×
Image Courtesy: SOVRIN

នំភឹង ភ្លេច​ហើយ​ឬ​នៅ​នំនែក​អនុស្សាវរីយ​ពី​កុមារភាព​

 
 

          ផ្អែម​ ស្រួយ​ បៀមរលាយម៉ត់​ពេញក្នុង​មាត់​ ជា​រសជាតិ​ដែល​ចង​ចាំ​រហូត​មក​បំភ្លេច​មិន​​បាន​តាំង​ពី​កុ​មារភាព​។ អ្នក​ខ្លះ​ប្រហែល​ជា​បាន​ស្គាល់​ហើយ​អំពី​នំភឹង ដែល​ជា​នំ​ខ្មែរ​មួយ​ប្រភេទ ​តែ​អ្នក​ខ្លះ​ទៀត​ក៏​មិន​ធ្លាប់​ស្គាល់​ឡើយ ពិសេស​ក្មេងៗ​សម័យ​ក្រោយ។ នំ​ភឹង​គឺ​ជា​​នំ​​ឆ្អើរ​​មួយ​​ប្រភេទ​​ដែល​គេ​និយម​ទទួល​ទាន​ជា​ចំណី​កែ​អផ្សុក។ តោះ​នាំ​គ្នា​មក​សាក​ធ្វ់ើ​នំ​ភឹង​ទាំ​ង​អស់​គ្នា!

គ្រឿង​ផ្សំ៖ ម្សៅ​ខ្សាយ ១គីឡូ​ក្រាម, ស្ករ​ស ៦ ក្រាម, ពង​ទា ៤ គ្រាប់, ដូង​ទុំ​៣​ផ្លែ។

វិធីធ្វើ៖ ជា​ដំបូង​អ្នក​ត្រូវ​យក​អង្ករ​ទៅ​កិន (កិន​ស្ងួត​មិន​ចាំ​បាច់​យក​ទៅ​ត្រាំ​ក្នុង​ទឹក​ឡើយ) បន្ទាប់​ពី​កិន​រួច​យក​វា​ទៅ​ហាល​ថ្ងៃ​មួយ​ព្រឹក​ឱ្យ​ស្ងួត​ទុក​ដោយ​ឡែក។ បន្ទាប់​មក​ចូរ​អ្នក​យក​ស្ករ​ស​លាយ​ជាមួយ​ខ្ទិះ​ដូង​ដែល​ពូត​យក​តែ​ក្បាល​ខ្ទិះ​ដាក់​រម្ងាស់​លើ​ឆ្នាំង​ ហើយ​កូរ​វា​រហូត​ឡើង​ជើង​អង្រ្កង​ហើយ​លើក​វា​ទុក​ឱ្យ​ត្រជាក់​មួយ​អន្លើ​សិន។ បន្ទាប់​មក​ចូរ​អ្នក​យក​ពង​ទា​រួច​វាយ​វា​ឱ្យ​ឡើង​ខ្លាំង​ បន្ទាប់​មក​យក​ម្សៅ​ដែល​កិន​ហើយ​ហាល​វា​ឱ្យ​ស្ងួត​នោះ​យក​មក​លាយ​ជាមួយ​ពង​ទា ព្រម​ជាមួយ​នឹង​ទឹក​ស្ករ​វាយ​បញ្ចូល​គ្នា​ទាំង​បី​មុខ។ សូម​បញ្ជាក់​ផង​ដែរ​ថា​ការ​លាយ​ម្សៅនំ​ភឹង​មិន​ត្រូវ​ឱ្យ​វា​រាវ​នោះ​ទេ​ លៃ​យ៉ាង​ណា​ឱ្យ​វា​ល្មម​ដែល​យើង​អាច​សូន​វា​ជា​ដុំ​បាន។ បន្ទាប់​ពី​លញ់​ម្សៅ​ទៅ​ជា​ដុំ​មូលៗ ​តាម​ទំហំ​ដែល​អ្នក​ចង់​បាន​រួច​ហើយ​នុះ ចូរ​អ្នក​យក​ថាស​ដែក​សម្រាប់​ដុត​នំ ហើយ​យក​ម្សៅ​នំ​ដែល​កិន​រួច​ហើយ (ទុក​តែ​បន្តិច​ក៏​បាន) យក​ម្សៅនោះ​មក​រោយ​ពី​លើ​ថាស​ឱ្យ​ពេញ បន្ទាប់​មក​យក​នំមក​តម្រៀប​ពី​លើ​ថាស​ឱ្យ​ឃ្លាតៗ​គ្នា​បន្តិច​ រួច​យក​ទៅ​ដុត​ក្នុង​ឡ​ទុក​រយៈ​ពេល​១៥នាទី​ជា​ការ​ស្រេច៕




SUGGESTIONS