×

“ជំនាន់​នៃ​ភាពច្នៃ​ប្រឌិត” បង្កើត​ឱកាស​ឲ្យ​សិល្បករវ័យក្មេង​ក្នុង​ស្រុក​អាច​បង្ហាញ​ស្នា​ដៃ​និង​ទេពកោសល្យ​របស់​ខ្លួន​

NEWS 6 years ago
 
 

          ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ហាក់​កំពុង​តែ​បណ្តុះ​ធនធាន​មនុស្ស​ឲ្យ​មាន​ភាពប៉ិនប្រសប់​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​បរិបទ​សង្គម​ដែល​កំពុង​តែ​អភិវឌ្ឍន៍។ ជា​មួយ​គ្នា​នេះ​ដែរ យុវ​វ័យ​កម្ពុជា​មួយ​ចំនួន​ត្រូវ​បាន​គេសំឡឹង​មើល​ឃើញ​ថា​មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​វិស័យសិល្បៈ ដូចជា​គំនូរ ការថតរូប និង​ការ​រចនា​ម៉ូដសម្លៀក​បំពាក់​ជា​ដើម​។ បើ​ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ សិល្បករ​មួយ​ភាគ​ធំ​ហាក់​មិន​មាន​ឱកាស​ក្នុង​ការ​បង្ហាញ​ស្នា​ដៃ​របស់​ខ្លួន​ដើម្បី​ឲ្យ​សាធារណៈ​បាន​ឃើញ​នោះ​ឡើយ ហើយ​នេះ​ជា​ហេតុ​ដែល​បាន​បង្ក​ឲ្យ​កម្ពុជា​មាន​ធនធាន​មនុស្ស​ដែល​មិន​អាច​ចូល​រួម​លើក​ស្ទួយ​សង្គម​ជាតិ​បាន។

          ដោយ​មើល​ឃើញ​ថាសិល្បករ​ក្មេងៗជា​ច្រើន​មិន​មាន​ឱកាស​ក្នុង​ការ​បង្ហាញ​ស្នា​ដៃ​របស់​ខ្លួន ហេតុ​ដូច្នេះ​​ទើប​កញ្ញា ម៉ឹង មេត្តា ជា​អ្នក​គ្រប់​គ្រង​សិល្បៈឯករាជ្យ រួម​សហការ​ជា​មួយ​នឹង​អ្នក​ស្រី ដាណា ឡេងឡ័ស អ្នក​គ្រប់​គ្រង​​ផ្នែក​សិល្បៈ​នៅ​ Java Creative Café សម្រេច​ចិត្ត​បង្កើត​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា “ជំនាន់​នៃ​ភាពច្នៃ​ប្រឌិត” ឬ​ជា​ភាសា​អង់គ្លេស “Creative Generation”។ គម្រោង​នេះ​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១៧ ក្នុង​គោល​បំណង​ចង់​បើក​ឱកាស​ឲ្យ​សិល្បករ​ក្មេងៗជំនាន់​ក្រោយ​ដែល​មាន​ភាពប៉ិនប្រសប់​ និង​មាន​ស្នា​ដៃ​ក្នុង​ការ​ងារ​របស់​ខ្លួន​បាន​បង្ហាញ​ទេពកោសល្យ​របស់​ខ្លួន​ដើម្បី​ឲ្យ​សាធារណៈ​ជន​បាន​ស្គាល់។ គម្រោង “ជំនាន់​នៃ​ភាពច្នៃ​ប្រឌិត” ធ្វើ​ឡើង​ដោយ​ការ​ដាក់​បង្ហាញ​ស្នា​ដៃ​របស់​សិល្បករតួ​យ៉ាង​ដូចជា គំនូរ ម៉ូដសម្លៀក​បំពាក់ និង​ការច្នៃ​របស់​ផ្សេងៗ​ទៅ​តាម​លក្ខណៈ​សិល្បៈរៀងៗ​ខ្លួន។ កាលពី​ឆ្នាំ ២០១៧ មាន​សិល្បករ​ចំនួន ៦​នាក់​ត្រូវ​បាន​គេ​ជ្រើសរើស​ដើម្បី​ដាក់​តាំង​បង្ហាញ​នូវ​ស្នា​ដៃ​របស់​ខ្លួន​នៅ ហាងកាហ្វេ ​និង​វិចិត្រសាលចាវ៉ាកាហ្វេ។ ដោយ​ឡែក​នៅ​ឆ្នាំ ២០១៨ ដែល​ជាឆ្នាំ​ទី​ពីរ​នេះ ការ​ដាក់​តាំង​ពិព័រណ៍​ក៏ត្រូវ​បាន​គេយក​ទៅ​តាំង​បង្ហាញ​នៅ​ឯ ហាងកាហ្វេចាវ៉ា ខណ្ឌទួល​គោក (Java Creative Café) ជា​មួយ​នឹង​ស្នា​ដៃ​របស់​សិល្បករ​ចំនួន ៧​នាក់។ កញ្ញា​ម៉ឹង មេត្តា​ បាន​ប្រាប់​ថា “មូល​ហេតុ​ដែល​យើង​សម្រេច​ចិត្ត​ដាក់​តាំង​បង្ហាញ​ស្នា​ដៃ​របស់​សិល្បករ​នៅ​ហាងកាហ្វេ​នេះ ពី​ព្រោះ នៅ​ហាងកាហ្វេជា​កន្លែង​ដែល​សាធារណៈ​ជនទូ​ទៅ​ចេញ​ចូល​ច្រើន​”។

          កញ្ញា ម៉ឹង មេត្តា​ បាន​បន្ថែម​ថា“ ខ្ញុំ​បាន​ចុះ​ទៅ​ធ្វើ​បទ​បង្ហាញ នៅ​តាម​សាកល​​វិទ្យា​ល័យ​មួយ​ចំនួន​ដូចជា សាលាលីមកុកវីង សាលាភូមិ​ន្ទភ្នំពេញ ដែល​សិល្បករភាគ​ច្រើន​គាត់​កំពុង​តែ​សិក្សា​ដើម្បីបញ្ជ្រាប​ព័ត៌មាន​ឲ្យ​ពួក​គេ​បាន​ដឹង។ បន្ទាប់​មក​យើង​ឲ្យ​ពួក​គេផ្ញើ​នូវ​ស្នា​ដៃ​របស់​ខ្លួន​មក​ឲ្យ​ពួក​យើង រួច​ពួក​យើង​នឹង​ធ្វើ​ការ​ដាក់​ពិន្ទុ ​និង​ជ្រើសរើស​យកស្នា​ដៃ​ដែល​ល្អ​បំផុត​មក​តាំង​បង្ហាញ​តែ​ម្តង​”។ ដោយ​សារតែ​សិល្បករ​មាន​ចំនួន​ច្រើន និង​ការ​ដាក់​តាំង​ពិព័រណ៍​ក៏​មាន​កំណត់ ដូច្នេះ​​ហើយ​ទើបក្រុមការងារ ​បាន​បង្កើត​ជា​ក្រុម​​គណៈ​កម្មការ​​ក្នុង​ការ​ដាក់​ពិន្ទុ​សម្រាប់​ស្នា​ដៃ​របស់​សិល្បករ​នេះ​ឡើង។ រីឯ​សមាសភាព​គណៈ​កម្មការ​​សុទ្ធ​សឹងតែជា​អ្នក​មាន​បទ​ពិសោធន៍​ក្នុង​វិស័យសិល្បៈ និង​មាន​ភាពច្នៃ​ប្រឌិត​ខ្ពស់​ដែល​ក្នុង​នោះ​រួម​មាន៖ លោក វុធ លីណូ នាយក​ផ្នែក​សិល្បៈ​នៅ​គម្រោង​សិល្បៈ ស ស, លោក យានរស្មី ជាគទានុរក្ស និង​អ្នក​ស្រាវជ្រាវ ឯករាជ្យ, កញ្ញា ម៉ឹង​មេត្តា ប្រធាន​រៀបចំ​កម្មវិធី​ជំនាន់​នៃ​ភាពច្នៃ​ប្រឌិត, អ្នក​ស្រី ដាណា ឡេងឡ័ស អ្នក​គ្រប់​គ្រង​​ផ្នែក​សិល្បៈ​នៅ Java Creative Café និង ទិត្យ កន្និថា ជាសិល្បករ។ សម្រាប់​ឆ្នាំ​នេះ មាន​បេក្ខជន​ចំនួន ១៩រូប ដែល​បាន​ដាក់​ពាក្យ​ស្នើរសុំការ​តាំង​បង្ហាញ​ស្នា​ដៃ​របស់​ខ្លួន​ដូចជា រូបថត គំនូរលើជញ្ជាំង គំនូរ​ទឹក និង​ការ​រចនា​ម៉ូដសម្លៀក​បំពាក់ ហើយ​ជា​លទ្ធផល មាន​តែសិល្បករ​ចំនួន​៧រូប​ប៉ុណ្ណោះ​ដែរ​ត្រូវ​បាន​គណៈ​កម្មការ​​សម្រេច​ជ្រើសរើស​យកស្នា​ដៃ​របស់​ខ្លួន។ ស្នា​ដៃ​របស់​សិល្បករ​ទាំង​៧រូប​នេះ​នឹង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ហាងចាវ៉ាកាហ្វេខណ្ឌទួល​គោក ចាប់​ពី​ថ្ងៃ​ទី២៨ ខែ​មេសា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី ១០ខែ​កុម្ភៈ ឆ្នាំ​២០១៩។ លើស​ពីការ​ដាក់​តាំង​បង្ហាញ​ស្នា​ដៃ​របស់​ខ្លួន​ជា​មួយ​នឹង​គម្រោង “ជំនាន់​នៃ​ភាពច្នៃ​ប្រឌិត” នេះ​សិល្បករ​នឹង​ទទួល​បាន​បទ​ពិសោធន៍​ក្នុង​ការ​បង្ហាញ​ភាពប៉ិនប្រសប់​របស់​ខ្លួន ហើយ​ថែម​ទាំង​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន $250 សម្រាប់ឆ្នាំ២០១៨នេះ ទៀត​ផង៕

Article by KEO SONG


SUGGESTIONS