“ជំនាន់នៃភាពច្នៃប្រឌិត” បង្កើតឱកាសឲ្យសិល្បករវ័យក្មេងក្នុងស្រុកអាចបង្ហាញស្នាដៃនិងទេពកោសល្យរបស់ខ្លួន
NEWS 6 years agoប្រទេសកម្ពុជាបច្ចុប្បន្នហាក់កំពុងតែបណ្តុះធនធានមនុស្សឲ្យមានភាពប៉ិនប្រសប់ដើម្បីឲ្យស្របទៅតាមបរិបទសង្គមដែលកំពុងតែអភិវឌ្ឍន៍។ ជាមួយគ្នានេះដែរ យុវវ័យកម្ពុជាមួយចំនួនត្រូវបានគេសំឡឹងមើលឃើញថាមានទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈ ដូចជាគំនូរ ការថតរូប និងការរចនាម៉ូដសម្លៀកបំពាក់ជាដើម។ បើទោះបីជាយ៉ាងណាក៏ដោយ សិល្បករមួយភាគធំហាក់មិនមានឱកាសក្នុងការបង្ហាញស្នាដៃរបស់ខ្លួនដើម្បីឲ្យសាធារណៈបានឃើញនោះឡើយ ហើយនេះជាហេតុដែលបានបង្កឲ្យកម្ពុជាមានធនធានមនុស្សដែលមិនអាចចូលរួមលើកស្ទួយសង្គមជាតិបាន។
ដោយមើលឃើញថាសិល្បករក្មេងៗជាច្រើនមិនមានឱកាសក្នុងការបង្ហាញស្នាដៃរបស់ខ្លួន ហេតុដូច្នេះទើបកញ្ញា ម៉ឹង មេត្តា ជាអ្នកគ្រប់គ្រងសិល្បៈឯករាជ្យ រួមសហការជាមួយនឹងអ្នកស្រី ដាណា ឡេងឡ័ស អ្នកគ្រប់គ្រងផ្នែកសិល្បៈនៅ Java Creative Café សម្រេចចិត្តបង្កើតគម្រោងមួយដែលមានឈ្មោះថា “ជំនាន់នៃភាពច្នៃប្រឌិត” ឬជាភាសាអង់គ្លេស “Creative Generation”។ គម្រោងនេះបង្កើតឡើងនៅក្នុងឆ្នាំ ២០១៧ ក្នុងគោលបំណងចង់បើកឱកាសឲ្យសិល្បករក្មេងៗជំនាន់ក្រោយដែលមានភាពប៉ិនប្រសប់ និងមានស្នាដៃក្នុងការងាររបស់ខ្លួនបានបង្ហាញទេពកោសល្យរបស់ខ្លួនដើម្បីឲ្យសាធារណៈជនបានស្គាល់។ គម្រោង “ជំនាន់នៃភាពច្នៃប្រឌិត” ធ្វើឡើងដោយការដាក់បង្ហាញស្នាដៃរបស់សិល្បករតួយ៉ាងដូចជា គំនូរ ម៉ូដសម្លៀកបំពាក់ និងការច្នៃរបស់ផ្សេងៗទៅតាមលក្ខណៈសិល្បៈរៀងៗខ្លួន។ កាលពីឆ្នាំ ២០១៧ មានសិល្បករចំនួន ៦នាក់ត្រូវបានគេជ្រើសរើសដើម្បីដាក់តាំងបង្ហាញនូវស្នាដៃរបស់ខ្លួននៅ ហាងកាហ្វេ និងវិចិត្រសាលចាវ៉ាកាហ្វេ។ ដោយឡែកនៅឆ្នាំ ២០១៨ ដែលជាឆ្នាំទីពីរនេះ ការដាក់តាំងពិព័រណ៍ក៏ត្រូវបានគេយកទៅតាំងបង្ហាញនៅឯ ហាងកាហ្វេចាវ៉ា ខណ្ឌទួលគោក (Java Creative Café) ជាមួយនឹងស្នាដៃរបស់សិល្បករចំនួន ៧នាក់។ កញ្ញាម៉ឹង មេត្តា បានប្រាប់ថា “មូលហេតុដែលយើងសម្រេចចិត្តដាក់តាំងបង្ហាញស្នាដៃរបស់សិល្បករនៅហាងកាហ្វេនេះ ពីព្រោះ នៅហាងកាហ្វេជាកន្លែងដែលសាធារណៈជនទូទៅចេញចូលច្រើន”។
កញ្ញា ម៉ឹង មេត្តា បានបន្ថែមថា“ ខ្ញុំបានចុះទៅធ្វើបទបង្ហាញ នៅតាមសាកលវិទ្យាល័យមួយចំនួនដូចជា សាលាលីមកុកវីង សាលាភូមិន្ទភ្នំពេញ ដែលសិល្បករភាគច្រើនគាត់កំពុងតែសិក្សាដើម្បីបញ្ជ្រាបព័ត៌មានឲ្យពួកគេបានដឹង។ បន្ទាប់មកយើងឲ្យពួកគេផ្ញើនូវស្នាដៃរបស់ខ្លួនមកឲ្យពួកយើង រួចពួកយើងនឹងធ្វើការដាក់ពិន្ទុ និងជ្រើសរើសយកស្នាដៃដែលល្អបំផុតមកតាំងបង្ហាញតែម្តង”។ ដោយសារតែសិល្បករមានចំនួនច្រើន និងការដាក់តាំងពិព័រណ៍ក៏មានកំណត់ ដូច្នេះហើយទើបក្រុមការងារ បានបង្កើតជាក្រុមគណៈកម្មការក្នុងការដាក់ពិន្ទុសម្រាប់ស្នាដៃរបស់សិល្បករនេះឡើង។ រីឯសមាសភាពគណៈកម្មការសុទ្ធសឹងតែជាអ្នកមានបទពិសោធន៍ក្នុងវិស័យសិល្បៈ និងមានភាពច្នៃប្រឌិតខ្ពស់ដែលក្នុងនោះរួមមាន៖ លោក វុធ លីណូ នាយកផ្នែកសិល្បៈនៅគម្រោងសិល្បៈ ស ស, លោក យានរស្មី ជាគទានុរក្ស និងអ្នកស្រាវជ្រាវ ឯករាជ្យ, កញ្ញា ម៉ឹងមេត្តា ប្រធានរៀបចំកម្មវិធីជំនាន់នៃភាពច្នៃប្រឌិត, អ្នកស្រី ដាណា ឡេងឡ័ស អ្នកគ្រប់គ្រងផ្នែកសិល្បៈនៅ Java Creative Café និង ទិត្យ កន្និថា ជាសិល្បករ។ សម្រាប់ឆ្នាំនេះ មានបេក្ខជនចំនួន ១៩រូប ដែលបានដាក់ពាក្យស្នើរសុំការតាំងបង្ហាញស្នាដៃរបស់ខ្លួនដូចជា រូបថត គំនូរលើជញ្ជាំង គំនូរទឹក និងការរចនាម៉ូដសម្លៀកបំពាក់ ហើយជាលទ្ធផល មានតែសិល្បករចំនួន៧រូបប៉ុណ្ណោះដែរត្រូវបានគណៈកម្មការសម្រេចជ្រើសរើសយកស្នាដៃរបស់ខ្លួន។ ស្នាដៃរបស់សិល្បករទាំង៧រូបនេះនឹងត្រូវបានដាក់តាំងបង្ហាញនៅហាងចាវ៉ាកាហ្វេខណ្ឌទួលគោក ចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី ១០ខែកុម្ភៈ ឆ្នាំ២០១៩។ លើសពីការដាក់តាំងបង្ហាញស្នាដៃរបស់ខ្លួនជាមួយនឹងគម្រោង “ជំនាន់នៃភាពច្នៃប្រឌិត” នេះសិល្បករនឹងទទួលបានបទពិសោធន៍ក្នុងការបង្ហាញភាពប៉ិនប្រសប់របស់ខ្លួន ហើយថែមទាំងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន $250 សម្រាប់ឆ្នាំ២០១៨នេះ ទៀតផង៕
Article by KEO SONG