×
Photo by CHUM SINA

មួយ​ប៉ប្រិច​ភ្នែក​សោះ​ប្រាសាទ​អង្គវត្ត​បាន​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​អស់​រយៈ​ពេល​ ២៥ឆ្នាំ​បាត់​ទៅ​ហើយ

 
 

          ថ្ងៃ​​នេះ ២៥​​ឆ្នាំ​​មុន គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ដ៏​ឱឡារឹក​មួយ​គួរ​ជា​ទី​មោទន​ភាព​​បំផុត​សម្រាប់​មហា​គ្រួសារ​ខ្មែរ​ដែល​រស់​នៅ​លើ​ដែន​ដី​សុវណ្ណ​ភូមិ​ដ៏​ពិសិដ្ឋ​មួយ​នេះ​ដែល​មាន​ប្រាសាទ​​អង្គរ​វត្ត​ដ៏​អស្ចារ្យ​ត្រូវ​បាន​ពិភព​លោក​ទទួល​ស្គាល់ ​និង​ឯកច្ឆន្ត​គ្នា​ដាក់​ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​ដើម្បី​ការពារ​ស្នាដៃ​ស្ថាបត្យកម្ម​និង​កេរ​ដំណែល​នៃ​សម្បត្តិ​ដ៏​មហាសាល​មួយ​នេះ​មិន​ឲ្យ​បាត់បង់។

          ២៥​ឆ្នាំ​ក្រោយ​មក​ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ក៏​កើត​មាន​ឡើង​ម្តង​ទៀត​នៅ​លើ​ទី​ឋាន​​តុ​​សិត នៃ​ទឹក​ដី​ខេត្ត​សៀម​រាប​ក្នុង​ពិធី​អប​អរ​សាទរ​ខួប​លើក​ទី​​២៥ នៃ​ការ​ដាក់​បញ្ចូល​រមណីយ​ដ្ឋាន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ក្រោម​ការ​រៀប​ចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​រួម​សហការ​គ្នា​ជាមួយ​នឹង​អាជ្ញាធរ​ជាតិ​អប្សរា​ នៅ​ថ្ងៃ​ទី ១៤ ខែ ឆ្នូ ឆ្នាំ ២០១៧ នេះ ដែល​មាន​ការ​ចូល​រួម​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​យ៉ាង​ច្រើន​កុះ​ករ​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​នេះ​កាន់​តែ​គគ្រឹក​គគ្រេង​ថែម​ទៀត​នោះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏​បាន​បង្កើត​កម្មវិធី​ដាក់​តាំង​​ថត​រូប​ជា​ប្រវត្តិសាស្រ្ត ដែល​មាន​ការ​ចូល​រួម​ពី​មនុស្ស​ម្នា​ប្រមាណ​​ ៣០០០ នាក់ថែម​ទៀត​ផង។ រឹត​តែ​ពិសេសអស្ចារ្យ​​ជាង​នេះ​ទៅ​ទៀត​នោះ នៅ​ក្នុង​ឱកាស​ដ៏​វិសេស​វិសាលនេះ​ក៏​មាន​កម្មវិធី​ សម្តែង​សិល្បៈ​ជាច្រើន​ទម្រង់ ក៏​ដូច​ជា​ការ​ចាក់​បញ្ចាំង​វីដេអូ​អបអរសាទរ​ខួប​លើក​ទី ២៥​នេះ ដែល​ជា​ស្នាដៃ​របស់​យុវជន​កម្ពុជា ព្រម​ទាំង​មាន​ការ​ប្រគុំ​តន្ត្រី​ដ៏​ធំ​មួយ​ថែម​ទៀត​ផង។

          មរតក​​ស្ថាបត្យ​កម្ម​​ដ៏​​រុងរឿង​​​នៃ​​ប្រាសាទ​​អង្គរ​វត្ត​​នេះ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​ពាំនាំ​កិត្តិនាម​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ ហើយ​ក៏​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ទី ១៤ ខែ​ឆ្នូ ឆ្នាំ ១៩៩២ ក្រោម​ម្លប់​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ នា​ទីក្រុង​សាន់​តេ​ហ្វេ សហ​រដ្ឋអាមេរិក។ ប្រាសាទ​ដែល​សាង​សង់​ពី​ថ្ម​ភក់​មួយ​នេះ កសាង​ឡើង​នៅ​ចុង​សតវត្សន៍​ទី​១២ ដើម្បី​ឧទ្ទិស​ដល់​ទេវៈ​នៃ​​ព្រហ្មញ្ញ​​សាសនា ។ ឆ្លង​កាត់​ស្តេច ៤​ជំនាន់ សំណង់​អង្គរ​វត្ត​កសាង​ឡើង​ដោយ​ព្រះ​បាទ​សូរ្យវរ្ម័ន​ទី​២ និង​បញ្ចប់​ដោយ​ព្រះ​បាទ​​ជ័យ​​វរ្ម័ន​​ទី​ប្រាំពីរ​ ហើយ​ក៏​​ត្រូវ​បាន​គេបោះបង់​ចោល​ រួច​រក​ឃើញ​ឡើង​វិញ នៅ​ឆ្នាំ​ ១៨៦០ ដោយ​ជន​ជាតិ​បារាំង​ម្នាក់ ឈ្មោះ ហេនរី មូហត់ (Henri Mouhot)។

          បើ​តាម​គេហទំព័រ Trip Advisor ដែល​ជា​គេហ​ទំព័រ​មគ្គុទេ្ទសក៍​ទេសចរ​ធំ​ជាង​គេ​លើ​ពិភពលោក​ បាន​ផ្តល់​ចំណាត់​ថ្នាក់​លេខ​មួយ ​តំបន់​ទេសចរ​ប្រវត្តិសាស្រ្ត​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ ២០១៧ ដល់​ប្រាសាទ​អង្គរ​វត្ត តាម​រយៈការ​បោះឆ្នោត Traveller’s Choice ហើយ​នេះ​គឺ​ជា​មោទនភាព​មួយ​ទៀត​របស់​ប្រជាជាតិ​កម្ពុជា​យើង​ទាំង​មូល៕

Article by KEO SONG




SUGGESTIONS