×
Image Courtesy: SOVRIN

មត៌ក​សិប្បកម្ម​កុលាភាជន៍​បែប​ប្រពៃណី​របស់​សហគមន៍​ទេសចរណ៍​ភូមិ​អណ្តូងប្ញស្សី

 
 

          “ […] ស្រអែម​លាក់​ខ្លួន​ខំពួន​ធ្វើ​ឆ្នាំង​ បង​ឈរ​មើល​ភាំង​ភ្លេច​អស់​អ្វីៗ​ កន្ទុយ​ភ្នែក​អូន​ជំនួស​សម្តី​ អៀន​ភ្ញៀវកវី​ អូន​ស្តី​បែរ​ខ្នង…”​ ជា​ខ្លឹម​សារ​ដ៏​មាន​អត្ថន័យ​នៃ​បទ​ “ស្រអែម​លាក់ខ្លួន”​ ដែល​ជា​បទ​ចម្រៀង​មួយ​បទ​ដ៏​មាន​ប្រជាប្រិយ​ ភាព​មិន​ចេះ​សាប​រលាប​របស់​អធិរាជ​សម្លេង​មាស​ ស៊ីន ស៊ីសាមុត​ ឆ្លុះ​បញ្ចាំង​អំពី​មន្ត​ស្នេហ៍​នារី​កុម្ភការ​ (ស្មូន​ក្អម​ឆ្នាំង)​ ដ៏​ស្រស់​ស្អាត​រស់​នៅ​ទឹក​ដី​ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង​ ដែល​មាន​ជំនាញ​ប៉ិន​ប្រសប់​ក្នុង​ការ​ផលិត​ក្អមឆ្នាំង​ត​ពី​ដូនតា។​ ទស្សនីយភាព​នេះ​នៅ​តែ​កើត​មាន​ឡើង​ក្នុង​សហគមន៍​ទេសចរណ៍​ភូមិ​អណ្តូងប្ញស្សី​ ឃុំ​ស្រែថ្មី​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង​ ដែល​ត្រូវ​បាន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ទាំង​ឡាយ​ស្គាល់​ច្បាស់​ថា​ជា​មជ្ឈមណ្ឌល​ផលិត​គ្រឿង​កុលាភាជន៍​ ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ដោយ​សារ​តែ​មាន​សក្តានុពល​ខ្លាំង​ខាង​ឯកទេស​សិប្បកម្ម​ធ្វើ​អំពី​ដី​ ភូមិ​នេះ​មាន​កេរ្តិ៍ឈ្មោះ​បោះ​សម្លេង​ ហើយ​ត្រូវ​បាន​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​នាំ​គ្នា​ទៅ​ទស្សនា​កំសាន្ត​ និង​សិក្សា​ស្វែង​យល់​ជា​រៀង​រាល់​ថ្ងៃ​ មិន​ចេះ​ដាច់​ឡើយ​ ទោះ​ក្នុង​រដូវ​ណា​ក៏​ដោយ​ ហើយ​ចំនួន​ភ្ញៀវ​ទៀត​សោត​ក៏​មាន​ការ​កើន​ឡើង​ពី​មួយឆ្នាំ​ ទៅ​មួយឆ្នាំ​ផង​ដែរ។

          ប្រសិន​បើ​ភ្ញៀវ​ទេសចរ​ចង់​ទៅ​ទស្សនា​ភូមិ​អណ្តូងប្ញស្សី​ ពួក​គេ​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​នោះ​តាម​ជម្រើស​ផ្លូវ​ពីរ។​ ទីមួយ​គឺ​ ធ្វើ​ដំណើរ​ហួស​ទី​រួម​ខេត្ត​កំពង់ឆ្នាំង​ទៅ​ជើង​តាម​បណ្តាយ​ផ្លូវ​ជាតិ​លេខ៥​ រហូត​ដល់​ខ្លោង​ទ្វារ​វត្ត​ភ្នំធម្មវ័ន​ ទើប​បត់​ចូល​ ដល់​ជើង​ភ្នំ​រួច​បត់​ឆ្វេង​ រីឯ​ជម្រើស​ទីពីរ​ គឺ​ធ្វើ​ដំណើរ​ដល់​ទី​រួម​ខេត្ត​ បត់​ឆ្វេង​មក​ទិស​ខាង​លិច​តាម​ផ្លូវ​ជាតិ​លេខ៥៣​ ទើប​ចាក់​ឡើង​មក​ភូមិ​អណ្តូងប្ញស្សី​វិញ។​ ភូមិ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ជើង​ភ្នំ​ក្រាំងដីមាស​តែ​ម្តង។​ ដោយ​សារ​តែ​បែប​នេះ​ហើយ​ ទើប​ទី​នេះ​ក្លាយ​ជា​កន្លែង​ដ៏​ពិសិដ្ឋ​ក្នុង​ការ​ផលិត​ក្អមឆ្នាំង​តាំង​ពី​បរមបុរាណ​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ព្រោះ​សង្វាក់​ផលិតកម្ម​នេះ​ត្រូវ​ការ​ដីឥដ្ឋ​ធ្វើ​ជា​វត្ថុ​ធាតុដើម​ដ៏​ចាំបាច់​បំផុត​ ហើយ​អ្នក​ស្រុក​កំពង់ឆ្នាំង​បាន​អះអាង​ថា​ មាន​តែ​ដី​មក​ពី​ភ្នំ​ក្រាំងដីមាស​តែ​មួយ​កន្លែង​គត់​ដែល​ប្រើប្រាស់​ក្នុង​ការ​ផលិត​ក្អមឆ្នាំង​ឲ្យ​មាន​គុណភាព​ខ្ពស់​ និង​សោភ័ណភាព​ក្រហម​ភ្លឺរលាង​ស្អាត​ ខុស​ប្លែក​ពី​ប្រភេទ​ដី​នៅ​កន្លែង​ដទៃ​ទៀត​ទូទាំង​ប្រទេស។

​ភ្នំ​ក្រាំងដីមាស​

          ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្រាល​កៅស៊ូ​ដ៏​ស្រស់ស្អាត​នៅ​ក្បែរ​ជើង​ភ្នំ​អម​ដោយ​វាល​ស្រែ​វាល​ស្រូវ​ខៀវ​ស្រងាត់​ យើង​ឃើញ​អ្នក​ភូមិ​ដាក់​តាំង​បង្ហាញ​លក់​គ្រឿង​កុលាភាជន៍​ជា​ច្រើន​ប្រភេទ​ចម្រុះ​លាយ​ឡំ​គ្នា​នៅ​ក្នុង​តូប​ដែល​សង់​ជាប់​មាត់​ផ្លូវ​ដែល​ក្នុង​នោះ​រួម​មាន​ដូច​ជា​ ក្អម​ ឆ្នាំង​ ចង្រ្កាន​ ថូផ្កា​ ផើងតូចធំ​ ជើង​ទម្រទៀន​ រូបសត្វ​ និង​វត្ថុ​អនុស្សាវរីយ៍​តុបតែង​លម្អ​ផ្សេងៗ​ គួរ​ឲ្យ​ចង់​ចូល​មើល​ផ្តិត​យក​រូបភាព​ជា​ពន់​ពេក។​ ជា​មួយ​ស្នាម​ញញឹម​រួសរាយ​រាក់ទាក់​ គួប​ផ្សំ​នឹង​សម្តី​ទន់ភ្លន់​សុភាព​រាបសា​ បងស្រី​ ឃឹម ទីន​ អាជីវករ​គ្រឿង​កុលាភាជន៍​ក្នុង​ភូមិ​អណ្តូងប្ញស្សី​ បាន​រៀប​រាប់​ប្រាប់​ សូវរីន​ ថា​ ក្អម​ឆ្នាំង​ទាំង​អស់​នេះ​ត្រូវ​បាន​គាត់​ដើរ​ប្រមូល​ទិញ​ពី​អ្នក​ភូមិ​ដែល​រស់​នៅ​ក្នុង​ភូមិ​អណ្តូងប្ញស្សី​នេះ​ឯង​ ព្រោះ​ក្នុង​ភូមិ​គាត់​ ស្ទើរ​តែ​គ្រប់​គ្រួសារ​ហើយ​ដែល​ប្រកប​របរ​ធ្វើ​ក្អមឆ្នាំង​ ចង្រ្កាន​ និង​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ដីដុត​ “បង​ប្រមូល​ពី​អ្នក​ភូមិ​ ហើយ​អ្នក​ដឹក​ចែកចាយ​ គេ​មក​យក​ពី​បង​ទៅ​លក់​ទៀត។​ ភាគ​ច្រើន​ (នៃ​អ្នក​ទិញ)​ គឺ​អ្នក​ជិតៗ​យើង​ហ្នឹង​ណា​ ខាង​បាញ់​ឆ្គោល​ ខាង​ឃ្លៃ​ (ឈ្មោះ​ភូមិ​ក្នុង​ស្រុក​រលាប្អៀរ)។​ គេ​យក​ទៅ​លក់​គ្រប់​ខេត្ត។”​

          បង​ស្រី​បាន​អះអាង​ថា​ ចំពោះ​ផលិតផល​ក្អមឆ្នាំង​បែប​បុរាណ​ គឺ​មាន​តែ​ចាស់ៗ​ក្នុង​ភូមិ​ទេ​ដែល​នៅ​ធ្វើ​ រីឯ​ក្មេងៗ​ ជំនាន់​ក្រោយ​និយម​ធ្វើ​ប្រភេទ​គ្រឿង​តាំង​លម្អ​ ឬ​វត្ថុ​អនុស្សាវរីយ៍​ម៉ូដថ្មីៗ​ សម្រាប់​បម្រើ​តាម​តម្រូវ​ការ​អ្នក​ប្រើប្រាស់​សម័យ​ថ្មី។​ ក្អម​ដែល​បង​ស្រី​លក់​មាន​បី​ទំហំ​គឺ​ ទំហំ​ធំបំផុត​ប្រើ​សម្រាប់​ដាក់​ទឹក​ មួយ​មាន​តម្លៃ​៨០០០រៀល​ ទំហំ​កណ្តាល​ប្រើ​សម្រាប់​ដាក់​គល់​ដំណាំ​ឲ្យ​ត្រជាក់​ ឬ​សម្រាប់​បណ្តុះ​សណ្តែក​បណ្តុះ​ មួយ​មាន​តម្លៃ​៣៥០០រៀល​ និង​ទំហំ​តូច​ប្រើ​សម្រាប់​លេង​ល្បែង​វាយ​ក្អម​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឬ​សម្រាប់​រំដោះគ្រោះ​ មួយ​មាន​តម្លៃ​ត្រឹម​តែ​១០០០រៀល​ប៉ុណ្ណោះ។​ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ បង​ស្រី​បាន​បញ្ជាក់​ថា​ ក្អមឆ្នាំង​អាច​ធ្វើ​បាន​គ្រប់​ទំហំ​ទាំង​អស់​អាស្រ័យ​តាម​ការ​បញ្ជា​ទិញ​ជាក់​ស្តែង​របស់​អតិថិជន។​ ក្នុង​មួយ​ថ្ងៃ​ បងស្រី​អាច​លក់​បាន​ក្អមឆ្នាំង​ជា​អតិបរមា​ប្រមាណ​ពី​១០-២០​ តែ​ថ្ងៃ​ខ្លះ​ក៏​អត់​ដែរ​ “តាម​ម៉ូយ​មក​យក​ គេ​មិន​យក​ច្រើន​ទេ!​ គេ​ដាក់​លាយ​ជា​មួយ​ចង្រ្កាន​ មាន​គ្រប់​មុខ​អ៊ីចឹង​ទៅ!​ យើង​ចេះ​តែ​ទទួល​ពី​ភូមិ​មក​​ យក​មក​ដាក់​គរ​នៅ​ហ្នឹង!”។​ ដោយ​ឡែក​សម្រាប់​ភ្ញៀវ​ទេសចរ​ គឺ​លក់​ដាច់​ ប្រហាក់​ប្រហែល​គ្នា​ ទាំង​ក្អមឆ្នាំង​ ទាំង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ទៀត​ គ្រាន់​តែ​វា​មាន​តម្លៃ​ខុស​គ្នា​ទៅ​តាម​ប្រភេទ​ និង​ទំហំ​នីមួយៗ។

            ដើម្បី​ចូល​រួម​អភិរក្ស​សិប្បកម្ម​ប្រពៃណី​ប្រចាំ​តំបន់​នេះ​ បងស្រី​បាន​ចែក​រំលែក​ត្រួសៗ​ អំពី​ដំណាក់​កាល​នៃ​ការ​ផលិត​ក្អមឆ្នាំង​ប្រាប់​ប្រិយមិត្ត​ សូវរីន​ ថា​ ដំបូង​គេ​ត្រូវ​យក​ដី​ដែល​ជីក​បាន​ពី​ភ្នំ​មក​ច្របាច់​ឲ្យ​សព្វ។​ បន្ទាប់​មក​ ត្រូវ​យក​ដុំដី​ដែល​ច្របាច់​រួច​នោះ​មក​ប៉ែន​អោយ​ចេញ​ជា​រាង​ប៉ោង​តាម​ដែល​យើង​ចង់​បាន​ជា​រាង​ក្អម​ ឬ​ឆ្នាំង​ ហើយ​ភ្ជិត​បាត​វា​ឲ្យ​ជិត​ល្អ។​ បន្ទាប់​មក​ទៀត​ ទើប​គេ​យក​ក្អម​ឆ្នាំង​ដែល​ប៉ែន​ហើយ​ទៅ​ហាល​ថ្ងៃ​ប្រហែល​១-២​ថ្ងៃ​ ប៉ុន្តែ​បើ​មេឃភ្លៀង​ មិន​សូវ​មាន​ថ្ងៃ​ល្អ​ គេ​ត្រូវ​បន្ត​ហាល​រហូត​ដល់​៥ថ្ងៃ​ទៅ​១សប្តាហ៍​ក៏​មាន។​ ចុង​ក្រោយ​គេ​ត្រូវ​យក​ក្អមឆ្នាំង​ដែល​ហាល​ស្ងួត​ល្អ​ទៅ​ដុត​ឲ្យ​បាន​រយៈ​ពេល​២ម៉ោង។​ ការ​ដុត​ក្អមឆ្នាំង​គឺ​ខុស​ពី​ការ​ដុត​សម្ភារៈ​ធ្វើ​ពី​ដី​ផ្សេង​ទៀត​ត្រង់​ថា​ គេ​ត្រូវ​ដុត​កណ្តាល​វាល​ មិន​កំណត់​ចំនួន​ដូច​ដុត​ក្នុង​ឡឡើយ​ ពោល​គឺ​ធ្វើ​បាន​តិច​ ដុត​តិច​ ធ្វើ​បាន​ច្រើន​ ដុត​ច្រើន។

          បងស្រី​បាន​បន្ថែម​ថា​ តាម​រយៈ​បទ​ពិសោធន៍​នៃ​ការ​លក់​គ្រឿង​កុលាជន៍​គ្រប់​មុខ​អស់​រយៈ​ពេល​ប្រមាណ​១០ឆ្នាំ​មក​នេះ​ បងស្រី​សង្កេត​ឃើញ​ថា​ មាន​ភ្ញៀវ​ទេសចរ​មក​ជា​លក្ខណៈ​កញ្ចប់​ទស្សនកិច្ច​មក​ទស្សនា​ការ​ដាក់​តាំង​លក់​ និង​សកម្មភាព​ផលិត​សិប្បកម្ម​ប្រពៃណី​នៅ​ភូមិ​អណ្តូងប្ញស្សី​យ៉ាង​ច្រើន​កុះករ​ ប៉ុន្តែ​ភ្ញៀវ​បរទេស​ទាំង​នោះ​ភាគ​ច្រើន​ គ្រាន់​តែ​មក​មើល​ មិន​សូវ​បាន​ទិញ​ទេ​ ព្រោះ​ពិបាក​ក្នុង​ការ​វេចខ្ចប់​យក​ទៅ​ក្រៅ​ស្រុក​ គឺ​មាន​តែ​មនុស្ស​ក្នុង​ស្រុក​ ដែល​និយម​ជួយ​ជាវ​យក​ទៅ​លក់​បន្ត​ និង​ប្រើប្រាស់។​ ជា​ចុង​ក្រោយ​ បងស្រី​សូម​ផ្តាំ​ផ្ញើ​ដល់​ភ្ញៀវ​ទេសចរ​ទាំង​អស់​ ដែល​មាន​បំណង​មក​លេង​កម្សាន្ត​នៅ​ខេត្ត​កំពង់ឆ្នាំង​ សូម​កុំ​ភ្លេច​ជួយ​ឆៀង​ចូល​មក​គាំទ្រ​ផលិតផល​ស្នាដៃ​កូន​ខ្មែរ​ក្នុង​សហគមន៍​ទេសចរណ៍​ភូមិ​អណ្តូងប្ញស្សី​នេះ​ផង​ ដើម្បី​ចូល​រួម​លើក​ស្ទួយ​ជីវភាព​ប្រជាជន​ក្នុង​តំបន់​ក៏​ដូច​ជា​ជួយ​អភិរក្ស​សិប្បកម្ម​ដូន​តា​មួយ​នេះ​កុំ​ឲ្យ​បាត់​បង់៕

Article by SRIN SOKMEAN




SUGGESTIONS