×
Image Courtesy: SOVRIN

រមណីយដ្ឋាន​កាំពី​ ឋាន​សួគ៌​អន្លង់​ផ្សោត​មេគង្គ

 
 

            “ឱ​ផ្ទៃ​ទន្លេ​ជា​កេរ​ធម្មជាតិ ខ្លែង​ហើរ​ព្រាតៗ​រលក​គ្រាំៗ​ ខ្យល់​បក់​បោក​ដើម​គគី​ររេរាំ​…”  ជា​បទ​ចម្រៀង​មរតក​ដើម​ដែល​សរសើរ​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​តម្លៃ​មហា​សាល​កាត់​ថ្លៃ​មិន​បាន​នៃ​ខេត្ត​ក្រចេះ​ ប៉ែក​ឦសាន​នៃ​ប្រទេស​កម្ពុជា។ ក្នុង​ចំណោម​ មរតក​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​នៅ​តាម​ដង​ទន្លេ​មេគង្គ​លើ ខេត្ត​ក្រចេះ​នេះ មាន​សត្វ​ផ្សោត​ជា​ប្រភេទ​ថនិក​សត្វ​កម្រ​មួយ​ដែល​មាន​ច្រើន​ជាង​គេ​ក្នុង​ទឹកដី​នេះ​តែ​ប៉ុណ្ណោះ។ ប្រសិន​បើ​ភ្ញៀវ​ទេសចរ​មាន​បំណង​ចង់​ទស្សនា​សត្វ​ផ្សោត​ទន្លេ​មេគង្គ​កម្ពុជា ភ្ញៀវ​និយម​ធ្វើ​ដំណើរ​ទៅ​កាន់​រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំពី​​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិសាស្រ្ត​ភូមិ​កាំពី ឃុំ​សំបុក ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។

            ដើម្បី​ទៅ​ដល់​អន្លង់​ផ្សោត​កាំពី អ្នក​ទេសចរ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ៧​ ចេញ​ពី​ទី​រួម​ខេត្ត​ក្រចេះ​តាម​ផ្លូវ​ជាប់​មាត់​ទន្លេ​ក្នុង​ទិសដៅ​ឆ្ពោះ​ទៅ​កាន់​ស្រុក​សំបូរ ខេត្ត​ក្រចេះ។ នៅ​ពេល​ទៅ​ដល់​ទីតាំង​នោះ លោក​អ្នក​នឹង​ឃើញ​ក្លោង​ទ្វារ​ចូល​នៅ​ខាង​ស្តាំ​ដែល​មាន​អក្សរ “រមណីយដ្ឋាន​អន្លង់​ផ្សោត” អម​ដោយ​រូប​សត្វ​ផ្សោត​ពីរ​សង​ខាង​ជា​និមិត្ត​សញ្ញា។ ភ្ញៀវ​អាច​អង្គុយ​សម្រាក​គយគន់​សត្វ​ផ្សោត​ពី​ផែ​ថ្ម​ដែល​ត្រូវ​បាន​សង់​ជាប់​នឹង​មាត់​ទន្លេ​ ឬក៏​ជួល​ទូក​របស់​ប្រជាសហគមន៍​​ជិះ​ទៅ​កណ្តាល​ទន្លេ​ដើម្បី​ទស្សនា​​ផ្តិត​យក​រូបភាព​សត្វ​ផ្សោត​ហែល​ហើប​ពី​ផ្ទៃ​ទឹក​កាន់​តែ​ច្បាស់។  ចំពោះ​តម្លៃ​នៃ​ការ​ជួល​ទូក​ជិះ​មើល​ផ្សោត​នេះ​វិញ សហគមន៍​ទូក​ទេសចរណ៍​កាំពី​បាន​កំណត់​តម្លៃ​យ៉ាង​ជាក់​លាក់​គឺ សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក ទូក​មួយ​គ្រឿង​មាន​តម្លៃ​៤ម៉ឺនរៀល ​(១០​ដុល្លារ) ក្នុង​មួយ​ម៉ោង ​ឬ តម្លៃ​៧​ពាន់​រៀល​សម្រាប់​ភ្ញៀវ​ក្នុង​ម្នាក់ បើ​ភ្ញៀវ​មាន​ចំនួន​ចាប់​ពី​៦​នាក់ឡើង​ទៅ។ ដោយ​ឡែក​សម្រាប់​ភ្ញៀវ​បរទេស​ម្នាក់​ឬ​​ពីរ​នាក់ ទូក​មួយ​គ្រឿង​មាន​តម្លៃ ៩ដុល្លារ ក្នុង​មួយ​ម៉ោង​ ឬ តម្លៃ​៧​​ដុល្លារ បើ​ភ្ញៀវ​ចាប់​ពី​៥​នាក់​ឡើង​ទៅ។

            ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​និយម​ទៅ​កំសាន្ត​នៅ​ទី​នោះ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ក្នុង​រដូវ​ប្រាំង​ និង រដូវបុណ្យ​ទាន​ធំៗ ជា​ពិសេស ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន និង ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ​ដោយសារ​តែ​ពួក​គាត់​ចង់​ឃើញ​សត្វ​ផ្សោត​ដោយ​ផ្ទាល់​ភ្នែក។ តាម​របាយការណ៍​ផ្លូវ​ការ​របស់​អង្គការ​សង្រ្គោះ​សត្វ​ព្រៃ​កម្ពុជា (WWF-Cambodia) ចេញ​ផ្សាយ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតិ​សត្វ​ផ្សោត​ទន្លេ​មេគង្គ​កម្ពុជា​មាន​ចំនួន​ប្រមាណ ៨០​​ក្បាល ដែល​កំពុង​រស់​នៅ​ចន្លោះ​ទី​រួម​ខេត្ត​និង​ព្រំដែន​កម្ពុជា-ឡាវ។ ​ផ្សោត​មិន​មែន​ជា​ត្រី​ទេ ប៉ុន្តែ​វា​ជា​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​ដូច​មនុស្ស​ដែរ។ វា​មាន​ស្បែក​ពណ៌​ប្រផេះ​ចាស់ និង​មាន​ក្បាល​មូល​ដូច​ត្រឡោក ឬ ផ្តិល​ផ្កាប់។ ផ្សោត​ពេញ​វ័យ​មាន​ទម្ងន់​ចន្លោះ​ពី​៩០​ទៅ​១៥០​គីឡូក្រាម និង​មាន​ប្រវែង​ដងខ្លួន​ពី២.១០ ម៉ែត្រ ទៅ ២.៧៥ ម៉ែត្រ។ វា​ច្រើន​នៅ​ក្នុង​អន្លង់​ទឹក​ជ្រៅ ហើយ​រស់​នៅ​ជា​ហ្វូង​ដែល​អាច​មាន​សមាជិក​រហូត​ដល់​១០ក្បាល និង​អាច​រស់​នៅ​បាន​រហូត​៣០​ឆ្នាំ។ វា​ស៊ី​មច្ឆជាតិ និង​សិប្បីសត្វ​ដែល​រស់​នៅ​ក្នុង​ទន្លេ​ជា​អាហារ។ 

            ក្រៅ​ពី​ការ​ទស្សនា​សត្វ​ផ្សោត​នៅ​ក្នុង​ដង​ទន្លេ​មេគង្គ​លើ​ដ៏​ពិសិដ្ឋ​នេះ​​ ភ្ញៀវ​ទេសចរ​ទាំង​អស់​អាច​រក​ជាវ​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​អំពី​ឈើ​ប្រណិត​ដូចជា នាងនួន បេង ធ្នង់ គ្រញូង ដែល​ផលិត​ដោយ​ដៃ​ប្រជាសហគមន៍​កាំពី​ផ្ទាល់ តួយ៉ាង ដូចជា រូប​ចម្លាក់​សត្វ​ផ្សោត រូប​ត្រី​រាជ រូប​ត្រី​ឡហាន រូប​សត្វ​ក្ងោក និង រូប​ដាក់​តាំង​លម្អ​តូច​ធំផ្សេងៗ​ជាច្រើន​ប្រភេទ​ទៀត។ គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំពី​មាន​អាជីវករ​ដែល​ជា​ប្រជាសហគមន៍​លក់​ដូរ​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​អំពី​ឈើ​ចំនួន​ជាង​១០​គ្រួសារ ហើយ​មាន​ប្រជាជន​ដែល​ជា​សិប្បករ​ចម្លាក់​ប្រភេទ​នេះ​ចំនួន​រហូតជាង​១០០​គ្រួសារ ដែល​ពួកគេ​បាន​ចាប់ផ្តើម​សិប្បកម្ម​នេះ​តាំង​ពី​ឆ្នាំ​២០០៤​ម្ល៉េះ។

            ឯកឧត្តម អេង ជាសាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជាអគ្គនាយក​នៃ​រដ្ឋបាល​ជលផល​ធ្លាប់​មាន​ប្រសាសន៍​ថា “យើង​មាន​ការ​ប្តេជ្ញា​ខ្ពស់​ក្នុង​ការ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ ហើយ​ទន្ទឹម​នឹង​នេះ​ដែរ ​យើង​ក៏​យល់​ដឹង ថា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក៏​ជា​ការ​ចាំបាច់​ក្នុង​ការ​លើកកំពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​និង​ជួយ​ដល់​សហគមន៍​នេសាទ​និង​សហគមន៍​ព្រៃឈើ​ដែល​សហគមន៍​ក្នុង​តំបន់​ទាំង​នោះ​អាច​ត្រូវ​បាន​លើក​កំពស់​ដោយ​ចូល​រួម​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ផង​ដែរ។”

            គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា មាន​កូន​ផ្សោត​កើត​ថ្មី ចំនួន​០៩ក្បាល។ នេះ​ជា​ឆ្នាំដ៏​អស្ចារ្យ​មួយ​ដែល​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​នៃ​ការ​កើន​ឡើង​ចំនួន​សត្វ​ផ្សោត​​​ទន្លេ​មេគង្គ កម្ពុជា​ដែល​ទទួល​បាន​ពី​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ៕

Article by SRIN SOKMEAN

 




SUGGESTIONS