×

បម្រែ​បម្រួល​បែប​បទ​នៃ​ជីវិត​រស់​នៅ​ក្នុង​សង្គម​កម្ពុជា​

TRAVEL & LIVING 6 years ago
 
 

          ​អ្វី​ទៅ​ជា​បែប​បទ​នៃ​ជីវិត​រស់​នៅ (Lifestyle)? បែប​បទ​នៃ​ជីវិត​រស់​នៅ  ឬ រចនា​បថ​នៃ​ជីវិត​មិន​មែន​សំដៅ​តែ​លើការប្រកបរបរចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​ពាក្យ​នេះ​អាច​ប្រើ​ពណ៌នា​អំពី​ចំណង់​ចំណូល​ចិត្ត​ផ្នត់​គំនិត​អាកប្បកិរិយា​របស់​បុគ្គល​ម្នាក់ មនុស្ស​មួយ​ក្រុម ឬ វប្បធម៌​នៃ​ជាតិ​សាសន៍​ណាមួយ(វចនានុក្រម Merriam-Webster, ១៨៣១)។ យោង​តាម​ឯកសារ​សាវតារប្រវត្តិសាស្រ្ត​ខ្មែរ​ប្រទេស​កម្ពុជា​បាន​ឆ្លង​កាត់ ច្រើន​សម័យ​កាល​តាំង​ពី​សម័យ​នគរភ្នំ ឬ សម័យ​ហ្វូណន សម័យ​ចេនឡា សម័យ​មហា​នគរ សម័យ​ចតុ​មុខ​សម័យ​លង្វែក សម័យ​ឧដុង្គ សម័យ​អាណានិគម​បារាំង សម័យ​សង្គម​រាស្រ្ត​និយម​សម័យ​សាធារណរដ្ឋ​ខ្មែរ សម័យ​កម្ពុជា​ប្រជាធិបតេយ្យ សម័យ​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា សម័យ​រដ្ឋ​កម្ពុជា​និង​ចុង​ក្រោយ​គឺ សម័យ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទី២ គិត​ចាប់​តាំង​ពីឆ្នាំ​១៩៩៣ ដល់​ពេល​បច្ចុប្បន្ន​នេះ​ឯង។ ឆ្លង​កាត់​ពី​មួយ​សម័យ​កាល​ទៅ​មួយ​សម័យ​កាលពី​របប​ដឹក​នាំ​​មួយ​ទៅ​របប​ដឹក​នាំ​​មួយ​ទៀត​ពីប្រព័ន្ធ​សេដ្ឋកិច្ច​មួយ​ទៅ​ប្រព័ន្ធ​សេដ្ឋកិច្ច​មួយ​ទៀត ទំនោរ​នៃ​បែប​បទ​នៃ​ការ​រស់​នៅ​របស់​ប្រជាជន​ទូ​ទាំង​​ប្រទេស​ក៏​រមែង​តែង​តែ​មាន​ការប្រែប្រួល​គ្រាន់​តែ​តំបន់​ខ្លះ​មាន​ការប្រែប្រួល​ខុស​ប្លែក​ខ្លាំង​ពី​មុន​ហើយ​កន្លែង​ខ្លះ​ទៀត​នៅ​រក្សា​បាន​នូវ​អត្តសញ្ញណ​បាន​ខ្ជាប់​ខ្ជួន​ច្រើន​ជា​ពិសេស​នៅ​តាម​តំបន់​និគមជនបទដាច់ស្រយាល។ យ៉ាង​ណាមិញ​ក្នុង​លេខ​នេះ សូវរីន សូម​ដកស្រង់​បង្ហាញ​ចំណុច​ខ្លះៗ​នៃ​ប្រធាន​បទ​ខាង​លើ​ជូន​ប្រិយ​មិត្ត​អ្នក​អានទុកជា​ជំនួយ​ស្មារតី​សម្រាប់​ការពិចារណា។

            ​ក្នុង​រយៈ​ពេល​១០ឆ្នាំ​ចុង​ក្រោយ​នៃ​សតវត្សរ៍ទី២១​នេះ យើង​សង្កេត​ឃើញ​ជាទូ​ទៅ​ថា ប្រជាជន​កម្ពុជា​ទទួល​រង​នូវ​ឥទ្ធិពល​សកល​ភាវូបនីយកម្ម​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់​ដោយ​សារតែ​កំណើន​វិសាលភាព​នៃ​បណ្តាញ​ផ្សព្វ​ផ្សាយ​ជាអាទិ៍ ទូរទស្សន៍ វិទ្យុ​ទស្សនា​វដ្តី​កាសែត​បណ្តាញ​ហ្វេសប៊ុក​និង​បណ្តាញ​សង្គម​ផ្សេងៗ​ទៀត​យ៉ាង​ព្រោងព្រាត។ កាលពី​ទសវត្សរ៍​មុន ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ប្រើ​ទូរស័ព្ទ​ដៃ​ធម្មតា​សម្រាប់ ការប្រាស្រ័យ​ទាក់​ទង​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​ម៉ាក​ទូរស័ព្ទស្មាតហ្វូន​ទំនើបៗហូរ​ចូល​មក​ក្នុង​ទី​ផ្សារ​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​ឡើងៗ អតិថិជន​កាន់​តែ​មាន​តម្រូវ​ការភាព​ស៊ី​វិល័យ​ទាន់​សម័យ។ យុវ​វ័យ​មួយ​ចំនួន​ធំ​និយម​ប្តូរម៉ូដទូរស័ព្ទ​ដើម្បី​បង្អួត​គ្នា​ពោរ​ពេញ​ដោយ​ស្មារតីសម្ភារ​និយម អស់​ពីអាយហ្វូន 6 ឈាន​ទៅ​អាយហ្វូន  6.5 ហើយ​បន្ទាប់​មកអាយហ្វូន 7 និង​ម៉ូ​ដែល​ថ្មីៗ​ក្រោយៗ ទៀត​ឥតឈប់ឈរ​ដោយ​សារតែ​ពួក​គេ​ចង់​បាន​ទូរស័ព្ទ​ដែល​ថតរូប​បាន​ច្បាស់ និង​មាន​ពហុ​មុខ​ងារ​ទៅ​តាម​តម្រូវ​ការ​នៃ​ការ​ប្រើ​ប្រាស់។ មិន​មែន​មាន​តែយុវ​វ័យ​ទេ​ដែល​និយម​ប្តូរស៊េរីទូរស័ព្ទ​សូម្បីតែ​មនុស្ស​វ័យ​កណ្តាល​ជា​ច្រើន​ក៏ ព្យាយាម​ប្តូរមក​ប្រើ​ស៊េរីទូរស័ព្ទស្មាតហ្វូន​ដើម្បី​ងាយ​ស្រួល​ប្រើ​ប្រាស់​បណ្តាញ​ហ្វេសប៊ុក​ក្នុង​ការ​ទទួល​ដំណឹង​ថ្មីៗ​ប្រចាំ​ថ្ងៃ ស្តាប់​តន្រ្តី​ពីរោះៗ ចែក​រំលែក​រូបភាព​ទៅ​កាន់​ក្រុម​គ្រួសារ​និង​មិត្ត​ភក្តិ​ព្រម​ទាំង​រក្សា​ទំនាក់ ទំនង​នៅ​ក្នុង​អង្គភាពការ​ងារ​របស់​ខ្លួន​ផង​ដែរ។ ជារឿយៗ ពួក​គាត់​​តែង​តែសួរ​នាំ​ដេញដោល​កូន​ចៅ​អំពី​របៀប​ប្រើ​ប្រាស់​សម្ភារ​ទំនើប​ទាំង​នោះ​​ដើម្បី​អនុ​វត្ត​​ដោយ​ខ្លួន​ឯង​ដោយ​អាការៈ​ចង់​ដឹង​ចង់​ស្គាល់។

            ​ទាក់​ទង​នឹង​បច្ចេក​វិទ្យា​នេះ​ដែរ​នរណា​ក៏​ទទួល​ស្គាល់​ដែរ​ថា​កុមារា​កុមារី​យុវជន​យុវតីសព្វ​ថ្ងៃ​ទំនង​ជា​ចំណាយ​ពេល​ជា​មួយ​ទូរស័ព្ទ​ដៃ ឬ Ipad​របស់​ពួក​គេ​ច្រើន​ជាង​ទំនាក់​ទំនង​ជា​មួយ​ក្រុម​គ្រួសារ ដែល​ពេល ខ្លះ​ពួក​គេសឹងតែភ្លេចបាយភ្លេច​ទឹក​ដោយ​សារការ​អូស​ទាញ​នៃ​សម្ភារៈ​មាន​តម្លៃ​ទាំង​នោះ។ ទម្លាប់​នៃ​ការអានសៀវភៅ​ក៏​ធ្លាក់​ថយ​ចុះ​ក្នុង​ខណៈ​ពេល​ដែល​ដៃ​និង​ភ្នែក​របស់​ពួក​គេរវល់​នឹង​ទូរស័ព្ទស្មាតហ្វូន។ ប៉ុន្តែ​ទន្ទឹម នឹង​នេះ វត្ត​មាន​នៃ​គេហ​ទំព័រ​សារ​ព័ត៌មាន​ក្នុង​ស្រុក និង ក្រៅ​ស្រុក​នានា​បាន​រីក​ចម្រើន​ដុះដាលដូចផ្សិត ដោយ​សារវាបង្កភាព​ងាយ​ស្រួល​ដល់​អ្នក​អានគ្រប់ទី​កន្លែង​មិន​ថា​នៅ​ក្នុង​រាជធានី​ឬ​នៅ​តាម​បណ្តា​ខេត្ត​នានា​នោះ​ទេ។  ប្រជាជន​និយម​តាម​ដាន​ព្រឹត្តិការណ៍​សំខាន់ៗ ប្រចាំ​ថ្ងៃ​ដូចជា​បញ្ហា​នយោបាយ សន្តិសុខ​សង្គម ព័ត៌មាន​កម្សាន្ត សុខភាព  និង កីឡា ដែល​ថ្មីៗប្លែក ហើយ​ពួក​គេ​ក៏​ចូល​ចិត្ត​ចែក​រំលែក​និង​បញ្ចេញ​មតិ ប្រតិកម្ម​ភ្លាមៗ​ផង​ដែរ ព្រោះ​ពួក​គេ​យល់​ដឹង​ច្រើន​អំពី​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិជា​សាធារណៈ។

            ​កត្តា​មួយ​ទៀត​នោះ គឺ​ទម្លាប់​នៃ​ការហូបចុក​ប្រចាំ​ថ្ងៃ។ កាលពី​ជំនាន់​មុន បុព្វ​បុរស​ដូនតា​ខ្មែរ យើង​មាន​គំនិត​សន្សំសំចៃពូកែច្នៃ​ប្រឌិត​ដើម្បី​បម្រើ​ការ​ប្រើ​ប្រាស់​រយៈ​ពេល​វែង។ ជាឧទាហរណ៍  បើ​និយាយ ពីស្បៀង​អាហារ ខ្មែរ​ពី​ដើម​មាន​ជំនាញ​ក្នុង​ការ​ធ្វើ​ប្រហុក ផ្អក ត្រីងៀត ត្រីផ្អើរ ឆៃប៉ូវ ត្រសក់​ចាវ ព្រោះ ជំនាន់​មុន ភោគផល​ធម្ម​ជាតិ​សំបូរ រហូត​សល់ហូប​មិន​អស់ ម្ល៉ោះ​ហើយ​ទើប​ដូនតា​លោក​កែច្នៃ​ធ្វើ​ជាស្បៀង ទុកហូប​ពេល​ក្រោយ។  លុះមក​ដល់​សម័យ​នេះ ប្រជាជន​និយម​ចេញ​ទៅ​ទទួល​ទាន​អាហារ​នៅ​ខាង​ក្រៅ ជា​មួយ​ក្រុម​គ្រួសារ និង មិត្ត​ភក្តិ​ដោយ​សារតែភាពមមាញឹក​នៃ​ការ​ងារ​ផង និង ដោយ​សារតែ​ពួក​គេ​ចង់​សាក ភ្លក្ស​រស​ជាតិ​​ដ៏​សំបូរ​បែប​នៃ​អាហារ​ហាងល្បីៗ ជា​ពិសេស សព្វ​ថ្ងៃ​អាហារ​ចម្អិនឆាប់រហ័ស និង អាហារ​តាម​ផ្លូវ តួ​យ៉ាង ភីហ្សា ប្រហិតបំពង បុក​ល្ហុង ជើង​​មាន់​អាំង ជ្រក់​ជើង​​មាន់ គ្រឿង​សមុទ្រ​អាំង ស៊ុប មីឆា ឆាក្តៅ កំពុង​មាន​ការ​ពេញ​និយម​ខ្ពស់​ពី​អតិថិជន។ ម្យ៉ាង ឥឡូវ​នៅ​ក្នុង​ក្រុង​ភ្នំពេញ និង ទី​រួម​ខេត្ត​ធំៗ​មាន សេវាកម្ម​លក់​អាហារ​អនឡាញ​និង​ដឹក​ជញ្ជូន​ដល់​ទី​កន្លែង​ថែម​ទៀត​ផង ដូចជា​គ្រឿង​ម្ជូរ និង​ភេសជ្ជៈ ផ្សេងៗ​ដែល​ពី​មុន​មិន​ធ្លាប់​មាន​ទេ​នៅ​ក្នុង​ស្រុក​ខ្មែរ។

            តម្រូវ​ការ​អាហារ​កាន់​តែ​ច្រើន​រហូត​ធ្វើ​ឲ្យ​មាន​ការបង្កើត​អាជីវកម្ម​សេវាកម្ម​បញ្ជា​ទិញ​និង​ដឹក​ជញ្ជូន​អាហារ​ពេល​រាត្រី​រហូត​ដល់​ភ្លឺថែម​ទៀត​ផង​​ដើម្បី​បំ​ពេញ​​បំណង​អ្នក​ដែល​ធ្វើ​ការ​ដល់​យប់ជ្រៅ​ហើយ​មិន​អាចចម្អិន​អាហារ​ដោយ​ខ្លួន​ឯង​បាន ឬ មិន​អាច​ចេញ​ទៅ​ក្រៅ​ឆ្ងាយ​ទៅ​ទិញ​អាហារ​ហូបចុក។ ត្រង់​ចំណុច​នេះ​គឺ​ខុស​ប្លែកពី​អតីត​កាល​មែន​ទែន​ព្រោះ​គេកម្រ​ទទួល​ទាន​អាហារ​ពេល​យប់ជ្រៅ​ណាស់ ហើយ​អាហារ​ពេល​រាត្រី​ក៏​មាន​តិច​តួច​ដែរ​គឺ​មាន​តែបបរសគុយទាវមីឆា​និង​ទឹក​ក្រឡុក នៅ​តំបន់​ខ្លះ​តែ​ប៉ុណ្ណោះ។

            ក្រៅ​ពី​បញ្ហា​នៃ​ការហូបចុកការ​ស្លៀក​ពាក់​ក៏​មាន​ការប្រែប្រួល​ខ្លាំង​ដែរ​ប៉ុន្តែ​វា​មិន​មាន​អ្វី​គួរ​ឲ្យ​ចម្លែក​ចិត្ត​នោះ​ទេ​ព្រោះ​កាលណា​សម័យ​កាលប្រែប្រួលវិស័យហ្វេស្សិន​ក៏​ប្រែប្រួល​ទៅ​តាម​នោះ​ដែរ។ តួ​យ៉ាង​សម័យ​លង្វែកនារី​ខ្មែរ​ពាក់អាវបំពង់​ដៃ​វែងចោមពុងក្រមា​ស្លៀក​សំពត់ចងក្បិន។ សម័យ​សង្គម​រាស្រ្ត​និយម​នារី​ខ្មែរ​នៅ​តែ​ឲ្យ​តម្លៃ​សម្លៀក​ប្រពៃណី​ពីដូនតា​ប៉ុន្តែ​គេ​និយម​ច្នៃ​ក្រណាត់​ទាំង​នោះ​ជាអាវវាល​ដៃ​ជីបចង្កេះរាងខើចសំរុងបន្តិច​ហើយ​ស្លៀក​សំពត់បត់​យ៉ាង​សុភាពសមសួន ត្រូវ​នឹង​ម៉ូដសក់ស្ពៃក្តោប ឬ អូមេហ្គា។ សម័យ​ក្រោយ​នេះ យុវតី​ខ្មែរ​បែរ​និយម​ស្លៀក​ពាក់ខោអាវម៉ូដ​សម័យ​ដែល​ងាយៗស្រួល​ស្លៀក​ពាក់​ដើរ​ហើរ​ធ្វើ​ការ​ដូចជា​ស្លៀក​ខោខូវប៊យ អាវយឺត ឬ ម៉ូដអាវក្រណាត់ស្តើងៗរលុងៗ ប្រើ​កាបូបស្ពាយ​ធំៗ ជា​ដើម​​ហើយ​ខោអាវ​ខ្លះ​ស្លៀក​ទាំង​ប្រុស​ទាំង​ស្រី​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពណ៌​ខ្មៅ​ដែល​ចាស់ៗ​ចាត់​ទុកជាពណ៌អពមង្គល​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ធម្មតា​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ ឬ ពិធី​ជប់លៀង​ផ្សេងៗ មិន​សូវ​មាន​អ្នក​ប្រកាន់​ទៀត​ឡើយ។

            ចំណុច​មួយ​ទៀត​ដែល​មិន​អាច​មើល​រំលង​នោះ គឺស្រីៗជំនាន់សតវត្សទី២១​នេះ​មាន​ភាពក្លាហាន រឹងប៉ឹង​មិន​សូវខ្មាស់អៀនដូច​មុន​ទៀត​ឡើយ។ ពួក​គេ​ហ៊ាន​បញ្ចេញ​មតិ​ដើរ​ហើរ​បំ​ពេញ​ភារកិច្ចការ​ងារ​និង​ចូល​ប្រឡូកជា​សាធារណៈ​ក្នុង​ការ​ងារ​សង្គម​ជារៀង​រាល់​ថ្ងៃ​គួរ​ឲ្យ​កោតស្ញប់ស្ញែង​និង​លើក​ទឹក​ចិត្ត។ ពួក​គេ​ចុះ​ឈ្មោះ​សិក្សា​តាំង​ពី​កម្រិត​បឋម​សិក្សា​រហូត​ដល់​ឧត្ត​នៅ​បឋម​សិក្សា​ហើយ​ខ្លះ​ទៀត​មាន​លទ្ធភាព​បន្ត​រហូត​ដល់​ថ្នាក់​​ក្រោយ​ឧត្តម​សិក្សា​នៅ​បរទេស​ថែម​ទៀត​ផង​គួរ​ជាទីមោទនភាព​ជាតិ។​ ពាក្យ​បន្តុះបង្អាប់ប្រមាថកាតទាន “ស្រ្តីបង្វិលចង្រ្កាន​មិន​ជុំ” ស្ទើរតែវិនាសសាបសូន្យពី​ប្រទេស​កម្ពុជា​ទៅ​ហើយ​ព្រោះ​ព្រលឹង​មាតា​ធិបតេយ្យ​បាន​រីក​ចម្រើន​ឡើង​វិញ​នៅ​ក្នុង​សង្គម​ខ្មែរ។ ប៉ុន្តែ​ដោយ​សារតែស្រ្តី​មាន​ភារកិច្ច​ច្រើន​បែប​នេះ​ហើយ​ទើប​សព្វ​ថ្ងៃ ស្រ្តី​មិន​សូវ​មាន​ពេល​វលាគ្រប់​គ្រាន់​ក្នុង​ការ​បំ​ពេញ​​តួ​នាទី​ជាមេ​ផ្ទះ​ដាំស្ល​មើល​ថែ​កូន​ដូចជំនាន់ បុព្វជន​របស់​​ពួក​គាត់​​នោះ​ទេ៕

Article by SRIN SOKMEAN


SUGGESTIONS