×

​ទស្សនា​វដ្ដី សូវរីន រំឭក​ឡើង​វិញ​នូវ​អនុស្សាវរីយ៍​ដ៏​ផ្អែម​ល្ហែម​របស់​ប្រជាជន​ខ្មែរ​នាយុគ​សម័យ​មាស ទសវត្សរ៍ទី៦០

NEWS 3 months ago
 
 

            ថ្ងៃសៅរ៍​ ទី៣១​ ខែមេសា​ ឆ្នាំ២០១៨​ កាល​ពី​វេលា​ម៉ោង​២រសៀល​មុន​នេះ​បន្ដិច​ ទស្សនាវដ្ដី​ សូវរីន​ (SOVRIN)​ បាន​រៀបចំ​សន្និសីទ​កាសែត​មួយ​ នៅ​ក្នុង​បរិវេណ​សណ្ឋាគារ​រ៉ាហ្វល​ភ្នំពេញ​ (Raffles Hotel Le Royal Phnom Penh)​ ដើម្បី​សម្ពោធ​ជា​ផ្លូវការ​នូវ​គម្របមុខ​ដ៏​ពិសេស​ប្រចាំ​ខែមេសា​ ឆ្នាំ២០១៨​នេះ​ ក្រោម​ចំណង​ជើង​ថា​ “នៅតែនឹកអ្នក”​ (Golden Memories)​ បន្ទាប់​ពី​បាន​បង្ហាញ​នូវ​វីដេអូ​ខ្លីបខ្លី​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​ ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ពិធី​ជប់លៀង​មួយ​របស់​ប្រជាជន​ខ្មែរ​តាម​បែប​ផែន​ជីវិត​អភិជន​ក្នុង​សម័យ​ទ.វទី៦០​ ក្រោម​បទ​ចម្រៀង​ “កុំញញឹមដាក់ខ្ញុំ”​ ដែល​ជា​សំនៀង​ដើម​របស់​ លោកស្រី​ ប៉ែន រ៉ន​ យ៉ាង​ពី​រោះរណ្តំ។​ “នៅតែនឹកអ្នក”​​ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ចូលរួម​ចំណែក​លើក​ស្ទួយ​កម្ពស់​វប្បធម៌​ អរិយធម៌​ និង​ថែរក្សា​កេរដំណែល​ទំនៀមទម្លាប់​ពី​បុរាណកាល​ ក៏​ដូច​ជា​ការ​គាស់​កកាយ​ឡើងវិញ​នូវ​អនុស្សាវរីយ៍​ដ៏​ផ្អែមល្ហែម​នៃ​ពិធី​ជប់លៀង​មួយ​ក្នុង​យុគសម័យ​មាស​ទសវត្សរ៍ទី៦០​ ស្រប​ក្នុង​ឱកាស​នៃ​ការ​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ​ ឆ្នាំថ្មី​ ឆ្នាំ២០១៨​ ត្រូវ​នឹង​ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២​ ដែល​ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ពិធី​បុណ្យ​ទ្វាទសមាស​របស់​ព្រះរាជាណាចក្រកម្ពុជា។

            លោក​ ជ័យ រដ្ឋា​ នាយកផ្នែក​ច្នៃប្រឌិត​របស់​ទស្សនាវដ្តី​ សូវរីន​ (SOVRIN)​ បាន​លើក​ឡើង​នូវ​គោលគំនិត​សំខាន់​ពី​ក្រោយ​ការ​ថត​គម្រប​មុខ​លេខ​ពិសេស​ដែល​ឆ្លុះ​បញ្ចាំង​យ៉ាង​ប្រត្យក្ស​អំពី​ទិដ្ឋភាព​នៃ​ពិធី​ជប់លៀង​មួយ​ដែល​បង្ហាញ​ពី​ភាព​ទំនើប​ទាន់សម័យ​របស់​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា​ការ​ស្លៀកពាក់​ និង​ការ​តុបតែង​ខ្លួន​យ៉ាង​ស៊ីវិល័យ​ស្រប​ពេល​ដែល​កម្ពុជា​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា​ជា​អលង្ការ​ដ៏​លេច​ធ្លោ​មួយ​នៅ​អាស៊ី​ក្នុង​ទសវត្សន៍ទី៦០។​ លោក​ក៏​បាន​សង្កត់​ធ្ងន់​ទៀត​ដែរ​ថា​ “យើង​សង្ឃឹម​ថា​វា​អាច​ចូលរួម​ជា​វិភាគទាន​ដ៏​តូចមួយ​ក្នុង​ដំណើរ​កិច្ចការ​ផ្សព្វផ្សាយ​នូវ​ភាព​ទំនើប​ស៊ីវីល័យ​របស់​កម្ពុជា​កាល​ពី​អតីតកាល​ ដែល​មាន​តម្លៃ​ជា​សាកល​ និង​ទុក​ជា​ឯកសារ​សម្រាប់​កូនចៅ​ខេមរា​ជំនាន់​ក្រោយ​បាន​ស្វែង​យល់”៕

 



SUGGESTIONS