×
Photography: GoGoCambodia

ការបំបែក​ឯតទគ្គកម្ម ក្រមា​វែង​ជាង​គេ​លើពិភព​​លោក​ចាប់ផ្ដើមពីពេលនេះតទៅ

 
 

          យុទ្ធនាការ​ក្រមា ៖ «ការ​បំបែក​ឯតទគ្គកម្ម ក្រមា​វែង​ជាង​គេ​លើ​​ពិភព​កលោក​» ​នឹង​ចាប់​ផ្ដើម​បើក​ត្បាញ ចាប់ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨នេះតទៅ នៅ​ទីតាំងសួនច្បារនៃវាល​ព្រះមេរុ ដែល​​បើក​ជា​សាធារណៈ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ ដោយ​មិន​ប្រកាន់​និន្នាការ​ ដើម្បី​អញ្ជើញ​ចូលរួម​ត្បាញ​ក្រមា​ដោយ​​ផ្ទាល់​​ដៃ​ទាំង​អស់​គ្នា។​ យុទ្ធនាការក្រមា នេះ គឺជា​សក្ខីភាព​មួយ​ក្នុង​ចំណោមលទ្ធភាពដែលប្រជាជាតិខ្មែរអាចធ្វើអ្វីៗរួមគ្នា ក្នុងស្មារតី «ជឿថាខ្មែរធ្វើបាន»។

          យោងតាម GoGoCambodia អ្នករៀបចំកម្មវិធីបានបង្ហាញថា “​យុទ្ធនាការ​នេះបង្កើតឡើងក្នុងគោល​បំណង​ធំៗ​បី​ រួមមាន​ (១)លើក​កម្ពស់​មោទនភាព​ជាតិ ​និង​កិត្យា​នុភាព​ជាតិ​​នៅ​លើ​ឆាក​អន្តរជាតិ។ (២)បង្កើត​ការ​ចូលរួម​​​ចំណែក​ពី​ប្រជា​ជន​កម្ពុជាគ្រប់មជ្ឍដ្ឋាន​ទាំង​អស់​ ដើម្បី​រួម​គ្នា​ថែ​រក្សា​និង​លើក​ស្ទួយ​មត៌ក​​វប្បធម៌​ប្រពៃ​ណីខ្មែរ និង​ជា​ពិសេស (៣)ជម្រុញ​ឲ្យ​មាន​សាមគ្គី​ភាព​ និង​ឯកភាព​ជាតិតាម​រយៈ​ការ​រួម​គ្នា​បង្កើត​ស្នាដៃ​ដ៏​ធំ​សម្រាប់​ជាតិ។ ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្នា​អាច​ក្លាយ​ជា​ចំណែក​មួយរបស់ ​យុទ្ធនាការ​ក្រមា ​បាន​តាម​រយៈ​ (១)ការ​ចូល​រួម​ត្បាញ​ក្រមា​ដែល​មាន​ប្រវែង​វែង​ជាង​គេ​លើ​ពិភពលោក​ដើម្បី​បំបែក​កំណត់​ត្រា​ពិភព​លោក​រួម​គ្នា​ (២)ការ​ចូល​​រួម​ជា​អ្នក​គាំ​ទ្រ ​តាម​រយៈ​ការ​ដើរ​តួរ​នាទី​ជា​អ្នក​ចូល​រួម​ស្ម័គ្រ​ចិត្ត ក៏​ដូច​ជា​អ្នក​ឧបត្ថម្ភជាមួយ​ការ​បរិច្ចាគ​សប្បុរសធម៌ (៣)ការ​ចូល​រួម​ផ្សព្វ​ផ្សាយ​​ដល់​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត​ដែល​ពុំទាន់​បាន​ទទួល​ព័ត៌មាន​ពី​យុទ្ធនាការ​ក្រមា ដើម្បីជម្រុញឲ្យ​ពួកគេ​បាន​ចូល​រួ​ម​ (៤)ការ​ចូលរួម​ជា​អ្នក​រួម​ចំណែក​បង្កើត​ ច្នៃ​ប្រឌិត ឬ​រៀប​ចំ​សកម្មភាពនានា រួមក្នុង​ស្មារតី «ជឿ​ថា​ខ្មែរ​ធ្វើ​បាន»​ និង (៥)ការ​ដើរ​តួ​ជាទូត​សុឆន្ទៈបន្ត​ទស្សនៈ​និង​មនោគមវិជ្ជា ​«ជឿ​ថា​ខ្មែរ​ធ្វើ​បាន» ដើម្បី​កសាង​ស្នាដៃ​​សមិទ្ធិផលនិង​មោទនភាព​ជាតិ ​សម្រាប់​គ្រួសារ  សង្គម​   និង​ព្រះរាជាណាចក្រកម្ពុជាទាំង​មូល។​​”

          ស្របជាមួយគ្នានោះដែរ ក្នុងកម្មវិធី​ការត្បាញក្រមា ១០០០ម៉ែត្រ­­ នៅក្នុងទីតាំង​សួនច្បារ​នៃ​វាលព្រះមេរុ­ នឹងមាន​កម្មវិធីអម​ជា​ច្រើនដូចជា កម្មវិធីសម្តែង ការចាក់បង្ហាញនូវខ្សែភាពយន្ត ពិព័រណ៍​វត្ថុអនុស្សាវរីយ៍ និង​ផ្សារាត្រី​នឹង​ត្រូវ​បាន​រៀប​ចំ​ឡើងនៅទីតាំង ដើម្បីបង្កបរិយាកាសឲ្យ​កម្មវិធីកាន់​តែ​សប្បាយរីករាយ​ និងទាក់​ទាញ​បាន​នូវ​ការ​ចូល​រួម​ពី​សំណាក់​មហាជន​ឲ្យ​បាន​កាន់​តែ​ច្រើន​​​កុះករ​។

          ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​មាន​បំណងចូលរួមត្បាញ​ក្រមា អាច​ទាក់ទង​ចុះឈ្មោះនៅទីតាំង វាលព្រះមេរុ ដោយផ្ទាល់​ ឬក៏ចុះឈ្មោះតាមរយៈ គេហទំព័រផ្លូវការរបស់ GoGoCambodia (Website)៖ http://gogocambodia.asia/

          ចំពោះការចុះឈ្មោះជាអ្នកស័្មគ្រចិត្ត ឬជាអ្នកឧបត្ថម្ភ អាចធ្វើឡើងដោយការទាក់ទង​ផ្ទាល់​ជាមួយក្រុមការងារ ឬគេហទំព័រ​ផ្លូវការ (Website)៖ http://gogocambodia.asia/




SUGGESTIONS