×
Photo by NY KINUT

យុវជន​វ័យ​ក្មេង​៥​រូប​បង្កើត​កម្មវិធី​ទូរសព្ទ​ថ្មី​សម្រួល​ដល់​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់​កម្ពុជា

 
 

          ខណៈ​ដែល​យុវជន​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ កំពុង​ងាក​មក​គាំទ្រ​វិស័យ​បាល់ទាត់​យ៉ាង​គំហុក សន្ទុះ​នៃ​អ្នក​លេង​កីឡា​បាល់ទាត់​ក៏​កើន​ឡើង​គួរ​ឲ្យ​កត់​សំគាល់។ ប្រាកដ​ណាស់​ ការ​លេង​កីឡា​នាំ​មក​នូវ​សុខភាព​ល្អ​ និង​ការ​កំសាន្ត​​ដ៏​ល្អ​មួយ​។ ជា​រៀងរាល់​ពេល​ទំនេរ​​ពី​ការងារ​និង​ការ​សិក្សា​ យុវជន​នៅ​ក្នុង​ទីក្រុង​រមែង​ស្វែង​រក​ទីតាំង​ណា​មួយ​ ដើម្បី​ជួប​ជុំ​គ្នា​លេង​កីឡា​​បាល់ទាត់​ជា​លក្ខណៈ​មិត្តភាព។ ប៉ុន្តែ​ ដោយសារ​តែ​តម្រូវការ​នៃ​ការ​ប្រើប្រាស់​តារាង​បាល់ទាត់​មាន​ចំនួន​ច្រើន​ ការ​ស្វែង​រក​កន្លែង​ទំនេរ​​​របស់​តារាង​បាល់ទាត់​​​ជា​ការ​លំបាក​មួយ​សម្រាប់​អ្នក​លេង​កីឡា​នេះ។

          ទន្ទឹម​នឹង​បញ្ហា​ចោទ​មួយ​នេះ​ យុវជន​វ័យ​ក្មេង​មួយ​ក្រុម​បាន​ខិត​ខំ​ស្វែង​រក​ដំណោះស្រាយ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​​បច្ចេកវិទ្យា​ថ្មី​ដែល​អាច​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​និង​ម្ចាស់​តារាង​បាល់ទាត់​​ដោយ​មាន​ប្រសិទ្ធ​ភាព​ តាម​រយៈ​ការ​​បង្កើត​​នូវ​​កម្មវិធីទូរសព្ទ​ថ្មី​មួយ​ដែលហៅ​ថា​​ GoSoccer។ កម្មវិធី​​ GoSoccer ដែល​ជា​កម្មវិធី​ថ្មី​មួយ​សម្រាប់​កក់​តារាង​បាល់ទាត់នានា​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​​​​ ដែល​បង្កើត​ដោយ​យុវជន​៥​រូប​ ដែល​សុទ្ធ​សឹង​ជា​និស្សិត​​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ និង​ ជំនួញនៅ​ឯ​សាកលវិទ្យាល័យ​ហ្សាម៉ាន់ និងវិទ្យាស្ថាន​ប្រៃសណីយ៍ទូរគមនាគមន៍បច្ចេកវិទ្យាទូរគមនាគមន៍និង​ព័ត៌មាន។ ​សហស្ថាបនិក​​នៃ​កម្មវិធី GoSoccer មួយ​រូប​មក​ពី​សាលា​ហ្សាម៉ាន់​ លោក​ លីមសេង​ឈុនបាន​និយាយ​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៧ ​យុវជន​ខ្មែរ​ជា​ច្រើន​បាន​ងាក​មក​គាំទ្រ​វិស័យ​បាល់ទាត់​ឡើង​វិញរហូត​ធ្វើ​ឲ្យ​កីឡាករ​បាល់​ទាត់​របស់​ខ្មែរ​ទទួល​បាន​ប្រជាប្រិយ​ភាព​និង​ភាព​ល្បីល្បាញ​​ដល់​ក្រៅ​ប្រទេស​ ដែល​នេះ​ជា​កត្តា​ដែល​ជំរុញ​ឲ្យ​​លោក​និង​ក្រុម​ចាប់​ផ្តើម​គំនិត​បង្កើត​កម្មវិធី GoSoccer ឡើង។ មិន​តែ​ប៉ុណ្ណោះ ប្រទេស​កម្ពុជា​ក៏​កំពុង​នឹង​ឈាន​ជើង​ចូល​ទៅ​ក្នុង​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ជា​ច្រើន​ ដែល​សុទ្ធ​សឹង​តែជា​ឱកាស​​ក្នុង​ការ​​បង្ហាញ​​សមត្ថភាព​កីឡា​របស់​ខ្មែរ​ ក៏​ដូច​ជា​ឱកាស​ក្នុង​ការ​​បញ្ចេញ​កម្មវិធី​ GoSoccer ដែល​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ចូល​ចិត្ត​លេង​កីឡា​ទាំង​អស់។

          យុវជន​វ័យ​២០​ឆ្នាំ សុវណ្ណលីហួ ដែល​ជា​សហស្ថាបនិក​មួយ​រូប​ទៀត​បាន​​រៀបរាប់​ពី​អត្ថប្រយោជន៍​នៃ GoSoccer ផង​ដែរ​ថា​ គំនិត​នៃ ​GoSoccer គឺ​ផ្តល់​ភាព​ងាយស្រួល​និង​ឱកាស​អាជីវកម្ម​សម្រាប់​ម្ចាស់​តារាង​ និង​អ្នក​ប្រើប្រាស់​ទូទៅដោយ​គ្រាន់​តែ​ទាញ​យក​កម្មវិធី​នេះ​មក​ប្រើប្រាស់​ក្នុង​ទូរសព្ទ​ដោយ​ឥត​គិត​ថ្លៃ។ ​ កម្មវិធី​នេះនឹង​ផ្តល់​ការ​បញ្ចុះ​តម្លៃ​​និង​កម្មវិធី​ពិសេស​នានា​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ​ ដែល​បាន​ប្រើប្រាស់​កម្មវិធី GoSoccer ដើម្បី​​ស្វែង​រក​តារាង​បាល់ទាត់​ដែល​នៅ​ជិត​ខ្លួន​ និង​​កក់​តារាង​បាល់ទាត់​​យ៉ាង​ងាយស្រួល។ វា​ជា​ការ​សន្សំសំចៃ​ពេល​វេលា​​និង​ថវិកា​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​កីឡា​បាល់ទាត់​ ដោយមិន​ចាំបាច់​ចំណាយ​ពេល​ស្វែង​រក​ព័ត៌មាន​ពី​តារាង​បាល់ទាត់​នៅ​​តាម​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ទៀត​ឡើយ។ ដោយ​ឡែក​ ម្ចាស់​តារាង​ ដែល​បាន​សហការ​ជាមួយ​នឹង​កម្មវិធី​ទូរសព្ទ GoSoccer ក៏​​​នឹង​ផ្តល់​ជា​កម្មវិធី​បញ្ចុះ​តម្លៃ​នានា​ដល់​អ្នក​ដែល​កក់​តារាង​បាល់ទាត់​របស់​ខ្លួន​តាម​រយៈ​កម្មវិធី​ GoSoccer ដែល​អ្នក​ប្រើប្រាស់​នឹង​ទទួល​បាន​ការ​សន្សំសំចៃ​ច្រើន​ជាង​មុន។

          និស្សិត​ឆ្នាំ​ទី​៣​នៃសាកលវិទ្យាល័យហ្សាម៉ាន់​មួយ​រូប​ទៀត​ លោកលីសុក្រឹតគុលិកា បាន​លើក​ឡើង​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះកម្មវិធី GoSoccer កំពុង​ស្ថិត​នៅ​ក្នុង​​ការ​អភិវឌ្ឍ​នៅឡើយហើយ​នឹង​គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​នៅ​ក្នុង​ខែ​មេសា​ខាង​មុខ​នេះ​។ លោក​ថ្លែង​ថា​​ ការ​សរសេរ​កម្មវិធី​មួយ​នេះ​ឡើង​ មាន​ការ​លំបាក​បន្តិច​ ត្បិត​ក្រុម​យុវជន​ទាំង​៥​រូប​សុទ្ធ​តែ​មាន​វ័យ​ក្រោម​២៣​ឆ្នាំនិង​មាន​បទ​ពិសោធន៍​តិច​តួច​នៅ​ឡើយ។ លោក​ថា​ រាល់​បញ្ហា​ដែល​លោក​ជួប​ប្រទះ​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​សរសេរ​កម្មវិធី​ ត្រូវ​ចំណាយ​ពេល​ស្រាវជ្រាវ​យូរ​បន្តិច​ដើម្បី​រក​ដំណោះស្រាយ​ ហើយក្រុម​របស់​លោក​​កំពុង​ព្យាយាម​សាកល្បង​កម្មវិធី​ GoSoccer នេះ​ឲ្យ​​មាន​ដំណើរ​ការ​​ល្អសិន​ មុន​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​ចៀសវាង​​ភាព​មិន​ប្រក្រតី​នានា។

          គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្មវិធី GoSoccer ​ក៏​ត្រូវ​បាន​ដាក់​ចូល​រួម​ប្រកួត​នៅ​ក្នុង​កម្មវិធី Smartstart ដែល​ប្រព្រឹត្តិ​ទៅ​កាល​ពី​ឆ្នាំ​ ២០១៧​ និង​បញ្ចប់​នា​ពេល​ថ្មីៗ​នេះ។​ ជា​លទ្ធផលកម្មវិធី​ទូរសព្ទដែល​បង្កើត​ឡើង​ដោយ​ក្រុម​យុវជន​ទាំង​៥​រូប​នេះទទួល​បាន​ជ័យលាភី​ក្នុង​ចំណោម​កម្មវិធី​ល្អ​ជាង​គេ​ទាំង​៥​។ សហគ្រិន​វ័យ​ក្មេង​ទាំង​៣​រូប​បន្ត​ទៀត​ថា​ ការ​ចូល​រួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​​ប្រកួតប្រជែង​​ឬ​ការ​ធ្វើ​ការងារ​ក្រៅម៉ោង​ គឺ​ជា​ការ​ចាប់​ផ្តើម​ល្អ​មួយ​សម្រាប់​សិស្ស​និស្សិត​ដែល​មាន​គំនិត​បង្កើត​អ្វី​ដែល​ថ្មី​បាន​ចូល​រួម​ដុស​ខាត់​សមត្ថភាព​និង​ចំណេះ​ដឹង​របស់​ខ្លួនដែល​បាន​សិក្សា​នៅ​ក្នុង​សាកលវិទ្យាល័យ។ ​ស្ថាបនិក​ GoSoccer ទាំងអស់​នេះក៏​ទទួល​ស្គាល់​ផង​ដែរ​ថា​ចំនួន​នៃ​អ្នក​ដែល​មាន​ទេពកោសល្យ​និង​គំនិត​ល្អៗ​នៅ​ក្នុង​ការ​បង្កើត​កម្មវិធី​ថ្មីៗគឺ​ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​ក្នុង​សង្គម​ ដែល​ជា​សញ្ញា​ល្អ​ដល់​ការ​អភិវឌ្ឍ​​ប្រទេស​និង​បច្ចេកវិទ្យា​ឲ្យ​កាន់​តែ​មាន​ភាព​ជឿនលឿន៕

Article by VA SONYKA




SUGGESTIONS