×

​សហគមន៍​អេកូ​ទេសចរណ៍​ថ្មី​រះ​ក្នុង​ស្រុក​កំពង់ត្រាច​ដែល​អ្នក​ដំណើរ​ច្រើន​រំលង

TRAVEL & LIVING 6 years ago
 
 

          ​កន្លង​មក ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​​ដែល​និយម​ចូល​ចិត្ត​ដំណើរ​កម្សាន្ត​បែប​អេកូ​ទេសចរណ៍​នៅ​កម្ពុជា ច្បាស់​ជា​ស្គាល់​សហគមន៍​អេកូ​ទេសចរណ៍​ល្បីៗ​ដូចជា សហគមន៍​ជីផាត សហគមន៍​ចំបក់ និង សហគមន៍​កោះ​ទ្រង់ ដែល​សុទ្ធ​សឹងតែ​មាន​សេវា​កម្ម​ទេសចរណ៍​កម្សាន្ត​លម្ហែ​សប្បាយ​ប្លែកៗ ព្រម​ទាំង​មាន​សេវា​កម្ម​ផ្ទះ​ស្នាក់ សម្រាប់​ឲ្យ ភ្ញៀវ​បាន​សាកល្បង​នូវ​រស​ជាតិ​បែប​ផែន​ជីវិត​ពិតៗ​របស់​ប្រជាជន ។ ឥឡូវ​នេះ​ក្នុង​ទឹក​ដី​ខេត្ត​កំពត ក៏​មាន​សហគមន៍​អេកូ​ទេសចរណ៍​ថ្មី​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍ នោះ​គឺ “​សហគមន៍​ទេសចរណ៍​អន្លង់ព្រីង”។

ស្រុក​កំពង់ត្រាច ខេត្ត​កំពត

          អន្លង់ព្រីង មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ឃុំ​បឹង​សាលា​ខាង​ត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត មាន​ចម្ងាយ​ប្រមាណ ជាង​១៤០​គីឡូ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ និង ១៣​គីឡូ​ម៉ែត្រ​ពី​ផ្សារ​កំពង់ត្រាច។ ​ដើម្បី​ទៅ​ដល់​ទី​នោះ ភ្ញៀវ​ត្រូវ​ធ្វើ​ដំណើរ ពីភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​៣។ លុះមក​ដល់​ផ្លូវ​បំបែក បែកគូស ត្រូវ​បត់ឆ្វេង​ដៃ​តាម​ផ្លូវ​ជាតិ​លេខ​៣១​រហូត​ដល់​ផ្លូវ​បែក ជា​ពីរ​ត្រង់​ស្រុក​កំពង់ត្រាច​ទើប​បត់ឆ្វេង​តាម​ផ្លូវ​ទៅ​ច្រក​ព្រំដែន​កម្ពុជា​-​វៀត​ណាម តន់ហន់។ ក្រោយ​ពេល​បត់​ចូល​បន្តិច​ លោក​អ្នក​នឹង​ឃើញ​ក្លោងទ្វារ​វត្ត អង្គជុំស្រះឈូក ហើយ​បត់​ចូល​តាម​ផ្លូវ​លំ​នោះ​ទៅ​ត្រង់​ក្នុង​ចម្ងាយ​ផ្លូវ​៨​គីឡូ​ម៉ែត្រ។​

          ក្នុង​ដំណើរ​កម្សាន្ត​រយៈ​ពេល​ពីរ​ថ្ងៃ​មួយ​យប់​នៅ​លើ​ទឹក​ដីពិភព​សត្វ​ក្រៀល​ដ៏​កម្រ​នេះ ពួក​យើង​បាន​ទទួល​ការ ស្វាគមន៍​យ៉ាង​កក់ក្តៅពី​ប្រធាន​សហគមន៍ និង ក្រុម​ការ​ងារ ដែល​បាន​ជួយ​ធ្វើ​បទ​បង្ហាញ​ខ្លីៗ​ណែ​នាំ​​អំពី​សក្តានុពល ទេសចរណ៍​និង​សេវា​កម្ម​ផ្សេងៗ​នៅ​ក្នុង​តំបន់​របស់​​ពួក​គាត់។ ក្រៅ​ពីការ​ទស្សនា​ហ្វូង​សត្វ​ក្រៀល និង​ព​ពួក​សត្វ​ស្លាប ទឹក​ជា​ច្រើន​ប្រភេទ​នៅ​ក្នុង​តំបន់​ដីសើម​នៃ​បឹង​អន្លង់ព្រីង​នេះ ពួក​យើង​បាន ទទួល​បទ​ពិសោធន៍​នៃ​ការ​ទទួល​ទាន អាហារ​នៅ​លើទីស្នាក់​ការ​សហគមន៍​ដែល​ធ្វើ​អំពី​ឈើ​សង់​ខ្ពស់​ផុតពីដី ហ៊ុមព័ទ្ធ ទៅ​ដោយ​ដើម​ប្លុង (ប្រភេទ​ស្មៅ​ទឹក ម្យ៉ាង មាន​មើម​ដែល​អាចបរិភោគជា​អាហារ​បាន) ច្រើន​ស្អេកស្កះប្រៀប​ដូចជា វាលស្រែ​លាតសន្ធឹង​ដាច់កន្ទុយភ្នែក។

ទីស្នាក់ការសហគមន៍​ទេសចរណ៍​អន្លង់ព្រីង

          ក្រោយ​ពេល​បាយ​ថ្ងៃ​ត្រង់​រួច ពួក​យើង​សម្រាក​ទម្រេតខ្នង​ក្នុង​អង្រឹង​បន្តិច​ ទើប​ចេញ​ទៅ​មើល​សត្វ​ស្លាប​ដែល ពួនសម្ងំលាក់​ខ្លួន​រកចំណី​នៅ​ក្នុង​គុម្ពោតព្រៃស្មាច់​កណ្តាល​វាលស្រែប្លុង ដែល​មាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីទីស្នាក់​ការ សហគមន៍​នោះ​ឡើយ។ ដូច​នេះ យើង​មិន​ចាំបាច់​ជិះ​យានជំនិះ​អ្វី​ឡើយ គ្រាន់​តែ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​តាម​មគ្គុទ្ទេស​ក៏ ប្រចាំ​តំបន់​ម្នាក់​ប៉ុន​នោះ​ជាការស្រេច។ បន្ទាប់​ពី​នោះ មគ្គុទ្ទេស​ក៏​បាន​នាំ​ពួក​យើង​ចេញ​ពី​កន្លែង​មើល​សត្វ​ទៅ​ភូមិ ជ្រេស​ដែល​ជា​កន្លែង​អ្នក​ភូមិ​ប្រមូល​ផ្តុំ​គ្នា​អង្គុយ​ត្បាញកន្រ្តក​និង​កន្ទេលចចូត​តាម​លក្ខណៈ​ប្រពៃណី​តពីដូនតា​របស់ ពួក​គាត់​​នៅ​ក្នុង​តំបន់​នេះ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។

Image courtesy: Cambodia Nature Birding Club

តម្បាញកន្រ្តក ​និង​កន្ទេលចចូត​

          លុះមក​ដល់​ពេល​រសៀលជ្រេ ប្រហែល​ម៉ោង​៤ ពួក​យើង​បាន​មក​ដល់​ភ្នំ​មួយ​ក្នុង​ភូមិ​អន្លង់ថ្ងាន់ ឃុំប្ញស្សី​ស្រុក ខាង​កើត ភាគ​ខាង​ត្បូងឆៀង​ខាង​លិច​នៃ​សហគមន៍​អន្លង់ព្រីង ដែល​ជា​កន្លែង​ដ៏​ពិសិដ្ឋ​បំផុត​សម្រាប់​មើល​ទេសភាព វាលស្រែ​និង​ភូមិ​ដ្ឋាន​ប្រជាជន​យ៉ាង​ស្រស់​ស្អាត​បំផុត​ប្រចាំ​តំបន់​នោះ។ អ្នក​ស្រុក​ហៅ​ទី​នោះ​ថា ភ្នំគងលាន់ ដោយ​សារតែ​កាលពី​សម័យ​ដើម ប្រជាជន​ធ្លាប់​ឮសូរសម្លេង​គងលាន់​ចេញ​ពីភ្នំ​នេះ ដែល​ពួក​គេ​មាន​ជំនឿថាជា សម្លេង​គង​របស់​អ្នក​តាភ្នំ​ដែល​ថែ​រក្សា​ការពារ​ភ្នំ។ នៅ​លើ​កំពូល​ភ្នំ​មាន​អាស្រម​ដែល​ជាទី​គោរព​សក្ការៈ របស់​ពុទ្ធ សាសនិកជន​ទាំង​ឡាយ ដែល​អ្នក​ស្រុក​ហៅ​ថា ប្រាសាទ​ភ្នំគងលាន់។ យើង​អាចឈរគន់​មើល​ទេសភាព​យ៉ាង​ស្រស់​ត្រ​កាលពី​ប្រាសាទ​នោះ ឃើញ​ផ្លូវ​វែងអន្លាយអម​ដោយ​ដើម​ត្នោត​សង​ខាង វាលស្រែ របស់​ប្រជា​កសិករ​ក្បែរៗ​នោះ រមណីយដ្ឋានភ្នំ​ទឹក និង ច្រក​ព្រំដែន​អន្តរជាតិ​​កម្ពុជា​-​វៀត​ណាម ព្រែកចាក-ហាទៀង។

          គួរ​បញ្ជាក់​​ដែរ​ថា ភ្នំ​នេះ​មាន​លក្ខណៈ​អំណោយផល​ល្អ​ដល់​ទេសចរ ព្រោះ​វា​មាន​កម្ពស់មធ្យម ត្រឹម​កាំជណ្តើរ ចំនួន​១២៣កាំ​ប៉ុណ្ណោះ។ នៅ​ចង្កេះភ្នំ មាន​ល្អាង​ចំនួន​ពីរ ប៉ុន្តែ​ដោយ​ពេល​វេលាខ្លី យើង​បាន​ចូល​ទស្សនា​ល្អាង​មួយ ដែល​ស្ថិត​នៅ​ក្រោយ​សាលា​បឋម​សិក្សា​អន្លង់ថ្ងាន់។ ច្រក​ចូល​មាត់​ល្អាងឡោមព័ទ្ធ​ដោយ​ដើម​ប្ញស្សីជា​ច្រើន​ចោល​ម្លប់ ត្រឈឹងត្រឈៃ។ រីឯ​ផ្នែក​ខាង​ក្នុង​ល្អាង​ដែល​មាន​ជម្រៅ​ប្រហែល​៤-៥​ម៉ែត្រ មាន​ថ្មរាប​ស្មើ​អាច​ឲ្យ​ភ្ញៀវ​អង្គុយ​សម្រាក បំ​បាត់​នឿយហត់​បាន។ ក្រោយ​ពី​ចុះ​ពីលើភ្នំ​វិញ យើង​បាន​ឃើញ​ប្អូនៗ​សិស្ស​សាលា​បឋម​សិក្សា​អន្លង់ថ្ងាន់​នាំ​គ្នា​ជិះ​កង់ បណ្តើរ​គ្នា​ចេញ​ពី​សាលា​រៀន​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​ក្នុង​បរិយាកាស​យ៉ាង​សប្បាយ​រីក​រាយ។

          ​ម៉ោង​៥រសៀល ពួក​យើង​បាន​ជិះ​កង់កំសាន្តគយគន់ទេសភាព​តាម​ដង​ផ្លូវ​កាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ស្វែង យល់​ពី​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ស្រុក ព្រម​ទាំង​បាន​ចូល​វត្ត​មួយ​ឈ្មោះ​ថា វត្ត​ថ្ម​បើក ដែល​ព្រះ​សង្ឃ​នៅ​ទី​នោះ មាន​សង្ឃ​ដីកា​អះអាង​ថាជា​វត្ត​បុរាណ​មាន​អាយុ​កាល​រហូត​ជាង​១០០ឆ្នាំ ថែម​ទាំង​មាន​ដើម​ច័ន្ទគិរីបែកមែកសាខា ដ៏​ធំ​មួយ​ដែល​មាន​អាយុ​កាលចំ​ណាស់​ហោច​ណាស់​ក៏​រាប់សិបឆ្នាំ​ដែរ។

វត្ត​ថ្ម​បើក

         ក្រោយ​មក ដោយ​សារព្រលប់​ណាស់​ទៅ​ហើយ យើង​បាន​ចូល​ទៅ​សម្រាក​មួយ​យប់​នៅ​ផ្ទះ​ស្នាក់​ដ៏​ស្រស់ ស្អាត​មួយ​នៅ​ភូមិ​ជ្រេស​ដែល​ជា​ភូមិ​បម្រើ​សេវា​កម្ម​ទេសចរណ៍​មួយ​ក្នុង​ចំណោម​ភូមិ​ទេសចរណ៍​ចំនួន​៣​នៃ​សហគមន៍ អន្លង់ព្រីង។ នៅ​យប់​នោះ យើង​ទទួល​ទាន​អាហារ ដែល​ចម្អិន​ដោយ​ស្នា​ដៃ​ប្រជា​សហគមន៍​ផ្ទាល់ ។ ម្រះ ត្រសក់ ត្រប់ ស្លឹក​ល្ងៀង ល្ពៅ ត្រលាច ក្តឹបឪឡឹក សុទ្ធ​សឹងតែ​តូចៗ ដាំដុះ​តាម​ក្បួន​កសិកម្ម​ខ្មែរ​ពិតៗ ផ្សំជា​មួយ​រស​ជាតិ​ត្រីស្រែ និង សាច់​ជ្រូក​ចិញ្ចឹម​តាម​លក្ខណៈ​គ្រួសារ បង្កើត​ បាន​ជា​មុខ​អាហារ​សាមញ្ញ​តែឈ្ងុយ​ឆ្ងាញ់​ជាប់​មាត់។ កន្លែង​ដែល​យើង ស្នាក់​មាន​អគ្គិសនីគ្រប់​គ្រាន់ ប៉ុន្តែ​ពុំ​មាន​ទឹក​ម៉ា​ស៊ី​ន​ទៅ​ដល់​ឡើយ ដូច​នេះ​យើង​ជា​ទេសចរ​និង អ្នក​ភួមិ​ត្រូវ​ប្រើ​ទឹក អណ្តូង​ឬ​ទឹក​ស្រះ​សម្រាប់​ងូត និង ប្រើ​ប្រាស់​ផ្សេងៗ។ បន្ទប់ស្នាក់​មាន​បរិយាកាស​ស្អាត​សមរម្យ និង​មាន​ការ​រៀបចំ កម្រាលពូក មុង ភួយ ខ្នើយ ដែល​មាន​អនាម័យអាច​ទទួល​យក​បាន។ ផ្ទះ​ស្នាក់​មាន​តម្លៃ​៤​ដុល្លារ​សម្រាប់​ភ្ញៀវ​ម្នាក់ និង អាហារ​មួយ​ពេល​៣​ដុល្លារ​សម្រាប់​ម្នាក់​ផង​ដែរ។

         លុះព្រឹកព្រឹក​ឡើង យើង​បាន​ទទួល​ទាន​អាហារ​ពេល​ព្រឹកគុយទាវ​បែប​ស្រុក​ស្រែ​នៅ​ក្នុង​ផ្សារ​ក្រមួន​តូច មួយ​នៅ​មុខ​វត្ត​ថ្ម​បើក។ ផ្សារ​ក្រមួន​នោះ​មាន​លក់​នំបញ្ចុក បាញ់​ឆែវ បង្អែម និង នំ​ខ្មែរ​បន្តិច​​បន្តួច តួ​យ៉ាង នំពុម្ព នំ​ជើង ជ្រូក នំកង នំក្រូច ជា​ដើម។ មុន​នឹង​ត្រឡប់មកភ្នំពេញ​វិញ យើង​បាន​ឆ្លៀត​ចូល​ទៅ​មើល​សកម្មភាព​អ្នក​ភូមិ​កោះ​ត្នោត ផលិត​នំបញ្ចុក​សម្រាប់​លក់​ក្នុង​ភូមិ (ធ្វើ​ភ្លាម​លក់​ភ្លាម មិន​ប្រើ​ម្សៅផ្អាប់ទុក​យូរ) ។ អ្នក​ភូមិ​យ៉ាង​កុះករ​កំពុង​ឈរចោម រោមរង់ចាំ​ទិញ​នំបញ្ចុក​ដែល​គេថ្លឹង​លក់។ នំបញ្ចុក​នោះ​គេហូបជា​មួយ​ទឹក​ត្រី​ផ្អែម​តាម​ការ​និយម​របស់​អ្នក​ស្រុក​នោះ លុះ​ដល់​ពេល​មាន​បុណ្យ​ទាន​ទើប​គេ​ធ្វើ​នំបញ្ចុកសម្ល​ខ្មែរ។ ចុង​ក្រោយ យើង​បាន​បន្ត​ចូល​មើល​ការបិតស្រាអង្ករ​តាម បែប​ប្រពៃណី​នៅ​ផ្ទះ​បងស្រីម្នាក់​ដែល​រស់​នៅ​ភូមិ​ជ្រេស។ បងស្រី​បាន​ប្រាប់​ថា ស្រា​ដែល​ល្អ​ត្រូវ​បិតរយៈ​ពេល​៤យប់ រហូត​ដល់​វា​ឡើង​ដល់​ចំណុ​ចក្រិត​លេខ​៣០ តាម​ការ​វាស់​ដោយ​ប្រើ​ឧបករណ៍​ម្យ៉ាង​ហៅ​ថា ជញ្ជីងថ្លឹងស្រា ប៉ុន្តែ​ក៏​មាន ឈ្មួញ​ខ្លះ​មក​ទាក់​ទង​ទិញ​ស្រា​ខ្លាំង (លើស​ចំណុ​ចក្រិត​នេះ) សម្រាប់​ធ្វើ​ថ្នាំ​កែរោគ​ផ្សេងៗ​ផង​ដែរ។

សកម្មភាពផលិត​នំបញ្ចុក​តាមបែបបុរាណ

         ក្រៅ​ពី​សកម្មភាព​ដែល​បាន​រៀបរាប់​ខាង​លើ សហគមន៍​ទេសចរណ៍​អន្លង់ព្រីង​នៅ​មាន​បម្រើ​សេវា​កម្ម ទេសចរណ៍​ផ្សេងៗ​ទៀត​ដូចជា ការ​ជិះ​គោយន្ត​ដើរ​លេង​តាម​ភូមិ ការ​ទស្សនា​សកម្មភាព​ដាល់អំ​បុក និង ការ​ទស្សនា សកម្មភាព​នេសាទត្រី​របស់​សហគមន៍ និង មាន​រៀបចំ​ត្រៀម​បង្កើត​ សេវា​កម្ម​ថ្មីៗ​នៅ​ពេល​អនាគត​​ដើម្បី​ឲ្យ​ស្រប​តាម តម្រូវ​ការ​ជាក់​ស្តែង​របស់​ទេសចរ​ជាតិ​និង​អន្តរជាតិ៕

Article by SRIN SOKMEAN


SUGGESTIONS