×
Photo by DX, VECHELV

បើ​ទៅ​លេង​កោះ​សាមុយ គួរ​កុំ​រំលង​រមណីយ​ដ្ឋាន Hinta Hinyai ឲ្យ​សោះ

 
 

                ប្រមាណ​រយៈ​ពេល​ ១ម៉ោង​ ពី​ទី​ក្រុង​បាងកក​ យើង​បាន​ក្រឡេក​ឃើញ​ទិដ្ឋភាព​យ៉ាង​ស្រស់​បំព្រង​នៃ​កោះ​សាមុយ​តាម​រយៈ​កញ្ចក់​យន្ដហោះ​ ដែល​សម្បូរ​ទៅ​ដោយ​អគារ​រីស្សត​ប្រណីតៗ​ជាប់​នឹង​មាត់​សមុទ្រ​ខៀវ​ស្រងាត់​ អម​ទៅ​ដោយ​ធម្មជាតិ​បៃតង​ ហាក់​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ពេល​វេលា​សម្រាក​លម្ហែកាយ​បាន​ចាប់​ផ្ដើម​ហើយ។ យើង​បាន​ធ្វើ​ដំណើរ​តាម​រយៈ​ជើង​ហោះហើរ ​Bangkok​ Airways​ ​ពី​ភ្នំពេញ​ ទៅ​បាងកក ​ឬ​លោក​អ្នក​អាច​ហោះ​ពី​សៀមរាប​ទៅ​បាងកក​ក៏បាន​ រួច​ប្ដូរ​ជើង​ហោះហើរ​នៅ​បាងកក ដើម្បី​ឆ្ពោះ​មក​កាន់​ដែន​កោះ​ដ៏​សុខសាន្ដ​មួយ​នេះ។

ទិដ្ឋភាព Lounge សម្រាប់​អតិថិជន​របស់ Bangkok​ Airways សម្រាក ឬ​រង់​ចាំ​ជើង​ហោះហើរ​បន្ត

                ពិត​ណាស់ កោះ​សាមុយ គឺ​ជា​កោះ​ទេសចរណ៍​ដ៏​ធំ​មួយ​នៃ​ប្រទេសថៃ​ ដែល​ប្រិយមិត្ត​ទាំង​ឡាយ​តែង​ឮ​ល្បី​ឈ្មោះ​យូរ​មក​ហើយ។ កោះ​សាមុយ គឺ​ជា​កោះ​ធំ​ទី២ បន្ទាប់​ពី​កោះ​ភូកេត ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ស៊ូរ៉ាត់ថានី នៃ​ព្រះរាជាណាចក្រ​ថៃ។ ប្រជាជន​នៅ​លើ​កោះ​ប្រកប​របរ​កសិកម្ម​ងាយៗ​បែប​គ្រួសារ ឬ​នេសាទ និង​ភាគ​ច្រើន​ទៀត​ប្រកប​របរ​ពាក់​ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍។ សេដ្ឋកិច្ច​ចំបង​នៃ​កោះ​សាមុយ​គឺ​ពឹង​ផ្អែក​ទៅ​លើ​វិស័យ​ទេសចរណ៍ និង​ការ​នាំ​ចេញ​នូវ​ដំ​ណាំ​កៅ​ស៊ូ​និង​ដូង។ ដោយ​ហេតុ​ថា​នៅ​លើ​កោះ​នេះ​សម្បូរ​ទៅ​ដោយ​ដើមដូង ដែល​ជា​ដំ​ណាំ​ទ្រ​ទ្រង់​សេដ្ឋកិច្ច​នៃ​កោះ​នេះ ទើប​កោះ​សាមុយ ក៏​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា “​កោះដើមដូង​” ផងដែរ។

                ការ​សម្រាក​លម្ហែ​កាយ​នៅ​លើ​ដែនកោះ ពិត​ជា​ត្រូវ​ការ​សណ្ឋាគារ​រីស្សត​ប្រណីតៗ​ដើម្បី​ស្នាក់​អាស្រ័យ។ អគារ​រីស្សត​ពណ៌​ស​ ដំបូល​ក្បឿង​យ៉ាង​ទំនើប ហ៊ុំព័ទ្ធ​ទៅ​ដោយ​រុក្ខជាតិ​ដើម​ដូង​ ដើម​ស្លា និង​ដើម​ត្នោត​ខ្ពស់​សន្លឹម បាន​បង្ក​ជា​ទេសភាព​គួរ​ជា​ទី​គាប់​ចិត្ត​ក្នុង​ការ​ស្នាក់​នៅឯ​ Novotel​ Samui​ Resort​ ឬ​លាក់​ខ្លួន​ក្នុង​បន្ទប់​វីឡា​ដ៏​ប្រណីត​កប់​ក្នុង​សួន​រុក្ខជាតិ​យ៉ាង​ស្ងប់​ស្ងាត់​នៅ​ឯ​ New​ Star​ Beach​ Resort។ លើស​ពី​នេះ​ទៅ​ទៀត​ ការ​រត់​លេង​លើ​ឆ្នេរ​ខ្សាច់​ដ៏វែង ដេក​អាំង​ថ្ងៃ​ក្បែរ​ដើម​ដូង​ទេរ ឬ​ចុះ​លេង​ទឹក​សមុទ្រ សុទ្ធ​តែ​ជា​សកម្មភាព​ទូ​ទៅ​របស់​ភ្ញៀវ​ទេសចរ​នា​នា​ដែល​មក​កម្សាន្ដ​នៅ​លើ​ដែន​កោះ​នេះ។ ក្រោម​ពន្លឺ​ព្រះ​សុរិយា​ចែង​ចាំង ទេស​ភាព​ពណ៌​ខៀវ​នៃ​សមុទ្រ អម​ដោយ​ពណ៌​បៃ​តង​នៃ​ធម្មជាតិ ពិត​ជា​បាន​បន្ធូរ​ទុក្ខ​កង្វល់​ទាំង​ឡាយ ឲ្យ​រសាត់​ឆ្ងាយ​ទៅ​តាម​វា​យោ​សមុទ្រ។ បើ​លោក​អ្នក​នៅ​តែ​ចុក​រោយ​រាង​កាយ​ ស្ប៉ា​ដ៏​ទំ​នើប​អម​ដោយ​ប​រិយាកាស​ដ៏​ស្រាក​ស្រាន្ដ​នឹង​ជួយ​សម្រាល​នូវ​ភាព​ស្ពឹក​ស្រពន់​យ៉ាង​ឥត​ខ្ចោះ។ យើង​ក៏​បាន​ភ្លក្ស​នូវ​រសជាតិ​ម្ហូប​ថៃ​ភាគ​ខាង​ត្បូង​ដែល​មាន​រសជាតិ​ដិត​ឆ្ងាញ់​ប្លែក​ផង​ដែរ នៅ​ឯ​ភោជនីយដ្ឋាន​នៃ The​ Fair​ House​ Beach​ Resort & Hotel។ គយ​គន់​ទេសភាព​ឆ្នេរ​សមុទ្រ​បណ្ដើរ​ ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​បណ្ដើរ​ អម​ជា​មួយ​នឹង​ផ្លែ​ដូង​ដែល​មាន​រស​ជាតិ​ផ្អែម​និង​ក្រ​អូប​យ៉ាង​ចាប់​ចិត្ត។ ពិសេស​សម្ល Gaeng​ Som ជា​មួយ​គោម​ដូង ពិត​ជា​ប្លែក​មាត់​មែន​ទែន។

New​ Star​ Beach​ Resort

Novotel​ Samui​ Resort

The​ Fair​ House​ Beach​ Resort & Hotel - សម្ល Gaeng​ Som

                ខណៈ​ណា​បាន​មក​ដល់​កោះ​សាមុយ​នេះ​ហើយ គួរ​ណា​កុំ​រំលង​រមណីយដ្ឋាន Hinta​ Hinyai (​ថ្ម​តា​ថ្ម​យាយ​) ដែល​ទី​នេះ​មាន​ផ្ទាំង​ថ្ម​ធំៗ​ជាប់​នឹង​សមុទ្រ ទៀត​សោត ថ្ម​ពីរ​កន្លែង​មិន​ឆ្ងាយ​ពី​គ្នា​មាន​សណ្ឋាន​គួរ​ឲ្យ​ចាប់​អារម្មណ៍ បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ដ និង​ទស្សនា​យ៉ាង​ច្រើន​កុះករ។ ថ្ម​តា​មាន​សណ្ឋាន​ជា​រាង​លិង្គ​ផុស​ឡើង​លើប​ណ្ដុំ​ថ្ម​ធំ​មួយ និង​ថ្ម​យាយ​មាន​រាង​ដូច​យោ​នី​ជាប់​នឹង​ទឹក​សមុទ្រ​តែ​ម្ដង​។ បើ​តាម​ស្លាក​សញ្ញា​នៅ​ទី​នោះ បាន​រៀប​រាប់​ពី​ប្រ​វត្តិ​សាវ​តារ​ថា “​តាម​ការ​តំណាល​ថា មាន​តា​យាយ​ចំ​ណាស់​មួយ​គូ ដែល​មាន​ឈ្មោះ​ថា​ តា​ក្រែង និង​យាយ​រាម រស់​នៅ​លើ​កោះ​សាមុយ​នេះ មាន​កូន​ប្រុស​កម្លោះ​ពេញ​វ័យ​រៀប​ការ​ម្នាក់ ហេតុ​នេះ​យាយ​តា​ទាំង​ពីរ​ក៏​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​កោះ​ជិត​ខាង​ដើម្បី​ទៅ​ដណ្ដឹង​កូន​ក្រមុំ​ពី​តា​ម៉ុងឡៃ។ តែ​ជា​អកុ​សល ទូក​ក៏​លិច​ពេល​កំពុង​ធ្វើ​ដំណើរ ហើយ​តា​យាយ​ទាំង​ពីរ​ហែល​ឆ្លង​មក​ច្រាំង​វិញ​មិន​រួច ក៏​បាត់​បង់​ជីវិត​ទាំង​ទ្វេ​ទៅ ក្រោយ​មក​ក៏​បាន​ប្រែ​ក្លាយ​ជា​ផ្ទាំង​ថ្ម​ទាំង​ពីរ​នេះ ដើម្បី​ជា​សក្ខី​ភាព​បញ្ជាក់​ពី​បំណង​របស់​ពួក​គាត់​មក​ទល់​សព្វ​ថ្ងៃ​”។ ក្រោយ​ពី​ស្វែង​យល់​នូវ​រឿង​ព្រេង​នេះ​ហើយ យើង​ក៏​បាន​អង្គុយ​លេង​ទស្សនា​រលក​បោក​ផ្ទប់​នឹង​ថ្ម​ផុស​ពី​សមុទ្រ​បែក​ជា​ផ្កា​ត្រែង​យ៉ាង​រំ​ភើយ និង​ផ្ដិត​យក​រូប​ភាព​ទុក​ជា​អនុស្សា​វរីយ៍​សម្រាប់​ដំ​ណើរ​កម្សាន្ដ​នៅ​កោះ​សាមុយ​នេះ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ខ្លះ​ទៀត​កំពុង​ដើរ​ទិញ​វត្ថុ​អនុស្សា​វរីយ៍ ឬ​នំ​នេក​នា​នា​នៅ​ក្បែរ​នោះ​ផង​ដែរ។

Hinta​ Hinyai (​ថ្ម​តា​ថ្ម​យាយ​)

          មួយ​វិញ​ទៀត កុំ​ភ្លេច​ទៅ​លេង​វត្ត​ប្រាយៃ (​Wat​ Phra​ Yai​) ដែល​មាន​ព្រះ​ពុទ្ធ​ប្បដិមា​ដ៏​ធំ ពិ​សេស​ពុទ្ធ​សា​សនិក​ទាំង​ឡាយ។ ព្រះ​ពុទ្ធប្បដិមា​ពណ៌​មាស​នេះ មាន​កំពស់​១២​ម៉ែត្រ ត្រូវ​បាន​សាង​សង់​តាំង​ពី​ឆ្នាំ​១៩៧២ ហើយ​ក៏​បាន​ក្លាយ​ជា​ទី​ដៅ​សំខាន់​ប្រ​ចាំ​កោះ​សាមុយ​ផង​ដែរ។ នៅ​ប​រិវេណ​ខាង​ក្រៅ​វត្ត​នេះ មាន​រៀប​ចំ​ជា​តូប​តូចៗ​លក់​ទំនិញ​នា​នា​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​កាន់​ទី​នេះ​ផង​ដែរ។

វត្ត​ប្រាយៃ (​Wat​ Phra​ Yai​)

         ងាក​មក​កំសាន្ត​នា​ពេល​រាត្រី​វិញ ផ្សារ​រាត្រី​គឺ​ជា​សកម្មភាព​កម្សាន្ដ​មួយ​ទៀត​ដែល​ពេញ​និយម​នៅ​កោះ​សាមុយ ដោយ​សម្បូរ​ទៅ​ដោយ​គ្រឿង​ឧបភោគ​បរិភោគ​នា​នា ភ្ញៀវ​ទេសចរ​ព្រោង​ព្រាត​ដើរ​លេង​យ៉ាង​អ៊ូអរ ហាក់​សកម្ម​ជាង​ពេល​ថ្ងៃ​ទៅ​ទៀត។ យើង​បាន​អង្គុយ​ផឹក​ស្រា​ក្រ​ឡុក​ និង​ជជែក​គ្នា​នៅ​លើ​ឆ្នេរ​ខ្សាច់​ឯ Coco​ Tam's​ ទៀត​សោត​ម៉ោង​ប្រមាណ​៩​យប់ យើង​ទើប​ចាប់​អារម្មណ៍​ថា​នៅ​ទី​នេះកក​កុញ​ទៅ​ដោយ​មនុស្ស​ម្នា​ជា​ច្រើន តាម​ពិត​ដោយ​សារ​តែ​ការ​សម្ដែង Fire​ Dance​ បាន​ចាប់​ផ្ដើម ដើម្បី​កំ​ដរ​អារម្មណ៍​ទេសចរ​ទាំង​ឡាយ​នា​រាត្រី​ដ៏​រមនា​នេះ៕

Brought by BANGKOK AIRWAYS, Article by Leng Chanreasey




SUGGESTIONS