×
Photo by CHUM SINA

ខ្សែ​ជីវិត​កំប្លែង​នាយ​ព្រែក​ ក្នុង​វិស័យ​សិល្បៈ​យូរ​ឆ្នាំ

 
 

            បើ​និយាយ​ដល់​ឈ្មោះ​ ខេង រតនៈ​ ប្រហែល​ជា​មិន​សូវ​មាន​ទស្សនិកជន​ស្គាល់​ថា​ជា​សិល្បករ​រូប​ណា​នោះ​ទេ​ ប៉ុន្តែ​បើ​រំឭក​ដល់​ឈ្មោះ​ នាយព្រែក​ ភ្លាម​មហាជន​ទូទាំង​ប្រទេស​ច្បាស់​ជា​ស្គាល់​ថា​ជា​ពិធីករ​វ័យក្មេង​ដែល​មាន​វោហារស័ព្ទ​មិន​ចេះ​រីង​ស្ងួត​ លាយឡំ​នឹង​កាយវិការ​ក្រមិច​ក្រមើម​កំប្លុក​កំប្លែង​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​ល្បីៗ​ជា​ច្រើន​ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្ទុះ​សំណើច​សើច​ក្អាកក្អាយ​រសាយ​អស់​ទុក្ខ​កង្វល់។​ យុវជន​វ័យក្មេង​ដែល​មាន​សម្បុរ​ស្រអែម​បែប​ខ្មែរ​ និង​មាន​ទេពកោសល្យ​ខាង​ផ្នែក​សិល្បៈ​រូប​នេះ​ គឺ​មិន​មែន​ជា​អ្នក​មាន​ប្រវត្តិ​ឆ្ងាយ​ពី​រង្វង់​សិល្បៈ​នោះ​ទេ​ ត្បិត​អី​រូប​នាយព្រែក​នេះ​ហើយ​ដែល​ជា​បុត្រា​បង្កើត​ក្នុង​ចំណោម​បុត្រ​ទាំង​៤នាក់​របស់​រាជិនី​អាយ៉ៃ​ចាស់វស្សា​ នួន សារី​ ហៅ​យាយ​យ៉យ​ ដែល​ជា​ដៃគូ​ឆ្លង​ឆ្លើយ​ដ៏​សក្តិសម​បំផុត​របស់​ស្តេច​អាយ៉ៃ​ស្រុកខ្មែរ​ ព្រហ្ម​ ម៉ាញ។​ ដូច​ពាក្យ​ចាស់​ពោល​ថា​ “ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់”​ កម្លោះ​ ខេង រតនៈ​ ហៅ​នាយព្រែក​ ដែល​មាន​ឈាម​ជ័រ​ជា​អ្នក​សិល្បៈ​ល្បីល្បាញ​ស្រាប់​ មាន​ឧបនិស្ស័យ​ខាង​ផ្នែក​សិល្បៈ​តាំង​ពី​កុមារ​ភាព​ម្ល៉េះ​ ហើយ​សមត្ថភាព​ពី​កំណើត​ គួប​ផ្សំ​នឹង​ឱកាស​ការងារ​ជា​បន្ត​បន្តាប់​បាន​ជំរុញ​ឲ្យ​ប្រជាប្រិយភាព​កាន់​តែ​មាន​សន្ទុះ​រីក​ចម្រើន​តាំង​ពី​តូច​រហូត​ដល់​ធំ​ពេញ​វ័យ​២៤ឆ្នាំ។​

            នាយព្រែក​បាន​រំឭក​រៀប​រាប់​អំពី​ដំណើរ​ដើម​ទង​នៃ​ការ​ចូល​សិល្បៈ​ថា​ រូប​គេ​បាន​ចូល​ប្រឡូក​លើ​វិថី​សិល្បៈ​តាំង​ពី​មាន​វ័យ​ទើប​តែ​១២ឆ្នាំ​ម្ល៉េះ​ ដោយ​សារ​កាល​នោះ​ក្រុម​កំប្លែង​នាយក្រឹម​ (កាល​នោះ​ យាយ​យ៉យ​ ដែល​ជា​ម្តាយ​ ជា​សមាជិក​ក្រុម)​ ត្រូវ​ទៅ​សម្តែង​នៅ​ខេត្ត​សៀមរាប​ ហើយ​ខ្វះ​តួសម្តែង​ ក៏​ជ្រើសរើស​យក​កុមារ​ ព្រែក​ ធ្វើ​ជា​តួ​ជំនួស។​ ដោយ​សារ​តែ​នាយព្រែក​ជា​ក្មេង​មាន​ចរិត​ដែល​ចេះ​កំប្លុក​កំប្លែង​ នាយ​ក្រឹម​ក៏​យក​ធ្វើ​ជា​តួ​សម្តែង​ក្នុង​ក្រុម​ជា​បន្តបន្ទាប់​ រហូត​ដល់​មាន​ឱកាស​បាន​ថត​ចម្រៀង​ខារ៉ាអូខេ​ជា​មួយ​កំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ​ របស់​ផលិតកម្ម​រស្មីហង្សមាស​ ជា​អាទិ៍​ដូចជា​ បទ​ម្អមស្រែ​ និង​ បទ​ភ្លេច​សន្យាសាយ័ណ្ហ​ ដែល​សុទ្ធ​សឹង​តែ​ជា​បទ​ចម្រៀង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​សម្បើម​ពី​យុវវ័យ​សម័យ​នោះ។​ របត់​នៃ​អាជីព​សិល្បៈ​ដ៏​ធំ​អស្ចារ្យ​គឺ​ឱកាស​ក្នុង​ការ​ចូល​សម្តែង​ខ្សែភាពយន្ត​រឿង​ នេសាទក្រពើ​ ដែល​ជា​ភាពយន្ត​ដែល​ល្បី​កក្រើក​ពិភព​សិល្បៈ​ខ្មែរ​កាល​ពី​ជាង​១០ឆ្នាំមុន​ ដឹក​នាំ​ដោយ​ឯកឧត្តម​ ម៉ៅ​ អាយុទ្ធ​ រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​ និង​សម្តែង​ដោយ​លោក​ ព្រាប សុវត្ថិ​ និង​អ្នកនាង​ ស៊ឹម​ សូលីកា​ ហើយ​រឿង​នោះ​ឯង​ដែល​ក្រោយ​មក​ជាប់​ពានរង្វាន់​មាស​លេខ១​ ក្នុង​មហោស្រព​ភាពយន្ត​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ២០០៥។​ ទស្សនិកជន​ខ្មែរ​មិន​តិច​ទេ​ដែល​ ស្ញើច​សរសើរ​នូវ​ទេពកោសល្យ​សម្តែង​របស់​តួអង្គ​ក្មេង​ប្រុស​ស្គមខ្មៅ​សក់រួញ​អង្គាដី​ដែល​ជា​ប្អូនប្រុស​លោក​ ព្រាប សុវត្ថិ​ ក្នុង​រឿង​នោះ​ ដែល​សម្តែង​ដោយ​នាយព្រែក​នេះ​ឯង។​ ជា​ពិសេស​ ឈុត​ដែល​រូប​គេ​សម្តែង​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​វីដេអូ​ឃោស​នា​ផ្សព្វផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​យ៉ាង​គគ្រឹក​គគ្រេង​ និង​មាន​រូប​ដាក់​តាំង​នៅ​លើ​ផ្ទាំង​ឃោសនា​មុខ​រោងភាពយន្ត​ថែម​ទៀត​ផង​ ដូច្នេះ​ហើយ​ទើប​ទស្សនិកជន​ក្មេងចាស់​ទូទាំង​ប្រទេស​អាច​នៅ​ចង​ចាំ​អតីត​កាល​នៃ​ការ​សម្តែង​របស់​គេ​ដល់​សព្វ​ថ្ងៃ។

            នាយព្រែក​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​លាយ​ឡំ​នឹង​សំណើច​ថា​ “ពេល​ខ្លះ​ខឹង​ពេក​ចង់​ឈប់​ថត​ក៏​មាន!​ ព្រោះ​ពេល​ហ្នឹង​នៅ​ក្មេង​រពឹសពេក​ គេ​ស្តី​ឲ្យ!​ ពេល​សម្រាក​ជួន​កាល​ទៅ​លេង​កាមេរ៉ា​គេ​ ដួល​កាមេរ៉ា​គេ!​ តែ​ពេល​ថត​ លេង​បាន​ល្អ​ព្រោះ​សម្តែង​ពី​ធម្មជាតិ។”​ ព្រែក​បាន​បញ្ជាក់​ថា​ទោះ​បី​គេ​មាន​ម្តាយ​ជា​អ្នក​សិល្បៈ​ តែ​គេ​មិន​ដែល​ឲ្យ​ម្តាយ​ពិបាក​ក្នុង​ការ​ត្រួសត្រាយ​ផ្លូវ​ឬ​ដឹកនាំ​ជំរុញ​ឲ្យ​ចូល​សង្វៀន​សិល្បៈ​នោះ​ឡើយ​ ពោល​គឺ​គេ​ស៊ូដើរ​តាម​ក្រុម​ការងារ​ថត​ទៅ​តាម​ខេត្ត​ដោយ​ខ្លួន​ឯង​តាំង​ពី​តូច​ ហើយ​ថែម​ទាំង​ស៊ី​ញ៉េកុងត្រា​ទទួល​ថត​ភាពយន្ត​ដោយ​ខ្លួន​ឯង​ទៀត​ផង​ មិន​មាន​ការ​ជួយ​ពី​ម្តាយ​ឡើយ។

            បន្ទាប់​ពី​ជោគជ័យ​ដ៏​ធំធេង​ក្នុង​វិស័យ​សម្តែង​ នាយព្រែក​ក៏​បាន​គ្រង​តំណែង​ជា​ពិធីករ​ប្រចាំ​កម្មវិធី​ ”កុមារល្អ”​ របស់​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​អស់​រយៈ​ពេល​ប្រហែល​១០ឆ្នាំ​ ហើយ​តាំង​ពី​រូបគេ​នៅ​ជំទង់​នៅ​ថ្នាក់​វិទ្យាល័យ​រហូត​ដល់​សព្វ​ថ្ងៃ​រូប​គេ​រៀន​ចប់​មហាវិទ្យាល័យ​ហើយ​ ក៏​គេ​នៅ​តែ​អាច​រក្សា​តំណែង​មួយ​នេះ​ដដែល។​ ព្រែក​បាន​បក​ស្រាយ​អំពី​មូល​ហេតុ​ថា​ “ខ្ញុំ​មើល​រៀមច្បង​ថា​គាត់​និយាយ​របៀបម៉េច​ ហើយ​យើង​យក​សមត្ថភាព​ពី​ធម្មជាតិ​របស់​យើង​ទៅ​បញ្ចូល​ក្នុង​ហ្នឹង។​ និយាយ​ធ្វើ​ម៉េច​ឲ្យ​ប្លែក​ពី​គេ​ ព្រោះ​បើ​និយាយ​ដូច​​គេ​ មិនមែន​ល្បី​យើង​ គឺ​ល្បី​គេ​ឯណោះ​ទេ។”​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ព្រែក​នៅ​តែ​ទទួល​នូវ​មតិរិះគន់​ក្នុង​ន័យស្ថាបនា​កែ​លំអ​ពី​ក្រុម​ការងារ​ និង​អ្នកម្តាយ​ជាទី​ស្រឡាញ់​ផង​ដែរ​ ប្រសិន​បើ​គេ​និយាយ​លេង​សើច​លើស​លស់​ត្រង់​ប្រការ​ណា​មួយ​ដែល​ពុំ​គួរ​គប្បី។

            ក្នុង​នាម​ជា​សិល្បករ​ពន្លកថ្មី​ នាយព្រែក​បាន​អះអាង​ថា​ មិន​នឹក​ស្មាន​ថា​ខ្លួន​ទទួល​បាន​ជោគជ័យ​ ដូច​សព្វថ្ងៃ​នេះ​ទេ​ ប៉ុន្តែ​ចេះ​តែ​មាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ដោយ​សារ​ពួក​គាត់​យល់​ថា​នាយ​មាន​ចំណុច​ដែល​ប្លែក​ខុស​ពី​តារា​កំប្លែង​ផ្សេងៗ​ទៀត។​ ក្រៅ​ពី​តួនាទី​ជា​ពិធីករ​ក្នុង​កម្មវិធី​ “កុមារល្អ”​ ព្រែក​បាន​ក្លាយ​ជា​ពិធីករ​ប្រចាំ​កម្មវិធី​កំសាន្ត​ដ៏​ល្បី​ឈានមុខ​ប្រចាំ​ស្ថានីយ៍​ទូរទស្សន៍​ម៉ាយធីវី​គឺ​ “កម្មវិធី​ពេញចិត្ត​ឬអត់?”​ អស់​រយៈ​ពេល​ប្រមាណ​ពីរឆ្នាំ​ហើយ។​ វត្តមាន​របស់​គេ​ក្នុង​កម្មវិធី​នេះ​រឹត​តែ​ធ្វើ​ឲ្យ​រូប​គេ​ល្បី​ឈ្មោះ​បោះ​សម្លេង​ទ្វេ​មួយ​កម្រិត​ទៀត។​ ថ្វីត្បិត​តែ​មាន​វ័យ​ក្មេង​ជាង​គេ​ តែ​ទីផ្សារ​ការងារ​របស់​នាយព្រែក​គឺ​កាន់​តែ​កើន​ខ្ពស់​ឡើងៗ។​ គេ​ក៏​បាន​ចូល​រួម​សម្តែង​ក្នុង​កម្មវិធី​វីដេអូ​កំប្លែង​ខ្លីៗ​ដែល​មាន​ឈ្មោះ​ថា​ “ដូច្នឹងផង!”​ របស់​ទូរទស្សន៍​ថោន​ ព្រម​ទាំង​បាន​ចូល​ថត​បទ​ចម្រៀង​មរតក​ដើម​មួយ​ចំនួន​ឲ្យ​ផលិតកម្ម​បុត្រា​ (BOTTRA PRODUCTION)​ តួយ៉ាង​ បទ​ដណ្តឹង​កូន​គេ​ និងបទ​ឱ!អូរអក្ខរា​ ជាដើម​ ដែល​មាន​អ្នក​ចុច​គាំទ្រ​ចំនួន​រាប់ពាន់​នាក់​ផង​ដែរ។

            ជា​ចុង​ក្រោយ​ នាយព្រែក​បាន​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​ទាំង​អស់​ថា​ “ខ្ញុំ​បាទ​សូម​អរគុណ​ដល់​បងប្អូន​ពុកម៉ែ​មាមីង​ទាំង​អស់​ដែល​ពេញ​ចិត្ត​ចំពោះ​ការ​សម្តែង​របស់​ខ្ញុំ​តាំង​ពី​តូច​ តាំង​ពី​កាល​ថត​ខារ៉ាអូខេ​ ថតរឿង​ រហូត​ក្លាយ​ជា​តារា​កំប្លែង​ និង​ជា​ពិធីករ​ម្នាក់។​ សូម​ជូន​ពរ​ឲ្យ​អ្នក​គាំទ្រ​មាន​ជោគជ័យ​ទាំង​អស់​គ្នា។”​ សូវរីន​ សូម​ជូនពរ​ឲ្យ​តារា​ទំពាំង​ស្នងប្ញស្សី​រូប​នេះ​ស្ថិត​ក្នុង​ដួងចិត្ត​ទស្សនិកជន​ជា​រៀងដរាប​ ហើយ​កាន់​តែ​អភិវឌ្ឍ​ សមត្ថភាព​ថ្មី​ប្លែកៗ​ទៅ​មុខ​មិន​ឲ្យ​ទស្សនិកជន​ទាំង​ឡាយ​ខក​បំណង​ឡើយ៕​

Article by SRIN SOKMEAN




SUGGESTIONS