×
Image Courtesy SOVRIN

រំ​ឮក​ពី​ជីវ​ប្រវត្តិ​និង​ស្នា​ដៃ​ដ៏​អស្ចារ្យ​នៃ ព្រឹទ្ធា​ចារ្យ​ល្ខោន​ព្រះ​រាជ​ទ្រព្យ ស៊ិន សាម៉ាដឹកឆូ

 
 

        រូបំ ទុក្ខំ អនិច្ចំ អនត្តា វា​​ជា​មាគា៌​ធម្មជាតិ​ដែល​មនុស្ស សត្វ ទាំង​ឡាយ​កំពុង​ប្រាស្រ័យ និង​ធ្វើដំណើរ​ជាមួយ​នឹង​ការ​ប្រែប្រួល​នៃ​សភាវៈ​រាងកាយ​ដែល​មិន​ចេះ​ឈប់ឈរ ក្នុង​វាលវដ្ត​សង្សា កើត​ចាស់​ឈឺ​ស្លាប់​ដែល​មនុស្ស​គ្រប់​រូប​ជៀស​មិនរួច។ តួយ៉ាង ព្រឹទ្ធាចារ្យ ស៊ិន សាម៉ាដឹកឆូ ដែល​ជា​សាស្រ្តា​ចារ្យ​ផ្នែក​ល្ខោន​ព្រះ​រាជទ្រព្យ និង​របាំ​បុរាណ​ម្នាក់​ក្នុង​ចំណោម​សិល្ប​ការិនី​ជើង​ចាស់​តិចតួច​ដែល​មាន​ភ័ព្វ​វាសនា​រួច​ផុត​ពី​របប​ខ្មែរ​ក្រហម ទើប​តែ​ទទួល​មរណភាព​នៅ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៧ ក្នុង​ជន្មាយុ ៧៧វស្សា។ អ្នក​គ្រូ​ធ្លាប់​បាន​ផ្តល់​កិច្ចសម្ភាសន៍​ផ្តាច់​មុខ​មួយ​ជា​មួយ​នឹង​ទស្សនា​វដ្តី​សូវរីន​កន្លង​ទៅ ហើយ​ក្នុង​ឱកាស​នេះ​ពួក​យើង​ចង់​ពាំនាំ​ចំណី​អារម្មណ៍​លោក​អ្នក​មក​ស្វែង​យល់​ពី​ជីវ​ប្រវត្តិ​ខ្លះៗ​របស់​អ្នក​គ្រូ។

        អ្នក​គ្រូ ស៊ិន សាម៉ាដឹកឆូ កើត​នៅ​ឆ្នាំ​១៩៤០ នៅ​ទី​ក្រុង​ភ្នំពេញ ម្ដុំ​វិទ្យាស្ថាន​ជាតិអប់រំ​សព្វថ្ងៃ។ ដោយ​សារ​តែ​មាន​ឈាម​ជ័រ​ជា​អ្នក​សិល្បៈ ពោល​គឺ​ម្ដាយ​របស់​អ្នក​គ្រូ​ជា​អតីត​តួ​នាង​ក្នុង​ក្រុម​ល្ខោន​ហ្លួង​នៅ​ក្នុង ព្រះ​បរម​រាជ​វាំង ទើប​ធ្វើ​ឱ្យ​រូប​គាត់​មាន​និស្ស័យ​ផ្នែក​សិល្បៈ​ល្ខោន​ហ្លួង​នេះ ព្រម​ទាំង​មាន​ឱកាស​ហាត់​រៀន ជា​មួយ​បណ្តា​គ្រូ​ល្ខោន​ក្នុង​វាំង​ជា​រៀង​រាល់ថ្ងៃ​តាំង​ពី​តូច​រហូត​ដល់​ធំ​ពេញ​វ័យ ។ ក្នុង​ផ្នែក​ល្ខោន​ព្រះ​រាជទ្រព្យ អ្នក​គ្រូ​ចេះ​សម្ដែង ទាំង​តួ​នាង តួ​នាយ​រោង តួ​យក្ស តួ​ស្វា តួ​ងោះ រីឯ​ល្ខោន​ខោល​និង​របាំ​ឆៃ​យ៉ាំ ក៏​អ្នក​គ្រូ​ចេះ​សម្ដែង​បាន ​សាក​សម​ផង​ដែរ។ អ្នក​គ្រូ​ធ្លាប់​ប្រាប់​សូវរីន ពី​អនុស្សាវរីយ៍​អតីត​កាល​ដែល​អ្នក​គ្រូ​ចង​ចាំ​គ្មាន​ភ្លេច​នូវ ការ​ស​ណ្តោស​ប្រណី​របស់​សម្ដេច​ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិកុសុមៈនារីរតន៍ ដែល​ទ្រង់​សព្វ​ព្រះ​ទ័យ ត្រាស់​បញ្ជា​ឱ្យ​គ្រូ​មក​បង្ហាត់​បង្រៀន​អក្សរ​ដល់​អ្នក​របាំ​ក្នុង​ព្រះ​បរម​រាជវាំង​ព្រម​ទាំង​ប្រទាន​ចំ​ណី​អាហារ​ហូប ចុក​ឥត​ដែល​ខ្វះ​និង​ប្រាក់​រង្វាន់​ផ្សេងៗ​បន្ថែម​លើ​ប្រាក់ខែ​ទៀត។

ត្រង់​ចំណុច​នេះ​ដែរ អ្នក​គ្រូ​លាន់​មាត់​ភ្លាមៗ ថា “​បើ​ហាត់​យប់​អ៊ី​ចឹង ដឹង​តែ​គុយ​ទាវ​ពីរ​រទេះ​ចូល​ក្នុង​វាំង​(សើច)” ។ អ្នក​គ្រូ​បន្ត​ទៀត​ថា ចំពោះ​ព្រះ​ករុណា ព្រះ​បរម​រតនកោដ្ឋ​ក៏​មាន​ទឹក​ព្រះ​ទ័យ​មេត្តា​សណ្ដោស​ដូច​ព្រះមាតា​ទ្រង់​ដែរ ពេល​យប់​ទ្រង់​សោយ​ព្រះ​ក្រយា រួច​ទ្រង់​ត្រាស់​ហៅ​ក្មេងៗ​របាំ​ឱ្យ​រាំ​ថ្វាយ​ទ្រង់​ទត។ ពេល​សម្ដែង​រួច ព្រះ​អង្គ​តែង​ប្រទាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត ដល់​ពួក​សិល្បករ​ទាំងអស់។ នៅ​ពេល​មាន​គណៈ​ប្រតិភូ​ប្រទេស​នានា​ចូល​គាល់​ក្នុង​ព្រះ​បរម​រាជវាំង អ្នក​គ្រូ និង សិល្ប​ករ​ដទៃ​ទៀត តែង​ត្រូវ​បាន​ចាត់​តាំង​ឱ្យ​សម្ដែង​ជា​ឈុត​របាំ​ខ្លីៗ​ដូច​ជា របាំ​សុវណ្ណមច្ឆា ជាដើម ជូន​ភ្ញៀវ​គណៈ​ប្រតិភូ​ទស្សនា​កំសាន្ត។ ក្រៅ​ពី​ការ​សម្ដែង​នៅ​ក្នុង​ព្រះ​បរម​រាជវាំង អ្នក​គ្រូ​ក៏​ធ្លាប់​ចូល​រួម​រាំ​និង ច្រៀង​ថ្វាយ​ដង្ហែ​អង្គ​ព្រះ​ករុណា​ពេល​ទ្រង់​យាង​ទៅ​តាម​ខេត្ត​នានា​ទូ​ទាំង​ប្រទេស។ ចំពោះ​ការ​ច្រៀង​ចំរៀង បុរាណ​វិញ អ្នក​គ្រូ​ធ្លាប់​បាន​ទទួល​ការ​បណ្តុះ​បណ្ដាល​ពី​គ្រូៗ​ជើង​ចាស់​ប្រចាំ​ព្រះ​បរម​រាជវាំង​មួយ​ចំនួន រហូត មក​ដល់​អំឡុង​ឆ្នាំ ១៩៦៧​-​១៩៦៨ អ្នក​គ្រូ​ក៏​មាន​ឱកាស​ថត​សម្លេង​ច្រៀង​បទ​បុរាណ​បញ្ចូល​ក្នុង​ល្ខោន​ព្រះ​រាជ ទ្រព្យ​ជា​ដៃ​គូ​ជា​មួយ​អធិរាជ​សម្លេង​មាស ស៊ីន ស៊ីសាមុត និង​តារា​ចម្រៀង​ខ្មែរ​ឥស្លាម សុះ ម៉ាត់ ដ៏​ល្បី​ល្បាញ​ ជា​ច្រើន​លើក​ច្រើន​សា តែ​សូម្បី​តែ​រូប​គាត់​ផ្ទាល់​ក៏​មិន​ចាំ​ថា​ថត​បាន​ប៉ុន្មាន​បទ​ដែរ។

ប្រភពរូប សៀវភៅទស្សនីយភាពខ្មែរ ២០០៣

លុះ​មក​ដល់​ឆ្នាំ ១៩៧០ ពេល​ដែល​គេ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​នរោត្តមសីហនុ អ្នក​គ្រូ​មាន​ប្រសាសន៍​ថា គេ​នៅ​តែ​អនុញ្ញាត​ឱ្យ ​ហាត់​រាំ​ដដែល តែ​ហាត់​បាន​ត្រឹម​តែ​នៅ​ប្រាសាទ​ច័ន្ទឆាយា​ខាង​មុខ​ព្រះ​បរម​រាជវាំង​ប៉ុណ្ណោះ។ នៅ​ឆ្នាំ​ដដែល ​នោះ ដើម្បី​ទទួល​បាន​នូវ​ការ​តម្លើង​ប្រាក់​ខែ គេ​តម្រូវ​ឱ្យ​សិល្បករ​ខាង​វាំង​មាន​សញ្ញា​ប័ត្រ​ផ្នែក​សិល្បៈ ​ទើប ​អ្នក​គ្រូ​សំរេច​ចិត្ត​ចូល​រួម​ប្រលង​មធ្យម​សិក្សា​បឋម​ភូមិ (ឌីប្លូម) ដែល​រៀប​ចំ​ឡើង​ដោយ​ក្រសួង​វិចិត្រ​សិល្បៈ​ ជំនាន់​នោះ។ ក្នុង​កម្មវិធី​ប្រឡង​នោះ ជា​លទ្ធផល​នឹក​ស្មាន​មិន​ដល់ គឺ​អ្នក​គ្រូ ស៊ិន សាម៉ាដឹកឆូ ទទួល​បាន ​ជ័យ​លាភី​លេខ​មួយ ដោយ​ឆ្លង​កាត់​វិញ្ញាសា​ពីរ​គឺ វិញ្ញាសា​សួរ​ផ្ទាល់​មាត់ និង វិញ្ញាសា​សម្ដែង ដែល​មាន​ការ ​ដាក់​ពិន្ទុ​ពី​គណៈ​មេ​ប្រយោគ​រួម​មាន​ជាអាទិ៍ លោក​ហង្ស ធុនហាក់ (​សកល​វិទ្យា​ធិការ​សកល​វិទ្យាល័យ វិចិត្រ​សិល្បៈ​) លោក​តា ឆេង ផុន (​សាស្រ្តា​ចារ្យ​មហា​វិទ្យាល័យ​នាដ​សាស្រ្ត​) និង លោក ហួត គឹមលាង ព្រម​ទាំងសាស្រ្តា​ចារ្យ​នាដ​សាស្រ្ត​ផ្សេងៗ​ទៀត។ នៅ​សម័យ​ប៉ុល​ពត អ្នក​គ្រូ​ត្រូវ​បោះបង់​អាជីព​សិល្បៈ​ចោល ​ទាំង​ស្រុង ហើយ​ត្រូវ​អង្គការ​ជម្លៀស​ឱ្យ​ទៅ​រស់​នៅ​ស្រុក កំពង់​ស្វាយ ខេត្ត​កំពង់​ធំ ហើយ​អង្គការ​ចាត់​ឱ្យ​រែក ទឹក​និង​ធ្វើ​ប្រហុក ។  ​ទៅ​ដល់​ទី​នោះ​ដំបូង អង្គការ​ចោទ​សួរ​ចម្លើយ​ពី​អតីត​ភាព​របស់​អ្នក​គ្រូ តែ​ដោយ​ដឹង ស្ថាន​ការណ៍​ពី​អ្នក​មូល​ដ្ឋាន​ជា​មុន ទើប​អ្នក​គ្រូ​ឆ្លើយ​កុហក​ប្រាប់​អង្គការ​ថា អ្នក​គ្រូ​ជា​តួល្ខោន​បាសាក់​ក្នុង​វង់ ល្ខោន​ផ្សារ​ស៊ីឡឹប​នៅ​ភ្នំពេញ។  ​ហេតុ​នេះ ទើប​អ្នក​គ្រូ​បាន​រួចផុត​ពី​ការ​កាប់​សម្លាប់ បើ​ធ្លោយ​មាត់​ប្រាប់​ថា​ជា តួ​ល្ខោន​ហ្លួង​ច្បាស់​ជា​ស្លាប់​បាត់​ទៅ​ហើយ។

        ក្រោយ​ថ្ងៃ​រំដោះ​៧មករា ១៩៧៩ អ្នក​គ្រូ​បាន​ធ្វើ​ដំណើរ​មក​កាន់​ភ្នំពេញ​វិញ​ជា​មួយ​កូន​ស្រី​តែ​ម្នាក់​គត់ ហើយ​បាន​បន្ត​បំរើ​ការងារ​សិល្បៈ​នៅ​នា​យកដ្ឋាន​សិល្បៈ​(​សាល​មហោស្រព​ទន្លេបាសាក់​) រហូត​មក​ដល់​ឆ្នាំ ១៩៩៥​ទើប​គាត់​ចូល​និវត្តន៍។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​គ្រូ​នៅ​តែ​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ទៅ​បង្ហាត់​បង្រៀន សិស្ស​នៅ​ទី​នោះ​ដដែល លុះ​ក្រោយ​មក​ទៀត​ទើប​គេ​ប្តូរ​ឱ្យ​បំរើការ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​អ្នក​គ្រូ​មាន​កិត្តិ​យស​ធ្លាប់​បាន​ទៅ​សម្ដែង​សិល្បៈ​នៅ​បណ្តា ប្រទេស​ជា​ច្រើន​ទាំង​នៅ​អាស៊ី ​ទាំង​នៅ​ទ្វីប​អឺរ៉ុប និង អាមេរិក ព្រម​ទាំង​ទទួល​បាន​សញ្ញាប័ត្រ​និង​ប័ណ្ណកិត្តិយស​ជា​ហូរហែ ពិសេស​នោះ​គឺ ​ប្រកាស​នីយប័ត្រ​ឥស្សរយស​មុនីសារាភ័ណ្ឌ​ថ្នាក់​អស្សឫទ្ធិ​ពី​ប្រ​មុខ​រាជ​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០០៧​កន្លង​មក​ទៀត​ផង៕

Article by SRIN SOKMEAN




SUGGESTIONS