×

វិធី​សាស្រ្ត​សំខាន់ៗ​ក្នុង​ការ​ដាំ​បន្លែ​នៅ​បរិវេណ​ផ្ទះ​

TRAVEL & LIVING 6 years ago
 
 

          ការ​ដាំ​បន្លែ​បង្ការ​គឺ​ជា​វិជ្ជា​គេហកិច្ច​មួយ​បែប​សម្រាប់​អនុវត្ត​នៅ​ពេល​ទំនេរ​ពី​ការងារ​របស់​ស្រ្តី​មេផ្ទះ​ និង​មនុស្ស​វ័យ​កណ្តាល​មួយ​ចំនួន​ និង​សម្រាប់​អ្នក​ដែល​ស្រឡាញ់​សុខភាព​រាងកាយ​ ចង់​បង្ការ​ខ្លួន​ពី​ជំងឺ​តម្កាត់​នានា​ដែល​អាច​បង្ក​ឡើង​ពី​ចំណី​អាហារ​ បន្លែ​ ផ្លែឈើ​ ផ្ទុក​សារធាតុ​គីមី​ដែល​កំពុង​ចរាចរណ៍​យ៉ាង​គគ្រឹក​គគ្រេង​នៅ​តាម​ទីផ្សារ​នានា។​ ការ​ដាំ​បន្លែ​ផ្លែឈើ​នាយ​អាយ​ជុំវិញ​ផ្ទះ​នឹង​ផ្តល់​ប្រសិទ្ធភាព​ខ្ពស់​គួរ​ជា​ទី​គាប់​ចិត្ត​ដល់​ក្រុម​គ្រួសារ​របស់​អ្នក​មិន​ខាន​ ប្រសិន​បើ​លោក​អ្នក​យល់​ដឹង​អំពី​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​រដាំដុះ​ ដូច​ជា​ការ​ជ្រើស​រើស​ពូជ​ដំណាំ​ ការ​ជ្រើសរើស​ និង​សាង​សង់​ទីតាំង​ដាំ​ និង​ការ​មើល​ថែ​ទាំ​ផល​ដំណាំ​ជា​ដើម           លោក​អ្នក​អាច​ជ្រើស​រើស​ដំណាំ​ដែល​ងាយ​ស្រួល​ក្នុង​ការ​ដាំ​អាស្រ័យ​ទៅ​តាម​ទំហំ​ទីតាំង​របស់​លោក​អ្នក​ជាក់​ស្តែង។​ ឧទាហរណ៍​ ប្រសិន​បើ​លោក​អ្នក​រស់​នៅ​ផ្ទះ​ល្វែង​ លោក​អ្នក​អាច​ដាំ​រុក្ខជាតិ​តូចៗ​ដែល​មិន​ត្រូវ​ការ​បរិវេណ​ធំ​សម្រាប់​ការ​លូតលាស់​ដូច​ជា​ ប្រភេទ​ជីរ​នាងវង​ ជីរ​អង្កាម​ ជីរ​រណារ​ ម្ទេស​ ស្លឹក​គ្រៃ​ ស្លឹកខ្ទឹម​ នៅ​ក្នុង​ផើង​ផ្កា​ ឬ​ធុង​ចាស់ៗ​ដែល​លោក​អ្នក​ឈប់​ប្រើ​ការ​ ហើយ​ដាក់​ផើង​ឬ​ធុង​នោះ​នៅ​មុខ​រានហាល​មុខ​ផ្ទះ។​ ប្រសិន​បើ​លោក​អ្នក​គិត​ថា​មិន​ចង់​ប្រើប្រាស់​ធុង​ចាស់ៗ​ ព្រោះ​មិន​សូវ​មាន​សោភ័ណភាព​ស្អាត​ លោក​អ្នក​អាច​កែច្នៃ​សំបក​កង់​ឡាន​យក​មក​លាប​ថ្នាំ​ពណ៌​គូរ​ជា​រូប​ផ្សេងៗ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​ ព្រោះ​កង់ឡាន​មាន​ក្រឡាឆ្នូតៗ​ប្រៀប​បី​ដូច​ជា​ក្បាច់​លម្អ​ដ៏​គួរ​ជា​ទី​ទាក់​ទាញ។​ កង់ឡាន​អាច​ដាក់​ផ្ទាល់​នឹង​ដី​ ឬ​តម្រៀប​គរ​គ្នា​ពីរ​ឬ​បី​ ឬ​ចង​ព្យួរ​លម្អ​នឹង​មែក​ឈើ​ ឬ​ បង្គោល​សសរ​ណា​មួយ​ក៏​បាន។

          វិធី​សាស្រ្ត​ដ៏​ទាក់ទាញ​ជាង​នេះ​ទៀត​នោះ​គឺ​ បច្ចេកទេស​ដាំ​បន្លែ​បង្ការ​ក្នុង​ដបជ័រ​ប្លាស្ទិក។​ ដំបូង​ត្រូវ​ស្វែង​រក​ដប​ប្លាស្ទិក​ (ដប​ទឹកក្រូច​ចំណុះ​ ២លីត្រ​ ឬ​ ១.៥លីត្រ)​ តាម​ចំនួន​ដែល​អ្នក​ត្រូវ​ការ​ ហើយ​យក​ដប​ទាំង​នោះ​ទៅ​ចោះ​រន្ធ​តូចៗ​ផ្នែក​ចំហៀង​សង​ខាង​ និង​បាត​ខាង​ក្រោម​ ដើម្បី​ឲ្យ​ទឹក​ដែល​យើង​ស្រោច​ហូរ​ចេញ​ចៀស​វាង​ការ​ដក់​ទឹក​នាំ​ឲ្យ​ដំណាំ​ខូច​ ហើយ​វា​ក៏​ជួយ​បង្កើត​អុកស៊ីសែន​ជំរុញ​ឲ្យ​ប្ញស​ដំណាំ​រឹងមាំ​ថែម​ទៀត​ផង។​ បន្ទាប់​មក​ លោក​អ្នក​ត្រូវ​ធ្វើ​ជីរ​កំប៉ុស​ (កាក​សំណល់​ផ្ទះបាយ)​ លាយ​ជា​មួយ​ដី​មមោក​ ក្នុង​សមាមាត្រ​ជី​ ២០ភាគរយ​ និង​ ដី​៨០ភាគរយ​ យក​មក​ច្រក​ដាក់​ដប​ ទើប​យក​គ្រាប់​បន្លែ​១​ឬ​២គ្រាប់​ ទៅ​ដាំ​ក្នុង​ដប​នោះ។​ ក្រោយ​ដាំ​លោក​អ្នក​ត្រូវ​ឧស្សាហ៍​ស្រោច​ទឹក​ជា​ប្រចាំ​រៀងរាល់​ពីរ​ទៅ​បី​ថ្ងៃ​ម្ដង​ ទើប​ដំណាំ​ក្នុង​ដប​រីក​លូតលាស់​ល្អ។​ បន្លែ​ដែល​សាក​សម​សម្រាប់​វិធី​សាស្រ្ត​នេះ​គឺ​ប្រភេទ​បន្លែ​ស្លឹក​ដែល​គ្មាន​ឫស​កែវ។

     ​​     ក្រៅ​ពី​នេះ​ លោក​អ្នក​ក៏​អាច​សាកល្បង​ បច្ចេកទេស​ដាំ​បន្លែ​ដោយ​មិន​ប្រើ​ដី​ (Hydroponics)។​ Hydroponics​ ជា​វិធី​ដាំ​បន្លែ​ទំនើប​ដែល​ទើប​តែ​មាន​នៅ​ក្នុង​ប្រទេស​យើង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​ អត្ថប្រយោជន៍​របស់​វិធីសាស្រ្ត​ថ្មី​នេះ​ គឺ​មិន​ទាមទារ​ទីតាំង​បង្ក​បង្កើន​ផល​ធំ​ មិន​ប្រើប្រាស់​ដី​ និង​អត្រា​នៃ​ការ​ឆ្លង​ជំងឺ​រុក្ខជាតិ​ទាប​បំផុត​ ពិសេស​គឺ​មិន​ចាំ​បាច់​ប្រើ​ជីគីមី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ ព្រោះ​ Hydroponics​ ពឹង​ផ្អែក​លើ​សារធាតុ​ចិញ្ចឹម​ពី​ទឹក។​ ជា​បឋម​ ត្រូវ​បណ្តុះ​គ្រាប់​បន្លែ​នៅ​ក្នុង​អេប៉ុង​សើម​តូចៗ​ ហើយ​តម្រៀប​កូន​អេប៉ុង​ទាំង​នោះ​ទៅ​ក្នុង​ថាស​ធំ​មួយ​ចាក់​ទឹក​ឲ្យ​លិច​កម្ពស់​ពាក់​កណ្តាល​អេប៉ុង​ យក​ក្រណាត់​សើម​មក​គ្រប​ពី​លើ​ទុក​ចោល​រយៈ​ពេល​ប្រមាណ​១០ថ្ងៃ។​ នៅ​ពេល​ដែល​គ្រាប់​បន្លែ​ចាប់​ផ្តើម​ដុះ​ពន្លក​តូចៗ​ ត្រូវ​ដក​ក្រណាត់​ចេញ​ យក​អេប៉ុង​ទៅ​ដាក់​ក្នុង​កូន​កញ្ច្រែង​ ហើយ​ស៊ក​ចូល​ទៅ​ក្នុង​រន្ធទុយោ​ (វែង​ឬ​ខ្លី​ទៅ​តាម​ទំហំ​ទីតាំង​ដែល​ចង់​ដាំ​ អាច​មួយម៉ែត្រ​ឬ​ពីរម៉ែត្រ)​ ដែល​មាន​បំពាក់​ប្រព័ន្ធ​ទឹក​ដែល​ផ្ទុក​សារធាតុ​ចិញ្ចឹម​ដើម្បី​ឲ្យ​កូន​រុក្ខជាតិ​លូតលាស់​ ហើយ​ត្រូវ​ធ្វើ​សំណាញ់​គ្រប​ជិត​ពី​លើ​ការពារ​ពន្លឺ​ព្រះអាទិត្យ​ រក្សា​សីតុណ្ហភាព​ល្មម​សមស្រប។​ ចំពោះ​ទុយោ​ទាមទារ​ឲ្យ​មាន​ការ​តម្លើង​ពី​អ្នក​ជំនាញ​បច្ចេកទេស​តាម​ស្តង់ដារ​ត្រឹមត្រូវ។​ បច្ចេកទេស​នេះ​ល្អ​បំផុត​សម្រាប់​ការ​ដាំ​ដំណាំ​លើ​ដំបូល​ផ្ទះ​ ឬ​សួន​បន្លែ​តូចៗ​ជាប់​ផ្ទះ​តែ​ម្ដង៕

Article by SRIN SOKMEAN


SUGGESTIONS