×

ទស្សនា​ទិដ្ឋភាព​ជា​ប្រវត្តិ​សាស្ត្រ​នៃ​ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ នា​ ពុទ្ធសករាជ​ ២៥៦២ នៅ​ទី​ព្រះស្រែ ​ខេត្តស្វាយរៀង​

NEWS 5 months ago
 
 

          នា​ថ្ងៃ​ព្រហស្បត្តិ៍ ០៤រោច ខែ​ពិសាខ ឆ្នាំ​ច សំរិទ្ធិស័ក ពុទ្ធ​សករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី០៣ ខែឧសភា គ្រិស្ត​សករាជ ២០១៨ វេលា​ម៉ោង​០៨.០០​នាទី​ព្រឹកត​ទៅ នៅ​ទី​ព្រះ​ស្រែ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រះវង់ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ខេត្ត​ស្វាយ​រៀង ព្រះ​រាជ​ពិធី​បុណ្យ​ទ្វាទសមាស ច្រត់​ព្រះ​នង្គ័ល ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​ឱឡារិក ក្រោម​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​ព្រះ​ករុណា ព្រះ​បាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដោយ​មាន​ការដង្ហែ​ព្រះ​មហា​ក្សត្រ​ពីប្រមុខ​​ដឹក​នាំ​ព្រឹទ្ធសភា រដ្ឋសភា រាជ​រដ្ឋាភិបាល មន្ត្រី​ជាន់​ខ្ពស់ អង្គទូត​នានា ព្រម​ទាំង​ប្រជា​ពលរដ្ឋ​​យ៉ាង​ច្រើន​កុះករ។


          ក្រោម​ពន្លឺ​ព្រះ​សុរិយាភ្លឺ​ច្បាស់​ចាំងជះលើពសុធា​ព្រះ​ធរណី​ខេត្ត​ស្វាយ​រៀង នេះ​គឺជា​ទិវាប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​​ខេត្ត​ស្វាយ​រៀង​ទាំង​មូល។ សិស្សានុ​សិស្ស អាជីវករ និង​ប្រជា​កសិករ​គ្រប់​គ្នា​ឈរអមសង​ខាង​ផ្លូវ។ ម្នាក់ៗញញឹមពព្រាយ​ចាប់​តាំង​ពីទីរង្វង់មូលស្វាមគន៍​របស់​ខេត្ត​ស្វាយ​រៀង​រហូត​ដល់​បរិវេណទី​ព្រះ​ស្រែ។ ដៃ​អ្នក​ខ្លះ​មាន​កាន់​ទង់​ព្រះ​មហា​ក្សត្រ​, ទង់​ជាតិ​,​ព្រះ​ឆាយាលក្ខណ៍​ព្រះ​មហា​ក្សត្រ​គ្រវី​ទៅ​មកអម​ដោយ​សម្លេង​ខ្ញៀវខ្ញារ។ ឯ​អ្នក​ខ្លះ​ទៀត​ទាញទូរស័ព្ទថតវីដេអូ និង Selfie យ៉ាង​រីក​រាយ។ សកម្មភាព​ទាំង​នេះ​ជាសញ្ញា​ប្រាប់​ថា ​ពួក​គាត់​​ពិត​ជា​មាន​សេចក្តី​សោមន្ស​យ៉ាង​ក្រៃលែង​ចំពោះ​ការ​ប្រារព្ធ​ព្រះ​រាជ​ពិធី​នេះ​នៅ​ទឹក​ដី​ដែល​សម្បូរ​ទៅ​ដោយ​ផ្ទៃ​ដីដាំស្រូវ​ដ៏​ច្រើន​លើស​លុប​មួយ​របស់​កម្ពុជា។


          បន្ទាប់​ពីគោ គោឧសភរាជ​បាន​បរិភោគ​អាហារ​៣​មុខ​ប៉ុណ្ណោះ​ពោល​គឺស្រូវ ពោត និង​សណ្តែក​រួច​មក ក្រុម​បារគូ​បុរោហិត​បាន​ប្រកាស​ថា ឆ្នាំ​នេះ​ទិន្នផល​របស់​ស្រូវ, ពោត, សណ្តែក នឹង​ទទួល​បាន​ផល​យ៉ាង​ល្អ​ប្រសើរ ដូច្នេះ​​សូម​ប្រជា​កសិករ​ទូ​ទាំង​​ប្រទេស​ខិតខំ​បំ​ពេញ​ការ​ងារ​កសិកម្ម​របស់​ខ្លួន​ឲ្យ​ទាន់​រដូវ​កាល។


          ក្រោយ​ពី​ពិធី​បែប​ប្រពៃណី​ចប់​រួច​រាល់ ព្រះ​មហា​ក្សត្រ និង​នា​ម៉ឺន​សព្វ​មុខ​មន្ត្រី ព្រម​ទាំង​ប្រជា​ពលរដ្ឋ​​ទាំង​អស់ បាន​ចូល​រួម​ទត និង​ទស្សនា​ការ​តាំង​ពិព័រណ៌ស្តង់​ផលិត​ផល កសិកម្ម សិប្បកម្ម និង​វប្បធម៌ ដែល​មាន​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​ទាំង​មូល ប្រកប​ដោយ​បរិយាកាស​សប្បាយ​រីក​រាយជាទី​បំផុត។ ហើយ​នៅ​ពេល​ព្រះ​អាទិត្យ​ដើរ​ជិត​ដល់​ត្រង់មុំកែង៩០ដឺក្រេ, វេលា​ម៉ោង ១១.៣០ នាទី​ថ្ងៃ​ត្រង់ ព្រះ​ទី​នាំ​ង​រថយន្ត​របស់​ព្រះ​មហា​ក្សត្រ​នៃ​យើង​ក៏​បាន​ចាក​ចេញ​ពីទី​ព្រះ​ស្រែ​ក្រោម​សម្រែកថ្វាយ​ព្រះ​ពរពី​ប្រជា​ពលរដ្ឋ និង​នា​ម៉ឺន​គ្រប់ថ្នាក់​យ៉ាង​កងរំពង។


          សូម​បញ្ជាក់​ថា នៅ​ទី​ព្រះ​ស្រែ​នឹង​មាន​ការ​សម្តែង​សិល្បៈ​បុរាណ​សម័យ​ចម្រុះ និង​ការ​តាំង​ពិព័រណ៍​ផលិត​ផល​ផ្សេងៗ រយៈ​ពេល​៣​ថ្ងៃ​ពេញ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ៕
          រួម​គ្នា​ថែ​រក្សា និង​ស្វែង​យល់​ពី​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ទាំង​អស់​គ្នា​!

Article by SVAY LEEMENG



SUGGESTIONS