យុវតីកម្ពុជាកែច្នៃសំរាមប្លាស្ទិកជាធាតុផ្សំថ្នល់កៅស៊ូ បានទទួលមេដាយពីអន្តរជាតិ
NEWS 5 years agoដើម្បីបំបែកបញ្ហាបង្កឡើងពីសំរាមប្លាស្ទិកដែលជាក្តីព្រួយបារម្ភរបស់ពិភពលោក និស្សិតកម្ពុជា២រូបមកពីជំនាញផ្សេងៗគ្នា បានចាប់ដៃគ្នាបង្កើតគំនិតអាជីវកម្មដោយកែច្នៃសំរាមប្លាស្ទិកឲ្យមានប្រយោជន៍ រហូតបានទទួលជ័យលាភីផ្ទួនៗពីក្នុងស្រុកនិងក្រៅស្រុក។ គំនិតកែច្នៃ សំរាមប្លាស្ទិកឲ្យក្លាយជាធាតុផ្សំនៃថ្នល់កៅស៊ូ ដែលហៅថា Eco-Plastic ត្រូវបានបំផុសឡើងពីយុវតី២រូបដែលមានវ័យ២១ឆ្នាំដូចគ្នា រួមមាន កញ្ញា តាន់ ប៊ុនហ៊ង់ មកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ជំនាញទុរកិច្ច និងកញ្ញា លី សុកញ្ញា មកពីសាកលវិទ្យាល័យហ្សាម៉ាន់ ជំនាញវិស្វករសំណង់ស៊ីវិល។ និស្សិតឆ្នាំទី៤ ទាំង២រូបនេះ ទើបតែត្រលប់ពីប្រទេសប៊ូតានកាលពីថ្ងៃចន្ទសប្តាហ៍មុននេះ បន្ទាប់ពីទទួលជោគជ័យលើការធ្វើបទបង្ហាញលើគំនិតអាជីវកម្មរបស់ខ្លួន ហើយជាលទ្ធផលគំនិតអាជីវកម្មនេះបានទទួលបានជ័យលាភីលេខ២ នៅក្នុងការប្រកួតប្រជែងថ្នាក់តំបន់ដែលហៅថា Mekong Business Challenge ក្នុងចំណោមក្រុមទាំង១១មកពីប្រទេសផ្សេងៗគ្នា។
អ្នកទាំង២បានលើកឡើងថា គំនិតនៃការកែច្នៃសំរាមជារបស់មានប្រយោជន៍ ត្រូវបានផ្តួចផ្តើមឡើងជាយូរមកហើយ ពោលគឺតាំងពីឆ្នាំ ២០១៦ ខណៈដែលអ្នកទាំង២ ដាក់ពាក្យចូលប្រកួតកម្មវិធីប្រកួតប្រជែងគំនិតអាជីវកម្ម ក្នុងនាមជាសហគ្រិនវ័យក្មេងក្នុងស្រុក។ សុកញ្ញានិយាយថា៖ "សំរាមគឺជាបញ្ហាក្តៅគគុកក្នុងប្រទេសកម្ពុជា ក៏ដូចជាក្រៅប្រទេស។ ក្រៅពីនេះ ពួកខ្ញុំបានចូលរួមក្រុម Eco Life ដែលជាយុទ្ធនាការទាក់ទងនឹងការថែរក្សាបរិស្ថាន និងការប្រើប្រាស់យ៉ាងណាដើម្បីកាត់បន្ថយប្លាស្ទិក ដែលយើងប្រើប្រាស់រាល់ថ្ងៃ ហើយនេះក៏ជាការជម្រុញទឹកចិត្ត ដែលធ្វើឲ្យក្រុមរបស់ខ្ញុំដើរទៅមុខរហូតមក"។
កញ្ញា ប៊ុនហ៊ង់
ដោយឡែក យុវតី ប៊ុនហ៊ង់ក៏ធ្លាប់បានអានសារព័ត៌មានកន្លងមកអំពីបញ្ហាសំរាមនៅក្នុងទីក្រុងភ្នំពេញ ដែលត្រូវបានសារព័ត៌មានបរទេសលើកយកទៅសរសេរនៅក្នុងអត្ថបទសារព័ត៌មានជារឿយៗ ជាហេតុដែលជម្រុញឲ្យអ្នកទាំង២សហការគ្នា ដោះស្រាយបញ្ហា សំរាមប្លាស្ទិកនេះ។
ម៉ាស៊ីនរំលាយប្លាស្ទិក គឺជាគំនិតអាជីវកម្មដែលក្រុមសហគ្រិនស្រ្តីមួយនេះ បានបង្កើតជាលើកដំបូងដើម្បីប្រកួតកាលពីឆ្នាំ២០១៦ ក្នុងកម្មវិធី Cellcard Lab ។ ត្បិតទទួលបានជ័យលាភីលេខ១ក៏ពិតមែន ប៉ុន្តែស្ថាបនិកម៉ាស៊ីននេះ យល់ឃើញថា ជាក់ស្តែងម៉ាស៊ីននេះអាចនឹងពិបាករកទីផ្សារបន្តិច ដូច្នេះ អ្នកទាំង២ក៏រិះរកគំនិតបន្ថែមទៀតដើម្បីធ្វើយ៉ាងណាច្នៃសំរាមឲ្យមានប្រយោជន៍ឲ្យខាងតែបាន ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន។ បន្ទាប់ពីការសិក្សាស្រាវជ្រាវ និងធ្វើពិសោធន៍ជាច្រើនដង អ្នកទាំង២ក៏ច្នៃចេញជាវិធីប្រើប្រាស់សំរាម មកធ្វើជាធាតុផ្សំសម្រាប់ប្រើប្រាស់ក្នុងការធ្វើថ្នល់កៅស៊ូ ដែលអាចធ្វើឲ្យថ្នល់មានអាយុវែងជាងមុន រឹងមាំជាងមុន និងចំណាយតិចជាងមុន។ វិធីកែច្នៃនេះ ត្រូវធ្វើឡើងដោយប្រើប្លាស្ទិកដែលប្រើប្រាស់រួច យកទៅសម្អាតឲ្យមានអនាម័យ រួចទើបប្រើប្រាស់ជាធាតុផ្សំក្នុងការធ្វើថ្នល់ ដើម្បីធានាថា មិនមានមេរោគជ្រាបដល់ប្រភពទឹកក្រោមដី និងធានាពីការប៉ះពាល់បរិស្ថានឲ្យតិចជាងការទុកសំរាមប្លាស្ទិកចោលលើផែនដី។
កញ្ញា សុកញ្ញា
ជាចុងក្រោយ យុវតី សុកញ្ញាបានផ្តាំផ្ញើឲ្យយុវជនឆ្លៀតឱកាសចូលរួមកម្មវិធីប្រកួតប្រជែងឲ្យបានច្រើន ដើម្បីដុសខាត់ចំណេះដឹងពីសាលាឲ្យបានកាន់តែប្រសើរ។ កញ្ញានិយាយថា៖ "អ្វីក៏យើងអាចធ្វើបានដែរឲ្យតែយើងខំប្រឹង។ មានមនុស្សជាច្រើនណាស់ដែលនៅចាំជួយយើង ឲ្យតែយើងគិតថាយើងខំប្រឹងធ្វើការងារដែលយើងចង់បាន។ មានគេច្រើនណាស់ ដែលចាំលើកទឹកចិត្តកូនខ្មែរឲ្យធ្វើការ នៅចាំតែយើងខ្លួនឯងប៉ុណ្ណោះដែលត្រូវងើបឈរឡើង"។ ចំណែកយុវតី ប៊ុនហ៊ង់ ក៏បានលើកឡើងផងដែរថា ទស្សនៈមួយក្នុងការចាប់ដៃគ្នាជាមួយដៃគូជាស្ត្រីទៅចូលរួមប្រកួតក្នុងកម្មវិធីកន្លងមក គឺជាស្មារតីជម្រុញទឹកចិត្តស្រ្តីនៅក្នុងវិស័យ STEM ដើម្បីពួកគេចូលរួមធ្វើការក្នុងវិស័យនេះឲ្យបានច្រើន និងជឿថាស្រ្តីអាចធ្វើបាន តួយ៉ាងមានអ្នកទាំង២ជាគំរូស្រាប់។
គួរបញ្ជាក់ផងដែរថា មានប្រវត្តិជាសិស្សពូកែមុខវិជ្ជារូបវិទ្យាទទួលបានមេដាយមាសទូទាំងប្រទេស កញ្ញា សុកញ្ញា មានតួនាទីជាអ្នកបច្ចេកទេសនៅក្នុងគម្រោង Eco-Plastic រីឯតួនាទីដ៏សំខាន់មួយទៀតក្នុងគម្រោងអាជីវកម្មនេះ ក្នុងនាមជាអ្នកស្វែងរកទីផ្សារ គឺជាបន្ទុករបស់កញ្ញា ប៊ុនហ៊ង់ ដែលធ្លាប់ទទួលបាននិទ្ទេស B កាលពីការប្រលងបញ្ចប់កម្រិតទុតិយភូមិ ដែលបច្ចុប្បន្នអ្នកទាំង២សុទ្ធសឹងតែទទួលបានអាហារូបករណ៍ឲ្យសិក្សាដោយឥតគិតថ្លៃសម្រាប់ថ្នាក់បរិញ្ញាបត្ររបស់ពួកគេ។ សុទ្ធសឹងតែមានស្រុកកំណើតនៅបណ្តាខេត្ត តួយ៉ាង កញ្ញា សុកញ្ញា មានស្រុកកំណើតនៅខេត្តបាត់ដំបង រីឯកញ្ញា ប៊ុនហ៊ង់ មកពីខេត្តសៀមរាប។ ដោយសារមានសមត្ថភាពជាសិស្សឆ្នើមកាលពីមធ្យមសិក្សា និស្សិតទាំងពីររូបក៏បានទទួលឲ្យស្នាក់នៅក្នុងអន្តេវិសិកដ្ឋានជាមួយគ្នា ពេលមកសិក្សានៅក្នុងក្រុងភ្នំពេញ ក្រោមគម្រោងរបស់ Harpswell Foundation ដែលជាគម្រោងជួយជម្រុញស្រ្តីក្នុងវិស័យអប់រំ និងភាពជាអ្នកដឹកនាំ។ ការស្នាក់នៅជាមួយគ្នានេះហើយ ដែលធ្វើឲ្យអ្នកទាំង២បានស្គាល់គ្នា និងចាប់ដៃគូជាមួយគ្នាក្នុងការប្រកួតគំនិតអាជីវកម្មនានាជាច្រើននៅក្នុងប្រទេស ដែលធ្វើឲ្យអ្នកទាំង២បានទទួលបទពិសោធន៍ជាច្រើនទាំងភាពជោគជ័យនិងបរាជ័យ៕
Article by VA SONYKA