×
Image Courtesy: SOVRIN

បន្លាស់​ប្តូរ​បែប​ផែន​ជីវិត​ក្នុង​សង្គម​កម្ពុជា

 
 

            អ្វី​ទៅ​ជា​បែបបទ​នៃ​ជីវិត​រស់​នៅ​ (Lifestyle)?​ បែបបទ​នៃ​ជីវិត​រស់​នៅ​ ឬ​រចនាបថ​នៃ​ជីវិត​មិន​មែន​សំដៅ​តែ​លើ​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ​នោះ​ទេ​ ប៉ុន្តែ​ពាក្យ​នេះ​អាច​ប្រើ​ពណ៌នា​អំពី​ចំណង់​ចំណូល​ចិត្ត​ផ្នត់​គំនិត​អាកប្បកិរិយា​របស់​បុគ្គល​ម្នាក់​ មនុស្ស​មួយ​ក្រុម​ ឬ​វប្បធម៌​នៃ​ជាតិ​សាសន៍​ណា​មួយ​ (វចនានុក្រម​ Merriam-Webster​, ១៨៣១)។​ យោង​តាម​ឯកសារ​សាវ​តារ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ប្រទេស​កម្ពុជា​បាន​ឆ្លង​កាត់​ច្រើន​​សម័យ​កាល​តាំង​ពី​សម័យ​នគរភ្នំ​ ឬ​សម័យ​ហ្វូណន​ សម័យ​ចេនឡា​ សម័យ​មហានគរ​ សម័យ​ចតុមុខ​ សម័យ​លង្វែក​ សម័យ​ឧដុង្គ​ សម័យ​អាណានិគម​បារាំង​ សម័យ​សង្គម​រាស្រ្តនិយម​ សម័យ​សាធារណរដ្ឋ​ខ្មែរ​ សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ សម័យ​រដ្ឋកម្ពុជា​ និង​ចុង​ក្រោយ​គឺ​ សម័យ​ព្រះរាជាណាចក្រ​កម្ពុជា​ទី២​ គិត​ចាប់​តាំង​ពី​ឆ្នាំ១៩៩៣​ ដល់​ពេល​បច្ចុប្បន្ន​នេះ​ឯង។​ ឆ្លង​កាត់​ពី​មួយ​សម័យ​កាល​ទៅ​មួយ​សម័យ​កាល​ ពី​របប​ដឹក​នាំ​មួយ​ទៅ​របប​ដឹក​នាំ​មួយ​ទៀត​ ពី​ប្រព័ន្ធ​សេដ្ឋកិច្ច​មួយ​ទៅ​ប្រព័ន្ធ​សេដ្ឋកិច្ច​មួយ​ទៀត​ ទំនោរ​នៃ​បែប​បទ​នៃ​ការ​រស់​នៅ​របស់​ប្រជាជន​ទូទាំង​ប្រទេស​ក៏​រមែង​តែងតែ​មាន​ការ​ប្រែប្រួល​គ្រាន់​តែ​តំបន់​ខ្លះ​មាន​ការ​ប្រែប្រួល​ខុស​ប្លែក​ខ្លាំង​ពី​មុន​ ហើយ​កន្លែង​ខ្លះ​ទៀត​នៅ​រក្សា​បាន​នូវ​អត្តសញ្ញាណ​បាន​ខ្ជាប់​ខ្ជួន​ច្រើន​ ជា​ពិសេស​នៅ​តាម​តំបន់​និគមជនបទ​ដាច់​ស្រយាល។​ យ៉ាង​ណា​មិញ​​ សូវរីន​ នឹង​ធ្វើ​ការ​ដក​ស្រង់​បង្ហាញ​ពី​ចំណុច​ខ្លះៗ​នៃ​ប្រធានបទ​ខាង​លើ​ជូន​ប្រិយមិត្ត​អ្នក​អាន​ទុក​ជា​ជំនួយ​ស្មារតី​សម្រាប់​ការ​ពិចារណា។

            ក្នុង​រយៈ​ពេល​១០ឆ្នាំ​ចុង​ក្រោយ​នៃ​សតវត្សរ៍ទី២១​នេះ​ យើង​សង្កេត​ឃើញ​ជា​ទូទៅ​ថា​ ប្រជាជន​កម្ពុជា​ទទួល​រង​នូវ​ឥទ្ធិពល​សកលភាវូបនីយកម្ម​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់​ដោយ​សារ​តែ​កំណើន​វិសាលភាព​នៃ​បណ្តាញ​ផ្សព្វផ្សាយ​ជាអាទិ៍​ ទូរទស្សន៍​ វិទ្យុ​ ទស្សនាវដ្តី​ កាសែត​ បណ្តាញ​ហ្វេសប៊ុក​ និង​បណ្តាញ​សង្គម​ផ្សេងៗ​ទៀត​យ៉ាង​ព្រោងព្រាត។​ កាល​ពី​ទសវត្សរ៍​មុន​ ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ប្រើ​ទូរសព្ទ​ដៃ​ធម្មតា​សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​ម៉ាក​ទូរស័ព្ទ​ស្មាតហ្វូន​ទំនើបៗ​ហូរចូល​មក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​ឡើងៗ​ អតិថិជន​កាន់​តែ​មាន​តម្រូវ​ការ​ភាព​ស៊ីវិល័យ​ទាន់សម័យ។​ យុវវ័យ​មួយ​ចំនួន​ធំ​និយម​ប្តូរ​ម៉ូដ​ទូរស័ព្ទ​ដើម្បី​បង្អួត​គ្នា​ពោរពេញ​ដោយ​ស្មារតី​សម្ភារនិយម​ អស់​ពី​អាយហ្វូន​ 6​ ឈាន​ទៅ​អាយហ្វូន​ 7​ ហើយ​និង​ម៉ូដដែល​ថ្មីៗ​ក្រោយៗ​ទៀត​ឥត​ឈប់ឈរ​ ដោយ​សារ​តែ​ពួក​គេ​ចង់​បាន​ទូរស័ព្ទ​ដែល​ថតរូប​បាន​ច្បាស់​ និង​មាន​ពហុមុខងារ​ទៅ​តាម​តម្រូវ​ការ​នៃ​ការ​ប្រើប្រាស់។​ មិនមែន​មាន​តែ​យុវវ័យ​ទេ​ដែល​និយម​ប្តូរ​ស៊េរី​ទូរស័ព្ទ​ សូម្បី​តែ​មនុស្ស​វ័យ​កណ្តាល​ជា​ច្រើន​ក៏​ព្យាយាម​ប្តូរ​មក​ប្រើ​ស៊េរី​ទូរស័ព្ទ​ស្មាតហ្វូន​ដើម្បី​ងាយ​ស្រួល​ប្រើប្រាស់​បណ្តាញ​ហ្វេសប៊ុក​ក្នុង​ការ​ទទួល​ដំណឹង​ថ្មីៗ​ប្រចាំថ្ងៃ​ ស្តាប់​តន្រ្តី​ពីរោះៗ​ ចែក​រំលែក​រូបភាព​ទៅ​កាន់​ក្រុម​គ្រួសារ​ និង​មិត្តភក្តិ​ ព្រម​ទាំង​រក្សា​ទំនាក់ទំនង​នៅ​ក្នុង​អង្គភាព​ការងារ​របស់​ខ្លួន​ផង​ដែរ។​ ជា​រឿយៗ​ ពួក​គាត់​តែងតែ​សួរ​នាំ​ដេញ​ដោល​កូន​ចៅ​អំពី​របៀប​ប្រើប្រាស់​សម្ភារ​ទំនើប​ទាំង​នោះ​ ដើម្បី​អនុវត្ត​ដោយ​ខ្លួន​ឯង​ដោយ​អាការៈ​ចង់​ដឹង​ចង់​ស្គាល់។.

            ទាក់​ទង​នឹង​បច្ចេកវិទ្យា​នេះ​ដែរ​ នរណា​ក៏​ទទួល​ស្គាល់​ដែរ​ថា​កុមារា​កុមារី​យុវជន​យុវតី​សព្វថ្ងៃ​ទំនង​ជា​ចំណាយ​ពេល​ជា​មួយ​ទូរស័ព្ទ​ដៃ​ ឬ​ Ipad​ របស់​ពួក​គេ​ច្រើន​ជាង​ទំនាក់​ទំនង​ជា​មួយ​ក្រុម​គ្រួសារ​ ដែល​ពេល​ខ្លះ​ពួក​គេ​សឹង​តែ​ភ្លេច​បាយ​ភ្លេច​ទឹក​ដោយ​សារ​ការ​អូស​ទាញ​នៃ​សម្ភារៈ​មាន​តម្លៃ​ទាំង​នោះ។​ ទម្លាប់​នៃ​ការ​អាន​សៀវភៅ​ក៏​ធ្លាក់​ថយ​ចុះ​ក្នុង​ខណៈ​ពេល​ដែល​ដៃ​ និង​ភ្នែក​របស់​ពួក​គេ​រវល់​នឹង​ទូរស័ព្ទ​ស្មាតហ្វូន។​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ វត្ត​មាន​នៃ​គេហទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​នានា​បាន​រីក​ចម្រើន​ដុះដាល​ដូច​ផ្សិត​ ដោយ​សារ​វា​បង្កភាព​ងាយ​ស្រួល​ដល់​អ្នក​អាន​គ្រប់​ទីកន្លែង​ មិន​ថា​នៅ​ក្នុង​រាជធានី​ឬ​នៅ​តាម​បណ្តា​ខេត្ត​នានា​នោះ​ទេ។​ ប្រជាជន​និយម​តាម​ដាន​ព្រឹត្តិការណ៍​សំខាន់ៗ​ ប្រចាំ​ថ្ងៃ​ដូច​ជា​បញ្ហា​នយោបាយ​ សន្តិសុខ​សង្គម​ ព័ត៌មាន​កម្សាន្ត​ សុខភាព​ និង​​កីឡា​ ដែល​ថ្មីៗ​ប្លែក​ ហើយ​ពួក​គេ​ក៏​ចូលចិត្ត​ចែក​រំលែក​ និង​បញ្ចេញ​មតិ​ប្រតិកម្ម​ភ្លាមៗ​ផង​ដែរ​ ព្រោះ​ពួក​គេ​យល់​ដឹង​ច្រើន​អំពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ។

            កត្តា​មួយ​ទៀត​នោះ​ ​គឺ​ទម្លាប់​នៃ​ការ​ហូប​ចុក​ប្រចាំថ្ងៃ។​ កាល​ពី​ជំនាន់​មុន​ បុព្វបុរស​ដូនតា​ខ្មែរ​យើង​មាន​គំនិត​សន្សំសំចៃ​ពូកែ​ច្នៃប្រឌិត​ដើម្បី​បម្រើ​ការ​ប្រើប្រាស់​រយៈ​ពេល​វែង។​ ជា​ឧទាហរណ៍​ បើ​និយាយ​ពី​ស្បៀង​អាហារ​ ខ្មែរ​ពី​ដើម​មាន​ជំនាញ​ក្នុង​ការ​ធ្វើ​ប្រហុក​ ផ្អក​ ត្រីងៀត​ ត្រីផ្អើរ​ ឆៃប៉ូវ​ ត្រសក់ចាវ​ ព្រោះ​ជំនាន់​មុន​ ភោគផល​ធម្មជាតិ​សំបូរ​រហូត​សល់​ហូប​មិន​អស់​ ម្ល៉ោះ​ហើយ​ទើប​ដូនតា​លោក​កែច្នៃ​ធ្វើ​ជា​ស្បៀង​ ទុក​ហូប​ពេល​ក្រោយ។​ លុះ​មក​ដល់​សម័យ​នេះ​ ប្រជាជន​និយម​ចេញ​ទៅ​ទទួល​ទាន​អាហារ​នៅ​ខាង​ក្រៅ​ ជា​មួយ​ក្រុម​គ្រួសារ​ និង​មិត្តភក្តិ​ដោយ​សារ​តែ​ភាព​មមាញឹក​នៃ​ការងារ​ផង​ និង​ដោយ​សារ​តែ​ពួក​គេ​ចង់​សាក​ភ្លក្ស​រសជាតិ​ដ៏​សំបូរ​បែប​នៃ​អាហារ​ហាង​ល្បីៗ​ ជាពិសេស​ សព្វថ្ងៃ​អាហារ​ចម្អិន​ឆាប់​រហ័ស​ និង​អាហារ​តាម​ផ្លូវ​ តួយ៉ាង​​ ភីហ្សា​ ប្រហិតបំពង​ បុកល្ហុង​ ជើង​មាន់អាំង​ ជ្រក់​ជើងមាន់​ គ្រឿង​សមុទ្រ​អាំង​ ស៊ុប​ មីឆា​ កំពុង​មាន​ការ​ពេញ​និយម​ខ្ពស់​ពី​អតិថិជន។​ ម្យ៉ាង​ឥឡូវ​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ និង​ទី​រួម​ខេត្តធំៗ​មាន​សេវាកម្ម​លក់​អាហារ​អនឡាញ​ និង​ដឹក​ជញ្ជូន​ដល់​ទីកន្លែង​ថែម​ទៀត​ផង​ ដូច​ជា​គ្រឿងម្ជូរ​ និង​ភេសជ្ជៈ​ផ្សេងៗ​ដែល​ពី​មុន​មិន​ធ្លាប់​មាន​ទេ​នៅ​ក្នុង​ស្រុក​ខ្មែរ។​ តម្រូវ​ការ​អាហារ​កាន់​តែ​ច្រើន​រហូត​ធ្វើ​ឲ្យ​មាន​ការ​បង្កើត​អាជីវកម្ម​សេវាកម្ម​បញ្ជាទិញ​ និង​ដឹក​ជញ្ជូន​អាហារ​ពេល​រាត្រី​រហូត​ដល់​ភ្លឺថែម​ទៀត​ផង​ ដើម្បី​បំពេញ​បំណង​អ្នក​ដែល​ធ្វើ​ការ​ដល់​យប់​ជ្រៅ​ហើយ​មិន​អាច​ចម្អិន​អាហារ​ដោយ​ខ្លួន​ឯង​បាន​ ឬ​មិន​អាច​ចេញ​ទៅ​ក្រៅ​ឆ្ងាយ​ទៅ​ទិញ​អាហារ​ហូប​ចុក។​ ត្រង់​ចំណុច​នេះ​គឺ​ខុស​ប្លែក​ពី​អតីតកាល​មែនទែន​ ព្រោះ​គេ​កម្រទទួល​ទាន​អាហារ​ពេល​យប់​ជ្រៅ​ណាស់​ ហើយ​អាហារ​ពេល​រាត្រី​ក៏​​មាន​តិចតួច​ដែរ​ គឺ​មាន​តែ​បបរស​ គុយទាវ​ មីឆា​ និង​ទឹកក្រឡុក​ នៅ​តំបន់​ខ្លះ​តែ​ប៉ុណ្ណោះ។

            ក្រៅ​ពី​បញ្ហា​នៃ​ការ​ហូបចុក​ការ​ស្លៀកពាក់​ក៏​មាន​ការ​ប្រែប្រួល​ខ្លាំង​ដែរ​ ប៉ុន្តែ​វា​មិន​មាន​អ្វី​គួរ​ឲ្យ​ចម្លែក​ចិត្ត​នោះទេ​ ព្រោះ​កាល​ណា​សម័យ​កាល​ប្រែប្រួល​វិស័យ​ហ្វេហ្សិន​ក៏​ប្រែប្រួល​ទៅ​តាម​នោះ​ដែរ។​ តួយ៉ាង​សម័យ​លង្វែក​ នារី​ខ្មែរ​ពាក់​អាវ​បំពង់​ដៃវែង​ចោម​ពុង​ក្រមា​ស្លៀក​សំពត់ចងក្បិន។​ សម័យ​សង្គមរាស្រ្ត​និយម​នារីខ្មែរ​នៅ​តែ​ឲ្យ​តម្លៃ​សម្លៀក​ប្រពៃណី​ពី​ដូនតា​ ប៉ុន្តែ​គេ​និយម​ច្នៃ​ក្រណាត់​ទាំង​នោះ​ជា​អាវ​វាល​ដៃ​ជីប​ចង្កេះ​រាងខើច​សំរុង​បន្តិច​ ហើយ​ស្លៀក​សំពត់​បត់​យ៉ាង​សុភាព​សមសួន​ ត្រូវ​នឹង​ម៉ូដសក់​ស្ពៃក្តោប​ ឬ​អូមេហ្គា។​ សម័យ​ក្រោយ​នេះ​ យុវតីខ្មែរ​បែរ​និយម​ស្លៀកពាក់​ខោអាវ​ម៉ូដ​សម័យ​ដែល​ងាយៗ​ស្រួល​ស្លៀកពាក់​ដើរ​ហើរ​ធ្វើ​ការ​ដូច​ជា​ស្លៀក​ខោខូវប៊យ​ អាវ​យឺត​ ឬ​ម៉ូដ​អាវ​ក្រណាត់​ស្តើងៗ​រលុងៗ​ ប្រើ​កាបូប​ស្ពាយធំៗ​ជា​ដើម​ ហើយ​ខោអាវ​ខ្លះ​ស្លៀក​ទាំង​ប្រុស​ទាំង​ស្រី​ផង​ដែរ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពណ៌ខ្មៅ​ដែល​ចាស់ៗ​ចាត់​ទុក​ជា​ពណ៌​អពមង្គល​ក៏​ត្រូវ​បាន​ប្រើប្រាស់​ជា​ធម្មតា​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ ឬ​ពិធី​ជប់លៀង​ផ្សេងៗ​ មិន​សូវ​មាន​អ្នក​ប្រកាន់​ទៀត​ឡើយ។

            ចំណុច​មួយ​ទៀត​ដែល​មិន​អាច​មើល​រំលង​នោះ​ គឺ​ស្រីៗ​ជំនាន់​សតវត្សទី២១​នេះ​មាន​ភាព​ក្លាហាន​ រឹងប៉ឹង​ មិន​សូវ​ខ្មាស់​អៀន​ដូច​មុន​ទៀត​ឡើយ។​ ពួក​គេ​ហ៊ាន​បញ្ចេញ​មតិ​ ដើរហើរ​ បំពេញ​ភារកិច្ច​ការងារ​ និង​ចូល​ប្រឡូក​ជា​សាធារណៈ​ក្នុង​ការងារ​សង្គម​ជា​រៀងរាល់​ថ្ងៃ​គួរ​ឲ្យ​កោត​ស្ញប់ស្ញែង​ និង​លើក​ទឹកចិត្ត។​ ពួក​គេ​ចុះ​ឈ្មោះ​សិក្សា​តាំង​ពី​កម្រិត​បឋមសិក្សា​រហូត​ដល់​ឧត្តមសិក្សា​ ហើយ​ខ្លះ​ទៀត​មាន​លទ្ធភាព​បន្ត​រហូត​ដល់​ថ្នាក់​ក្រោយ​ឧត្តមសិក្សា​នៅ​បរទេស​ថែមទៀត​ផង​ គួរ​ជា​ទី​មោទនភាព​ជាតិ។​ ពាក្យ​បន្តុះ​បង្អាប់​ប្រមាថ​កាតទាន​ “ស្រ្តី​បង្វិល​ចង្រ្កាន​មិនជុំ”​ ស្ទើរ​តែ​វិនាស​សាបសូន្យ​ពី​ប្រទេស​កម្ពុជា​ទៅ​ហើយ​ ព្រោះ​ព្រលឹង​មាតាធិបតេយ្យ​បាន​រីក​ចម្រើន​ឡើង​វិញ​នៅ​ក្នុង​សង្គម​ខ្មែរ។​ ប៉ុន្តែ​ដោយ​សារ​តែ​ស្រ្តី​មាន​ភារកិច្ច​ច្រើន​បែប​នេះ​ហើយ​ ទើប​សព្វថ្ងៃ​ស្រ្តី​មិន​សូវ​មាន​ពេលវលា​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​តួនាទី​ជា​មេផ្ទះ​ដាំ​ស្លមើល​ថែកូន​ដូច​ជំនាន់​បុព្វជន​របស់​ពួក​គាត់​នោះ​ទេ៕​

Article by SRIN SOKMEAN




SUGGESTIONS