×
SOVRIN

អនុវត្ត​នូវ​វិធី​សាស្ត្រ​ងាយៗ​ក្នុង​ការ​ធ្វើ​សមាធិ​ដោយ​ខ្លួន​ឯង

 
 

          គោល​ដៅ​នៃ​ការ​តាំង​សមាធិ​គឺ​ជា​ការ​ស្មឹងស្មាធិ៍​ និង​រក្សា​ភាព​ស្ងប់ស្ងាត់​ខាង​ស្មារតី​ ឬផ្លូវ​អារម្មណ៍​ ដែល​ធ្វើ​ឲ្យ​អ្នក​ឈាន​ដល់​ចំណុច​កំពូល​មួយ​ហៅថា​ “សន្តិភាព​ក្នុង​ចិត្ត”​ (Inner Peace)។​ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​រឹត​តែ​ភ្ញាក់​ផ្អើល​នោះ​គឺ​ថា​ ប្រិយមិត្ត​អាច​ធ្វើ​សមាធិ​នៅ​កន្លែង​ណា​ និង​ពេល​ណា​ក៏​បាន​ឲ្យ​តែ​វា​អនុញ្ញាត​ឲ្យ​ខ្លួន​អ្នក​ផ្ទាល់​មាន​អារម្មណ៍​ថា​មាន​ភាព​ស្ងាត់​ជ្រងំ​មិន​ថា​ទោះ​ជា​មាន​អ្វី​កើត​ឡើង​ជុំ​វិញ​ខ្លួន​អ្នក​ក៏​ដោយ។​ ដូច្នេះ​ហើយ​ សម្រាប់​ប្រិយមិត្ត​មួយ​ចំនួន​​ ដែល​មិន​ដែល​ធ្វើ​សមាធិ​សោះ​ ឬ​ប្រិយមិត្ត​ខ្លះ​ ដែល​បាន​អនុវត្ត​ហើយ​ ប៉ុន្តែ​យល់​ថា​វា​ពិបាក​នោះ​ អ្នក​ទាំង​អស់​គ្នា​អាច​អនុវត្ត​តាម​វិធី​ធ្វើ​សមាធិ​ងាយៗ​មួយ​ចំនួន​ខាង​ក្រោម​ដោយ​មេត្រី។

ជ្រើសរើសកន្លែងធ្វើសមាធិ៖​ កន្លែង​ដែល​ប្រិយមិត្ត​ជ្រើសរើស​ធ្វើ​សមាធិ​ គួរ​តែ​ជា​កន្លែង​ឯកជន​មួយ​ ដែល​គ្មាន​ការ​រំខាន​ពី​អ្នក​ដទៃ​ ជាពិសេស​ប្រិយមិត្ត​គួរ​តែ​ប្រាកដ​ថា​វា​មាន​សុវត្ថិភាព​ និង​អាច​ផ្ដល់​ឲ្យ​អ្នក​វិញ​នូវ​ផាសុកភាព​ព្រម​ទាំង​ភាព​ស្ងប់​ស្ងាត់។​ ក្នុង​ករណី​ប្រសិន​បើ​អ្នក​មាន​បន្ទប់​គេង​ផ្ទាល់​ខ្លួន​នោះ​ វា​ជា​ការ​ល្អ​ណាស់​ ព្រោះ​ថា​អ្នក​អាច​យក​កន្លែង​ទំនេរ​ (ទូលាយ​មិន​រញ៉េរញ៉ៃ)​ ណា​មួយ​ក្នុង​បន្ទប់​មក​ធ្វើជា​កន្លែង​តាំង​សមាធិ​ក៏​បាន។​ មាន​មនុស្ស​មួយចំនួន​ បាន​ជ្រើសរើស​ត្រង់​កន្លែង​មុខ​តុ​ក្បាលគ្រែ​របស់​ពួក​គេ​ធ្វើ​ជា​កន្លែង​តាំង​សមាធិ​ ដោយ​សារ​គេ​អាច​យក​តុ​នោះ​សម្រាប់​ទ្រទៀនក្រអូប​ជា​ដើម​ក្នុង​អំឡុង​ពេល​សមាធិ។

ជ្រើសរើសជំហអង្គុយឲ្យមានផាសុកភាព៖ សម្រាប់​ឥរិយាបថ​នៃ​ការ​អង្គុយ​អ្នក​អាច​ជ្រើសរើស​បាន​ច្រើន​បែប​ច្រើន​យ៉ាង​ទៅ​តាម​ចំណង់​ចំណូលចិត្ត​ ដែល​គិត​ថា​វា​អាច​ផ្ដល់​ផាសុកភាព​ដល់​អ្នក។​ ឧទាហរណ៍​ អ្នក​គ្រាន់​តែ​អង្គុយ​បត់​ជើង​ពែន​ភ្នែន​នៅ​លើ​គ្រែគេង​ ឬ​កៅអី​ក៏​បាន។​ ដោយ​ឡែក​មាន​មនុស្ស​មួយ​ចំនួន​តូច​ជ្រើសរើស​យក​ការ​គេង​ផ្ងារ​ពោះ​ឡើង​លើ​ និង​ខ្នង​រាប​ស្មើ​ជា​ឥរិយាបថ​ក្នុង​ការ​តាំង​សមាធិ​របស់​គេ។​ យ៉ាង​ណា​មិញ​ ចំពោះ​ឥរិយាបថ​បែប​នេះ​ មិន​សូវ​ជា​បាន​ផល​ និង​ផ្ដល់​ដំបូន្មាន​ឲ្យ​អនុវត្ត​តាម​នោះ​ទេ​ ដោយ​សារ​អ្នក​អាច​គេង​ដោយ​មិន​ដឹង​ខ្លួន​ ហើយ​ភ្លេច​ថា​ខ្លួន​ឯង​កំពុង​តែ​ធ្វើ​សមាធិ។

ជម្រះអារម្មណ៍ឲ្យស្រឡះ៖ អ្នក​ត្រូវ​ជម្រះ​អារម្មណ៍​ឲ្យ​ស្រឡះ​ ដោយ​មិន​ត្រូវ​គិត​អ្វី​សោះ​ឡើយ​ពេល​ចាប់​ផ្ដើម​ និង​អំឡុង​ពេល​សមាធិ។​ អ្នក​អាច​ដកដង្ហើម​ពីរ​បីដង​វែងៗ​ និង​យឺតៗ​ ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​ធូរស្បើយ​ និង​មិន​ស្មុគ​ស្មាញ។

ចាប់ផ្ដើមពីតិច៖​ ការ​ធ្វើ​ដំណើរ​មួយ​ពាន់​យោជន៍​ ចាប់​ផ្ដើម​ដោយ​មួយ​ជំហាន​ដំបូង។​ ប្រយោគ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ មិន​ថា​អ្នក​ចង់​ទៅ​ដល់​ទីណា​ ឬ​ចម្ងាយ​ប៉ុន្មាន​ទេ​គឺ​ថា​អ្នក​ត្រូវ​តែ​ចាប់​ផ្ដើម​វា​ដោយ​មួយ​ជំហាន​ដំបូង​របស់​អ្នក។​ ដូច្នេះ​ហើយ​ ការ​តាំង​សមាធិ​ក៏​អីចឹង​ដែរ​ អ្នក​មិន​អាច​បង្ខំ​ខ្លួន​ឯង​ឲ្យ​ធ្វើ​សមាធិ​រយៈ​ពេល​៣០នាទី​ក្នុង​មួយថ្ងៃ​នៃ​ថ្ងៃ​ដំបូង​បាន​ឡើយ។​ ផ្ទុយ​ទៅ​វិញ​ គឺ​ត្រូវ​ចាប់​ផ្ដើម​ពី​តិច​ឡើង​ទៅ។​ ឧទាហរណ៍​ អ្នក​អាច​ចាប់​ផ្ដើម​ធ្វើ​សមាធិ​ដំបូង​ដោយ​គ្រាន់​តែ​អង្គុយ​ស្មឹងស្មាធិ៍​ ហើយ​រាប់​គ្រប់គ្រង​នៃ​ការ​ដក​ដង្ហើម​ចេញ​ចូល​របស់​អ្នក​ប៉ុណ្ណោះ។

ស្វែងរកជំនួយ៖​ អ្នក​ក៏​អាច​ប្រើ​ជា​ Video​ ដែល​មាន​ក្នុង​វែប​សាយ​មួយ​ចំនួន​ ឬ​ក៏​ CDs​ សម្រាប់​ជា​ជំនួយ​ក្នុង​ការ​សមាធិ​របស់​អ្នក។​ ត្រូវ​ចាំថា​ អ្នក​មិន​មែន​ជា​មនុស្ស​តែ​ម្នាក់​ដែល​តាំង​សមាធិ​នោះ​ទេ​ អ្វីៗ​នឹង​ល្អ​ប្រសើរ​ប្រសិន​បើ​មាន​អ្នក​គាំទ្រ​ និង​ចាំ​ជួយ។

បញ្ចប់ការតាំងសមាធិ៖​ អ្នក​ត្រូវ​ពិនិត្យ​ និង​កត់​សម្គាល់​ពី​រាងកាយ​ និង​អារម្មណ៍​របស់​អ្នក​ ក្រោយ​ពី​អ្នក​បាន​បិទ​ភ្នែក​អង្គុយ​សមាធិ។​ ជាក់​ស្ដែង​ តើ​ប្រិយមិត្ត​អាច​កំរើក​ដៃជើង​ធម្មតា​ឬ​ទេ?​ តើ​អ្នក​មាន​អារម្មណ៍​ថា​ជើង​របស់​អ្នក​ជាន់​លើ​ឥដ្ឋទេ​ (ប្រសិន​បើ​អ្នក​ចុះ​ពី​កៅអី​ ហើយ​ជាន់​លើ​ឥដ្ឋ)?​ តើ​ការ​ស្ដាប់​ ហិតក្លិន​ ឬ​ដឹង​រសជាតិ​របស់​អ្នក​ដូចម្ដេច?​ ប្រសិន​បើ​អ្នក​គិត​ថា​ ទាំង​រាងកាយ​ និង​អារម្មណ៍​របស់​អ្នក​មិន​អីទេ​ និង​រួចរាល់​ហើយ​ ចាំ​អ្នក​បើក​ភ្នែក។

គួរចងចាំ៖ ដើម្បី​ឲ្យ​ការ​សមាធិ​របស់​អ្នក​មាន​ប្រសិទ្ធ​ភាព​ និង​មិន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ខ្ជិល​នោះ​ អ្នក​គប្បី​ធ្វើ​សមាធិ​ឲ្យ​បាន​ទៀង​ទាត់​ពេលវេលា​ ដោយ​ជ្រើសរើស​ម៉ោង​ឬ​ពេល​ដែល​ធ្លាប់​បាន​សមាធិ​រួច​មក​ហើយ។​ ម្យ៉ាង​វិញ​ទៀត​បន្ទាប់​ពី​មាន​មូល​ដ្ឋានគ្រឹះ​ពី​ការ​ធ្វើ​សមាធិ​ហើយ​ អ្នក​អាច​រិះរក​វិធី​ផ្សេងៗ​ទៀត​បាន​ដើម្បី​កុំ​ឲ្យ​មាន​ភាព​ដដែលៗ។​ ជា​ចុងក្រោយ​ គួរ​ជៀស​វាង​មតិ​ដែល​គិត​ថា​ អ្នក​សមាធិ​ដោយ​សារ​តែ​គ្រប់​គ្នា​គេ​សមាធិ។​ ប្រិយមិត្ត​សមាធិ​ ព្រោះ​ប្រិយមិត្ត​ចង់​ធ្វើ​វា៕

Article by Hem Hy




SUGGESTIONS