×
Photo by NY KINUT

ផលិត​កម្ម​រស្មី​ហង្សមាស​បង្ហាញ​តារា​ចម្រៀង​ថ្មី​បីដួង​ ដែល​ជា​កូន​​ប្រុស​បង្កើត​របស់​លោក​ ព្រាប​ សុវត្ថិ

 
 

            ព្រឹក​ថ្ងៃ​ទី​៨ មករា​ ឆ្នាំ​២០១៨​ នៅឯសណ្ឋាគារ Sofitel Phokeethra Phnom Penh ផលិតកម្ម​រស្មី​ហង្សមាស​បាន​បើក​នូវ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ជា​ផ្លូវការ​អំពី​ចំណូល​តារា​ចម្រៀង​វ័យក្មេង​ថ្មី​​បី​ដួងមក​ក្នុង​ផលិតកម្ម​របស់​ខ្លួន​​ ​ដោយ​រួមមាន​លោក​ សុវត្ថិ មុនីវណ្ណ លោក សុវត្ថិ មុនីនាគ និង​លោក​ សុវត្ថិ សិរីវុឌ្ឍ ដែល​សុទ្ធ​សឹង​តែ​ជា​កូន​ប្រុស​បង្កើត​របស់​កំពូល​តារាចម្រៀងប្រចាំ​ផលិតកម្មហង្សមាស​ ​លោក​ព្រាប​សុវត្ថិ​។​​ ជាមួយ​នឹង​ការចូលរួម​ពី​សំណាក់​អ្នក​សារ​ព័ត៌មាន​ និងក្រុម​ការងារ​ហង្សមាស អមដោយ​លោក អឹុង ឆៃងួន អគ្គនាយក​ក្រុមហ៊ុន​ហង្សមាស​គ្រុប​ លោកស្រី អឹុង គីមលាង អគ្គ​នាយក​រង និង​លោក អឹុង សុងលាភ អ្នកគ្រប់គ្រងទូទៅ ព្រមទាំង​លោក​ព្រាបសុវត្ថិ និងភរិយា​ លោកស្រី​ឡុងស្រីមុំ ផងដែរ​។​ តាមប្រសាសន៍​របស់​លោកស្រី​ អឹុង គីមលាង បានឲ្យដឹងថា តារា​ចម្រៀង​ទាំង​បី​ដួង​នេះ​នឹង​បន្ថែម​នូវ​ភាព​រស់រវើក​ថែម​មួយ​កម្រិត​ទៀត​ដល់​ផលិតកម្ម​មួយ​នេះ ពិសេស​​វិស័យ​តន្រ្ដី​​នៅ​កម្ពុជា​ ដើម្បី​ចូលរួម​គាំទ្រ និងលើកស្ទួយ​តន្រ្ដី​ខ្មែរនិពន្ធថ្មី (Original Khmer Music) ព្រម​ទាំង​បណ្ដុះ​បណ្ដាល​​ក្មេង​ជំនាន់​ក្រោយ​ដែល​មាន​ទេពកោសល្យ​ទាំងឡាយ​។​ ផលិតកម្ម​រស្មី​ហង្សមាស​ក៏​បាន​ប្រកាស​ដែរ​ថា បទ​ចម្រៀង​ថ្មី​របស់​អ្នក​ទាំង​បី​ដែល​មាន​ចំណង​ជើង​ថា “កែវភ្នែក” នឹង​ចេញ​នូវ​ MV ជា​ផ្លូវការ​នាម៉ោង​៧​យប់នេះ ក្នុង​ទំព័រហ្វេសបុក​របស់​​រស្មីហង្សមាស​​​ ហើយ​បទ​ចម្រៀង​​ទោល​នានា​ទៀត​នឹង​ចេញ​ជា​បន្ត​បន្ទាប់​​នា​ពេល​ខាង​មុខ​៕

Article by LENG CHANREASEY




SUGGESTIONS