×
SOVRIN

សុភាព​នារី​គួរ​យល់​ដឹង​ពី​ចំណុច​អ្វី​ខ្លះ​ដើម្បី​ថែ​រក្សា​ឱ្យ​រាង​ត្រគាក​ស្អាត!

 
 

            មាន​មនុស្ស​តិច​ណាស់​ដែល​កើត​មក​មាន​រាង​ និង​ត្រគាក​ស្អាត​ ដែល​នេះ​អាច​ជា​សំណាង​របស់​គាត់​ដែល​មាន​រាង​ស្រស់​ស្អាត​ពី​ធម្មជាតិ​បែប​នេះ។​ យ៉ាង​ណា​មិញ​រាង​ដ៏​ស្រស់​ស្អាត​របស់​អ្នក​នឹង​ប្រែប្រួល​ប្រសិន​បើ​អ្នក​មាន​ការ​ធ្វេស​ប្រហែស​ក្នុង​ការ​ថែរក្សា។​ សម្រាប់​អ្នក​ដែល​ពុំ​មាន​រាង​ស្អាត​ពី​ធម្មជាតិ​វិញ​អ្នក​ពុំ​ចាំ​បាច់​មាន​កង្វល់​នោះ​ទេ។​ តាម​រយៈ​ការ​រៀបចំ​របប​អាហារ​ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ត្រឹម​ត្រូវ​អ្នក​នឹង​មាន​រាង​ ព្រម​ទាំង​ត្រគាក​ដ៏​ស្រស់​ស្អាត​ជាក់​ជា​មិន​ខាន។​ ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ​ ដើម្បី​លទ្ធផល​ជា​ទី​គាប់​ចិត្ត​នៅ​ថ្ងៃ​អនាគត។

១. ហាត់ប្រាណបែប Cardio

            ការ​ធ្វើ​លំហាត់​ប្រាណ​តាម​របៀប​ Cardio​ ជា​ការ​ធ្វើ​លំហាត់​ប្រាណ​មួយ​ជួយ​ឲ្យ​ចង្វាក់​បេះដូង​របស់​អ្នក​មាន​ដំណើរ​ការ​ល្អ។​ ដុត​បំផ្លាញ​កាឡូរី​ដែល​សេស​សល់​ចេញ​ពី​រាងកាយ​តាម​រយៈ​ការ​ជិះកង់​ រត់​ ដើរ​ ឬ​ហែលទឹក​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​តាម​របៀប​ Cardio។​ ប្រសិន​បើ​អ្នក​ចង់​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ដែល​លើស​ត្រង់​ត្រគាក​ឲ្យ​មាន​រាង​ស្អាត​ អ្នក​គួរ​ព្យាយាម​ធ្វើ​លំហាត់​ប្រាណ​របៀប​នេះ​ឲ្យ​បាន​យ៉ាង​តិច​បីដង​ក្នុង​មួយ​សប្តាហ៍​ហើយ​ក្នុង​មួយដង​យ៉ាង​តិច​ពី​ ៣០​ទៅ​ ៤៥នាទី។

២. ផ្លាស់ប្ដូររបបអាហារ

            រៀបចំ​របប​អាហារ​ប្រចាំថ្ងៃ​ឲ្យ​បាន​ត្រឹមត្រូវ​ និង​គ្រប់គ្រាន់​គឺ​ជា​កត្តា​មួយ​ដ៏​សំខាន់​សម្រាប់​សុខភាព​ រូបរាង​ និង​សម្រស់​របស់​អ្នក។​ កាត់​បន្ថយ​អាហារ​សម្រន់​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​មិន​ឲ្យ​ជាតិ​ខ្លាញ់​ដែល​បណ្តាល​ឲ្យ​អ្នក​ធាត់​កើន​ឡើង។​ ហើយ​ក្នុង​អំឡុង​ពេល​ដែល​អ្នក​ស្ថិត​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​ អ្នក​គួរ​តែ​គ្រប់គ្រង​ជាតិ​ទឹក​ក្នុង​រាងកាយ​របស់​អ្នក​ឲ្យ​បាន​គ្រប់​គ្រាន់​ដោយ​ការ​ទទួល​ទាន​អាហារ​ដែល​មាន​សាជាតិ​កាបូហីដ្ត្រេ​ (Carbohydrates)​ ឲ្យ​បាន​ច្រើន។​ ដូច​នេះ​ដើម្បី​ឲ្យ​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​រៀបចំ​ទៅ​យ៉ាង​មាន​ប្រសិទ្ធភាព​ អ្នក​គួរ​ធ្វើ​កំណត់​ត្រា​ប្រចាំថ្ងៃ​ដើម្បី​ឲ្យ​អ្នក​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចង​ចាំ។

៣. ពង្រឹងសាច់ដុំកំណាត់ក្រោមនៃរាងកាយ

            បង្កើន​សាច់​ដុំ​ដើម្បី​ឲ្យ​រាង​មើល​ទៅ​កាន់​តែ​ស្អាត​ ស្បែក​តឹង​ណែន​ និង​មាន​ភាព​ស៊ិចស៊ី​ ដោយ​ធ្វើ​លំហាត់​ប្រាណ​ផ្ដោត​សំខាន់​នៅ​លើ​កំណាត់​ក្រោម​នៃ​រាងកាយ​របស់​អ្នក។​ ងាយៗ​ដោយ​ការ​អង្គុយ​ និង​ឈរ​ ងើបចុះ​ងើបឡើង​ បោះ​ជំហាន​ធំៗ​ និង​ការ​លើក​ជើងឡើង​ និង​ទម្លាក់ចុះ។​ ធ្វើ​បែប​នេះ​រយៈ​ពេល​៣០នាទី​ក្នុង​១ដង​ និង​៣ដង​ក្នុង​១សប្តាហ៍​ដើម្បី​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត។

៤. គ្រប់គ្រងតុល្យភាពនៃការធ្វើលំហាត់ប្រាណ

            ព្យាយាម​គ្រប់​គ្រង​សមតុល្យ​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​របស់​អ្នក​ឲ្យ​មាន​តុល្យភាព​ជា​មួយ​នឹង​កំណាត់​ខាង​លើ​ និង​ក្រោម​នៃ​រាង​កាយ។​ នោះ​មាន​ន័យ​ថា​អ្នក​គួរ​ព្យាយាម​ប្រើ​វិធី​សាស្ត្រ​ធ្វើ​លំហាត់​ប្រាណ​មួយ​ណា​ដែល​ជួយ​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​ទទួល​បាន​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​ស្មើ​គ្នា។​ ក្រៅ​ពី​ដុត​បំផ្លាញ​ខ្លាញ់​ត្រគាក​ ហ្វឹកហ្វាត់​ដើមដៃ​ ចង្កេះ​ សាច់ដុំ​ខ្នង​ដោយ​ការ​ធ្វើ​ Push-ups​ (អាវ៉ង់)​ ក៏​ជា​ការ​ចាំ​បាច់។​ ក៏​ប៉ុន្តែ​វា​មាន​តិក​និច​ផ្សេងៗ​ទៀត​គួប​ផ្សំ​ជា​មួយ​នឹង​លំហាត់​ប្រាណ​ប្រភេទ​នេះ​ទៅ​តាម​ការ​ចង់​បាន​របស់​មិត្ត​នារី​ តួយ៉ាង​ដូច​ជា​ចាប់​ផ្តើម​ពី​ការ​អាវ៉ង់​ រួច​ផ្អៀង​ខ្លួន​ និង​លើក​ដៃ​មួយ​ចំហៀង​ឡើង​លើ​ត្រង់​ នៅ​ស្ងៀម​ប្រហែល​៣០វិនាទី​សឹម​ដាក់​ដៃ​ចុះ​វិញ​ ដើម្បី​ប្តូរ​ទៅ​មួយ​ចំហៀង​ទៀត។​ លំហាត់​ប្រាណ​នេះ​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ដើម​ដៃ​ និង​ចង្កេះ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព៕

Article by TITH RATHA




SUGGESTIONS