ផ្ទះសំណាក់និងភោជនីយដ្ឋានទន្លេ (Le Tonlé) ក្តីសង្ឃឹមថ្មីរបស់យុវជនក្រីក្រដែលគ្មានលទ្ធភាពបន្តការសិក្សា
TRAVEL & LIVING 6 years agoស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពលទេសចរបំផុត នៅតាមបណ្តោយផ្លូវលេខបី នៃភូមិផ្សារវែង ក្រុងក្រចេះ គេគ្រាន់តែក្រលេកបន្តិច នឹងឃើញមានផ្ទះសំណាក់និងភោជនីយដ្ឋានមួយកន្លែងដែលរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ និងមានភ្ញៀវបរទេសចេញចូលឥតដាច់ ជាមួយនឹងស្លាកមួយដែលមានសរសេរអក្សរជាខេមភាសាយ៉ាងធំៗថា “ទន្លេ”។ បើមើលពីខាងក្រៅយើងប្រហែលជាគិតថាជាជំនួញឯកជនធម្មតាមួយតែប៉ុណ្ណោះ ប៉ុន្តែធាតុពិតផ្ទះសំណាក់និងភោជនីយដ្ឋាន ទន្លេ ក៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍មួយដែលបានផ្តល់នូវក្តីសង្ឃឹមថ្មីសម្រាប់យុវជននៅតាមជនបទដាច់ស្រយាល ពិសេសមកពីខេត្តស្ទឹងត្រែង ក្រចេះ និងរតនគិរី ដែលមានជីវភាពទីទាល់ក្រនិងគ្មានលទ្ធភាពបន្តការសិក្សាពិបាកក្នុងការស្វែងរកការងារក៏ដូចជាទប់ស្កាត់ការធ្វើចំណាកស្រុកទៅក្រៅប្រទេស តាមរយៈជំនួយឧបត្ថម្ភពីសប្បុរសជននៅឯប្រទេសស្វ៊ីសថែមទៀតផង។
ផ្ទះសំណាក់និងភោជនីយដ្ឋានទន្លេ (Le Tonlé) បង្កើតឡើងក្នុងឆ្នាំ ២០០៧ដោយប្តីប្រពន្ធជនជាតិស្វ៊ីសពីររូបក្រោមដំបូលអង្គការ Tourism For Help របស់ប្រទេសស្វ៊ីសក្នុងគម្រោងជួយដល់ប្រជាជនកម្ពុជាដែលមិនមានឱកាសបន្តការសិក្សាឲ្យទទួលបានការបណ្តុះបណ្តាលក្នុងផ្នែកទេសចរណ៍នៅខេត្តស្ទឹងត្រែង ហើយរហូតដល់ឆ្នាំ ២០១៥ Le Tonlé ក៏ចាប់ផ្តើមផ្លាស់ប្តូរមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នេះ មកកាន់ក្រុងក្រចេះជាមួយនឹងការសិក្សាបណ្តើរនិងអនុវត្តបណ្តើរនៅឯផ្ទះសំណាក់និងភោជនីយដ្ឋានផ្ទាល់តែម្តង។ មកដល់បច្ចុប្បន្ននេះ Le Tonlé បានបណ្តុះបណ្តាលសិក្ខាកាមប្រមាណជិតពីររយនាក់ដែលក្នុងនោះភាគច្រើនសុទ្ធសឹងតែជានារីភេទដែលបានបោះបង់ការសិក្សាដោយសារតែស្ថានភាពក្រីក្រក្នុងគ្រួសារ។ សព្វថ្ងៃ Le Tonlé បានបណ្តុះបណ្តាលជំនាញពីរទៅដល់យុវជនកម្ពុជាក្នុងវិស័យទេសចរណ៍ ក្នុងនោះរួមមានជំនាញសុជីវធម៌ក្នុងការបម្រើអាហារនិងភេសជ្ជៈ និងជំនាញរៀបចំបន្ទប់ផ្ទះសំណាក់និងសណ្ឋាគារ។ ចាប់តាំងពីឆ្នាំ ២០១២ មក Le Tonlé ក៏បានក្លាយជាគម្រោងមួយក្នុងចំណោមគម្រោងចំនួនបី (Le Tonlé, CRDTours, Livelihood) របស់ក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា (CRDT) និងបានបណ្តុះបណ្តាលយុវជនក្រីក្រតាមកម្មវិធីសិក្សារបស់អាស៊ានដែលមានការទទួលស្គាល់ជាថ្នាក់ជាតិពីក្រសួងទេសចរណ៍និងក្រសួងអប់រំយុវជននិងកីឡា ដែលនេះហាក់បានបើកឱកាសឲ្យពួកគេបានចូលបម្រើការងារ មិនថានៅក្នុងប្រទេស ឬក្របខណ្ឌអាស៊ាននៅក្នុងតំបន់នោះឡើយ។ ជាងនេះទៅទៀត ក្រោមការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់និងយកចិត្តទុកដាក់ជាទីបំផុតពីសំណាក់លោកគ្រូ អ្នកគ្រូដែលមានចិត្តសប្បុរស ពីមួយឆ្នាំទៅមួយឆ្នាំ សិស្សប្រមាណជា៩៥% គឺសុទ្ធតែទទួលបានការងារយ៉ាងត្រជះត្រចង់នៅតាមរមណីយដ្ឋាន សណ្ឋាគារ និងភោជនីយដ្ឋានប្រកបដោយវិជ្ជាជីវៈជាទីបំផុត។
លោក សាន្ត ត្រែង ជាអតីតសិស្សនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍ Le Tonlé និងសព្វថ្ងៃកំពុងបម្រើការជាជំនួយការអ្នកគ្រប់គ្រងទូទៅនៅ រមណីយដ្ឋាន រ៉ាយ៉ាបូរី (Rajabori Resort) បានប្រាប់ថា “ទន្លេ (Le Tonlé) បានផ្លាស់ប្តូរជីវិតរបស់ខ្ញុំទាំងស្រុងពីក្មេងម្នាក់ដែលចូលចិត្តដើរលេងនិងមិនមានលទ្ធភាពបន្តការសិក្សា ឲ្យក្លាយជាអ្នកដែលមានការងារធ្វើនិងសង្គមទទួលស្គាល់។ ក្នុងអំឡុងការសិក្សា ពួកគេ (Le Tonlé) បានដាក់លក្ខខណ្ឌមកខ្ញុំថា ប្រសិនបើខ្ញុំឈប់រៀនត្រឹមពាក់កណ្តាល ពួកគេនឹងយកលុយពីខ្ញុំ ពីរពាន់ដុល្លារ តែប្រសិនបើខ្ញុំខំប្រឹងរៀនសូត្រ ពួកគេនឹងជួយផ្គត់ផ្គង់ទាំងថ្លៃហូបចុក សម្លៀកបំពាក់ និងការស្នាក់នៅទាំងស្រុងឲ្យខ្ញុំ។ រហូតមកដល់ពេលនេះ ទើបខ្ញុំដឹងថា ទន្លេ (Le Tonlé) បានជួយខ្ញុំឲ្យមានការងារធ្វើនិងអាចចិញ្ចឹមជីវិតដោយខ្លួនឯងបាន។”
នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍និងជាជំនួយការអ្នកគ្រប់គ្រងទូទៅនៅផ្ទះសំណាក់និងភោជនីយដ្ឋានទន្លេ លោក ផាពេជ្យ មានប្រសាសន៍ថា៖ “ក្នុងសិស្សម្នាក់ មជ្ឈមណ្ឌលចំណាយពី ពីរពាន់ទៅបីពាន់ដុល្លារក្នុងមួយឆ្នាំទៅលើការផ្គត់ផ្គង់របស់ពួកគេ ហើយថវិកាទាំងនោះគឺបានមកពីជំនួយឧបត្ថម្ភពីសប្បុរសជនទាំងឡាយនៅឯប្រទេសស្វ៊ីស។” លោកក៏បានបន្ថែមថា៖ “ជារៀងរាល់ឆ្នាំ ពួកយើងតែងតែធ្វើការស្វែងរកនិងជ្រើសរើសយុវជនក្រីក្រមក តាមរយៈបណ្តាញសង្គម វិទ្យុ និងតាមរយៈបណ្តាញរបស់ CRDT ដែលជាម្ចាស់គម្រោងរបស់ពួកយើងផងដែរ។ យើងតែងតែចុះទៅតំបន់ដាច់ស្រយាលដែលសម្បូរទៅដោយប្រជាជនក្រីក្រនិងមិនមានការយល់ដឹងច្រើនដើម្បីឲ្យពួកគេទទួលបានឱកាសការងារមួយដែលល្អនិងស្របច្បាប់។ ក្រោយពីទទួលបានការសិក្សានិងអនុវត្តផ្ទាល់នៅទីនេះ (ផ្ទះសំណាក់និងភោជនីយដ្ឋាន ទន្លេ) ពួកយើងនឹងស្វែងរកការងារឲ្យពួកគេតាមរយៈដៃគូសហការរបស់យើងដែលជាសណ្ឋាគារ រមណីយដ្ឋាន និងភោជនីយដ្ឋាននានានៅទូទាំងប្រទេស។” ចំពោះគម្រោងទៅថ្ងៃអនាគត លោក ផាពេជ្យ ក៏បានបង្ហើបផងដែរថា Le Tonlé កំពុងតែសិក្សាលើគម្រោងស្វែងរកថវិកាដោយខ្លួនឯង តាមរយៈការជួលបន្ទប់ផ្ទះសំណាក់និងម្ហូប ឬតាមរយៈវិធីសាស្រ្តផ្សេងទៀតតាមដែរអាចធ្វើទៅបានដោយពុំចាំបាច់ពឹងជំនួយពីក្រៅប្រទេសនោះឡើយ។
បច្ចុប្បន្ន ផ្ទះសំណាក់និងភោជនីយដ្ឋាន ទន្លេ មាន ១៦បន្ទប់ដែលរៀបចំបានយ៉ាងស្អាតនិងមានសណ្តាប់ធ្នាប់ដោយសិក្ខាកាមដែលកំពុងសិក្សានៅទីនោះប្រកបដោយស្នាមញញឹមនិងរួសរាយរាក់ទាក់ជាទីបំផុត។ ជាងនេះទៅទៀត Le Tonlé ក៏មានភោជនីយដ្ឋានដែលបម្រើមុខម្ហូបយ៉ាងឆ្ងាញ់ពិសា ចម្អិនដោយសិស្សរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍ទន្លេដោយផ្ទាល់ដៃថែមទៀតផង៕
Article by Songk