×
Image Courtesy: SOVRIN

ម៉ាស្ការ៉ា​គឺ​ជា​ជំនួយ​ការ​ដ៏​សំខាន់​សម្រាប់​ការ​លើក​ទម្រង់​រោម​ភ្នែក​ឱ្យ​ទទួល​បាន​ភាព​ទាក់​ទាញ

 
 

          ម៉ាស្ការ៉ា​ជា​គ្រឿង​សម្អាង​មួយ​ប្រភេទ​ដែល​មិត្ត​នារី​លាប​ដើម្បី​ជំនួយ​រោម​ភ្នែក​ឲ្យ​មាន​ភាព​ក្រាស់​ ង​ និង​ស្រស់​ស្អាត។​ មិត្ត​នារី​មួយ​ចំនួន​តែង​មាន​បញ្ហា​ក្នុង​ការ​ជ្រើស​រើស​ម៉ាស្ការ៉ា​ឲ្យ​ត្រូវ​ជា​មួយ​នឹង​តម្រូវ​ការ​របស់​ខ្លួន។​ ម៉ាស្ការ៉ា​មាន​ច្រើន​ប្រភេទ​ខុសៗ​គ្នា​ ហើយ​រាង​រោម​ភ្នែក​របស់​យើង​នឹង​ផ្លាស់​ប្តូរ​ទៅ​តាម​ប្រភេទ​នៃ​ម៉ាស្ការ៉ា​ទាំង​អស់​នោះ។​ ដូច្នេះ​យើង​នាំ​គ្នា​មក​ស្វែង​យល់​ពី​ប្រភេទ​ម៉ាស្ការ៉ា​ដែល​ សូវរីន​ នឹង​ធ្វើ​ការ​បង្ហាញ​ជូន​ដល់​មិត្ត​នារី​ទុក​គ្រាន់​ជា​ចំណេះ​ដឹង​ល្អៗ​ ក្នុង​ការ​ជ្រើស​រើស​ម៉ាស្ការ៉ា​ដូច​ខាង​ក្រោម​នេះ៖

          ជា​ដំបូង​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា​តើ​អ្នក​ចង់​បាន​ម៉ាស្ការ៉ា​ដែល​ធន់​នឹង​ទឹក​ ឬ​ម៉ាស្ការ៉ា​ធម្មតា?​ ទាំង​ពីរ​ប្រភេទ​នេះ​មាន​ទាំង​ផល​លំបាក​ និង​អត្ថប្រយោជន៍​ដូច​គ្នា។​ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ការ​តុបតែង​បែប​ធម្មជាតិ​ ម៉ាស្ការ៉ា​ធម្មតា​ជា​ម៉ាស្ការ៉ា​ដែល​សក្តិសម​សម្រាប់​អ្នក​បំផុត។​ ព្រោះ​វា​មាន​ធាតុ​ផ្សំ​ដែល​ស្រាល​សក្តិសម​នឹង​ការ​តុបតែង​បែប​ធម្មជាតិ។​ តែ​អ្វី​ដែល​ជា​ផល​វិបាក​វិញ​នោះ​ វា​នឹង​ប្រតាក​ប្រសិន​វា​ត្រូវ​ទឹក។​ ផ្ទុយ​ទៅ​វិញ​ចំពោះ​ម៉ាស្ការ៉ា​ដែល​ធន​នឹង​ទឹក​ជា​ប្រភេទ​ម៉ាស្ការ៉ា​ដែល​សក្តិសម​បំផុត​ក្នុង​រដូវក្តៅ​ និង​រដូវភ្លៀង។​ សម្រាប់​អ្នក​ដែល​ចង់​បាន​រោម​ភ្នែក​ក្រាស់​ អ្នក​គួរ​ជ្រើស​រើស​ម៉ាស្ការ៉ា​ប្រភេទ​ធន​នឹង​ទឹក​នេះ។​ ប៉ុន្តែ​អ្វី​ដែល​ពិបាក​ចំពោះ​ម៉ាស្ការ៉ា​ប្រភេទ​នេះ​ គឺ​វា​ពិបាក​ក្នុង​ការ​លាង​ចេញ​បន្តិច។​ លុះត្រា​តែ​អ្នក​ប្រើ​ទឹក​ជូត​គ្រឿង​សម្អាង​ដើម្បី​ជា​ជំនួយ​ទើប​មាន​ភាព​ងាយ​ស្រួល។​ បន្ថែម​ពី​លើ​ប្រភេទ​ម៉ាស្ការ៉ា​ទាំង​ពីរ​នេះ​នៅ​មាន​ម៉ាស្ការ៉ា​៣ប្រភេទ​ទៀត​ដែល​អ្នក​គួរ​យល់​ដឹង​អំពី​ការ​ប្រើប្រាស់​របស់​វា។

          មួយ​ក្នុង​ចំណោម​ម៉ាស្ការ៉ា​ទាំង​បី​នោះ​គឺ​ម៉ាស្ការ៉ា​ប្រភេទ​ម៉្សៅ​ ដែល​អ្នក​អាច​នឹង​មាន​ចម្ងល់​ ព្រោះ​ម៉ាស្ការ៉ា​ប្រភេទ​នេះ​ពុំ​សូវ​មាន​លក់​នៅ​លើ​ទីផ្សារ​នោះ​ទេ។​ ម៉ាស្ការ៉ា​ប្រភេទ​នេះ​តម្រូវ​ឲ្យ​យើង​មាន​ការ​លាយ​ផ្សំ​ជា​មុន​សិន​ទើប​យើង​អាច​ប្រើប្រាស់​បាន។​ ដោយ​សារ​វា​ជា​ប្រភេទ​ម៉្សៅ​ យើង​លាយ​ទឹក​ ២​ ទៅ​ ៣​តំណក់​សិន​មុន​នឹង​លាប​នៅ​លើ​រោម​ភ្នែក។​ បន្ទាប់​មក​ទៀត​គឺ​ម៉ាស្ការ៉ា​ប្រភេទ​គ្រីម​ដែល​សក្តិសម​ចំពោះ​អ្នក​ដែល​មាន​រោមភ្នែក​ស្តើង​ និង​មាន​ភាព​រង្វើល។​ សាធាតុ​នៃ​សាច់​គ្រីម​របស់​ម៉ាស្ការ៉ា​នោះ​នឹង​ធ្វើ​ឲ្យ​ភ្នែក​អ្នក​មាន​ទម្រង់​ស្អាត។​ ចុង​ក្រោយ​គឺ​ម៉ាស្ការ៉ា​ប្រភេទ​ទឹក​ ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​ និង​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ទិញ។​ ប្រសិន​បើ​រោម​ភ្នែក​អ្នក​មិន​សូវ​ក្រាស់​ ង​ អ្នក​គួរ​ជ្រើស​ប្រើ​នូវ​ម៉ាស្ការ៉ា​ប្រភេទ​នេះ​ ព្រោះ​វា​នឹង​ជួយ​បន្ថែម​ការ​បត់​បែន​នៃ​រោម​ភ្នែក​របស់​អ្នក​ឲ្យ​កាន់​តែង​ និង​មាន​ភាព​ស្រស់​ស្អាត។ 

          បន្ថែម​ពី​លើ​ការ​ជ្រើស​រើស​ប្រភេទ​ម៉ាស្ការ៉ា​នេះ​ហើយ​ ការ​ជ្រើស​រើស​ជក់​របស់​វា​ក៏​មាន​សារៈ​សំខាន់​ផង​ដែរ។​ ដោយ​វា​មាន​រូប​រាង​ ​និង​​មុខ​ងារ​ប្រើ​ប្រាស់​ខុសៗ​គ្នា​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​ដែល​អ្នក​ចង់​បាន។​ សម្រាប់​អ្នក​ដែល​មាន​រោម​ភ្នែក​សរសៃ​តូចៗ​ ជក់​ដែល​មាន​មុខ​ត្រង់​ និង​តូច​ជា​ជក់​ដែល​ត្រូវ​ជា​មួយ​នឹង​រោម​ភ្នែក​អ្នក​បំផុត។​ ចង់​បាន​រោម​ភ្នែក​ដែល​មាន​រាង​វែង​ និង​មាន​សភាព​រៀប​រយ​ដូច​ជា​សក់​ដែល​បាន​សិត​រួច​នោះ​ អ្នក​គួរ​ប្រើ​ជក់​ដែល​មាន​មុខ​វែង​ឬ​ជក់​ដែល​មាន​មុខ​ដូច​ក្រាស់​សិត​សក់។​ ចំពោះ​ជក់​ដែល​មាន​មុខ​ធំ​ហើយ​ក្រាស់​នឹង​ជួយ​បន្ថែម​កម្រាស់​នៃ​ម៉ាស្ការ៉ា​នៅ​លើ​រោម​ភ្នែក​ដើម្បី​ឲ្យ​រោម​ភ្នែក​មាន​រាង​ក្រាស់​ ហើយ​ស្រស់​ស្អាត។​ ចំណែក​ឯ​ជក់​ដែល​មាន​រាង​កោង​វិញ​នឹង​បន្ថែម​ទម្រង់​រោម​ភ្នែក​ឲ្យ​មាន​រាង​កោង​ ព្រម​ទាំង​ជួយ​លើក​រោម​ភ្នែក​ឡើង​ដើម្បី​ឲ្យ​ភ្នែក​មាន​រាង​កាន់​តែ​ស្អាត​ថែម​ទៀត៕ 

Article by TITH RATHA




SUGGESTIONS