×

​សត្វ​ក្រៀល​កម្ពុជា​ប្រមាណ​៣០០ក្បាល​ត្រូវ​បាន​អ្នក​អភិរក្សរក​ឃើញ​នៅ​​សហគមន៍​​អន្លង់​ព្រីង ខេត្ត​កំពត

TRAVEL & LIVING 6 years ago
 
 

          “សម្រែក​សត្វ​ក្រៀល វាដៀលជេរស្តី មនុស្ស​ដូចកាកី…”  ជា​ចម្រៀង​មតក​ដើម​របស់​អធិរាជសម្លេង​មាស ស៊ី​ន ស៊ី​សាមុត ដែល​ហាក់​ជួយ​បង្វែរ​អារម្មណ៍​កូន​ខ្មែរ​គ្រប់រូបមក​លើស​ត្វក្រៀល​ដែល​ជា​ប្រភេទ​បក្សី​ទឹក​ដ៏​កម្រម្យ៉ាង​ដែល មាន​វត្ត​មាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈកាល​យូរ​លង់​ណាស់​មក​ហើយ សូម្បីតែ​នៅ​លើជញ្ជាំង​ប្រាសាទ​បាយ័ន ដែល​មាន​អាយុ​កាលរាប់​ពាន់​ឆ្នាំ​ក៏​មាន​រូបចម្លាក់​សត្វ​ក្រៀល​នេះ​ដែរ។  ដោយ​សារ​សត្វ​ក្រៀល​ជា​បក្សី​ដែល​រងការ គំរាម​កំហែង​នៅ​ពេល​បច្ចុប្បន្ន ក្រសួង​បរិស្ថាន​បាន​បង្កើត​ដែនអភិរក្ស​សត្វ​ក្រៀល​មួយ​កន្លែង​នៅ​ក្នុង​ភូមិ​សាស្រ្ត សហគមន៍​អន្លង់ព្រីង ឃុំ​បឹង​សាលា​ខាង​ត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត។

Image courtesy: Cambodia Nature Birding Club

          ​លោក​ពូ រិន ប្រធាន​សហគមន៍​ទេសចរណ៍​អន្លង់ព្រីង បាន​រាយការណ៍​ប្រាប់​អ្នក​យក​ព័ត៌មាន សូវរីន ក្នុង​ដំណើរ ទស្សនកិច្ច​កាលពី​ថ្ងៃ​ទី២៨ ខែ​មេសា ឆ្នាំ​២០១៨ ថា តំបន់​អភិរក្ស​សត្វ​ក្រៀល​នេះ​បាន​ចាប់​ដំណើរ​ការ​កាលពី​ឆ្នាំ​២០១១​គិត​មក​ដល់ សព្វ​ថ្ងៃ​នេះ​មាន​រយៈ​ពេល​៧ឆ្នាំ​ហើយ ។ ស្ថិតិ​សត្វ​ក្រៀល​នៅ​ទី​នោះ​​មាន​ចំនួន​ប្រមាណ ៣០០ក្បាល ដែល​ហើរមក​ស្វែងរក​ចំណី​ក្នុង​មួយ​រដូវ​កាល​ក្នុង​មួយ​មួយ​ឆ្នាំ ពោល​គឺ​ចាប់​ពីខែ​ធ្នូ​រហូត​ដល់​ចុង​ខែ​មេសា ឬ ដើម​ខែ ឧសភា។

          ចាប់​តាំង​ពីឆ្នាំ​២០១៦មក តំបន់​អន្លង់ព្រីង​ត្រូវ​បាន​កំណត់​ជា​តំបន់​ការពារ​ទេសភាព និង​ផ្លាស់​ប្តូរ​ពីការ​គ្រប់​គ្រង របស់​រដ្ឋបាលរុក្ខាប្រមាញ់​នៃ​ក្រសួង​កសិកម្ម​មកស្ថិត​ក្រោម​ការ​គ្រប់​គ្រង​​របស់​ក្រសួង​បរិស្ថាន​វិញ។ តំបន់​ការពារ ទេសភាព​នេះ​មាន​ផ្ទៃ​ក្រលា​សរុប​     គ្របដណ្តប់​ដោយ​វាលប្លុង​ច្រើន​សន្ធឹកសន្ធាប់​ដែល​ជា​ប្រភព​ចំណី ចម្បង​របស់​ព​ពួក​សត្វ​ក្រៀល។ ព្រែក​ដៃ​សមុទ្រ​ជិត​ព្រំដែន​វៀត​ណាម​ដែល​តែង​ជោរនាច​ចុះ​ឡើង​នាំ​មក​នូវ​វាលទំនាប លិច​ទឹក​រាក់ៗ បង្កើត​ជាចំណី​អាហារ​សម្បូរ​បែប​មិន​មែន​សម្រាប់​តែ​សត្វ​ក្រៀល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រភេទ​សត្វ ស្លាប​ទឹក​រហូត​ជាង​៩០​ប្រភេទ​ឯណោះ ក្នុង​នោះ​រួម​មាន សត្វ​ខ្វែក​សមុទ្រ​កន្ទុយ​ខ្មៅ ខ្វែកត្រោក ​មាន់​ទឹក កុក​គ្រោង ទាវ ទោម ត្លុំ ចចាត ល្វាចេក ទាកាបព្រៃ និង សត្វ​ស្លាបជា​ច្រើន​ប្រភេទ​ទៀត។

Image courtesy: Cambodia Nature Birding Club

          លោក ប៊ុណ្ណា មគ្គុទ្ទេស​ក៏​ប្រចាំ​សហគមន៍​អន្លង់ព្រីង បាន​រៀបរាប់​ថា ប្រភេទ​សត្វ​ស្លាប​ដែល​សម្បូរ​ជាង​គេ​នៅ ទី​នេះ មាន​សត្វ​ក្រៀល និង សត្វ​ទាកាបព្រៃ ដែល​តែង​ហើរ​ចុះ​មក​ទាំង​ហ្វួងៗមក​ស្វែងរក​ចំណី​តាម​គុម្ពោត​ព្រៃស្មាច់ និង ទឹក​រាក់ៗ។ ចំណែក​ប្រភេទ​លេខ​២​ដែល​សម្បូរ​នៅ​ទី​នេះ​ដែរ គឺ  សត្វ​កុក​គ្រោង​តូច កុក​គ្រោង​មធ្យម និង សត្វ ក្រសារ។ ឯ​សត្វ​ក្រៅ​ពី​នោះ យូរៗ​ឃើញ​មាន​ម្តង​ម្កាល តួ​យ៉ាង សត្វ​រអាត​ត្នោត (ព​ពួក​ស្ទាំង ខ្លែង) ដែល​ជា​ប្រភេទ សត្វ​រំពារ ដែល​តែង​ឆាប់ឆក់​សត្វ​តូច​ជាង​ខ្លួន​ជា​អាហារ ធ្វើ​ឲ្យ​សត្វ​ស្លាប​ដទៃ​ផ្អើល។

          ដើម្បី​ទស្សនា​សត្វ​ក្រៀល និង ព​ពួក​សត្វ​ស្លាប​ទឹក​ផ្សេងៗ​ទៀត​នៅ​ក្នុង​សហគមន៍​នេះ ភ្ញៀវ​ទេសចរ​ត្រូវ​ចត យានយន្តគ្រប់​ប្រភេទ​នៅ​ចម្ងាយ​៧០០​ម៉ែត្រ​ពីមជ្ឈមណ្ឌល​ផ្តល់​ព័ត៌មាន​និង​លក់​សំបុត្រ រួច​បន្ត​ដំណើរ​ដោយ​ថ្មើរ​ជើង ទៅ​មុខ​បន្តិច​រហូត​ទៅ​ដល់​ទីស្នាក់​ការ​តំបន់​កាពារ​ទេសភាព​អន្លង់ព្រីង ដែល​ជា​កន្លែង​សម្រាប់​ភ្ញៀវ​ឡើង​មើល​សត្វ និង​ជា​កន្លែង​ប្រជុំការ​ងារ​របស់​សហគមន៍​ផង​ដែរ។​អគារ​នោះ​មាន​រចនា​បថស្រស់​ស្អាត​ផ្សារ​ភ្ជាប់​ទៅ​នឹង​បរិស្ថានធម្ម​ជាតិ ដែល​នៅ​ជុំ​វិញ ហើយ​ត្រូវ​បាន​សាង​សង់​ជា​ពិសេស​ដោយ​ប្រើ​ដើម​ប្ញស្សី​ដែល​មាន​ស្រាប់​នៅ​ក្នុង​តំបន់។ នៅ​ផ្នែក​ខាង លើ អ្នក​ទេសចរ​មិន​ត្រឹម​តែអាចឈរ​ទស្សនា​សត្វ​ក្រៀល​ដោយ​ប្រើ​កែវយឹត​នោះ​ទេ តែ​លោក​អ្នក​ក៏​អាច​រីក​រាយ​នឹង ខ្យល់​អាកាស​ស្រស់​ស្រាយ​នៃ​តំបន់​វាលទំនាបលិច​ទឹក​ដ៏​សុខដុមរមនា ដោយ​សារតែ​ជាន់​ខាង​លើជាវាលលំហលើ ដំបូល​ដែល​គ្មាន​ជញ្ជាំងបិទបាំង​នោះ​ទេ។

Photo by CHUNKEAT

          ​លោក ប៊ុណ្ណា បាន​ធ្វើ​បទ​បង្ហាញ​អំពី​សត្វ​ក្រៀល​ថា សត្វ​ក្រៀល​ជាទូ​ទៅ​មាន​កម្ពស់​ប្រហែល ១.៧០​ម៉ែត្រ ហើយ​មាន​ក្បាល​ពណ៌​ក្រហម ប៉ុន្តែ​កូន​ក្រៀល​ដែល​មិន​ទាន់​ពេញ​វ័យ​មាន​ក​ពណ៌​ត្នោត។ វា​ចូល​ចិត្ត​ហោះហើរ​ផ្លាស់​ទីជាហ្វូងៗរាប់រយ​ក្បាល ប៉ុន្តែ​នៅ​ពេល​ចុះ​មកដី វា​ចូល​ចិត្ត​ដើរ​ស្វែងរក​ចំណីជា​ក្រុម​តូចៗ​នៅ​តំបន់​ដីសើម។ វាជាសព្វា​ស៊ី ដូច​នេះ​វា​ស៊ី​មើមប្លុង គ្រាប់​ធញ្ញ​ជាតិ រុក្ខ​ជាតិ​ទឹក និង សត្វ​តូចៗ។ ពេល​ខ្លះ វា​ស៊ី​ត្រី កង្កែប និង ពង​សត្វ​ស្លាប​ទឹក​ដែរ។ ជារឿយៗ សត្វ​ក្រៀល​សសិតស្លាប​របស់​វា​ដោយ​ប្រើ​ចំពុះ​ដើម្បីថែ​រក្សា​ស្លាបវា​ឲ្យ​បាន​ស្អាត​ជា​ប្រចាំ។ ក្រៀល​មួយ​អាចពង​បាន​ចំនួន​ពីរ​ក្នុង​មួយ​ឆ្នាំ ជួនកាលអាច៣ ឬ ៤ ដោយ​កម្រ។ កូន​ក្រៀល​តាម​មេ​របស់​វា​ដើម្បីរកចំណី និង គេចពីស​ត្រូវ។ លុះ​ដល់​អាយុ​៦ខែ ទើប​វាអាច​ធំ​ល្មមហើរជា​មួយ​ហ្វូង​ធំៗ។ វាអាច​រស់​នៅ​បាន​រហូត​៤២ឆ្នាំ។

Image courtesy: Cambodia Nature Birding Club

          ​ដោយ​ឡែក​ចំពោះ​ស្ថិតិ​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​សត្វ​ក្រៀល​នៅ​តំបន់​នេះ  លោក​បាន​និយាយ​ថា ភ្ញៀវ​ដែល​មក​ច្រើន​ជាង​គេ គឺជន​ជាតិ​ហូឡង់ និង ជន​ជាតិ​កាណាដា។ រីឯ​ជន​ជាតិ​អាស៊ី​វិញ គឺ ជន​ជាតិ​វៀត​ណាម ស្ថិត​ក្នុង​លំដាប់​ខ្ពស់​បំផុត។ ក្រៅ​ពី​នេះ មាន​ជន​ជាតិ​ឥណ្ឌា ជន​ជាតិ​ថៃ ជន​ជាតិ​ជប៉ុន និង ជន​ជាតិ​ដែល​ទើប​មាន វត្ត​មាន​ក្នុង​ឆ្នាំ​នេះ គឺ ជន​ជាតិ​កូរ៉េ។ ទន្ទឹម​នឹង​នេះ សហគមន៍​អន្លង់ព្រីង​ក៏​ធ្លាប់​ទទួល​ស្វាគមន៍​និស្សិត​ខ្មែរ​ដែល​ចុះ​មក ធ្វើ​ទស្សនកិច្ចជា​ក្រុមៗ​ពីរាជធានីភ្នំពេញ​ផង​ដែរ៕

Article by SRIN SOKMEAN


SUGGESTIONS