×
Image Courtesy: SOVRIN

តើ​អ្នក​បាន​ដឹង​ពី​មូល​ហេតុ​នឹង​វិធី​បង្ការ​កុំ​ឱ្យ​មាន​ក្លិន​មាត់​ហើយ​ឬ​នៅ!

 
 

           ការ​ដែល​មាន​ក្លិន​មាត់​មិន​ល្អ​គឺ​ដូច​បាន​ទៅ​នឹង​ការ​ជាប់​ក្រដាស​បង្គន់​ក្រោម​ស្បែក​ជើង​របស់​អ្នក​អីចឹង​ ជា​ធម្មតា​វា​គ្មាន​ការ​បង្ក​គ្រោះ​ថ្នាក់​នោះ​ទេ​ ប៉ុន្តែ​វា​មាន​លក្ខណៈ​ដូច​ទើសៗ​ដោយ​សារ​គ្មាន​នរណា​ម្នាក់​នឹង​ប្រាប់​អ្នក​អំពី​វា។​ នៅ​កម្រិត​នៃ​អតិសុខុម​ប្រាណ​នេះ​ (Microbial Level)​ ខ្យល់​ដង្ហើម​មិន​ល្អ​កើត​មាន​ឡើង​នៅ​ពេល​ដែល​បាក់តេរី​នៅ​ក្នុង​មាត់​របស់​យើង​បាន​បំបែក​ភាគ​ល្អិត​ម្ហូប​អាហារ​ដែល​ស្ថិត​នៅ​ចន្លោះ​ធ្មេញ​តាម​បណ្តោយ​អញ្ចាញ​ធ្មេញ​ ហើយ​ជា​ពិសេស​នៅ​លើ​អណ្តាត។​ ដំណើរ​ការ​នេះ​បាន​ធ្វើ​ឲ្យ​ភាយ​ចេញ​នៃ​សមាសធាតុ​ក្លិន​មិន​ល្អ​ និង​ការ​លេច​ឡើង​នៃ​ខ្យល់​ដង្ហើម​មិន​ល្អ​ដែល​ជា​រឿយៗ​ ត្រូវ​បាន​គេ​ហៅ​ថា​ក្លិន​មាត់​មិន​ល្អ​ (Halitosis)។​ ខាង​ក្រោម​នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ដង្ហើម​របស់​អ្នក​មាន​ក្លិន​មិន​ល្អ៖

1. អ្នកមិនបានបរិភោគអ្វីសោះក្នុងមួយថ្ងៃ

           ការ​មិន​ទទួល​ទាន​អាហារ​គឺ ​ប្រាកដ​ណាស់​នឹង​ធ្វើ​ឱ្យ​មាន​ក្លិន​មាត់​មិន​ល្អ​ ពី​ព្រោះ​ថា​នៅ​ពេល​ដែល​យើង​មិន​បាន​បរិភោគ​យើង​ក៏​មិន​អាច​ផលិត​ទឹក​មាត់​បាន​ច្រើន​ផង​ដែរ។​ ដោយ​សា​រ​តែ​ទឹក​មាត់​មិន​គ្រាន់​តែ​សម្អាត​ភាគ​ល្អិត​នៃ​អាហារ​នោះ​ទេ​ ប៉ុន្តែ​វា​ថែម​ទាំង​បាន​បំបែក​ចំណែក​អាហារ​ដែល​ជួយ​ឱ្យ​វា​ធ្លាក់​ចុះ​តាម​បំពង់ក​របស់​យើង​ឲ្យ​កាន់​តែ​ងាយ​ស្រួល។​ ដោយ​ឡែក​ខ្ទឹម​ស​ និង​ខ្ទឹម​បារាំង​គឺ​ជា​បន្លែ​ទាំង​ពីរ​ប្រភេទ​ដែល​ល្បី​ល្បាញ​ខាង​រឿង​បរិភោគ​ហើយ​មាន​ក្លិន​មាត់​មិន​ល្អ​ផង​ដែរ។

2. អ្នកជក់បារី

           ការ​ជក់​បារី​មិន​ត្រឹម​តែ​បង្កើន​ការ​ផលិត​សមាសធាតុ​ក្លិន​នៅ​ក្នុង​មាត់​ និង​សួត​របស់​អ្នក​នោះ​ទេ​ប៉ុន្តែ​ទម្លាប់​នេះ​ក៏​អាច​ធ្វើ​ឲ្យ​មាត់​របស់​អ្នក​ស្ងួត​ដែល​ជា​ហេតុ​នាំ​ឱ្យ​ការ​ផលិត​ទឹក​មាត់​ចុះ​ថយ។

3. អ្នកមានធ្មេញប្រហោង

           ប្រិយមិត្ត​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា​កំណក​កំបោរ​អាច​ធ្វើ​ឲ្យ​ធ្មេញ​របស់​អ្នក​ពុក​បាន​ហើយ​វា​នឹង​បន្សល់​នូវ​ធ្មេញ​ប្រហោង។​ ប្រសិន​បើ​ប្រិយមិត្ត​ថែទាំ​វា​មិន​បាន​ល្អ​ទេ​នោះ​ វា​នឹង​បណ្ដាល​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ។​ អាហារ​ដែល​ប្រិយមិត្ត​បរិភោគ​អាច​ជាប់​ក្នុង​ប្រហោង​ធ្មេញ​ហើយ​សំណល់​នោះ​ហើយ​បាន​ជាប់​នៅ​ទី​នោះ​រយៈ​ពេល​យូរ​ដែល​អាច​នាំ​ឱ្យ​ខ្យល់​ដង្ហើម​របស់​អ្នក​មិន​ល្អ។

4. អ្នកទទួលទានគ្រឿងស្រវឹងច្រើន

           អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ក្លិន​ស្អុយ​មាត់​ដោយ​សារ​តែ​សុរា​មាន​សារធាតុ​ក្ដៅ​ ដូច្នេះ​ហើយ​វា​ធ្វើ​ឲ្យ​មាត់​ស្ងួត​ជា​ពិសេស​នោះ​ក្លិន​មួយ​ចំនួន​ទៀត​ក៏​កើត​ឡើង​ដែរ​នៅ​ពេល​ដែល​រាងកាយ​ធ្វើ​ការ​ដុត​បំលែង​គ្រឿង​ស្រវឹង​នោះ។

5. កម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់

           ចំពោះ​កត្តា​នេះ​ដែរ​វា​មិន​មែន​កើត​ឡើង​សម្រាប់​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ធម្មតា​នោះ​ទេ​ដូច្នេះ​ប្រិយមិត្ត​មិន​ចាំ​បាច់​បារម្ភ​ឡើយ។​ ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ១​ តែងតែ​មាន​ក្លិន​មាត់​ជា​និច្ច។​ ចំពោះ​បញ្ហា​នេះ​ ដើម្បី​បំបាត់​ក្លិន​មាត់​មិន​ល្អ​ គប្បី​អ្នក​ជំងឺ​ទៅ​ពិគ្រោះ​ជា​មួយ​នឹង​គ្រូពេទ្យ។

           ប្រិយមិត្ត​អាច​លុប​បំបាត់​ក្លិន​មាត់​មិន​ល្អ​ចោល​បាន​ដោយ​អនុវត្ត​តាម​វិធី​ងាយៗ​មួយ​ចំនួន៖

1. ជ្រើសរើសចំណីសុខភាព៖

           បន្លែ​ ឬ​ផ្លែឈើ​មួយ​ចំនួន​ដែល​រាង​រឹង​ និង​ស្រួយ​ដូច​ជា​ ផ្លែប៉ោម​ ការ៉ុត​ ជី​ Celery​ និង​ផ្សេងៗ​ទៀត​ ដើរ​តួនាទី​ដូច​ជា​ច្រាស​ដុស​ធ្មេញ​ធម្មជាតិ​ដែល​អាច​កម្ចាត់​ម្ហូប​អាហារ​ជាប់​នឹង​ធ្មេញ​របស់​អ្នក​ ព្រម​ទាំង​លុប​បំបាត់​បាក់តេរី​ដែល​នៅ​ក្នុង​មាត់​បាន​ផង​ដែរ។

2. ទទួលទានទឹកឲ្យបានច្រើន៖

           យ៉ាង​តិច​ណាស់​ 2លីត្រ​ក្នុង​មួយ​ថ្ងៃ។​ ទឹក​ប្រៀប​បាន​ដូច​ជា​ប្រេង​រំអិល​សម្រាប់​រក្សា​មាត់​របស់​អ្នក​ឲ្យ​មាន​សំណើម​ កាត់​បន្ថយ​បាក់​តេរី​ក្នុង​មាត់​ និង​ធ្វើ​ឲ្យ​រាងកាយ​មាន​ដំណើរ​ការ​បាន​ល្អ។

3. សម្អាតធ្មេញ និងអណ្ដាតជារៀងរាល់ថ្ងៃ៖

           ការ​ដុសធ្មេញ​អាច​ជួយ​លុប​បំបាត់​កំណក​កំបោរ​លើ​ធ្មេញ​ និង​បាក់តេរី​ក្នុង​មាត់​ ប៉ុន្តែ​ការ​ប្រើ​ខ្សែ​សម្អាត​ធ្មេញ​បន្ថែម​ទៀត​រឹត​តែ​ល្អ​ ព្រោះ​ថា​វា​អាច​ជួយ​កំចាត់​ចោល​នូវ​កំទេច​អាហារ​ដែល​ជាប់​តាម​ចន្លោះ​ធ្មេញ​ដែល​ច្រាស​ដុស​ធ្មេញ​មិន​អាច​ធ្វើ​ការ​សម្អាត​បាន​ទាំង​ស្រុង។​ ម្ហូប​អាហារ​ដែល​ជាប់​នៅ​ក្នុង​ចន្លោះ​ធ្មេញ​នឹង​ចិញ្ចឹម​បាក់តេរី​នៅ​ក្នុង​មាត់​របស់​អ្នក។​ ដូច្នេះ​ហើយ​ បើ​មាត់​របស់​អ្នក​មាន​បាក់តេរី​រឹត​តែ​ច្រើន​ នោះ​វា​នឹង​បញ្ចេញ​ជាតិ​អាស៊ីត​ច្រើន​ដែរ​ ដែល​បណ្ដាល​ឲ្យ​មាន​ក្លិន​ដង្ហើម​មិន​ល្អ។​ បាក់តេរី​គឺ​នៅ​ជាប់​នឹង​ពង​សរសៃ​តូចៗ​នៃ​អណ្ដាត​ (Buds)​ បន្ទាប់​មក​វា​នឹង​បញ្ចេញ​ចោល​នូវ​កាក​សំណល់​ដែល​បណ្ដាល​ឱ្យ​មាន​ក្លិន​ស្អុយ។​ ដូច្នេះ​ ប្រិយមិត្ត​អាច​ប្រើ​ខ្នង​ច្រាស​ដុស​ធ្មេញ​មក​ដុស​អណ្តាត​របស់​អ្នក​ ដើម្បី​សម្អាត​បាក់តេរី។

4. ខ្ពុរមាត់ជាមួយនឹងទឹកខ្ពុរមាត់ដែលគ្មានជាតិអាល់កុល៖

           គោល​បំណង​នៃ​ការ​ខ្ពុល​មាត់​គឺ​ដើម្បី​រក្សា​មាត់​របស់​អ្នក​ឲ្យ​មាន​សំណើម​ ព្រោះ​ទឹក​មាត់​របស់​អ្នក​អាច​ជួយ​លាង​សម្អាត​ធ្មេញ​ប្រហោង​ និង​បំបាត់​ក្លិន​ ដែល​អាច​បង្កើត​ជា​បាក់តេរី។​ ប្រិយមិត្ត​ក៏​អាច​ធ្វើ​ទឹក​ខ្ពុរមាត់​ដោយ​ខ្លួន​ឯង​បាន​ដែរ។​ របៀប​ធ្វើ​គឺ​ យក​ម្សៅ​សូដា​មួយ​ស្លាប​ព្រា​មក​លាយ​ជា​មួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ​ បន្ទាប់​មក​បន្តក់​ប្រេងជី​ Peppermint។​ ម្សៅ​សូដា​មិន​មាន​ផ្ទុក​សារ​ជាតិ​អាល់កុល​នោះ​ទេ​ ហើយ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​ខ្យល់​ដង្ហើម​របស់​អ្នក​ស្រស់​ថ្លា។

           ជា​ចុង​ក្រោយ​ ចំពោះ​ប្រិយមិត្ត​ណា​ដែល​ពិសារ​បារី​គប្បី​ឈប់​ទទួល​ទាន​ ព្រោះ​ថា​ជាតិ​នីកូទីន​ច្របាច់​សរសៃ​ឈាម​របស់​អ្នក​ ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ទទួល​បាន​លំហូរ​នៃ​ការ​ផលិត​ទឹកមាត់​ដែល​មាន​សុខភាព។​ ប្រសិន​បើ​ប្រិយមិត្ត​មាន​ក្លិន​មាត់​មិន​ល្អ​ (ដោយ​សារ​ការ​ទទួល​ទាន​អាហារ​មាន​ក្លិន)​ ប្រិយមិត្ត​អាច​ប្រើ​ក្រែម​លាប​មាត់​ដែល​មាន​ក្លិន​ឈ្ងុយៗ​ ដើម្បី​បំបាត់​ក្លិន​ជា​បណ្ដោះ​អាសន្ន​សិន​ក៏​បាន។​ ដោយ​ឡែក​ក្នុង​ករណី​មិត្ត​អ្នក​អាន​តែង​តែ​មាន​ក្លិន​មាត់​ជា​ប្រចាំ​ ហើយ​អនុវត្ត​តាម​វិធី​ខាង​លើ​ហើយ​មិន​បាត់​ គប្បី​ទៅ​ពិគ្រោះ​ជា​មួយ​នឹង​គ្រូពេទ្យ​ ព្រោះ​ថា​វា​អាច​បណ្ដាល​មក​ពី​ហេតុ​ផល​ផ្សេង​ដែល​ធ្ងន់ធ្ងរ៕​

Article by HEM HY




SUGGESTIONS