×
Photo by UN HOUR

អ្នក​រចនា​ម៉ូដ​ខ្មែរ​ SOKNAN​ បង្ហាញ​​ខូឡិកហ្សិន​ថ្មី​ “THE​ RUMINATION”

 
 

          វិស័យ​ហ្វេហ្សិន​នៅ​កម្ពុជា​ ហាក់​កំពុង​តែ​បាន​បោះ​ជំហាន​ទៅ​មុខ​ជា​បន្ត​បន្ទាប់​ ដោយ​សារ​តែ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​រចនា​ម៉ូដ​ ពី​សំណាក់​អ្នក​ច្នៃម៉ូដ​កូន​ខ្មែរ​ជា​ច្រើន​ ក៏​ដូច​ជា​មាន​ការ​គាំទ្រ​យ៉ាង​ផុសផុល​ពី​សំណាក់​អ្នក​គាំទ្រ​ និង​អតិថិជន​ផង​ដែរ។​ ជា​មួយ​គ្នា​នេះ​ដែរ​ អ្នក​រចនា​ម៉ូដ​កូន​ខ្មែរ​មួយ​រូប​ក៏​បាន​ស្វះស្វែង​ និង​ប្រឹង​ប្រែង​ដើម្បី​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ ក្រោម​ម៉ាក​យី​ហោ​ SOKNAN​ ដែល​បង្កើត​ឡើង​ដោយ​លោក​ ណាត​ សុខណាន​ ដែល​ជា​ម្ចាស់​យី​ហោ​ផ្ទាល់។

          ក្រឡេក​មក​មើល​ពី​ស្នាដៃ​ចុង​ក្រោយ​របស់​លោក​ ដែល​មាន​ឈ្មោះ​ថា​ “The Rumination”​ ដែល​បាន​បង្ហាញ​ក្នុង​កម្មវិធី​ដើរ​បង្ហាញ​ម៉ូដ​របស់​លោក​ កាល​ពី​ថ្ងៃទី​១៤​ ខែធ្នូ​ ឆ្នាំ២០១៧​ នេះ​នៅ​ Raintree​ នៃ​រាជធានី​ភ្នំពេញ។​ ខូឡិកហ្សិន​ចុង​ក្រោយ​បំផុត​ប្រចាំ​ឆ្នាំ២០១៧​នេះ​ រួម​មាន​ម៉ូដ​សម្លៀក​បំពាក់​នារី​ចំនួន​ ២០ម៉ូដ​ និង​ម៉ូដ​បុរស​ចំនួន​ ១០ម៉ូដ​ ត្រូវ​បាន​បង្ហាញ​ឡើង។​ តាម​រយៈ​បទ​ពិសោធន៍​​ ក្នុង​ការ​ជួប​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​នឹង​អតិថិជន​ ក៏​ដូច​ជា​មាន​ការ​កុម៉្មង់​ម៉ូដ​ពី​ភ្ញៀវ​ជា​ច្រើន​រូប​ អ្នក​រចនាម៉ូដ​ ណាត​ សុខណាន​ ទទួល​បាន​គំនិត​ជា​ច្រើន​ និង​ការ​ផ្តល់​ជា​មតិ​យោបល់​ពី​សំណាក់​អតិថិជន​របស់​ខ្លួន​ស្តី​ពី​ការ​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​ប្លែកៗ​ផង​ដែរ។​ ខុស​ពី​អ្នក​រចនាម៉ូដ​ដទៃ​ ដែល​តែង​តែ​ច្នៃ​ម៉ូដ​ជា​មួយ​នឹង​ប្រធានបទ​ផ្សេងៗ​ ដោយ​ឡែក​ The​ Rumination​ បង្កើត​ឡើង​ក្នុង​ផ្នត់​គំនិត​មួយ​ ដែល​ជា​ការ​រួម​ច្របាច់​បញ្ចូល​នូវ​ចំណង់​ចំណូល​ចិត្ត​របស់​អតិថិជន​ផ្សេងៗ​គ្នា​ក្នុង​ខូឡិកហ្សិន​តែ​មួយ​ ដើម្បី​បំពេញ​តម្រូវ​ការ​ភ្ញៀវ​របស់​ SOKNAN។​ គ្រប់​ឈុត​របស់​ SOKNAN​ ​ ច្នៃ​ឡើង​ពី​ក្រណាត់​ប្រណិតៗ​មាន​គុណភាព​ខ្ពស់​ គួប​ផ្សំ​ជា​មួយ​នឹង​តិច​និក​ក្នុង​ការ​ដេរ​ប៉ាក់​យ៉ាង​ល្អ​ឥត​ខ្ចោះ​ជា​មួយ​នឹង​ការ​រចនា​ម៉ូដ​យ៉ាង​យក​ចិត្តទុក​ដាក់​ជា​ទីបំផុត​ ហើយ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ម៉ូដ​នីមួយៗ​មាន​លក្ខណៈពិសេស​បំផុត​ ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ពាក់​នោះ​មាន​អារម្មណ៍​ដូច​ជា​រាជបុត្រ​ និង​រាជនី​ដ៏​លេច​ធ្លោ​មួយ​រូប​ក្នុង​កម្មវិធី​នានា។

          “ខ្ញុំ​ចង់​បង្កើត​អ្វី​មួយ​ដែល​ល្អ​ឥត​ខ្ចោះ​ ខ្ញុំ​ចង់​ឲ្យ​ភ្ញៀវ​របស់​ខ្ញុំ​ពោរ​ពេញ​ដោយ​ភាព​ប្រណិត​លេច​ធ្លោ។”

          ដើម្បី​ឲ្យ​វិស័យ​រចនាម៉ូដ​របស់​កម្ពុជា​មាន​ការ​រីក​ចម្រើន​ និងឈាន​ឡើង​ទៅ​ដល់​លំដាប់​អន្តរជាតិ​ យ៉ាង​ណា​មិញ​អ្នក​រចនា​ម៉ូដ​ក្នុង​ស្រុក​តែងតែ​ខិតខំ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​វិស័យ​មួយ​នេះ​អាច​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​ និង​មាន​ការ​ទទួល​ស្គាល់​ជា​សកល​បាន។​ ឆ្លង​កាត់​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ​ ណាត​ សុខណាន​ ក៏​បាន​បង្ហាញ​ពី​ឧបសគ្គ​ការងារ​របស់​ខ្លួន​ក្នុង​ការ​ច្នៃម៉ូដ​ដ៏​ប្រណិត​មួយ​នេះ​ ដែល​បង្ហាញ​ឲ្យ​​យើង​ឃើញ​តាម​រយៈ​ការ​ដើរ​ម៉ូដ​របស់​លោក​ ដោយ​រៀប​ចំ​ឲ្យ​ក្រុម​តារា​បង្ហាញ​ម៉ូដ​ដើរ​តាម​គន្លង​ផ្លូវ​មួយ​ដែល​វៀច​ចុះ​វៀច​ឡើង​ រួច​ដើរ​ត្រង់​ផ្លូវ​វិញ​ពេល​ត្រលប់​ក្រោយ។​ ទាំង​អស់​នេះ​ហាក់​បាន​បង្ហាញ​ពី​ភាព​លំបាក​ក្នុង​ដំណើរ​ជីវិត​ការងារ​ របស់​លោក​ដែល​ជួប​ឧបសគ្គ​ជា​ច្រើន​ ទម្រាំ​តែ​បាន​ជោគជ័យ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ដូចនេះ​ដើម្បី​ឲ្យ​វិស័យ​រចនាម៉ូដ​នៅ​កម្ពុជា​មាន​ការ​រីក​ចម្រើន​ខ្លាំង​នោះ​ មិន​ត្រឹម​តែ​អ្នក​រចនា​ម៉ូដ​ខ្លួន​ឯង​ប្រឹង​ប្រែង​ស្វះ​ស្វែង​ និង​អភិវឌ្ឍន៍​នោះ​ទេ​ តែ​ក៏​ត្រូវ​មាន​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន​ និង​អ្នក​គាំទ្រ​ក្នុង​ស្រុក​ចូល​រួម​ជួយ​ជ្រោម​ជ្រែង​ និង​លើក​កម្ពស់​វិស័យ​មួយ​នេះ​ឲ្យ​មាន​តម្លៃ​ជា​សកល​ផង​ដែរ៕

Article by KEO SONG




SUGGESTIONS