×
Photo by DX

​មួយ​ថ្ងៃ​ដ៏​ជក់​ចិត្ត​នៅ​ប្រាសាទ​បន្ទាយ​ឆ្មារ​

 
 

          ព្រះអាទិត្យ​បាន​រំលេច​ពន្លឺ​ពេ​ល​ព្រឹក​យ៉ាង​ត្រចះ​ត្រចង់​ពាស​ពេញ​ផ្ទៃ​មេឃ​ ផ្តល់​ជា​សញ្ញា​ប្រាប់​ថា​ថ្ងៃ​ថ្មី​គឺ​បាន​ឈាន​ចូល​មក​ដល់​។ ពេល​ព្រលឹម​ថ្ងៃ​នេះ​នៅ​ខេត្ត​សៀមរាប​ ហាក់​បី​ដូច​ជា​ខុស​ប្លែក​។ ប្រហែល​ជា​ខ្ញុំ​មាន​វេលា​តិច​តួច​ពេក​ហើយ​មើល​ទៅ​សំរាប់​ការ​គយគន់​ទស្សនីយភាព​ដ៏​ល្អ​ល្អះ​ និង​សម្រស់​ទាក់​ទាញ​យ៉ាង​សំបូរ​បែប​នៃ​ខេត្ត​មួយ​នេះ​។ ប៉ុន្តែ​វា​មិន​ជា​អ្វី​ធំ​ដុំ​នោះ​ទេ​ ព្រោះ​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​ដំណើរ​បន្ត​ទៅ​កាន់​ខេត្ត​បន្ទាយមានជ័យ​ ទៅ​លេង​ប្រាសាទ​បន្ទាយ​ឆ្មារ​ ដែល​ដាច់​ស្រយាល​ពី​គេ​ និង​ក្រសោប​កាយា​បន្ទំ​សម្រស់​ប្រកប​ដោយ​ក្បូរក្បាច់​រចនា​ក្នុង​ជំរំ​នៃ​ព្រៃ​ព្រឹក្សា​យ៉ាង​ស្ងាត់​ជ្រងំ​។ ម៉ោង​ប្រហែល​ជា​ ៨​ និង​ ៣០​នាទី​ ក្រុម​ការងារ​ទស្សនា​វដ្តី​សូវរីន​ បាន​បញ្ចប់​ការ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​ឯសណ្ឋាគារ​ និង​បាន​រៀ​ប​ចំ​អីវ៉ាន់​ និង​ត្រៀម​ខ្លួន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រាសាទ​ដែល​មាន​វ័យ​ចំនាស់​មួយ​នេះ​ដែល​មាន​អាយុកាល​តាំង​ពី​សម័យ​អង្គរ​ដ៏​រុង​រឿង​។ ព្រះ​អាទិត្យ​បាន​នឹង​កំពុង​បង្អុរ​សូរិយា​ ​​កាន់​តែ​ក្រាស់​ឡើង​ក្នុង​វេលា​ពេល​ព្រឹក​ដ៏​សែន​ស្រស់​ត្រកាល​​ដែល​មាន​សំណើម​បន្តិច​ៗ​ ស្រប​ពេល​ដែល​រថយន្ត​បាន​មក​ដល់​សណ្ឋាគារ​ ហើយ​ក្រុម​ការងារ​ក្នុង​សំលៀកបំពាក់​ទាន់​សម័យ​តាម​បែប​ស្ទាយ៍​ដំណើរ​កំសាន្ត​ បាន​លើក​រៀប​ចំ​របស់​របរ​ដាក់​ក្នុង​រថយន្ត​។ ដំណើរ​កំសាន្ត​ទៅ​កាន់​ដែន​ដី​ប្រាសាទ​បន្ទាយឆ្មារ​បាន​ចាប់​ផ្តើម​។ ពេល​វេលា​ជាក់​ស្តែង​នៃ​ការ​ចេញ​ដំណើរ​ គឺ​ម៉ោង ​៨ និង ៥០​នាទី​ព្រឹក​។

          ការ​ធ្វើ​ដំណើរ​អាច​នឹង​ចំនាយ​ពេល​ប្រហែល​ជា ​២​ម៉ោង និង ២០​នាទី ដើម្បី​ទៅ​ដល់​ចំនុច​គោល​ដៅ​ក្នុង​ចំងាយ​ផ្លូវ​ប្រហែល​ជាង​ ១៧០​គម។ តាម​ការ​ជាក់​ស្តែង ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រាសាទ​បន្ទាយ​ឆ្មារ​អាច​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​តាម​មធ្យោបាយ និង​ការ​កំនត់​ផ្សេងៗ​គ្នា​។ លោក​ពូ​តៃ​កុង​ឡាន​ ដែល​មាន​មាឌ​ធំ ​និង​មាំ ​មាន​អាយុ​ស្រ​បាល​ ៤០​ឆ្នាំ បាន​កាច់​ចង្កូត​រថយន្ត​អោយ​រត់​លើ​ផ្លូវ​ជាតិ​លេខ​៦​។  នៅ​តាម​ដង​ផ្លូវ​ ពួក​យើង​ធ្វើការ​សំណេះ​សំណាល​ពី​នេះ​ពី​នោះ​ ជា​ពិសេស​ពី​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​ដំណើរ​កំសាន្ត​នេះ​ពោល​ គឺ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រាសាទ​បន្ទាយ​ឆ្មារ​ និង​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ប្រាសាទ​នេះ​តែ​ម្តង​។ កំណាត់​ផ្លូវ​ជាតិ​លេខ​ ៦​ មាន​ភាព​រលោង​ និង​ងាយ​ស្រួល​សំរាប់​ការ​ធ្វើ​ដំណើរ​។ នៅ​សង​ខាង​ផ្លូវ​ ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​ វាល​ស្រែ ​និង​ស្មៅ​យ៉ាង​ខៀវ​ស្រងាត់​ដែល​សំឡឹ​ង​មិន​ដាច់​កន្ទុយ​ភ្នែក​សោះ​ឡើយ​ បាន​លេច​រូបរាង​ឡើង​បំពេញ​នូវ​ទស្សនីយភាព​ដ៏​ស្រស់​គយ​គន់​នៃ​ទី​ជនបទ​ស្រុក​ស្រែ ក្រោម​ពន្លឺ​ថ្ងៃ​ដែល​ក្តៅ​ហួត​ហែង​ គួប​ផ្សំ​នឹង​វាយោ​ដ៏​រំ​ហើយ​នៃ​រដូវ​កត្តិក​ដ៏​ត្រជាក់​នេះ​។​ បង្គោល​ខ្សែ​ភ្លើង​ដ៏​ខ្ពស់ៗ​ និង​ឆ្វាត់​ឆ្វែង​តំរៀប​បន្ត​គ្នា​ជា​ជូរ​ ដោយ​ទុក​ចន្លោះ​ធំល្មម​ឈរ​ឃ្លាត​ពី​គ្នា ​ហាក់​ដូច​ជា​បាន​លេច​រូបរាង​ឡើង​ និង​ខ្សាត់​បាត់​ទៅ​វិញ​ក្នុង​ពេល​មួយ​ព្រ​ព្រិច​ភ្នែក​ ស្រប​ពេល​​រថយន្ត​បាន​នឹង​កំពុង​បន្ត​ដំណើរ​ទៅ​មុខ​ក្នុង​ល្បឿន​ប្រមាណ​ជាង​ ៧០​-​៨០​គម​/​ម៉ោង​។  សំណេះ​សំណាល​​បណ្តើរ​ គយ​គន់​ទេសភាព​បែប​ស្រុក​ស្រែ​ដ៏​ស្រស់​បំព្រង​បណ្តើរ​ (និង​លួច​ថត​រូបទេសភាព​ទាំង​នោះ​ទុក​ជា​អនុស្សាវរីយ៍​បណ្តើរ​)​ ខ្ញុំ​ទទួល​បាន​អារម្មណ៍​ថា ​ពិត​ជា​មាន​ភាព​ខុស​ប្លែក​ ព្រោះ​ធ្លាប់​តែ​នៅ​ជុំវិញ​ដោយ​ការងារ​យ៉ាង​មមាញឹក​ ភាព​កក​កុញ​ក្នុង​ទី​ក្រុង​ បែរ​ជា​មក​បាន​កំសាន្ត​អារម្មណ៍​ជាមួយ​នឹង​ចំណី​ចក្ខុ​ដ៏​សែន​មនោរម្យ​ទាំង​នេះ​។​​ ពិត​ជា​មាន​អារម្មណ៍​ល្អ​មែន​!​ មិន​យូរ​ប៉ុន្មាន​រថយន្ត​បាន​បត់​ឡើង​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦៨​ បន្ត​ឆ្ពោះ​ទៅ​កាន់​ប្រាសាទ​ដែល​ត្រូវ​ឆ្លង​កាត់​ទី​រួម​ខេត្ត​ឧត្តរមានជ័យ​។ ក្រៅ​ពី​វាល​ស្រែ ​យើង​ឃើញ​មាន​ប្រជាកសិករ​កំពុង​ញាប់​ដៃ​ញាប់​ជើង​ប្រមូល​កណ្តាប់​ និង​ធ្វើ​ការ​ច្រូត​  អម​ដោយ​ដើម​ត្នោត​ឈរ​ទ្រឹង​ញញឹម​ដូច​មាន​វិញ្ញាណ ​ឯ​ក្មេង​ៗ​មុជ​ទឹក​ប្រឡែង​ក្នុង​ព្រែក​យ៉ាង​សប្បាយ​រីករាយ​ ខ្លះ​ទៀត​កំពុង​ឃ្វាល​គោ ​ខ្លះ​កំពុង​ដាក់​សន្ទូច​ និង​សំណាញ់​បង់​រក​ត្រី ​ក្តាម​ខ្យង​ តាម​អូរ​ដែល​នៅ​ជាប់​នឹង​វាល​ស្រែ​។ ​ផ្ទះ​ខ្លះ​ទៀត​ប្រកបរបរ​ទទួល​ទាន​លក់​ដូរ​បន្តិច​បន្តួច​ធម្មតា​។ សាលា​រៀន​ និង​អគារ​ស្ថាប័ន​រដ្ឋ​ និង​អាជីវ​កម្ម​មួយ​ចំនួន​ក៏​បាន​ជ្រៀត​ចូល​ក្នុង​ទស្សនីយ​ភាព​ទាំង​នោះ​ផង​ដែរ​។

          ថ្ងៃ​កាន់​តែ​ក្រាស់​បន្តិច​ ខ្ញុំ​លប​សំរាក​បាន​មួយ​សន្ទុះ​។ ពិភព​ខាង​ក្រៅ​ហាក់​ប្រែ​ជា​ស្ងប់​ស្ងាត់​នៅ​សល់​តែ​សំលេង​វាយោរ​វូ​ៗ​។ ​មិន​យូរ​ប៉ុន្មាន​ម៉ោង​ប្រហែល​ជា ​១០​ និង​ ២០​នាទី ​លោក​ពូ​តៃ​កុង​ឡាន​ ដែល​មាន​សក់​រួញ​អង្គារ​ដី ​បាន​បន្លឺ​ប្រាប់​អោយ​ដឹង​ថា ​យើង​បាន​ឈាន​ដល់​ផ្លូវ​បំបែក​មួយ​ទៀត​ (​ក្រុង​សំរោង​) ​ដែល​ម្ខាង​ត្រូវ​បន្ត​ទៅ​ខេត្ត​ឧត្តរមានជ័យ​ និង​ម្ខាង​ឆ្ពោះ​ចូល​បរិវេណ​ខេត្ត​បន្ទាយមានជ័យ​ ទៅ​កាន់​ប្រាសាទ​បន្ទាយ​ឆ្មារ​ ដែល​ផ្លូវ​ឆ្ពោះ​ទៅនោះ​កំពុង​ស្ថិត​ក្រោម​ការ​ជួស​ជុល​ និង​អាច​រលាក់​ខ្លាំង​។ ​ពិត​ជា​ដូច​អ្វី​ដែល​គាត់​បាន​ប្រាប់​មែន​។ ​ផ្លូវ​មិន​​រ​លោង​ និង​មាន​គ្រឡុក​ច្រើន​ ហើយ​ជិះ​រ​លាក់​ បុក​ក្បាល​នឹង​ដំបូល​ឡាន​ប៉ុន្មាន​ដង​ទៀត​។ ​នៅ​តាម​ដង​ផ្លូវ​ មិន​មាន​អ្វី​ក្រៅ​ពី​ព្រៃ​ព្រឹក្សា​ ផ្ទះ​ប្រជាជន​ដែល​មាន​សួន​បន្លែ​ និង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​តូច​ៗ ​បែប​គ្រួសារ​ និង​វាល​ស្រែ​ដែល​នៅ​ក្បែរ​ និង​ប្រជាជន​ធ្វើ​ដំណើរ​ទៅ​មក​ដោយ​ត្រាក់ទ័រ​ កង់​ និង​ម៉ូតូ​។ ​ព្រះ​សូរិយា​ បាន​បន្ថែម​កំដៅ​មក​លើ​ផ្ទៃ​ដី​ស្រុក​ស្រែ​នេះ​ ហើយ​រថយន្ត​បាន​មក​ដល់​ផ្លូវ​បត់​ចូល​ប្រាសាទ​។ ​ពេល​មក​ដល់​មុខ​ប្រាសាទ​ នាឡិកា​ដៃ​ខ្ញុំ​លោត​ប្រាប់​ថា​ម៉ោង​១១​ និង​ ៣០​នាទី​។

          បន្ទាប់​ពី​បាន​ឈប់​សំរាក​ទទួល​ទាន​ភេសជ្ជៈ​ត្រជាក់​ដើម្បី​ប៉ូវ​ភាព​នឿយ​ហត់​ដែល​មាន​នៅ​ជិត​នោះ ​ពួក​យើង​បាន​ធ្វើ​មដំណើរ​ចូល​គយ​គន់​ប្រាសាទ​បន្ទាយ​ឆ្មារ​ ដែល​បាន​លាក់​សម្រស់​យ៉ាង​ត្រចះ​ដ៏​កម្រ​ក្នុង​ទី​ព្រៃ​ព្រឹក្សា​ដ៏​ស្ងាត់​ជ្រងំ​នេះ​។​ ប្រាសាទ​បន្ទាយ​ឆ្មារ​ ជា​ប្រាសាទ​បុរាណ​ខ្មែរ​មួយ​ដែល​បាន​បន្សល់​ទុក​ពី​សម័យ​អង្គរ​ដ៏​រុង​រឿង​។ សព្វ​ថ្ងៃ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ ឃុំ​បន្ទាយ​ឆ្មារ​ ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ប្រាសាទ​បន្ទាយ​ឆ្មារ​ គឺ​ជា​ព្រះរាជ​ស្នាដៃ​ និង​ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​សតវត្ស​ទី​១២​ ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ (​១១៨១- ១២១៧/២០​)​ ក្នុង​គោល​បំណង​ឧទ្ទិស​ដល់​បុត្រា​ទ្រង់​ ​និង​មេទ័ព​ ៤​នាក់ ​ទៀត​ ​ដែល​បាន​ពលី​ជីវិត​ក្នុង​សមរភូមិ​ (ដែល​ទទួល​បាន​ជ័យ​ជំនះ​) ​ក្នុង​ការ​បណ្តេញ​សត្រូវ​ឈ្លាន​ពាន​ចាម​អោយ​ចេញ​ពី​ផ្ទៃ​ដី​អច្ឆរិយ​នៃ​យើង​ក្នុង​ឆ្នាំ​១១៧៧​។​ ប្រាសាទ​នេះ​ជា​ប្រាសាទ​មួយ​ដែល​មាន​ផ្ទៃ​ក្រឡា​ធំ​សម្បើម​ ដោយ​មាន​បណ្តោយ​ប្រវែង​ ៨៨៥​ម​ និង​ទទឹង​ប្រវែង​ ៨០៥​ម ​ហើយ​សំបូរ​ដោយ​ក្បាច់​រចនា​ និង​ចំលាក់​យ៉ាង​ប្រពៃ​ ​និង​ល្អល្អះ​នៅ​តាម​ផ្ទៃ​ជញ្ជាំង​ក្នុង​ចំនោម​ប្រាសាទ​ដទៃ​ដែល​បន្សល់​ទុក​ពីរ​ជ្ជកាល​សម័យ​អង្គរ​។ ​នៅ​ឯ​ក្លោង​ទ្វារ​ប្រាសាទ​ គឺ​បង្កាន់​ដៃ​ថ្ម​ពីរ​ជួរ​ រំ​លេច​ចេញ​នូវ​រូប​សេនាធិការ​ជា​ច្រើន​បន្ត​គ្នា ​ដែល​សំញែង​ចេញ​ឡើង​នូវ​ទឹក​មុខ​ដ៏​អង់​អាច​ និង​សាម​គ្គី​ភាព​ដ៏​មោះ​មុត​។ ​ពេល​ឈាន​ជើង​ចូល​ដល់​ក្នុង​ប្រាសាទ​ ខ្ញុំ​ហាក់​បី​ដូច​ជា​បាន​ឈាន​ជើង​ចូល​ក្នុង​ពិភព​ថ្មី​មួយ​ទៀត​ ដែល​មាន​ភាព​ស្រស់​ស្អាត​ប្រកប​ដោយ​ភាព​ស្ងប់​ស្ងាត់​ មាន​តែ​សំលេង​ខ្យល់​រងំ​ និង​សំលេង​កង​រំពង​យ៉ាង​គ្រលួច​នៃ​ព្រៃ​ព្រឹក្សា ​និង​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​។​ វិនាទី​ដ៏​ស្ងប់​ស្ងាត់​នោះ ​ខ្ញុំ​លួច​ស្រមៃ​ដល់​ខ្សែ​ជីវិត​បែប​សំរាក​លំហែកាយ​បែប​នេះ​ថា​ “ប្រសិន​បើ​បាន​វិស្សមកាល​បែប​នេះ​ញឹកញាប់​ ពិត​ជា​ល្អ​ខ្លាំង​ណាស់​។​” ​ទេសភាព​យ៉ាង​ស្រស់​ត្រកាល​នេះ ​ត្រូវ​បាន​ថត​ជា​រូបភាព​ទុក​មើល​ទុក​គ្រាន់​បាន​កំសាន្ត​អារម្មណ៍​ និង​រំលឹក​ភាព​ស្រស់​ត្រកាល​ពេល​ធ្វើ​ដំណើរ​ត្រលប់​ទៅ​វិញ​។ ​នៅ​ពី​ចំងាយ​ខាង​មុខ​ខ្ញុំ ​ខ្ញុំ​ឃើញ​ជញ្ជាំង​តួ​ប្រាសាទ​ដែល​មាន​ថ្ម​បន្តុប​ពី​លើ​គ្នា​ និង​មាន​ដើម​ឈើ​ធំ​ៗ​នៅ​ដុះ​ក្បែរ​។ ​ដើរ​ដល់​មុខ​បន្តិច​ បរិវេណ​ទី​ធ្លា​នៅ​តែ​បន្ត​រំលេច​ក្រាល​ដោយ​ស្មៅ​ដែល​ដុះ​ស្តើង​ៗ​ ដែល​លាយ​ឡំ​នឹង​កម្រាល​ពណ៌​ត្នោត​ទង់ដែង​នៃ​ល្បាយ​ស្លឹក​ឈើ​ចាស់​ៗ​។ ​នៅ​បរិវេណ​នោះ​ផង​ដែរ​ ក៏​មាន​តង់​បោះ​ជំរំ​សំរាប់​ស្នាក់​អាស្រ័យ​យ៉ាង​ប្រណីត​ ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរ​ Khiri​។​ ប្រិយមិត្ត​ ដែល​ទៅ​កំសាន្ត​រយៈ​ពេល​យូរ​ ក៏​អាច​នឹង​ជ្រើស​រើស​ការ​ស្នាក់​អាស្រ័យ​តាម​បែប​ Homestay​ ជាមួយ​ប្រជាជន​ក្នុង​តំបន់​បាន​ផង​ដែរ​។ ​

          ផ្ទាំង​ទស្សនីយភាព​ និង​សំលេង​យ៉ាង​គ្រលួច​នៃ​ធម្មជាតិ​ នៅ​តែ​បន្ត​មាន​វត្តមាន​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន​ ហើយ​ខ្ញុំ​បន្ត​ការ​ស្ញប់​ស្ញែង​ក្នុង​ចិត្ត​ពី​ការ​លំហែ​បែប​នេះ​។​ ចូល ​ដល់​ក្នុង​ប្រាសាទ ​ក្រុមការងារ និង​ខ្ញុំ​បាន​ចំនាយ​ពេល​ប្រហែល​ជា​ជិត​ ២​ម៉ោង​ ក្នុង​ការ​ទស្សនា​ប្រាសាទ​។ ​ទោះ​បី​ជា​មាន​កន្លែង​ខ្លះ​នៃ​ប្រាសាទ​រង​ការ​បែក​បាក់​ និង​បាត់​បង់​នូវ​ក្បាច់​រចនា​ក៏​ដោយ​ វា​នៅ​តែ​ជា​ការ​ពិត​មួយ​ដែល​គួរ​អោយ​ស្ញប់​ស្ញែង​ និង​ទ្រាំ​មិន​កោត​សរសើរ​មិន​បាន​ពី​ស្នា​ដៃ​ស្ថាបត្យកម្ម​របស់​ព្រះរាជា​ក៏​ដូច​ជា​បុព្វ​បុរស​ខ្មែរ​សម័យ​អង្គរ​ក្នុង​ការ​សាង​សង់​ប្រាសាទ​។ ​ថ្ម​ជា​ច្រើន​បន្តុប​លើ​គ្នា​ (កន្លែង​ខ្លះ​ទ្រ​ទំងន់​ដើម​ឈើ​ដ៏​ធំ​ទៀត​) ​នៅ​តែ​ជាប់​រឹង​មាំ​បាន​រាប់​រយ​ឆ្នាំ ​ហើយ​កាន់​តែ​ពិសេស​រក​គណនា​មិន​បាន​នោះ ​គឺ​ចំលាក់​នៅ​លើ​ផ្ទាំង​ថ្ម​យ៉ាង​ចំណាន​ រក​ប្រៀប​ផ្ទឹម​មិន​បាន​ (ដែល​ជា​តឹក​តាង​យ៉ាង​មហស្ចារ្យ​នៃ​វប្បធម៌​ និង​អរិយធម៌​ខ្មែរ​បុរាណ​) ដែល​មាន​ផ្ទាំង​ទស្សនីយ​ភាព​ដូច​ជា​ព្រះ​ពោធិសត្វ​អវលោកេស្វារៈ​ និង​រូប​ទេវៈ​មួយ​ចំនួន​ទៀត​ រូប​កង​ទ័ព​ខ្មែរ​យ៉ាង​អង់​អាច​ និង​ការ​ធ្វើ​សឹក​សង្រ្គាម​របស់​កង​ទ័ព​ខ្មែរ​សម័យ​ដើម​ និង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ​នា​សម័យ​អង្គរ​ជាដើម​។ ​ ជា​ដំណឹង​ល្អ​មួយ​ដែរ​ ដែល​ប្រាសាទ​បន្ទាយ​ឆ្មារ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ថែរក្សា ​និង​អភិរក្ស​ ដោយ​រដ្ឋា​ភិបាល ​សមាគមន៍​ និង​ដៃ​គូ​អន្តរជាតិ​ដូច​ជា ​អង្គការ​មូល​និធិ​បេតិកភណ្ឌ​ពិភពលោក ​(Global Heritage Fund)​ និង ​Heritage Watch​ និង​ស្ថិត​ក្នុង​បញ្ជី​នៃ​តំបន់​ទេសចរ​ (ក្រោម​ការ​សិក្សា​វាយ​តំលៃ)​ ដើម្បី​សំរេច​អោយ​ក្លាយ​ជា​សម្បត្តិ​បេតិភណ្ឌ​ពិភពលោក​។

          ​រសៀល​កាន់​តែ​ជ្រេ ​ការ​ទស្សនា​កំសាន្ត​នៅ​តែ​មិន​ទាន់​បាន​សព្វ​គ្រប់​ជ្រុង​ជ្រោយ​ ដោយ​នៅ​មាន​ផ្នែក​ខ្លះ​នៃ​ប្រាសាទ​ដែល​ពួក​យើង​មិន​ទាន់​បាន​ចូល​ទៅ​ដល់​។ ​ពួក​យើង​សំរាក​បន្តិច​យក​កំលាំង​ និង​គយគន់​ទស្សនីយភាព​នៃ​វាល​ស្មៅ​ដ៏​ខៀវ​ស្រងាត់​ អម​ដោយ​បុប្ផា​រីក​យ៉ាង​ស្គុសស្គាយ ​ដែល​បន្ថែម​អត្ថរស​ដល់​ភាព​ទាក់ទាញ​នៃ​ប្រាសាទ​ ដែល​ស្ថិត​នៅ​ប៉ែក​ខាងកើត​ និង​ក្រោយ​នៃ​ប្រាសាទ​។ ​បន្ត​ដំណើរ​ចូល​ទស្សនា​គយគន់​ប្រាសាទ​បាន​មួយ​ ស្របក់​ធំ​ទៀត​ថ្ងៃ​កាន់​តែ​រាង​ជ្រេ ​ហើយ​ថាមពល​កាន់​តែ​រាង​ខ្សត់​ទៅ ​ពួក​យើង​បាន​ចាក ចេញ​ពី​ប្រាសាទ​មក​ខាង​ក្រៅ​វិញ​។ ​ពិភព​ធម្មតា​ បាន​វិល​ត្រលប់​មក​វិញ​។ ​អ្ហើយ!​ ពិត​ជា​ខ្លី ​មែន​ពេល​វេលា​សំរាប់​ការ​កំសាន្ត​ និង​សំរាក​លំហែ!​ តែ​វា​ក៏​ពិត​ជា​មាន​ន័យ ​និង​គួរ​អោយ​ចង​ ចាំ​ណាស់​ផង​ដែរ​។ អ្វី​ដែល​កាន់​តែ​សោកស្តាយ​នោះ ​គឺ​ពួក​យើង​មិន​បាន​នៅ​ស្នាក់​អាស្រ័យ​ អោយ​បាន​យូរ​ ព្រោះ​ថា​នៅ​មាន​សកម្មភាព​ជា​ច្រើន​ទៀត​ ដែល​ជា​ទី​មនោរម្យ​ និង​ជា​បទ​ ពិសោធន៍​យ៉ាង​មាន​ន័យ​ ដូច​ជា​ការ​ទៅ​ទស្សនា​បារាយណ៍​ទឹក​  ការ​ទទួល​ទាន​អាហារ​បែប​ picnic ​ជា​ក្រុម​ក្នុង​បរិវេណ​ប្រាសាទ ​ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​យ៉ាង​មាន​ន័យ​ ដោយ​មាន​ការ​ប្រគំ​តន្ត្រី​បែប​ខ្មែរ​បុរាណ​ក្នុង​ប្រាសាទ​  ការ​គយគន់​ថ្ងៃ​លិច​ពី​កំពូល​ប្រាសាទ​ និង​ការ​ទៅ​ទទួល​យក​បទ​ពិសោធន៍​ពិត​ៗ​ជាក់​ស្តែង​ផ្ទាល់​ភ្នែក​នៃ​ជីវិត​រស់​នៅ​របស់​ប្រជាជន​ក្នុង​សហគមន៍​ និង​សកម្មភាពរ​បស់​ពួក​គេ​ ដូចជា​ការ​នេសាទ​ ការ​ដាល់​អំបុក​ ជា​ដើម​ ហើយ​ជា ​ពិសេស​ការ​ភ្លក់​រសជាតិ​ម្ហូប​បែប​ខ្មែរ​ ដែល​ចំអិន​ដោយ​ចុង​ភៅ​យ៉ាង​ចំណាន​ក្នុង​សហគមន៍​ នោះ​។​

         ហ្អឹម​!​ រយៈ​ពេល​មួយ​ថ្ងៃ ​ពិត​ជា​មាន​ភាព​រហ័ស​ណាស់​! ​ដំណើរ​កំសាន្ត​នេះ ​ទោះ​បី​ជា​ មាន​ភាព​នឿយ​ហត់​បន្តិច​ និង​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ណា ​ ក៏​យើង​នៅ​តែ​មិន​អាច​បំភ្លេច​បាន​នូវ​ភាព​ស្រស់​ត្រកាល​ និង​បរិយាកាស​ដ៏​ស្ងាត់​ជ្រងំ​ យ៉ាង​សែន​មនោរម្យ​នៃ ​បរិវេណ​ប្រាសាទ​បន្ទាយឆ្មារ​ ដែល​ពិត​ជា​សម្រស់​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ព្រឹក្សា​ និង​ទី​ដាច់​ស្រយាល​។​ ម៉ោង​ប្រហែល​ ៣​ជាង​ ពួក​យើង​ចាកចេញ​ពី​ប្រាសាទ​ទាំង​ចិត្ត​មិន​ដាច់​។ ​អ្វី​ដែល​ខ្ញុំ​បាន​ទទួល​ (ហើយ​ខ្ញុំ​គិត​ថា​ក្រុម​ការងារ​ក៏​ដូច​គ្នា)​ គឺ​ដំណើរ​កំសាន្ត​ស្វែង​រក​មួយ​ដែល​មិន​ងាយ​នឹង​បំភ្លេច​បាន​។ ​និយាយ​ត្រង់​ទៅ ​ពេល​នៅ​ក្នុង​រថយន្ត​ពួក​យើង​បញ្ចេញ​ដោយ​មិន​ដឹង​ខ្លួន​នូវ​ស្នាម​ញញឹម​ និង​រំលឹក​ឡើង​វិញ​ដោយ​ក្តី​សោមនស្ស​នូវ​ទស្សនីយភាព​ដ៏​ស្រស់​បំព្រង​ទាំង​នោះ​ដែល​លាក់​កំបាំង​ និង​បញ្ចេញ​មក​ក្រៅ​ដោយ​ប្រាសាទ​បន្ទាយ​ឆ្មារ​។  ​ដំណើរ​កំសាន្ត​នេះ​ពិត​ជា​ស័ក្តិ​សម​ និង​មាន​តំលៃ​!

Article by CHOU SOVISOTH




SUGGESTIONS