​ អាកាសធាតុ​ត្រជាក់​ធ្វើ​ឲ្យ​ជើង​របស់​អ្នក​រៀង​ស្ពឹក​ស្រពន់​ ដូច្នេះ​ហើយ​ការ​កម្ដៅ​សាច់ដុំ​មុន​ធ្វើ​លំហាត់​ប្រាណ​ជា​រឿង​សំខាន់។​ ការ​កម្ដៅ​សាច់ដុំ​នេះ​ដែរ​ អាច​ជួយ​ការពារ​ការ​រង​របួស​ បង្កើន​ប្រសិទ្ធភាព​អនុវត្ត​ និង​ធ្វើ​ឲ្យ​រាង​កាយ​មាន​ភាព​កក់ក្ដៅ​តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង។​ ក្នុង​នោះ​ផង​ដែរ​អាកាសធាតុ​ត្រជាក់​បាន​ជំរុញ​ឲ្យ​មនុស្ស​ភាគ​ច្រើន​ក្លាយ​ជា​មនុស្ស​សកម្ម​នឹង​ការ​ហាត់​ប្រាណ​ខុស​ធម្មតា​ ព្រោះ​ថា​ដើម្បី​ឲ្យ​រាងកាយ​មាន​ភាព​កក់ក្ដៅ​ពួក​គេ​ត្រូវ​ការ​ធ្វើ​លំហាត់​ប្រាណ​បញ្ចេញ​ញើស។​ ដោយ​ហេតុ​ថា​នេះ​ជា​រដូវរងារ​ពួក​គេ​ត្រូវ​ហាត់​ប្រាណ​ឲ្យ​ខ្លាំង​លើស​ពី​រដូវនានា​ហើយ​ការ​ធ្វើ​លំហាត់​ប្រាណ​ធ្ងន់​បែប​នេះ​អាច​បណ្តាល​ឱ្យ​រង​របួស​ទៅ​លើ​ខ្នែង​ឆ្អឹង​កែង​ជើង​ (Heel Spur)​ ជង្គង់​ និង​ឆ្អឹងខ្មង​ ហេតុ​ដូច​នេះ​អ្នក​គួរ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឱ្យ​ខ្លាំង​មែន​ទែន​នៅ​ពេល​ធ្វើ​លំហាត់​ប្រាណ។

3. ក្រចកជើងកប់ និងមិនត្រូវលាបថ្នាំក្រចក ៖



        អ្នក​អាច​ចាប់​ផ្ដើម​ពាក់​ទ្រនាប់​ជើង​ដែល​បិទ​ប្រអប់​ជើង​ជិតៗ​ (Closed-in shoes)​ ក្នុង​អំឡុង​រដូវកាល​នេះ​ដើម្បី​រក្សា​ជើង​ឲ្យ​ក្តៅ។​ ដោយ​សារ​ការ​ពាក់​ទ្រនាប់​ជើង​ប្រភេទ​នេះ​យូរ​ពេក​ និង​ញឹក​ញាប់​ធ្វើ​ឲ្យ​ក្រចក​ជើង​ប្រិយមិត្ត​ដុះ​កប់​ទៅ​ក្នុង​សាច់​វិញ​ ហេតុ​ដូច​នេះ​ការ​ប្រើ​ទ្រនាប់​ជើង​ប្រភេទ​នេះ​ក្នុង​អំឡុង​ពេល​រដូវ​ធ្លាក់​ខ្យល់​ត្រឹម​រយៈ​ពេល​ខ្លី​គឺ​វា​មិន​បណ្ដាល​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ក្រចក​ជើង​អ្នក​ឡើយ។​ មួយ​វិញ​ទៀត​ក្នុង​រដូវកាល​នេះ​អ្នក​មិន​ត្រូវ​លាប​ថ្នាំ​ក្រចក​នោះ​ទេ។​ ព្រោះ​ភាគ​ច្រើន​ជើង​របស់​អ្នក​ត្រូវ​បាន​បិទ​បាំង​ជិត​ដោយ​ស្រោម​ជើង​ និង​ទ្រនាប់​ជើង។​ ការ​បន្ត​លាបថ្នាំ​ក្រចក​ មាន​ន័យ​ថា​ប្រិយមិត្ត​បង្កើន​ឱកាស​នៃ​ការ​កើត​មេ​រោគ​ផ្សិត​ ហេតុ​ដូច្នេះ​ប្រសិន​បើ​អាច​ជៀស​វាង​បាន​គួរ​តែ​កុំលាប​ថ្នាំ​ក្រចក​នៅ​អំឡុង​រដូវ​កាល​នេះ។

4. ស្បែកប្រេះស្ងួត


        ប្រិយមិត្ត​មិន​អាច​ជៀស​ផុត​ពី​ស្បែក​ប្រេះ​ស្ងួត​បាន​ទេ​ព្រោះ​ថា​ស្បែក​នឹង​ចាប់​ផ្ដើម​បាត់បង់​សំណើម​ក្នុង​អំឡុង​ពេល​នៃ​ខែ​រងារ។​ ស្បែក​ជើង​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ច្រើន​បំផុត​គឺ​ថា​វា​អាច​របើក​ (Peel)​ ស្បែក​ទាំង​ផ្ទាំងៗ​ និង​វិវត្ត​ទៅ​ជា​ប្រេះ។​ កម្ដៅ​ដែល​បាន​មក​ពី​ការ​ពាក់​ទ្រនាប់​ជើង​បិទ​ជិត​ និង​ស្រោម​ជើង​អាច​បណ្តាល​ឲ្យ​ជើង​របស់​អ្នក​បែក​ញើស​ឬ​បង្កើន​ហានិភ័យ​នៃ​ការ​កើត​មេរោគ​ស្រែង​ (Tinea)។​ ដូច្នេះ​ប្រិយមិត្ត​ត្រូវ​សម្អាត​ជើង​ផ្លាស់​ប្ដូរ​ស្រោម​ជើង​ និង​ស្បែក​ជើង​ជា​ប្រចាំ។​ បន្ថែម​ពី​នោះ​គឺ​ថា​មុន​ពេល​ដែល​ពាក់​ស្រោម​ជើង​ និង​ទ្រនាប់​ជើង​ត្រូវ​ប្រាកដ​ថា​ជើង​របស់​អ្នក​ស្ងួត៕

Article by HENG CHANMAKARA




SUGGESTIONS