×

សេក វិសាល អ្នក​​ច្នៃ​​គំនូរ​​ទៅ​​ជា​សម្លៀក​​បំពាក់​​បង្ហាញ​​ឈុត​​ថ្មី​​ពីរ​​ដែល​​មាន​​ឈ្មោះ​​ថា ទេព​ប្រណម្យ​​និង​​ស្រី​គ្រប់​លក្ខណ៍

NEWS 2 months ago
 
 

           ផ្ទាំង​គំនូរ​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​តាំង​លម្អលើតុ និង​តាម​ជញ្ជាំង។ តើអាច​ទៅ​រួច​ទេ ដែល​គេយកវាមក​តាំង​លម្អលើរាងកាយ? សេក វិសាល គឺជា​វិចិត្រករ​មួយ​រូប​ដែល​អាចច្នៃ​រូបគំនូរ​ទៅ​ជាសម្លៀក​បំពាក់​ប្រកប​ដោយ​ភាពច្នៃ​ប្រឌិតជាទី​បំផុត ។ វិសាល មាន​អាយុ​២2ឆ្នាំ គាត់​បាន​បញ្ចប់​ថា្នក់បរិញ្ញាប័ត្រ​ផ្នែក​គំនូរវិចិត្រកម្មពី​សាកល​​វិទ្យា​ល័យ​ភូ​មិន្ទវិចិត្រសិល្បៈ​កាលពី​ឆ្នាំ​២០១៧។ វិសាល​នេះ​ហើយ​ដែល​ជា​អ្នក​ច្នៃ​ផ្ទាំង​គំនូរ​ទៅ​ជាសម្លៀក​បំពាក់​ដំបូង​គេ​នៅ​កម្ពុជា។ ហើយ​គំនិត​នេះ​ទៀត​សោត​កើត​ឡើង​នៅ​ពេល​ដែល​គាត់​ជិត​បញ្ចប់​ការ​សិក្សា​។ វិសាល​បាន​ឃើញ​ផ្ទាំង​គំនូរ​ចាស់ៗ​របស់​សិស្ស​ច្បង​ចោល ហើយ​ក៏​យកវាមកច្នៃ​ទៅ​តាម​ប្រធាន​បទ​របស់​គាត់​តែ​ម្តង​ទៅ។ ជា​លទ្ធផល​ឈុត​ដំបូង​របស់​គាត់ (ស្បៃ​ធំ) បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​មហា​ជន​តាម​បណ្តាញ​សង្គម​យ៉ាង​ច្រើន ហើយ​វិសាល​ក៏​បន្ត​ធ្វើ​វា​រហូត​ដល់​បច្ចុប្បន្ន​នេះ។

          ដើម្បីបង្កើត​ឈុត​មួយ​បាន វិសាល ត្រូវ​ស្វែងរក​ប្រធាន​បទ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ចាប់​ផ្តើម​កាត់ និង​ដេរក្រណាត់​សម្រាប់​គូរ​ទៅ​តាម​ទម្រង់​សម្លៀក​បំពាក់​ដែល​បាន​ច្នៃ។ បន្ទាប់មក វិសាល​ចាប់​ផ្តើម​គូរក្បាច់ និង​រូបភាព​ផ្សេងៗ ហើយ​ចុង​ក្រោយ​ក៏​យកកំណាត់ផ្ទាំង​គំនូរ​ទាំង​នោះ​មកផ្គុំ​ចូល​គ្នា​តែ​ម្តង។ ក្បាច់ និង​រូបភាព​ដែល​បាន​គូរភាគ​ច្រើន វិសាល ច្នៃ​ចេញ​ពីក្បាច់​ដែល​មាន​តាម​ប្រាសាទ និង​ទម្រង់​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ ដែល​បាន​ចារឹកទុកជា​ឯកសារ​ផ្សេងៗ ជា​ដើម។ ហើយ​ពេល​ខ្លះ វិសាល ក៏​បាន​បន្ថែម​គំនិត​របស់​គាត់ ដើម្បី​ធ្វើ​ឱ្យ​ឈុត​ទាំង​នោះ​កាន់​តែ​មាន​ទាក់​ទាញ​ថែម​ទៀត។​ ដោយ​សេចក្តី​ស្រលាញ់ និង​ទេពកោសល្យពី​កំណើត​គ្មាន​​អ្វី​ដែល​វិសាល​មិន​អាច​ធ្វើ​បាន បើ​ទោះ​ជា​ខ្លួន​មិន​ធ្លាប់​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​លើ​ជំនាញ​រចនា​សម្លៀក​បំពាក់ មហា​ជន​មួយ​ចំនួន​តូច​រិះគន់ ហើយ​ពេល​ខ្លះ​ទៀត ខ្លួន​ត្រូវ​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន ទាំង​មិន​បាន​បា្រក់​ចំណេញ​ត្រលប់​វិញ ដើម្បីបង្កើត​ឈុត​ទាំង​នោះ​ក៏​ដោយ ក៏​វិសាល​មិន​បោះ​បង់ក្តីស្រមៃ​របស់​ខ្លួន​ដែរ។ រៀបរាប់​ដោយ​ស្នាម​ញញឹម និង​ក្តី​សង្ឃឹម វិសាល មាន​ក្តីស្រមៃ​ចង់​ក្លាយ​ទៅ​ជាវិចិត្រករ និង​អ្នក​រចនា​ម៉ូដសម្លៀក​បំពាក់​ដ៏​ល្បីល្បាញ​ម្នាក់​​របស់​កម្ពុជា។
 

          រហូត​មក​ដល់​ពេល​នេះ វិសាល ច្នៃ​ផ្ទាំង​គំនូរ​ទៅ​ជាសម្លៀក​បំពាក់​បាន​ចំនួន​៥ឈុត​ដែល​សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​មហា​ជនភាគ​ច្រើន ដែល​ឈុត​ទាំង​នោះ​មាន​ដូចជា ឈុត ស្បៃ​ធំ រាហ៊ូ នាង​នាគ អប្សរា និង​សត្វ​ដំរី ហើយ​ឈុត​ខ្លះ​ក្នុង​ចំណោម​ទាំង​៥​នេះ ធ្លាប់​បាន​អ្នក​បង្ហាញ​ម៉ូដ​កម្ពុជា​បង្ហាញ​នៅ​វេទិកាសម្លៀក​បំពាក់​ផ្សេងៗ​ដូចជា​នៅ​ប្រទេស​ចិន និង​ម៉ាឡេ​ស៊ី​ជា​ដើម ហើយ​កាន់​តែ​ពិសេស​សម្រាប់​អ្នក​គាំទ្រ​របស់ វិសាល ឈុតទី៦( ទេពប្រណម្យ) និង​ឈុតទី៧ ( ស្រីគ្រប់លក្ខណ៍) ដែល​ជាឈុត​ថ្មី និង​ពិសេស​បំផុត​របស់​វិសាល​នៅ​ឆ្នាំ​២០១៨​នេះ បាន​ត្រូវ​បង្ហាញ​ជូន​សាធារណជន​កាលពី​យប់​ថ្ងៃ​ទី០៤ ខែឧសភា ដែល​ជា​ថ្ងៃ​ទី២ នៃ​កម្មវិធី​ខួប១០១ឆ្នាំ​របស់​សាលា​រចនា នៅ​សាកល​​វិទ្យា​ល័យ​ភូ​មិន្ទវិចិត្រសិល្បៈ​ចាប់​ពី​ម៉ោង​៧យប់ត​ទៅ។សព្វ​ថ្ងៃ សេក វិសាល គឺជា​វិចិត្រករឯករាជ្យ​ម្នាក់​។ វិសាល ក៏​បាន​បញ្ចេញ​យោបល់​ថា សម្រាប់​ខ្លួន គំនូរ​គឺជា​ទម្រង់​សិល្បៈ​ដ៏​ចំ​ណាស់​មួយ​របស់​ពិភព​លោក​ដែល​អាច​ឱ្យ​វិសាល​ចែក​រំលែក​គំនិត ទស្សនៈ និង​អត្ត​សញ្ញាណ​​ជាតិ​ខ្មែរ បាន​យ៉ាង​ទូលំ​ទូលាយ ហើយ​វិសាលត្រេកអរ​នឹង​កាន់​ជក់ជ្រ​លក់​ទឹក​ថ្នាំ គូសវាសលើផ្ទាំង​ក្រណាត់ស គ្រប់ទី​កន្លែង និង​គ្រប់​ពេល​វេលា​ដែល​យុវជន​ម្នាក់​អាច​ធ្វើ​បាន៕

Image courtesy: SEK VISAL

Article by SVAY LEEMENG

 



SUGGESTIONS