×
SOVRIN

ទំនៀម​ទម្លាប់​ និង​ប្រពៃណី​នៃ​ពិធី​បុណ្យ​គ្រិស្ត​ស្មាស​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង

 
 

        ជា​រៀង​រាល់​ថ្ងៃ​២៥ ធ្នូ ប្រជាជន​ភាគ​ច្រើន​នៅ​ក្នុង​ពិភព​លោក ដែល​កាន់​សាសនា​គ្រិស្ត​តែង​តែ​ប្រារព្វ​ពិធី​អបអរសាទរ​មួយ​ដែល​គេ​ហៅ​ថា បុណ្យ​ណូ​អែល ជា​ភាសា​បារាំង ឬ បុណ្យ​គ្រិស្តស្មាស ជា​ភាសា​អង់គ្លេស។ ថ្ងៃ​នោះ​គឺ​ជា​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​គ្រិស្ត​ចាប់​កំណើត និង​បាន​ក្លាយ​ជា​ថ្ងៃ​សម្រាក​បុណ្យ​ជាតិ​របស់​អ្នក​រស់​នៅ​បស្ចិម​ប្រទេស​អស់​ពេល​ជា​ច្រើន​ទសវត្ស​មក​ហើយ។ ប្រជាជន​នៅ​បស្ចិម​ប្រទេស តែងតែ​ទន្ទឹង​រង់​ចាំ​ថ្ងៃ​ពិសេស​នេះ​មក​ដល់​ជា​រៀងរាល់ឆ្នាំ ដើម្បី​ប្រារព្ធ​ពិធី​ជួបជុំ និង​ទទួល​ពរ​ពី​លោក​តា​សាន់តា ដែល​គេ​ជឿ​ថា​នឹង​មក​ចែក​កាដូ​ដល់​ពួក​គេ​នា​យប់​មុន​ថ្ងៃ​ណូអែល។ គេ​មាន​ជំនឿ​ថា លោក​តា​សាន់តា នឹង​មក​ជួប​ពួក​គេ​នៅ​ពេល​យប់​មុន​ថ្ងៃណូអែល ឬ​នៅ​ពេល​ព្រឹក​ថ្ងៃ​ណូអែល។ ដោយ​សារ​តែ​ជំនឿ​ទាំង​នោះ​ប្រជាជន​នៅ​បស្ចិម​ប្រទេស​ច្រើន​តែ​នៅ​ទន្ទឹង​រង់​ចាំ​លោក​តា​សាន់តា​ជា​រៀងរាល់​ឆ្នាំ ដោយ​បើក​ទ្វារ​ផ្ទះ​រង់ចាំ​ស្វាគមន៍​លោកតា នៅ​ពេល​ពាក់​កណ្តាល​អាធ្រាត្រ។

        នៅ​យប់​ថ្ងៃ​ទី២៤ ធ្នូ នេះដែរ គឺ​ជា​យប់​ដែល​គេ​រៀប​ចំ​កម្មវិធី​ជួប​ជុំ​នៅ​ក្នុង​គ្រួសារ ឬ​មិត្តភក្តិ។ ថ្ងៃ​នេះ​ក៏​ចាត់​ជា​ថ្ងៃ​ពិសេស​មួយ​ដែរ ក្នុង​ពិធី​បុណ្យ​ណូអែល។នៅ​បស្ចិម​ប្រទេស​គេ​ហៅ​យប់​មុន​ថ្ងៃ​ណូអែល​មក​ដល់​ថា Christmas Eve ដែល​មក​ពី​ពាក្យ​ថា Christmas Evening។ នៅ​តាម​កន្លែង​សំខាន់ៗ​មួយ​ចំនួន មាន​តុប​តែង​ដោយ​ដើម​ណូអែល​តូច​ធំ​ជា​ច្រើន រួម​ទាំង​កណ្តឹង និង​គ្រឿង​តុប​តែង​ជា​ច្រើន​ទៀត​ផង​ដែរ។ ​ប្រជាជន​តែង​តែ​មក​ជួប​គ្នា​ដើម្បី​ទទួល​ទាន​អាហារ អាំង​សាច់ ជជែក​គ្នា​លេង​និង​មាន​កម្មវិធី​ជូន​កាដូ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង។ បទ​ចម្រៀង​ប្រពៃណី​សម្រាប់​បុណ្យ​ណូអែល ត្រូវ​បាន​ប្រ​គំ​ស្ទើរ​គ្រប់​ទី​កន្លែង​នៅ​តាម​ផ្ទះ​នីមួយៗ។ មិន​តែ​ប៉ុណ្ណោះ នៅតាម​ផ្ទះ​នីមួយៗ​ភាគ​ច្រើន​សុទ្ធ​សឹង​តែ​បាន​រៀបចំ​តុបតែង ដោយ​ដើម​ណូអែល​ដែល​គេ​មិន​ដែល​ភ្លេច​ឡើយ។ 

        មក​ដល់​ថ្ងៃ​ណូអែល​គឺ​ជា​ថ្ងៃ​ល្អ​មួយ​ដែល​បណ្តេញ​រឿង​ចង្រៃ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ជីវិត។ គេ​មាន​ជំនឿ​ថា បុរស​ជា​ភ្ញៀវ​ដែល​មាន​សក់​ខ្មៅ​ដែល​ឈាន​ជើង​ចូល​មក​ក្នុង​ផ្ទះ​មុន​គេ​គឺ​ជា​សញ្ញា​ល្អ​មួយ។ ដោយ​ឡែក​គេ​ជឿ​ថា បើ​សិន​ជា​ស្រ្តី​ជា​ភ្ញៀវ​ដើរ​ចូល​មក​ក្នុង​ផ្ទះ​មុន​គេ​គឺ​ជា​សញ្ញា​អាក្រក់។ អ្នក​ដំបូង​ដែល​បាន​បើក​ទ្វារ​ផ្ទះ​នា​ព្រឹក​ថ្ងៃ​បុណ្យ​ណូអែល គួរ​ស្រែក​ខ្លាំងៗ​ថា «ស្វាគមន៍​លោក​តា​សាន់តា»។ គេ​តែងតែ​ធ្វើ​ការ​បួង​សួង​នៅ​ក្នុង​ពេល​ធ្វើ​នំ​សម្រាប់​បុណ្យ​ណូអែល​ព្រោះ​គេ​ជឿ​ថា​ការ​បួង​សួង វា​នឹង​ក្លាយ​ជា​ការពិត។ នៅ​ពេល​ដែល​បួង​សួង​គេ​មាន​តំណម មិន​ឲ្យ​ប្រាប់​អ្នក​ដទៃ​ថា​អ្នក​បាន​បួងសួង​អ្វី​នោះ​ទេ ពុំ​នោះ​ទេ ការ​បួងសួង​នោះ​នឹង​មិន​អាច​ក្លាយ​ជា​ការ​ពិត​ឡើយ។ នារី​ដែល​មាន​គម្រោង​ថា​នឹង​រៀបការ​ឆាប់ៗ​ គប្បី​ធ្វើ​ការ​បួង​សួង​នៅ​ពេល​ធ្វើ​នំ​ដែរ​ដើម្បី​ឲ្យ​មាន​សំណាង​ល្អ។ នំ​ដែល​បាន​ធ្វើ​សម្រាប់​បុណ្យ​ណូអែល មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ទទួល​ទាន​ឡើយ​រហូត​ដល់​យប់​ថ្ងៃ​ទី​២៤​ឬ​ថ្ងៃ​ទី២៥​តែម្ដង។ ការ​ទទួល​ទាន​ផ្លែ​ប៉ោម នៅ​ថ្ងៃ​បុណ្យ​ណូអែល​ត្រូវ​បាន​គេ​ជឿ​ថា នឹង​នាំ​មក​នូវ​សុខភាព​ល្អ។ ការ​ឲ្យ​កាដូ​ជា​ស្បែក​ជើង​ថ្មី ឬ​ការ​ពាក់​ស្បែក​ជើង​ថ្មី​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល​នឹង​នាំ​មក​នូវ​សំណាង​ល្អ។ នៅ​ប្រទេស​ក្រិច ជឿ​ថា​ការ​ដុត​ស្បែក​ជើង​ចាស់ៗ​ចោល នឹង​អាច​បញ្ចៀស​សំណាង​អាក្រក់​នៅ​ឆ្នាំ​បន្ទាប់។ ភាគ​ច្រើន​គេ​ព្យាយាម​មិន​ធ្វើ​ការងារ​ទេ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល។

        បណ្តា​បស្ចិម​ប្រទេស​មួយ​ចំនួន​ដូចជា ប្រទេស​កាណាដា សហ​រដ្ឋអាមេរិក​អាមេរិក​ខាងជើង ចក្រភព​អង់គ្លេស​និង​ប្រទេស​មួយ​ចំនួន​ទៀត​ប៉ែក​អឺរ៉ុប សុទ្ធ​តែ​ត្រូវ​រង​សម្ពាធ​ត្រជាក់​នា​រដូវ​បុណ្យ​ណូអែល​និង​រហូត​ដល់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល។ តំបន់​មួយ​ចំនួន​ឬ​ប្រទេស​ទាំង​មូល​ត្រូវ​គ្រប​ដណ្តប់​ដោយ​ព្រិល​ពណ៌ស​ដែល​មនុស្ស​មួយ​ចំនួន​តែង​រង់ចាំ។ ចំណែក​ឯ​ប្រជាជន​ដែល​រស់​នៅ​បណ្តា​ប្រទេស ដែល​មិន​មាន​ព្រិល​ធ្លាក់​តែងតែ​រង់​ចាំ​ឱកាស​នេះ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​នឹង​ទស្សនា​ព្រិល​ធ្លាក់។ ប្រជាជន​នៅ​ប៉ែក​អឺរ៉ុប និយម​ចេញ​មក​ជួបជុំ​គ្នា​នៅ​ក្នុង​ថ្ងៃ ៣១ ធ្នូ ដែល​ជា​យប់​មុន​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ឬ​គេ​ហៅ​ថា New​ Year​ Eve ដើម្បី​ទទួល​ទាន​អាហារ​និង​ស្រា រាំ​លេង​កំសាន្ត និង រង់​ចាំ​មើល​ទស្សនី​យភាព​នានា ដូច​ជា​ការ​ដុត​កាំ​ជ្រួច​អបអរ​ឆ្នាំថ្មី​ជាដើម។ គេ​បាន​រៀបចំ​កម្មវិធី​ប្រ​គំ​តន្ត្រី​ធំៗ​ជា​ច្រើន​នៅ​តាម​រដ្ឋ​នីមួយៗ ដើម្បី​ឲ្យ​មនុស្ស​មក​ប្រមូល​ផ្តុំ​គ្នា​លេង​កំសាន្ត។

        គេ​ក៏​មាន​ជំនឿ​ផង​ដែរ​ថា ការ​ដុត​កាំ​ជ្រួច នៅ​ថ្ងៃ​បុណ្យ​ឆ្លងឆ្នាំ អាច​បំ​ភ័យ​ព្រលឹង​ព្រាយ​បិសាច​ឲ្យ​ទៅ​ឆ្ងាយ។ បន្ទាប់​ពី​ការ​ជប់​លៀង​នៅ​ថ្ងៃ​បញ្ចប់​នៃ​ឆ្នាំ​ចាស់ អ្វី​ដែល​ត្រូវ​ធ្វើ​សម្រាប់​ឆ្នាំថ្មី​ក៏​មក​ដល់។ ថ្ងៃ១ មករា នៃ​ឆ្នាំថ្មី​គឺ​ជា​ថ្ងៃ​ដែល​គេ​ត្រូវ​គិត​ពិចារណា​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​ចាស់ និង​ស្វែង​រក​ដំណោះ​ស្រាយ​ល្អ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​បាន​ល្អប្រសើរ​នៅ​ឆ្នាំថ្មី។ នៅ​ថ្ងៃ​ដែល​ឆ្នាំថ្មី​ចូល​មក​ដល់​គេ​មាន​ជំនឿ​ថា​លុយ​នឹង​រត់​ចេញ​ពី​ពួក​គេ​បើ​សិន​ជា​ពួក​គេ​ធ្វើ​ការ​សង​បំណុល​អ្វី​មួយ នេះ​ជា​ហេតុ ដែល​ភាគ​ច្រើន​គេ​មិន​ចង់​ឲ្យ​បំណុល​នៅ​ឆ្នាំ​ចាស់​មក​រុករាន​ជីវិត​នៃ​ឆ្នាំថ្មី​ឡើយ ដូច្នេះ​បើ​សិន​ជា​អាច​ប្រជាជន​នៅ​បស្ចិម​ប្រទេស​ច្រើន​ជ្រើសរើស​សង​បំណុល​ចាស់​ឲ្យ​អស់​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំថ្មី។ ជំនឿ​មួយ​ទៀត​ដែល​ស្រ​ដៀង នឹង​ជំនឿ​របស់​ប្រជាជន​ចិន​ដែរ គឺ​តំណម​ក្នុង​ការ​សម្អាត​ចាន​ឆ្នាំង ឬ​សម្លៀក​បំពាក់ នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំថ្មី​ព្រោះ​គេ​ជឿ​ថា​វា​ហាក់​ដូចជា​សម្អាត​សំណាង​ល្អ​ចេញ​ពី​ពួក​គេ​នៅ​ពេល​ឆ្នាំថ្មី​មកដល់។ ដូចគ្នា​នឹង​ជំនឿ​សម្រាប់​បុណ្យ​ណូអែល​ដែរ ដែល​គេ​ជឿ​ថា​បុរស​សក់​ខ្មៅ​នឹង​អាច​នាំ​សំណាង​មក​ដល់​ផ្ទះ​ពួកគេ។

  Article by VA SONYKA




SUGGESTIONS