×
SOVRIN

រឿង​រ៉ាវ​មួយ​ចំនួន​ទាក់​ទិន​នឹង​ដើម​គ្រីស្តស្មាស​ដែល​អ្នក​មិន​ធ្លាប់​ដឹង

 
 

​          នៅ​ខែ​ធ្នូ​ជា​រៀង​រាល់​ឆ្នាំ​ គេតែង​ឃើញ​មាន​ដើម​គ្រីស្តស្មាស (Christmas Trees) ​រំលេច​ខ្លួន​ជាមួយ​នឹង​ការ​តុបតែង​លម្អ​ស្រស់​បំព្រង​ ដើម្បី​សាទរ​រដូវ​​រងាដែល​ចូល​មក​ដល់។ វប្បធម៌​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជាង​មួយ​​ពាន់​ឆ្នាំ​មក​ហើយ​ ពោល​គឺ​តាំង​ពី​មុន​​ការ​ចូល​មក​ដល់​នៃ​សាសនា​គ្រិស្ត​ទៅ​ទៀត។ បច្ចុប្បន្ន​នេះ​ គេ​សង្កេត​ឃើញ​ថា​ វា​ក៏​ត្រូវ​គេ​ចាត់​ទុក​ជា​សញ្ញា​ដែល​បង្ហាញ​ថា​​​​​​បុណ្យ​គ្រិស្តស្មាស និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កៀក​នឹង​ចូល​មក​ដល់​​ផង​ដែរ​។

          ជាទូទៅ​ដើម​គ្រីស្តស្មាស​ គឺ​ជា​​​​ដើម​ឈើ​ដែល​ត្រូវ​បាន​គេ​យក​មក​តុបតែង​​​​នៅ​ក្នុង​រដូវ​រងា។ ដើម​ឈើ​ទាំង​ឡាយ​ដែល​​មាន​ស្លឹក​ពណ៌​បៃតង​ពេញ​មួយ​ឆ្នាំ​ ត្រូវ​បាន​រាប់​បញ្ចូល​រុក្ខជាតិ​ដែល​អាច​យក​មក​តុបតែង​នៅ​​​ក្នុង​រដូវ​កាល​ធ្លាក់​ខ្យល់​ត្រជាក់​នេះ​ ហើយ​ដើម​ឈើ​ទាំង​នោះ​តែង​តែ​​មាន​រាង​ដូច​ពីរ៉ាមីត​ ពោល​គឺ​មាន​បែក​មែក​សាខា​នៅ​ផ្នែក​ខាង​ក្រោម​ និង​ស្តួច​តូច​នៅ​ផ្នែក​ខាង​ចុង។ មាន​ដើម​ឈើ​ជា​ច្រើន​ប្រភេទ​ដែល​គេ​ចាត់​ទុក​ថា​ជា​ដើម​គ្រីស្តស្មាស​ ​ហើយ​វា​ច្រើន​តែ​​ដុះ​នៅ​តំបន់​ត្រជាក់​ ពិសេស​នៅ​បស្ចឹម​ប្រទេស ចំណែក​​ស្លឹករបស់​វា​​មាន​រាង​ដូច​ឈើ​ចង្កាក់ពណ៌​បៃតង​​​​ បណ្តាក់​គ្នា​ជាច្រើន​នៅ​លើ​មែក​តែ​មួយ។​ រី​ឯ​រុក្ខជាតិ​ដែល​គេ​យក​​ទៅ​តុបតែង​ជា​ដើម​គ្រីស្តស្មាស​មាន​ដូចជា​ Norway Spruce, Nordmann Fir, Blue Spruce, Fraser Fir, Serbian Spruce, Douglas Fir, Lodgepole Pine, Noble Fir, Scots Pine។ ក្នុងចំណោម​រុក្ខជាតិ​ទាំង​​នោះ​ ដើម​ស្រល់​ក៏​ជា​ពពួក​រុក្ខជាតិ​ដែល​គេ​តែង​យក​មក​តុបតែង​ជា​ដើម​គ្រីស្តស្មាសផង​ដែរ​​។ 

          កាល​ពី​ដើម​ឡើយ​ប្រជាជន​នៅ​បស្ចឹម​ប្រទេស​​​ជឿ​ថា​ នៅ​​​ថ្ងៃ​ដែល​មាន​ពេល​យប់​យូរ​ជាង​ពេល​ថ្ងៃ គឺ​ជា​ថ្ងៃ​ដែល​​ព្រះអាទិត្យ​ដែល​ជា​ព្រះ​ជា​ម្ចាស់​របស់​ពួក​គេ​មាន​ភាព​ចុះ​ខ្សោយ​និង​មាន​ជំងឺ។ ថ្ងៃ​មួយ​នោះ​ច្រើន​តែ​កើត​ឡើង​ នៅ​ថ្ងៃ​មួយ​ក្នុង​កំឡុង​ខែ​ធ្នូ​ ​​ពោល​គឺ​នៅ​ថ្ងៃ​ទី​២១​ ឬ​២២​ ។ ហេតុ​ដូច្នេះ​ទើប​ពួក​គេ​រៀបចំ​ដើម​ឈើ​ដែល​មាន​ពណ៌​បៃតង​ពេញ​មួយ​ឆ្នាំ​ ក្នុង​បំណង​មួយ​​ដើម្បី​ជូនពរ​ឲ្យ​ព្រះជា​ម្ចាស់​របស់​ពួក​គេ​ធូរ​ស្បើយ​ឡើង​វិញ។ អ្នក​នៅ​បស្ចឹម​ប្រទេស​ តែង​យក​​ដើម​ឈើ​ពិត​ដើម្បី​យក​មក​តុបតែង​នៅ​​គេហដ្ឋាន​ កន្លែង​ធ្វើ​ការ​ ឬ​នៅ​តាម​ទី​សាធារណៈ​នានា​។ ដោយ​សារ​តែ​វា​មាន​ស្លឹក​ពណ៌​បៃតង​​ជា​អមតៈ​ ទើបមនុស្ស​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​​​​​មាន​ជំនឿ​ថា​ ​ការ​តុបតែង​វា​នៅ​ក្នុង​កន្លែង​របស់​ខ្លួន​គឺ​ជា​​​គ្រឿង​បណ្តេញ​ព្រាយ​បិសាច​​អាក្រក់​ដែល​ប៉ង​មក​យារយី​ និង​ជំងឺ​ដង្កាត់​ផ្សេងៗ​។ ​

ដើម​គ្រីស្តស្មាស​​ចាប់​ផ្តើម​ឡើង​នៅ​ក្នុង​ប្រទេស​អាឡឺម៉ង់ដោយ​អ្នក​កាន់​សាសនា​គ្រិស្ត​មួយ​ចំនួន​​ ប៉ុន្តែ​ក្នុង​ពេល​នោះ​ ការ​តុបតែង​ដើម​គ្រីស្តស្មាស​នៅ​មិន​ទាន់​ពេញ​និយម​ខ្លាំង​នៅ​ឡើយ​ទេ​។ វា​ត្រឹម​តែ​ជា​ការ​តុបតែង​ធម្មតាៗ ដោយ​មាន​ព្យួរ​ផ្លែ​ប៉ោម​ និង​របស់​ញ៉ាំ​បន្តិច​បន្តួច​។ ​រហូត​មក​ដល់កំឡុង​​ឆ្នាំ​១៨៤០ ទើប​ការ​តុបតែង​ដើម​គ្រីស្តស្មាស​ កាន់​តែ​មាន​ប្រជាប្រិយ​ភាព​ឡើង​ ដោយ​សារ​តែ​ម្ចាស់​ក្សត្រី​នៃ​ចក្រភព​អង់គ្លេស​ដែល​មាន​មាតា​ជា​ជនជាតិ​អាឡឺម៉ង់​ បាន​យក​ដើម​គ្រីស្តស្មាស​ដែល​មាន​ការតុបតែង​យ៉ាង​ស្រស់​ស្អាត​មក​ដាក់​នៅ​ក្នុង​ព្រះរាជវាំង​។ រូប​ភាព​ដ៏​ស្រស់​ស្អាត​នៃ​ម្ចាស់​ក្សត្រី​និង​ព្រះ​អង្គ​ម្ចាស់​រួម​ទាំង​កូនៗ នៅ​ជុំវិញ​ដើម​គ្រីស្តស្មាស​​ត្រូវ​បាន​ផ្សព្វផ្សាយ​​ពេញ​ផ្ទៃ​ប្រទេស​ រហូត​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​នានា​ចាប់​ផ្តើម​តុបតែង​ដើម​គ្រីស្តស្មាស​​ដោយ​មាន​ទម្រង់​ប្លែកៗ​ពី​គ្នា​ រហូត​មក​ទល់​បច្ចុប្បន្ន​។

          ជានិច្ច​ជាកាល​គេ​តែង​តែ​យក​គ្រឿង​តែង​លម្អ​ផ្សេងៗ​ទៅ​ព្យូរ​នៅ​លើ​មែក​របស់​វា​ដើម្បី​​បង្កើន​ភាព​​ទាក់ទាញ ដោយ​សារ​វា​ជា​ផ្នែក​មួយ​នៃ​ការ​សាទរ​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​ដែល​ចូល​មក​ដល់​ និង​ស្វាគមន៍​ឆ្នាំ​ថ្មី​។ បន្ថែម​ពី​នេះ ​សម្រាប់​គ្រិស្តសានិកជន​ ដើម​គ្រីស្តស្មាស​ក៏​ជា​ផ្នែក​មួយ​នៃ​​ពិធី​បុណ្យ​គ្រិស្ត​ស្មាស​ដែល​ប្រារព្ធ​ឡើង​នៅ​ចុង​ខែ​ធ្នូ​ផង​ដែរ​។ នៅ​តាម​ទីសាធារណៈ​ និង​នៅ​តាម​ផ្សារ​ទំនើប​ភាគ​ច្រើន​នៃ​ប្រទេស​អភិវឌ្ឍ​នានា​ តែង​យក​ដើម​គ្រីស្តស្មាស​ធំៗ​ មក​តុបតែង​​ដោយ​ភ្លើង​ពណ៌​ កណ្តឹង​ ​តុក្កតា​ ផ្លែឈើ​ ដែល​មាន​ពណ៌​ផ្សេងៗ​គ្នា។ ដោយ​សារ​ដើម​គ្រីស្តស្មាស​ពិត​ មាន​តម្លៃ​ថ្លៃ​ ដូច្នេះ​ដើម​គ្រីស្តស្មាស​​សុប្បនិម្មិត​ក៏​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ផង​ដែរ​នៅ​តាម​ទីតាំង​មួយ​ចំនួន។ ពណ៌​ដែល​គេ​កំពុង​ពេញ​និយម​នៅ​ពេល​បច្ចុប្បន្ន​ក្នុង​តាម​តុបតែង​ដើម​គ្រីស្តស្មាស​រួម​មាន​ ពណ៌​ក្រហម​ ពណ៌​មាស​ និង​ពណ៌​ប្រាក់៕

Article by VA SONYKA




SUGGESTIONS