×

ស្នាដៃ​និពន្ធ​ថ្មី​ស្តី​ពី​របក​គំហើញ​រូបថត​ដំបូង​គេ​បង្អស់​នៃ​ប្រទេសកម្ពុជា​“​Cambodia​ Captured​”

 
 

កន្លង​មក​ប្រិយមិត្ត​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​ប្រហែល​ជា​ធ្លាប់​បាន​ឃើញ​រូបថត​បុរស-ស្រ្តីខ្មែរ​ពី​សម័យ​ដើម​ដែល​មាន​ម៉ូតសក់​បុរាណ​ ផ្កាថ្កូវ​ សក់​ឡុងសុង​ សក់​ជុកកំប៉ោយ ​សក់ទុករ៉ៃ​ សក់កញ្ជើ​ ជាច្រើន​សន្លឹក​ដែល​ត្រូវ​បាន​បង្ហោះ​ព្រោងព្រាត​ជា​បន្តបន្ទាប់​រហូត​មាន​មតិ​ខ្លះ​យល់​ច្រឡំ​ថា​ជា​រូបថត​មនុស្ស​សម័យ​លង្វែក​ថែម​ទៀត​ផង។​ ប៉ុន្តែ​តាម​ការ​ពិត​រូបថត​ទាំង​នោះ​បូករួម​ទាំង​ព្រះឆាយាលក្ខណ៍​ព្រះករុណា​ព្រះបាទ​ព្រះនរោត្តម​ និង​ព្រះរាជវង្សានុវង្ស​ក្នុង​រជ្ជកាល​របស់​ព្រះអង្គ​ (១៨៦០-១៩០៤)​ ក្នុង​ពាក់​កណ្តាល​ទី២​នៃ​សតវត្សរ៍​ទី១៩​ សុទ្ធសឹង​តែ​ជា​រូបថត​ឯកសារ​ថត​ដោយ​អ្នក​ថតរូប​ជនជាតិ​បរទេស​ពីររូប​មុន​វត្តមាន​សាលាបារាំងចុងបូព៌ា​ (EFEO)​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជនជាតិ​បារាំង​ដើម្បី​ទទួល​បន្ទុក​សិក្សា​ស្រាវជ្រាវ​ និង​អភិរក្ស​បុរាណដ្ឋាន​នៅ​តំប​ន់សៀមរាបអង្គរ​ទៅ​ទៀត។​ តើ​ជនបរទេស​ទាំង​ពីររូប​ដែល​ជា​អ្នក​ថតរូប​នៅ​កម្ពុជា​ដំបូង​គេ​បង្អស់​នោះ​ជា​នរណា?​ តើ​ក្នុង​សម័យ​នោះ​ពួក​គាត់​មក​កម្ពុជា​ថតរូប​ទាំង​នោះ​ក្នុង​គោល​បំណង​អ្វី?​ តោះ!​ មក​ស្វែង​យល់​ចម្លើយ​សំនួរ​ទាំង​នេះ​តាម​រយៈ​សៀវភៅ​ថ្មី​មួយ​ដែល​មាន​ចំណង​ជើងថា​ “Cambodia Captured”​ ដែល​ជា​ឯកសារ​មាស​បង្កប់​នូវ​អាថ៌កំបាំង​ប្រវត្តិសាស្រ្ត​ស្តី​អំពី​រូបថត​ដំបូង​បង្អស់​នៃ​រជ្ជកាល​ហ្លួងនរោត្តម។

            សៀវភៅ​ “Cambodia Captured”​ ដែល​អាច​បកប្រែ​ជា​ភាសាខ្មែរ​បាន​ថា​ “កម្ពុជា​ដែល​ត្រូវ​បាន​ថតទុក”​ ជា​ស្នាដៃ​ស្រាវជ្រាវ​ចងក្រង​ថ្មី​មួយ​ដែល​ទើប​ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​អ្នក​និពន្ធ​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ​ ជីម មីហ្សឺស្គី​ (Jim Mizerski)។​ សៀវភៅ​នេះ​ត្រូវ​បាន​បោះពុម្ពផ្សាយ​២លើក​គឺ​លើកទី១​នៅ​ក្នុង​ឆ្នាំ២០១៥​ និង​លើកទី២​នៅ​ក្នុង​ឆ្នាំ២០១៦​ ដែល​លើកទី២​នោះ​ត្រូវ​នឹង​ឱកាស​គម្រប់​ខួប​ទី១៥០ឆ្នាំ​ (គ.ស១៨៦៦-គ.ស២០១៦)​ នៃ​ការ​ថតរូប​លើកដំបូង​នៅ​តំបន់​សៀមរាបអង្គរ​តែម្តង។​ ស្នាដៃ​នេះ​បាន​លាតត្រដាង​យ៉ាង​លម្អិត​អំពី​អ្នក​ដែល​ថតរូប​តំបន់​សៀមរាបអង្គរ​ដំបូង​បំផុត​កាល​ពី​អំឡុង​ទ.វទី៦០​ និង​៧០​នៃសតវត្សរ៍​ទី១៩​ គឺ​លោក​ ចន ថមសុន​ (John Thompson)​ ជនជាតិ​ស្កុតលែន​ និង​លោក​អេមីល ជីសែល​ (Emile Gsell)​ ជនជាតិ​បារាំង។

ស្នាដៃរបស់​លោក​ អេមីល ជីសែល​ (Emile Gsell)​ ឆ្នាំ១៨៦៦ ស្នាដៃរបស់​លោក​ អេមីល ជីសែល​ (Emile Gsell)​

            គួរ​បញ្ជាក់​ផង​ដែរ​ថា​ មុន​វត្តមាន​របស់​ជាង​ថតរូប​ទាំង​ពីររូប​ខាង​លើ​នៅ​លើទឹកដី​សៀមរាបអង្គរ​ គឺ​ពុំ​មាន​រូបថត​ឯកសារ​ស្តី​ពី​តំបន់​ប្រាសាទអង្គរ​ និង​ផ្នែក​ដទៃទៀត​នៃ​ប្រទេសកម្ពុជា​ឡើយ​ ពោល​គឺ​ជំនាន់​មុន​នោះ​បន្តិច​ (ឆ្នាំ១៨៦០)​ មាន​តែ​រូបគំនូរ​ព្រាង​នៃ​ប្រាសាទអង្គរវត្ត​ដែល​គូរ​ដោយ​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ​​ ហង់រី ម៉ូហុត​ (Henri Mouhot)​ ក្នុង​ដំណើរ​ផ្សងព្រេង​លើកទី២​របស់​គាត់​នៅ​លើទឹកដី​ជ្រោយឥណ្ឌូចិន។

            លោក ជីម មីហ្សឺស្គី អ្នក​និពន្ធ​សៀវភៅ​ឯកសារ​នេះ​បាន​បញ្ជាក់​ប្រាប់​ថា​ ចនថមសុន​ បាន​មក​ប្រទេស​កម្ពុជា​ និង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​អង្គរ​តែម្តង​គត់​នៅ​អំឡុង​ខែកុម្ភៈ​ និង​ខែមីនា​ ឆ្នាំ១៨៦៦​ ក្នុង​ដំណើរ​កំសាន្ត​របស់គាត់​ (គាត់​ជា​អ្នក​និពន្ធ​សៀវភៅ​បែប​ដំណើរ​កំសាន្ត​ផ្សងព្រេង​ និង​ជា​ជាង​ថតរូប​សម្រាប់​ពាណិជ្ជកម្ម​ផង​ដែរ)។​ ប្រមាណ​៤ខែ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ ថមសុន​ អេមីលជីសែល​បាន​មក​ផ្តិត​រូបថត​នៃ​តំបន់​សៀមរាបអង្គរ​ខេត្ត​បាត់ដំបង​ និង​ទីក្រុងភ្នំពេញ​ ក្នុង​ពេល​អម​ដំណើរ​បេសកកម្ម​ធ្វើ​ដំណើរផ្សងព្រេង​តាម​ដង​ទន្លេ​មេគង្គ​ (The French Mekong Exploration Expedition)​ រួម​ជា​មួយ​ជនជាតិ​បារាំង។​

            អ្នកនិពន្ធ​បាន​លើក​ឡើង​អំពី​ផលវិបាក​ក្នុង​ដំណើរ​រុករក​នោះ​ថា​ “កាល​ពី​សម័យ​នោះ​វា​ជា​រឿង​ប្រថុយ​ប្រថាន​ធំ​ណាស់។​ វា​ដូច​ជា​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ឋាន​ព្រះចន្ទ​ ព្រោះ​ពួក​គេ​មិន​បាន​ដឹង​ទេ​ថា​ពួក​គេនឹ​ង​រក​ឃើញ​អ្វីខ្លះ!​ ពួក​គេ​ចំណាយ​ពេល​រហូត​ជិត​ពីរឆ្នាំ​ដើម្បី​ទៅ​ដល់​ចុង​បំផុត​នៃ​ទន្លេមេគង្គ​ (ខេត្ត​យូណាន​ប្រទេសចិន)”។

លោក ជីម មីហ្សឺស្គី​ (Jim Mizerski)

            បក​ទៅក្រោយ​ពាក់ព័ន្ធ​នឹង​មូលហេតុ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ទៅ​លើ​ប្រធានបទ​រូបថត​ដំបូងៗ​នៃ​តំបន់អង្គរ​នេះ​ឡើង​គឺ​ដោយ​សារ​តែ​មាន​បុរស​ម្នាក់​រស់​នៅ​ រដ្ឋម៉ាសាឈូសេត​ សហរដ្ឋអាមេរិក មាន​បំណង​ចង់​បោះពុម្ព​ឡើង​វិញ​នូវ​សៀវភៅ​រូបថត​ដើម​នៃ​កម្ពុជា​របស់​ជាងថត​ ចន ថមសុន​ ដែល​​ ថមសុន បាន​បោះពុម្ព​ផ្សាយ​ដោយ​ផ្ទាល់​មួយឆ្នាំ​ក្រោយ​ការ​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ១៨៦៦​នោះ។​ “គាត់​ចង់​ឲ្យ​ខ្ញុំ​ទៅ​អង្គរ​ និង​ថតរូប​ភាព​ទីតាំង​ដដែល​ (ទីតាំង​ដែល​ថមសុន​បាន​ថត)​ ឲ្យ​ឃើញ​ថា​កន្លែង​ទាំង​នោះ​មាន​លក្ខណៈ​យ៉ាង​ណាសព្វ​ថ្ងៃនេះ។​ បន្ទាប់​មក​ពួក​យើង​បង្កើត​សៀវភៅ​មួយ​ក្បាល​អំពី​ថមសុន​ កាល​ពី​ឆ្នាំ២០១៤​ហើយ​សម្រាប់​ខួប​ទី១៥០ឆ្នាំ​នៃ​រូបថត​ដំបូង​ (នៃអង្គរ)​ ខ្ញុំ​ក៏​ចង់​បង្កើត​សៀវភៅ​មួយ​ក្បាល​ទៀត​និយាយ​អំពី​អ្នក​ថតរូប​ដំបូង​នោះ​ (ថមសុន និង​អេមីល)។”    

            ក្នុង​កម្រាស់​២៥២ទំព័រ​សៀវភៅ​នេះ​ត្រូវ​បាន​អ្នក​និពន្ធ​បែងចែក​ជា​មាតិកា​សំខាន់ៗ​ទៅ​តាម​លំដាប់​លំដោយ​នៃ​ឆ្នាំ​ព្រឹត្តិការណ៍​រួម​មាន​ជា​អាទិ៍​ ១៨៦៣-​​ដំណាក់​កាល​ដំបូង​នៃ​ការ​ប្រែប្រួល​ ១៨៦៤-​កម្ពុជា​ក្លាយ​ទៅ​ជា​ Cambodge​ ១៨៦៥-​ដំណោះ​ស្រាយ​ និង​កិច្ចចរចា​ព្រមព្រៀង​ ១៨៦៦-​តំបន់​អង្គរ​ត្រូវ​បាន​ថតទុក​ ១៨៦៧-​តំបន់​អង្គរ​ត្រូវ​បាន​បាត់បង់​ និង​ផ្នែក​ចុង​ក្រោយ​នៃ​សៀវភៅ​គឺ​ “សេចក្តី​បញ្ចប់​ដ៏​ធូរ​រលុង” ​ដែល​និយាយ​រៀបរាប់​អំពី​ជោគ​វាសនា​ប្រទេស​កម្ពុជា​ក្រោយ​សន្ធិសញ្ញា​បារាំង-សៀម​ ឆ្នាំ១៨៦៧​ និង​អ្វី​ដែល​កើត​ឡើង​ចំពោះ​ជាង​ថតរូប​ទាំងពីរ​ក្រោយ​បេសកកម្ម​ថតរូប​របស់​ពួក​គេ​នៅ​អង្គរ​ ព្រម​ទាំង​កម្រង​រូបថត​ដែល​អេមីលជីសែល​បាន​ថត​ចន្លោះ​ឆ្នាំ១៨៧០​ និង​ ១៨៧៥​ ក្នុង​ដំណើរ​កម្សាន្ត​លើកៗ​ក្រោយ​ទៀត​របស់​គាត់​នៅ​ទី​នោះ​ តួយ៉ាង​ ស្ពានស្រែង​ (ស្ពាន​បុរាណ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​សព្វថ្ងៃ)​ ស្ទឹង​ក្នុង​ខេត្ត​បាត់ដំបង​ វត្ត​ក្នុង​ខេត្ត​បាត់ដំបង​ ប្រាសាទ​ភ្នំបាណន់​  និង​ ប្រាសាទ​ឯកភ្នំ​ ជាដើម។

លោក​ ចន ថមសុន​ (John Thompson)ស្នាដៃរបស់លោក​ ចន ថមសុន​ (John Thompson)​ ឆ្នាំ១៨៦៦

            អ្វី​ដែល​ពិសេស​ចំពោះ​ស្នាដៃ​ស្រាវជ្រាវ​មួយក្បាល​នេះ​គឺ​វា​មិនមែន​ត្រឹមតែ​ជា​បណ្តុំ​ឯកសារ​រូបថត​បែប​ប្រវត្តិសាស្រ្ត​ដំបូង​បង្អស់​សម្រាប់​កម្ពុជា​ប៉ុន​នោះ​ទេ​ តែ​វា​បាន​ឆ្លុះបញ្ចាំង​អំពី​ទំនាក់ទំនង​រវាង​ត្រីភាគីខ្មែរ​ សៀម​ និងបារាំង​ ក្នុង​សតវត្សរ៍​ទី១៩​ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ការ​ដាក់​អាណាព្យាបាល​របស់​បារាំង​មក​លើ​កម្ពុជា​ ព្រម​ទាំង​ទំនាក់ទំនង​រវាង​ជាង​ថតរូប​នោះ​ជា​មួយ​នឹង​តំណាង​ទេសាភិបាល​បារាំង​ដំបូង​នៅ​ស្រុកខ្មែរ​ ឈ្មោះ​ថា​ ដូដាត ដឺ ឡាហ្គ្រេ (Doudart de Lagrée)។​ អ្នក​និពន្ធ​បាន​លើក​ពី​ចំណុច​ខ្លាំង​ថា​សៀវភៅ​នេះ​ថា​ជា​ “រឿងរ៉ាវ​ដ៏​ល្អមួយ​នៃ​ទំនាក់ទំនង​បុគ្គល​ទាំងអស់​ដែល​បាន​ចូល​រួម​ក្នុង​ការងារ​ (បេសកកម្ម​ថតរូប​ឯកសារ​តំបន់​អង្គរ)​ នោះ។”

            ចំពោះ​ប្រភព​ឯកសារ​នៃ​ការ​ស្រាវជ្រាវ​សម្រាប់​ការ​ចងក្រង​សៀវភៅ​នេះ​ឡើង​ លោក​ ជីមមីហ្សឺស្គី បានចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​សិក្សា​ស្វែងយល់​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ ដោយ​មាន​ការ​សហការ​ជួយ​ផ្តល់​ធនធាន​ ឯកសារ​ពីស្ថាប័ន​នានា​ ដូច​ជា​ បណ្ណាល័យ​ Wellcome​ ទីក្រុងឡុងដ៍​ បណ្ណាល័យ​ជាតិបារាំង​ បណ្ណាសារដ្ឋាន​នៃ​ក្រសួងការបរទេសបារាំង​ បណ្ណាល័យ​នៃ​វិទ្យាស្ថាន​ជាតិ​ប្រវត្តិសិល្បៈទីក្រុងប៉ារីស​ បណ្ណាល័យជាតិ​សិង្ហបុរី​ បណ្ណាសារដ្ឋានជាតិ​កម្ពុជា​ និង​បណ្ណាល័យ​សារមន្ទីរប្រវត្តិសាស្រ្តហូជីមិញ​ និង​ ស្ថាប័ន​ជា​ច្រើន​កន្លែង​ទៀត។

            ជា​ចុង​ក្រោយ​ក្នុង​នាម​ជា​អ្នក​ស្រាវជ្រាវ​ និង​អ្នកនិពន្ធ​មួយរូប​អំពី​កម្ពុជា​ លោក​ ជីមមីហ្សឺស្គី សង្ឃឹម​ថា​កូនខ្មែរ​ជំនាន់​ក្រោយ​នឹង​ព្យាយាម​សិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្រ្តជាតិ​ និង​សរសេរ​អំពី​វា​ដោយ​ខ្លួនឯង​ ព្រោះ​វា​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​សង្គម​ជាតិ​កម្ពុជា​ប្រសើរ​ជាង​ការ​បកប្រែ​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ដែល​សរសេរ​ដោយ​បរទេស​មក​ជា​ភាសា​ជាតិ៕

Article by Srin Sokmean




SUGGESTIONS