×
Photo by NY KINUT, LC

កោះ​ដាច់​ចម្ការ​ស្នេហ៍​ វាល​ស្រុក​វាល​ស្រែ​ក្បែរ​រាជធានី

 
 

            តាម​ធម្មតា​បង​ប្អូន​យើង​អ្នក​ទី​ក្រុង​ភ្នំពេញ​វិញ​ដែល​តែង​តែ​មមា​ញឹក​បំពេញ​ការងារ​នៅ​ក្នុង​សង្គម​ស៊ីវីល័យ​ ​តែង​តែ​រំពៃ​គិត​ថា​នឹង​បាន​លម្ហែ​កាយា​ឲ្យ​បាន​ស្រស់​ថ្លា ​និង​អាល​បាន​រំសាយ​អារម្មណ៍​តប់​ប្រមល់​ពី​សម្ពាធ​ការងារ​ក៏​ដូច​ជា​ធុញ​ធប់​នឹង​រឿងរ៉ាវ​ដែល​យើង​បាន​ជួប​ប្រទះ​ដដែលៗ​ជា​រៀង​រាល់​ថ្ងៃ។ យ៉ាង​ណា​មិញ​ មិត្តៗ​យុវវ័យ​យើង​មួយ​ចំនួន​ក៏​បាន​ឆ្លៀត​ឱកាស​នោះ​ទៅ​កម្សាន្ត​ និង​ជជែក​គ្នា​លេង នៅ​តាម​រមណីយដ្ឋាន​ក្បែរ​ខាង​ដូច​ជា កៀន​ស្វាយ​ក្រៅ សួន​សុបិន ជំនោរ​ក្បាល​កោះ ខ្យល់​ទន្លេជា​ដើម-ល-។

            ដោយ​ឡែក​សប្តាហ៍​នេះ​ សូវរីន ​ចង់​ពាំនាំ​អារម្មណ៍​លោក​អ្នក​ទៅ​កាន់​ស្រុក​កោះ​ដាច់ ​តាម​បែប​ស្រុក​ស្រែ​សម្បូរ​ហូរហែរ​ទៅ​ដោយ​ទេសភាព​ និង​ទីស្ថាន​ស្អាតៗ។ ស្រុក​កោះ​ដាច់​បូរបាច់​ទៅ​ដោយ​ទេសភាព​ស្អាតៗ​លាយឡំ​ជាមួយ​នឹង​ជំនោរ​ទន្លេ ​រារែ​ទៅ​តាម​រលក​បក់​រវិចៗ ​ហាក់​ដូច​ទាញ​អារម្មណ៍​អ្នក​ដំណើរ​មិន​ឲ្យ​ទៅ​ណា​ឆ្ងាយ​ សប្បាយ​អារម្មណ៍​ជាមួយ​នឹង​តារា​ធម្មជាតិ និង​ឃ្លៀត​មិន​បាន​ឡើយ។

ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ ខាង​​កើត​ស្ពាន​ជ្រោយ​ចង្វារ​ប្រមាណ​ប្រាំ​គីឡូម៉ែត្រ មិត្ត​យុវវ័យ​យើង​ត្រូវ​ធ្វើ​ដំណើរ​តាម​សាឡាង​ចម្លង​ឆ្លង​កាត់​តាម​ដង​ទន្លេ​មេគង្គ ពេល​នោះ​​វា​​បង្កើត​​បាន​​ជា​​ទស្សនីយ​ភាព​មួយ ដែល​វាយោ​ទន្លេ​ត្រជាក់​កាយា​ ហាក់​ដូច​បក់​បោះ​ទុក្ខ​កង្វល់​ចេញ​ពី​ឱរ៉ា ឲ្យ​រសាត់​តាម​វេហា​កាឡា​អស់​ទៅ។​ អ្នក​ប្រហែល​ជា​ធ្លាប់​តែ​រស់​នៅ​ក្នុង​ពិភព​ស៊ីវីល័យ​នៃ​រាជធានី​ដែល​មាន​តែ​អាគារ​ខ្ពស់ៗ ជាមួយ​មនុស្ស​ម្នា​ដើរ​ស្កេះ​ស្កាស់​ពាស​ពេញ​ផ្លូវ​ នៅ​ពេល​អ្នក​បាន​ដល់​ទឹក​ដី​កោះ​ដាច់​កាល​ណា​ក្នុង​ចិន្តា​នឹង​ហាក់​ដូច​បក្សា​ដែល​ត្រូវ​បាន​គេ​ប្រលែង​ចេញ​ពី​ទ្រុង​ឲ្យ​មាន​សេរីភាព​ស្រលៈ​មុខ​ស្រលៈ​មាត់ ព្រម​ទាំង​អារម្មណ៍​រំភើប​រីករាយ លាយ​ឡំ​ជាមួយ​នឹង​សម្លេង​ស្វាគមន៍​ពី​ធម្មជាតិ​ដ៏​ស្រស់​បំព្រង។ មាន​ភូមិសាស្រ្ត​ក្បែរ​រាជធានី​មែន​ពិត ត្បិត​ប្រជាជន​នៅ​ចិញ្ចឹម​ចិត្ត​ដោយ​ធ្វើ​ស្រែ​ចម្ការ​ ក្មេង​ចាស់​យាយ​តា​រស់​នៅ​ក្នុង​ជីវភាព​យ៉ាង​សាមញ្ញ ជាមួយ​នឹង​ភាព​រួស​រាយ​រាក់​ទាក់​យ៉ាង​មាន​សេចក្តី​សុខ​ជា​ទីបំផុត​ តាម​បែប​អ្នក​ជនបទ​ដែល​អាច​ឲ្យ​យើង​ឈ្វេង​យល់​ពី​បែប​ផែន​ក្នុង​ការ​រស់​នៅ​របស់​ពួក​គេ​បាន​ផង​ដែរ។

នៅ​លើ​ទីស្ថាន​ដ៏​ស្រស់​ត្រកាល​នេះ ​យើង​អាច​ខ្ចប់​បាយ​ជាមួយ​នឹង​ម្ហូប​អាហារ ភេសជ្ជៈ​ដ៏​ឆ្ងាញ់​ពិសា ជ្រក​ក្រោម​ម្លប់​ឈើ​គយ​គន់​ទេសភាព​វាល​ស្រែ ជាមួយ​នឹង​សម្លេង​ហ្គីតា​ប្រគំ​រណ្តំ​ប្រដេញ​នឹង​បក្សីបក្សា​វោហារ​ប្រលែង​ស្លឹក​ឈើ រង្គើរ​ដោយ​ខ្យល់​បក់​រហៀកៗ​មក​ប៉ះ​កាយា​ធ្វើ​ឲ្យ​ឱរ៉ា​ត្រជាក់​ស្រស់​ស្រាយ​សប្បាយ​ក្រៃ​លែង​ឥត​គណនា។ បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ក៏​នៅ​តែ​មាន​ជម្រើស​ផ្សេង​សម្រាប់ទទួល​ទាន​អាហារ​ផង​ដែរ ពោល​គឺ​នៅ​កោះដាច់​ក៏​មាន​ភោជនីយដ្ឋាន​ និង​អាហារដ្ឋាន​នៅ​តាម​ដង​ទន្លេ ​កម្សាន្ត លក្ខណៈជា​ក្រុម​ និង​ជជែក​គ្នា​លេង​ចាក់​បទ​ចម្រៀង​ពិរោះ​រណ្តំ ម្យ៉ាង​ភោជនីយដ្ឋាន​​ភាគ​ច្រើន​សុទ្ធ​តែ​នៅ​ក្បែរ​មាត់​ទន្លេ​ធ្វើ​ឲ្យ​ដៃ​ទាំង​ទ្វេ​ទប់​អារម្មណ៍​មិន​បាន​លើក​ដង​សន្ទួច​ភ្លាម​ស្ទួច​ត្រី​ភ្លែត ជជែក​គ្នា​លេង​ទៀត​ហើយ​ថែម​ទាំង​មាន​អង្រឹង​ឲ្យ​យើង​តម្រេក​ខ្លួន​ទៀត​នោះ សួរ​ថា​តើ​អ្នក​ទីក្រុង​យើង​មាន​ឱកាស​បែប​នេះ​ប៉ុន្មាន​ដង​ទៅ? កោះ​ដាច់​សម្បូរ​ទៅ​ដោ​យ​ទេសភាព​ស្អាតៗ វាល​ស្រែ ក្បែរ​ចម្ការ កំពុង​តែ​ឈរ​យ៉ាង​សង្ហារ​រង់ចាំ​តែ​អ្នក​ថត​រូប​យើង មក​ផ្តិត​យក​សម្រស់​របស់​ខ្លួន​ជាមួយ​នឹង​ថ្ងៃ​រៀប​លិច រំលេច​ជាមួយ​នឹង​ទឹក​ដក់​នៅ​កណ្តាល​វាល​ស្រែ បង្កើត​បាន​ជា​ទិដ្ឋភាព​រូបភាព​មួយ​ដែល​មិន​អាច​មើល​រំលង​បាន​ឡើយ។

សត្វ​សេះ ពពែ និង​គោ ដើរ​តាម​​ផ្លូវ​ហែ​ហូរ​ដោយ​អ្នក​គង្វាល ចូល​ចិត្ត​មក​រសៀល​ក្បែរ​អ្នក​ដំណើរ ងាយ​នឹង​ទេសចរ​មក​ថត​ស្ទាប​ប៉ះ​និង​អង្អែល ហាក់​បាន​ផ្សារ​ភ្ជាប់​ទីក្រុង​និង​ជនបទ​តាម​រយៈ​អ្នក​ដំណើរ។ ជាង​នេះ​ទៅ​ទៀត យើង​ក៏អាច​ចរ​យាត្រា​ទៅ​ទស្សនា​សហគមន៍​តម្បាញ​ក្រម៉ា​​ដែល​ជា​អត្ត​សញ្ញាណ​សម្គាល់​របស់​អ្នក​ស្រុក​កោះ​ដាច់​​ និង​ជា​ស្នាដៃ​ផលិត​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​មក​ពី​រាប់​រយ​គ្រួសារ​ទៀត​ផង។ យ៉ាង​ណា​មិញ យើង​ក៏​អាច​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​កែ​ច្នៃ ចំការ​ស្នេហ៍ មាន​ភ្ញៀវ​ទេសចរណ៍​ជា​ហូរ​ហែ​ឥត​ដាច់ និង​ធ្វើ​ឲ្យ​យើង​ទស្សនា​ការ​ផលិត​សូត្រ​របស់​សត្វ​ដង្កៅ​នាង​ពិតៗ និង​ការ​វិវឌ្ឍន៍​នៃ​សង្ខារ​របស់​វា​ពណ៌នា​ដោយ​មគ្គុទេសក៍​ដ៏ចំណាន​ពី​សំណាក់​ម្ចាស់​រមណីយដ្ឋាន​ផ្ទាល់​តែ​ម្តង។

​            ដូច​នេះ​នៅ​រង់​ចាំ​ដល់​ណា​ទៀត ឆ្លៀត​ពេល​ទំនេរ​ពី​ការងារ​បន្តិច​បន្តួច​មក​លម្ហែរ​អារម្មណ៍​ជាមួយ​នឹង​ទេសចរណ៍​ធម្មជាតិ​ដែល​នៅ​ជិត​បង្កើយ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​នា​ស្រុក​កោះ​ដាច់​​ មិន​បាច់​ទៅ​ស្រែ​នៅ​ឯ​ខេត្ត​ឆ្ងាយៗ​នោះ​ឡើយ។ ឆាក​ជីវិត​មនុស្ស​វា​មិន​ទៀង​ទាត់ឡើយ ​ដូច្នេះ​កុំ​កន្តើយ​ឆ្លើយ​ឆ្លង​ជាមួយ​នឹង​ធម្មជាតិ​ដ៏ស្រស់​ត្រកាល​ប្រសើរ​ជាង​នៅ​ក្នុង​ប្រអប់​សាល​ទីក្រុង​ដ៏​គួរ​ឲ្យ​តប់​ប្រមល់ ទុក​ឲ្យ​កោះ​ដាច់​បំបាត់​ទុក្ខ​កង្វល់​ឲ្យរលាយ​គ្មាន​សល់​អស់​ទៅ​ចុះ៕

Article by SongK




SUGGESTIONS