×
Photo by NY KINUT

“ពាណិជ្ជកម្ម​អន្តរ​ជាតិ​និង​ភ័ស្តុភារ​ (International​ Trade​ and​ Logistics)”​ មុខ​ជំនាញ​ថ្មី​ចូល​ខ្លួន​បំពេញ​តម្រូវ​ការ​ទីផ្សារ​ការ​ងារ​កម្ពុជា​

 
 

          ​គេ​បាន​សង្កេត​ឃើញ​ជា​ទូ​ទៅ​ថា​ សេដ្ឋកិច្ច​កម្ពុជា​កំពុង​តែ​មាន​ការ​រីក​ចម្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ជា​មួយ​នឹង​កំនើន​ប្រជាជន​រហូត​ដល់​ទៅ​ជាង​ដប់​ប្រាំ​មួយ​លាននាក់​ បាន​ប្រែក្លាយ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​កម្រិត​ទាប​មួយ​នេះ​ឡើង​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​ទាប​ និង​មាន​ផល​ទុន​សរុប​ក្នុង​ស្រុក​ (GDP) ​ប្រមាណ ​២០​ពាន់លាន​ដុល្លារ​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​។ ទន្ទឹម​នឹង​ការរីក​ចម្រើន​នេះ​ វិស័យ​នាំ​ចេញ​នាំ​ចូល​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​បាន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ចូល​រួម​លើក​កម្ពស់​សេដ្ឋកិច្ច​កម្ពុជា​គួរ​ជា​ទី​វិវឌ្ឍនៈ​។ ជា​មួយ​គ្នា​នេះ​ដែរ​ សាកល​វិទ្យាល័យ​ហ្សាម៉ាន់​កម្ពុជា​បាន​បង្កើត​នូវ​មុខ​ជំនាញ​សិក្សា​ថ្មី​មួយ​ហៅថា​ ពាណិជ្ជកម្ម​អន្តរជាតិ​ និង​ភ័ស្តុភារ​ ឬ​ជា​ភាសា​អង់គ្លេស​ ​International Trade and Logistics ​ដើម្បី​បំពេញ​តម្រូវ​ការ​កាងារ​ក៏​ដូច​ជា បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​ថែម​ទៀត​។

          “International Trade and Logistics គឺ​ជា​ការ​សិក្សា​អំ​ពី​មុខ​ជំនួញ​និង​ការ​ទំនាក់ទំនង​ជំនួញ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​ ក៏​ដូច​ជា​ស្វែង​យល់​អំពី​ដំណាក់​កាល​នៃ​ការ​នាំចេញ​នាំចូល​នៃ​ផលិត​ផល​នានា​” នេះ​បើ​តាម​លោក​បណ្ឌិត​ ដេត​ សុខ​ឧត្តម ដែល​ជា​សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ​ហ្សាម៉ាន់​។

 

លោក​បណ្ឌិត​ ដេត​ សុខ​ឧត្តម

ជា​ការ​ពិត​ កម្ពុជា​សព្វ​ថ្ងៃ​មាន​ក្រុម​ហ៊ុន Logistics ជា​ច្រើន​ដែល​កំពុង​តែ​បម្រើ​សេវា​ដឹក​ជញ្ជូន​ទំនិញ ​និង​សេវា​ជើង​សារ​គយ​ជូន​អតិថិជន ដើម្បី​នាំចេញ​ឬ​នាំចូល​នូវ​ផលិតផល​ផ្សេងៗ ក៏​ដូច​ជាការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស ក៏ប៉ុន្តែ​ការសិក្សា​ស្វែង​យល់​ពី​ជំនាញ​នេះ​ហាក់​នៅ​មាន​កម្រិត​និង​មិន​សូវ​ស៊ីជម្រៅ​ខ្លាំង​ឡើយ។ លោក​បណ្ឌិត​ ដេត​ សុខឧត្តម​ បាន​បន្ថែម​ទៀត​ថា “​ដោយ​កន្លង​មក​យើង​មើល​ឃើញ​ថា ចំពោះ​អ្នក​ដែល​បំពេញ​ការងារ​ក្នុង​វិស័យ​ភ័ស្តុភារ​នៅ​ក្នុង​ក្រុមហ៊ុន​ Logistics​ ភាគ​ច្រើន គឺ​មិន​បាន​រៀន​ពី​វិស័យ​ភ័ស្តុ​ភារ​នេះ​ពី​មុន​មក​ទេ ដូច​នេះ​ទើប​ពួក​គេ​ត្រូវ​ការ​សិក្សា​បន្ថែម​ឬ​ហ្វឹក​ហាត់​ពី​សំណាក់​ក្រុមហ៊ុន​ ដូច្នេះ​ហើយ​យើង​បាន​បង្កើត​មហា​វិទ្យាល័យ​ពាណិជ្ជកម្ម​អន្តរជាតិ​និង​ភ័ស្តុភារ​នេះ​ឡើង ដើម្បី​បណ្តុះ​បណ្តាល​សិស្ស​និស្សិត​ខ្មែរ​ឲ្យចាប់​បាន​នូវ​ជំនាញ​យ៉ាង​ពិតប្រាកដ​”។ ឡូជីស្ទីក​ (Logistics)​ គឺ​ជា​ការ​គ្រប់​គ្រង​នូវ​សង្វាក់​ផលិតកម្ម​អ្វី​មួយ​ឲ្យ​ប្រព្រឹត្តិ​ទៅ​តាម​ដំណើរ​ការ​ពីមួយ​ទៅមួយ​ ចំណែក​ឯ​ក្រុមហ៊ុន​ឡូជីស្ទីក​គឺ​ជា​ក្រុមហ៊ុន​ដែល​បម្រើ​សេវា​នាំចូល​ផលិតផល​មួយ​ពីក្រៅ​ប្រទេស ពោល​គឺ​រត់​ការ​ក្នុង​ការ​នាំចូល​ផលិតផល​ពី​រោងចក្រ​នៅ​ក្រៅប្រទេស​ មក​ជូន​អតិថិជន​ដែល​បាន​បញ្ជា​ទិញ​នៅ​ក្នុង​ប្រទេស ឬ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​វិញ។

          ​សូម​គូស​បញ្ជាក់​ផង​ដែរ​ថា សាកល​វិទ្យាល័យ​ហ្សាម៉ាន់​បាន​បើក​ជំនាញ​សិក្សាថ្មី​ពីរ​ដែល​ទើប​តែចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ​សិក្សា​ ២០១៧ ​- ​២០១៨ ​នេះ គឺ ជំនាញ​ពាណិជ្ជកម្ម​អន្តរជាតិ​ ភ័ស្តុភារ (International Trade and Logistics) និង​ជំនាញ​ វិស្វកម្ម​ឧស្សាហកម្ម​ (Industrial Engineering​)៕

Article by Songk




SUGGESTIONS