×
Photo by NY KINUT

ប្រពៃណី​ផលិត​សរសៃ​អំបោះ​ពី​ផ្លែ​កប្បាស​ស្ទើរ​តែ​បាត់​បង់​រូប​រាង​ទាំង​ស្រុង​ពី​បេះដូង​ប្រជាពល​រដ្ឋ​ខ្មែរ

 
 

            កប្បាស​គឺ​ជា​រុក្ខជាតិ​ម្យ៉ាង​ដែល​ប្រជា​ពល​រដ្ឋ​ទូ​ទៅ​ច្រើន​និយម​យក​ផ្លែ​របស់​វា​ដែល​មាន​សណ្ឋាន​ជាសំឡីម​កបោក​ច្នៃ​ផលិត​ចេញ​ជា​អំបោះ​សម្រាប់​ត្បាញ​ជា សំពត់ អាវ ក៏​ដូច​ជា​ក្រមា​តាំង​ពី​សម័យ​បុរាណ​កាលមក​ម្ល៉េះ។ បើ​ទោះ​បី​ជា​យ៉ាង​ណា​ដោយ កប្បាស​បច្ចុប្បន្ន​ហាក់​បាន​នឹង​កំពុង​តែ​សាប​រលាប​បន្តិច​ម្តងៗ ពី​ក្នុងដួង​ចិត្ត​កូន​ខ្មែរ​គ្រប់​រូប ដោយ​សារ​តែ​សង្វាក់​ផលិត​កម្ម​នៃ​ការ​ផលិត​អំបោះ​ពី​កប្បាស​នេះ​ហាក់​ដូច​ជា​មាន​ភាពស្មុគ​ស្មាញ​និង​នៅ​តែ​ប្រើ​ប្រាស់​វិធី​សាស្រ្ត​តាម​បែប​បុរាណ ម្យ៉ាង​ការ​ផលិត​អំបោះ​ពី​សសៃរ​សូត្រ​ហាក់​មានការ​ពេញ​និយម​ច្រើន​ជាង​ ក៏​ដូច​ជា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផលិត និង​ផល​ដែល​បាន​មក​ពី​ផលិត​កម្ម​មានភាព​រហ័ស​ទទួល​បាន​ផល​ចំនេញ​បាន​ច្រើន។ យ៉ាង​ណា​មិញ អង្គ​ការ​ធម្មជាតិ​សង្គ្រោះ​កម្ពុជា ក៏​នៅ​តែ​បានខិត​ខំ​ព្យាយាម​ថែ​រក្សា​នូវ​សង្វាក់​ផលិត​កម្ម​មួយ​នេះ​មិន​ឲ្យ​បាត់​បង់ ដោយ​ហេតុ​តែ​មិន​ចង់​ឲ្យ​អ្វី​ដែល​ជា​សា្ន​ដៃរបស់​ខ្មែរ​បាត់​រលាយ​ទៅ។ អង្គ​ការ​ធម្មជាតិ​សង្គ្រោះ​កម្ពុជា បាន​ធ្វើ​ការ​​សិក្សា​គម្រោង​ដាំ​កប្បាស​សរីរាង្គ​នៅ​ឆ្នាំ ២០០៧ និង​សម្រេច​បាន​បង្កើត​គម្រោង​នេះ​នៅ​ឆ្នាំ២០០៩ ក្នុង​ទឹក​ដី​កោះ​ដាច់ ​ទី​ស្ថាន​ដែល​នៅ​សេស​សល់អ្នក​ចេះ​តម្បាញ​ក្បាស​ពី​បរប​បុរាណ​មក ក្នុង​គោល​បំណង​​ចង់​រក្សា​នូវ​ការ​ផលិត​អំបោះ​ពី​កប្បាស​សរីរាង្គ​និង ដើម្បី​ប្រមែ​ប្រមូល​នូវ​​អ្នក​តម្បាញ​ជើង​ចាស់​ដែល​ចេះ​ជំនាញ​មួយ​នេះ ក៏​ដូច​ជា​ចង់​បន្ត​កេរ​ដំណែល សម្រាប់មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ។ យើង​បាន​ខិត​ខំ​សម្រិត​សម្រាំង​ជា​ទី​បំផុត ដើម្បី​ដាំ​កប្បាស​ទៅ​តាម​បទដ្ឋានបច្ចេក​ទេស ដែល​មិន​ប្រើ​ថ្នាំ​គីមី​បន្តិច​ណា​សោះ​ឡើយ សូម្បី​តែ​ពណ៌​ជ្រលក់​អំបោះ​ក៏​ដោយ នេះ​បើ​តាម លោក​ សុខ រស្មី ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល នៃ​អង្គការ​ធម្មជាតិ​សង្គ្រោះ​កម្ពុជា។

 

 

             ជា​ការ​ពិត​ណាស់​ដែរ​ថា ក្រមា​ដែល​ធ្វើ​ពី​កប្បាស​សរីរាង្គ​នេះ​មាន​តម្លៃ​ថ្លៃ​បន្តិច​មែន ប៉ុន្តែ​បើ​យើង​ស្វែង​យល់​ពីដំណើរ​ការ​ផលិត​របស់​ផលិត​ផល​នេះ​វិញ យើង​នឹង​បាន​ដឹង​ថា​វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ ខណៈ​ដែរអ្នក​ដែល​អាច​ផលិត​មាន​ចំនួន​តិច​តួច​បំផុត និង​ភាគ​ច្រើន​សុទ្ធ​តែ​ជា​មនុស្ស​ដែល​មាន​វ័យ​ចំ​ណាស់ ដែល​នៅរស់​រាន​មាន​ជីវិត​ពី​សម័យ​សង្គម​រាស្ត្រ​និយម​មក​នេះ។ មាន​ចម្ការ​នៅ ភូមិ​បា​ដាក់​ខាង​ជើង ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង អង្គ​ការ​ធម្មជាតិ​សង្គ្រោះ​កម្ពុជា នៅ​តែ​ខិត​ខំ​ព្យាយាម​ថែ​ទាំ​ដំណាំ​កប្បាស​មួយ​នេះយ៉ាង​ខ្លាំង​ក្លា បើ​ទោះ​បី​ជា​ដឹង​ថា​ដំណាំ​នេះ​ងាយ​នឹង​ខូច​ខាត និង​មាន​ការ​លំបាក​ក្នុង​ការ​ជ្រើស​រើស​ដី​ក្នុង​ការដាំ​ដុះ​និង​អាកាស​ធាតុ​យ៉ាង​ណា​ក្តី។ ឆ្លង​កាត់​ផលិត​កម្ម ជា​ច្រើន​​តំណាក់​កាល ក្រមា​ដែល​ធ្វើ​ពី​អំបោះកប្បាស​នេះ​បាន​ផលិត​ឡើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ក្រោម​ក្រសែ​ភ្នែក​អ្នក​បញ្ជា​ទិញ​ពី​ប្រទេស​ជប៉ុន ដើម្បី​គូស​បញ្ជាក់​បាន​ថា​ពិត​ជា​ត្រូវ​តាម​ស្តង់​ដារ​ដែល​មិន​បាន​ប្រើ​ជាតិ​គីមី​ពិត​ប្រាកដ​មែន។ ដើម្បី​ផលិត​ជាក្រមា​នេះ​ជា​ដំបូង​គេ​ត្រូវ​បេះ​ផ្លែ​ក​ប្បាស​មក​ហាល​ឲ្យ​ស្ងួត បន្ទាប់​មក​គេ​ត្រូវ​កប្បាស​យក​គ្រាប់​វា​ចេញ  បន្ទាប់មក​​គេ​រមួល​វា​ជា​មួយ​នឹង​រហាត់​ដែល​រវៃ​ដោយ​ដៃ ទើប​គេ​យក​ទៅ​លាង​ទឹក និង​វ៉ៃ​វា​ឲ្យ​ហាប់ មុន​នឹង​រវៃ​ចូលកុង​វិញ។ បន្ទាប់​មក​យក​សរសៃ​អំបោះ​កប្បាស​មក​អន្ទង​ទៀត និង​រមូល​ចូល​កី​ទើប​ចាប់​ផ្ដើម​ត្បាញ​ជា​ក្រមា។